ម៉ាកុស 8:1-13

ម៉ាកុស 8:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​នោះ មាន​មហាជន​ច្រើន​កុះ​ករ​បាន​មក​ជួប​ជុំ​គ្នា​ម្ដង​ទៀត ហើយ​គេ​គ្មាន​អ្វី​បរិ‌ភោគ។ ព្រះ‌អង្គ​ហៅ​ពួក​សិស្ស​មក ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​មាន​ចិត្ត​ក្តួល​អាណិត​ដល់​បណ្ដាជន​ទាំង​នេះ​ណាស់ ព្រោះ​គេ​បាន​នៅ​ជា​មួយ​ខ្ញុំ​អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ហើយ​គ្មាន​អ្វី​បរិ‌ភោគ​សោះ។ បើ​ខ្ញុំ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​ឃ្លាន នោះ​គេ​នឹង​អស់​កម្លាំង​ដួល​តាម​ផ្លូវ​មិន​ខាន ដ្បិត​អ្នក​ខ្លះ​បាន​ធ្វើ​ដំណើរ​មក​ពី​ឆ្ងាយ​ណាស់»។ ពួក​សិស្ស​ទូល​ឆ្លើយ​ថា៖ «នៅ​ទី​រហោ​ស្ថាន​ដូច្នេះ តើ​អ្នក​ណា​អាច​រក​នំបុ័ង​ឲ្យ​មនុស្ស​ទាំង​នេះ​បរិ‌ភោគ​បាន?» ព្រះ‌អង្គ​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន?» គេ​ទូល​ថា៖ «មាន​ប្រាំ​ពីរ​ដុំ»។ ពេល​នោះ ព្រះ‌អង្គ​បង្គាប់​ឲ្យ​បណ្តាជន​អង្គុយ​នៅ​លើ​ដី ហើយ​ទ្រង់​យក​នំបុ័ង​ប្រាំ​ពីរដុំ​នោះ​មក អរ​ព្រះ‌គុណ រួច​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ហើយ​គេ​ក៏​យក​ទៅ​ចែក​ឲ្យ​បណ្ដាជន។ គេ​មាន​ត្រី​តូចៗ​ខ្លះ​ដែរ កាល​អរ​ព្រះគុណ​រួច​ហើយ ព្រះ‌អង្គ​ក៏​បង្គាប់​ពួក​សិស្ស​ឲ្យ​ចែក​ត្រី​ទាំង​នោះ​ទៀត។ គេ​បាន​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់ ហើយ​គេ​ប្រមូល​ចំណិត​ដែល​នៅ​សល់ ដាក់​ពេញ​បាន​ប្រាំពីរ​កន្ត្រក។ ពេល​នោះ មាន​មនុស្ស​ប្រហែល​បួន​ពាន់​នាក់។ បន្ទាប់​មក ព្រះ‌អង្គ​ឲ្យ​គេ​ត្រឡប់​ទៅ​វិញ។ ភ្លាម​នោះ ព្រះ‌អង្គ​យាង​ចុះ​ទូក​ជា​មួយ​ពួក​សិស្ស ទៅ​កាន់​ស្រុក​ដាល‌ម៉ានូថា ។ ពួក​ផារិ‌ស៊ី​ចេញ​មក ហើយ​ចាប់​ផ្ដើម​ជជែក​ដេញ​ដោល ដើម្បី​ល្បង​ល​ព្រះ‌អង្គ គេ​សូម​ឲ្យ​ព្រះ‌អង្គ​សម្តែង​ទី​សម្គាល់​មួយ​ពី​ស្ថាន​សួគ៌​ដល់​គេ។ ព្រះ‌អង្គ​ដក​ដង្ហើម​ធំ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​មនុស្ស​ជំនាន់​នេះ​សួរ​រក​តែ​ទី​សម្គាល់​ដូច្នេះ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​គ្មាន​ទី​សម្គាល់​ណា​ប្រទាន​ដល់​មនុស្ស​ជំនាន់​នេះ​ឡើយ»។ បន្ទាប់​មក ព្រះ‌អង្គ​ក៏​យាង​ចេញ​ពី​គេ ហើយ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​វិញ។

ចែក​រំលែក
អាន ម៉ាកុស 8

ម៉ាកុស 8:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ពេល​នោះ បណ្ដា‌ជន​យ៉ាង​ច្រើន​កុះ‌ករ​មក​ប្រជុំ​គ្នា​សា​ជា​ថ្មី​ម្ដង​ទៀត។ ដោយ​គេ​គ្មាន​អ្វី​បរិ‌ភោគ ព្រះ‌យេស៊ូ​ត្រាស់​ហៅ​ពួក​សិស្ស*​មក មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​អាណិត​អាសូរ​បណ្ដា‌ជន​នេះ​ពន់‌ពេក​ណាស់ ដ្បិត​គេ​នៅ​ជា​មួយ​ខ្ញុំ​អស់​រយៈ​ពេល​បី​ថ្ងៃ​មក​ហើយ ហើយ​គ្មាន​អ្វី​បរិ‌ភោគ​សោះ។ ប្រសិន​បើ​ខ្ញុំ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​ពោះ​ទទេ គេ​មុខ​ជា​អស់​កម្លាំង​ដួល​តាម​ផ្លូវ​មិន​ខាន ព្រោះ​អ្នក​ខ្លះ​បាន​ធ្វើ​ដំណើរ​មក​ពី​ស្រុក​ឆ្ងាយ»។ ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ តើ​រក​ម្ហូប​អាហារ​ឯ​ណា​ឲ្យ​គេ​បរិ‌ភោគ​ឆ្អែត​គ្រប់​គ្នា​បាន?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំប៉័ង​ប៉ុន្មាន​ដុំ?»។ ពួក​គេ​ទូល​ថា៖ «មាន​ប្រាំ‌ពីរ​ដុំ»។ ព្រះអង្គ​ក៏​ប្រាប់​បណ្ដា‌ជន​ឲ្យ​អង្គុយ​ផ្ទាល់​នឹង​ដី ព្រះអង្គ​យក​នំប៉័ង​ទាំង​ប្រាំ‌ពីរ​ដុំ​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស*​ចែក​បណ្ដា‌ជន។ គេ​មាន​ត្រី​តូចៗ​ខ្លះ​ដែរ។ ព្រះ‌យេស៊ូ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ រួច​ប្រាប់​ពួក​សិស្ស​ឲ្យ​ចែក​ត្រី​ទាំង​នោះ​ដល់​គេ។ គេ​បាន​បរិ‌ភោគ​ឆ្អែត​ទាំង​អស់​គ្នា ហើយ​ប្រមូល​នំប៉័ង និង​ត្រី​ដែល​នៅ​សល់ បាន​ប្រាំ‌ពីរ​ជាល។ នៅ​ពេល​នោះ មាន​មនុស្ស​ទាំង​អស់​ប្រមាណ​ជា​បួន​ពាន់​នាក់។ បន្ទាប់​មក ព្រះ‌យេស៊ូ​ប្រាប់​គេ​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ភ្លាម​នោះ ព្រះអង្គ​យាង​ចុះ​ទូក​ជា​មួយ​ពួក​សិស្ស​ឆ្ពោះ​ទៅ​តំបន់​ដាល់ម៉ា‌នូថា។ ពួក​ខាង​គណៈ​ផារី‌ស៊ី*​មក​ដល់ ហើយ​នាំ​គ្នា​ជជែក​ជា​មួយ​ព្រះ‌យេស៊ូ ដើម្បី​ល្បង‌ល​មើល​ព្រះអង្គ គេ​សូម​ឲ្យ​ព្រះអង្គ​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​អ្វី​មួយ​បញ្ជាក់​ថា ព្រះអង្គ​បាន​ទទួល​អំណាច​ពី​ព្រះ‌ជាម្ចាស់។ ព្រះ‌យេស៊ូ​ដក​ដង្ហើម​ធំ រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​មនុស្ស​ជំនាន់​នេះ​ចង់​ឃើញ​ទី​សម្គាល់​ដូច្នេះ? ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ព្រះ‌ជាម្ចាស់​មិន​ឲ្យ​គេ​ឃើញ​ទី​សម្គាល់​ណា​ឡើយ»។ បន្ទាប់​មក ព្រះអង្គ​យាង​ចាក​ចេញ​ពី​គេ ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង​វិញ។

ចែក​រំលែក
អាន ម៉ាកុស 8

ម៉ាកុស 8:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ មាន​ហ្វូង​មនុស្ស​ជា​ធំ​ណាស់ ហើយ​គេ​គ្មាន​អ្វី​បរិភោគ បាន​ជា​ព្រះ‌យេស៊ូវ​ទ្រង់​ហៅ​ពួក​សិស្ស​មក​មាន​បន្ទូល​ថា ខ្ញុំ​មាន​ចិត្ត​ក្តួល​អាណិត​ដល់​មនុស្ស​ទាំង​អស់​នេះ​ណាស់ ពី​ព្រោះ​គេ​បាន​មក​នៅ​ជា​មួយ​នឹង​ខ្ញុំ​៣​ថ្ងៃ​ហើយ តែ​ឥឡូវ​នេះ​គ្មាន​អ្វី​បរិភោគ​ទេ បើ​ខ្ញុំ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​អត់ នោះ​គេ​នឹង​ហេវ​តាម​ផ្លូវ ដ្បិត​ខ្លះ​បាន​មក​ពី​ឆ្ងាយ​ណាស់ ពួក​សិស្ស​ទូល​ឆ្លើយ​ថា នៅ​ទី​ស្ងាត់​នេះ តើ​នឹង​រក​នំបុ័ង​ពី​ណា ដើម្បី​ចំអែត​ដល់​មនុស្ស​ទាំង​នេះ​បាន ទ្រង់​សួរ​គេ​ថា អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន គេ​ទូល​ឆ្លើយ​ថា មាន​៧ នោះ​ទ្រង់​បង្គាប់​ឲ្យ​ហ្វូង​មនុស្ស​អង្គុយ​នៅ​ដី រួច​ទ្រង់​យក​នំបុ័ង​៧​នោះ​មក ក៏​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ជូន​ដល់​ហ្វូង​មនុស្ស គេ​ក៏​លើក​ទៅ មាន​ត្រី​តូចៗ​ខ្លះ​ដែរ កាល​ទ្រង់​បាន​ប្រទាន​ពរ​ហើយ នោះ​ក៏​បង្គាប់​ឲ្យ​លើក​យក​ទៅ​ឲ្យ​គេ​ទៀត ហើយ​ទាំង​អស់​គ្នា​បាន​បរិភោគ​ឆ្អែត រួច​គេ​ប្រមូល​ចំណិត ដែល​សល់​នៅ​បាន​៧​កំប្រោង ឯ​ពួក​អ្នក​ដែល​បាន​បរិភោគ នោះ​មាន​ចំនួន​៤​ពាន់​នាក់ រួច​ទ្រង់​ឲ្យ​គេ​ទៅ​វិញ ស្រាប់​តែ​ទ្រង់​យាង​ចុះ​ទូក ជា​មួយ​នឹង​ពួក​សិស្ស ទៅ​ឯ​ស្រុក​ដាលម៉ា‌នូថា​ទៅ នោះ​ពួក​ផារិស៊ី​ចេញ​មក តាំង​ជជែក ដើម្បី​នឹង​ល្បង​ទ្រង់ ដោយ​សូម​ឲ្យ​ទ្រង់​សំដែង​ទី​សំគាល់​ពី​លើ​មេឃ​ឲ្យ​គេ​ឃើញ ទ្រង់​ក៏​ថ្ងូរ​ក្នុង​ព្រះ‌ហឫទ័យ ហើយ​មាន​បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​មនុស្ស​ដំណ​នេះ​ចង់​រក​តែ​ទី​សំគាល់​ដូច្នេះ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នឹង​គ្មាន​ទី​សំគាល់​ណា​ប្រទាន​មក​មនុស្ស​ដំណ​នេះ​ឡើយ រួច​ទ្រង់​យាង​ចេញ​ពី​គេ ចុះ​ទូក​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង​វិញ។

ចែក​រំលែក
អាន ម៉ាកុស 8