ម៉ាកុស 8:1-3 - Compare All Versions
ម៉ាកុស 8:1-3 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
នៅគ្រានោះ មានមហាជនច្រើនកុះករបានមកជួបជុំគ្នាម្ដងទៀត ហើយគេគ្មានអ្វីបរិភោគ។ ព្រះអង្គហៅពួកសិស្សមក ហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំមានចិត្តក្តួលអាណិតដល់បណ្ដាជនទាំងនេះណាស់ ព្រោះគេបាននៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគសោះ។ បើខ្ញុំឲ្យគេត្រឡប់ទៅផ្ទះវិញទាំងឃ្លាន នោះគេនឹងអស់កម្លាំងដួលតាមផ្លូវមិនខាន ដ្បិតអ្នកខ្លះបានធ្វើដំណើរមកពីឆ្ងាយណាស់»។
ម៉ាកុស 8:1-3 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
នៅពេលនោះ បណ្ដាជនយ៉ាងច្រើនកុះករមកប្រជុំគ្នាសាជាថ្មីម្ដងទៀត។ ដោយគេគ្មានអ្វីបរិភោគ ព្រះយេស៊ូត្រាស់ហៅពួកសិស្ស*មក មានព្រះបន្ទូលថា៖ «ខ្ញុំអាណិតអាសូរបណ្ដាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគសោះ។ ប្រសិនបើខ្ញុំឲ្យគេត្រឡប់ទៅផ្ទះវិញ ទាំងពោះទទេ គេមុខជាអស់កម្លាំងដួលតាមផ្លូវមិនខាន ព្រោះអ្នកខ្លះបានធ្វើដំណើរមកពីស្រុកឆ្ងាយ»។
ម៉ាកុស 8:1-3 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
នៅគ្រានោះ មានហ្វូងមនុស្សជាធំណាស់ ហើយគេគ្មានអ្វីបរិភោគ បានជាព្រះយេស៊ូវទ្រង់ហៅពួកសិស្សមកមានបន្ទូលថា ខ្ញុំមានចិត្តក្តួលអាណិតដល់មនុស្សទាំងអស់នេះណាស់ ពីព្រោះគេបានមកនៅជាមួយនឹងខ្ញុំ៣ថ្ងៃហើយ តែឥឡូវនេះគ្មានអ្វីបរិភោគទេ បើខ្ញុំឲ្យគេត្រឡប់ទៅផ្ទះវិញទាំងអត់ នោះគេនឹងហេវតាមផ្លូវ ដ្បិតខ្លះបានមកពីឆ្ងាយណាស់