ម៉ាកុស 7:1-8
ម៉ាកុស 7:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយមក មានពួកផារិស៊ី និងអាចារ្យខ្លះដែលមកពីក្រុងយេរូសាឡិម បាននាំគ្នាមករកព្រះអង្គ។ គេឃើញសិស្សរបស់ព្រះអង្គខ្លះបរិភោគទាំងដៃមិនស្អាត គឺមិនបានលាងដៃ ដ្បិតពួកផារិស៊ី និងពួកយូដាទាំងអស់ គេមិនបរិភោគឡើយ ប្រសិនបើមិនបានលាងដៃយ៉ាងហ្មត់ចត់ជាមុន ដោយព្រោះកាន់តាមទំនៀមទម្លាប់របស់ចាស់បុរាណ។ ពេលមកពីផ្សារ គេមិនបរិភោគអ្វីឡើយ ប្រសិនបើមិនបានលាងសម្អាតខ្លួនជាមុន ហើយក៏មានទំនៀមទម្លាប់ជាច្រើនទៀតដែលគេកាន់តាម ដូចជាការលាងពែង លាងប៉ាន់ លាងប្រដាប់លង្ហិន និងលាងតុអាហារជាដើម។ ដូច្នេះ ពួកផារិស៊ី និងពួកអាចារ្យទូលសួរព្រះអង្គថា៖ «ហេតុអ្វីបានជាពួកសិស្សរបស់លោកមិនកាន់តាមទំនៀមទម្លាប់របស់ចាស់បុរាណ គឺបរិភោគទាំងដៃមិនស្អាតដូច្នេះ?» ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មនុស្សមានពុតអើយ ហោរាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ ដូចមានសេចក្តីចែងទុកមកថា "ប្រជាជននេះគោរពយើងតែបបូរមាត់ ប៉ុន្តែ ចិត្តរបស់គេនៅឆ្ងាយពីយើង។ គេថ្វាយបង្គំយើងជាឥតប្រយោជន៍ ដោយបង្រៀនសេចក្តីដែលជាគំនិតរបស់មនុស្ស " អ្នករាល់គ្នាបោះបង់ចោលបទបញ្ជារបស់ព្រះ ហើយទៅកាន់តាមទំនៀមទម្លាប់របស់មនុស្សវិញ [ដូចជាការលាងប៉ាន់ លាងពែង និងការបែបនោះដទៃទៀតជាច្រើន]»។
ម៉ាកុស 7:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានពួកខាងគណៈផារីស៊ី* និងអាចារ្យ*ខ្លះ នាំគ្នាមកពីក្រុងយេរូសាឡឹមទៅជួបព្រះយេស៊ូ។ គេឃើញសិស្ស*របស់ព្រះអង្គខ្លះបរិភោគអាហារ ដោយដៃមិនបរិសុទ្ធ* គឺគេពុំបានលាងដៃជាមុន។ ធម្មតា ពួកផារីស៊ី និងជនជាតិយូដាទាំងអស់ តែងតែធ្វើពិធីលាងដៃយ៉ាងស្អាតហ្មត់ចត់មុននឹងបរិភោគ តាមទំនៀមទម្លាប់របស់ចាស់បុរាណ។ នៅពេលត្រឡប់មកពីផ្សារវិញ ដរាបណាគេមិនបានធ្វើពិធីលាងសម្អាតខ្លួនជាមុនទេ គេមិនបរិភោគឡើយ។ គេកាន់ទំនៀមទម្លាប់ផ្សេងៗទៀតជាច្រើន ដូចជាពិធីលាងពែង លាងថូទឹក លាងឆ្នាំង លាងតុជាដើម។ ពួកខាងគណៈផារីស៊ី និងពួកអាចារ្យទូលសួរព្រះយេស៊ូថា៖ «ហេតុអ្វីបានជាសិស្សរបស់លោកមិនកាន់តាមទំនៀមទម្លាប់ចាស់បុរាណ គឺនាំគ្នាបរិភោគដោយដៃមិនបរិសុទ្ធដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ព្យាការី*អេសាយបានថ្លែងទុកថា “អ្នករាល់គ្នាជាមនុស្សមានពុត”ត្រូវណាស់ ដូចមានចែងថា: ប្រជារាស្ត្រនេះគោរពយើងតែបបូរមាត់ ឯចិត្តគេនៅឆ្ងាយពីយើង។ គេថ្វាយបង្គំយើង តែឥតបានការអ្វីសោះ ព្រោះគេបង្រៀនតែក្បួនច្បាប់របស់មនុស្ស ប៉ុណ្ណោះ ។ អ្នករាល់គ្នាបោះបង់ចោលបទបញ្ជារបស់ព្រះជាម្ចាស់ បែរទៅកាន់តាមទំនៀមទម្លាប់របស់មនុស្សវិញ»។
ម៉ាកុស 7:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះពួកផារិស៊ី នឹងអ្នកខ្លះក្នុងពួកអាចារ្យ ដែលមកពីក្រុងយេរូសាឡិម គេប្រជុំគ្នាឯទ្រង់ កាលគេឃើញពួកសិស្សទ្រង់ខ្លះបរិភោគទាំងដៃមិនស្អាត គឺមិនបានលាងចេញ នោះក៏ចោទប្រកាន់ទោស ដ្បិតពួកផារិស៊ី នឹងពួកយូដាទាំងអស់គ្នា គេមិនដែលបរិភោគឡើយ ទាល់តែបានដុសលាងដៃយ៉ាងស្អាតអស់ពីចិត្តជាមុនសិន ដោយកាន់តាមសណ្តាប់ពីបុរាណរបស់ពួកចាស់ទុំ ហើយកាលគេមកពីផ្សារ នោះគេមិនបរិភោគទេ ទាល់តែបានងូតទឹករួចសិន ក៏មានសេចក្ដីឯទៀតជាច្រើន ដែលគេទទួលកាន់តាមដែរ ដូចជាការលាងពែង លាងឆ្នាំង លាងប្រដាប់លង្ហិន ហើយនឹងតុជាដើម ដូច្នេះ ពួកផារិស៊ី នឹងពួកអាចារ្យគេពិចារណាសួរទ្រង់ថា ហេតុអ្វីបានជាពួកសិស្សរបស់លោក មិនកាន់តាមសណ្តាប់បុរាណរបស់ពួកចាស់ទុំយ៉ាងនេះ គឺគេបរិភោគឥតលាងដៃទេ តែទ្រង់ឆ្លើយតបថា ពួកអ្នកមានពុតអើយ ហោរាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ ដូចជាមានសេចក្ដីចែងទុកមកថា «ជនជាតិនេះ គេគោរពប្រតិបត្តិអញតែបបូរមាត់ទេ ឯចិត្តគេនៅឆ្ងាយពីអញណាស់ ដែលគេថ្វាយបង្គំអញ ដោយបង្រៀនសេចក្ដីបញ្ញត្តជារបស់មនុស្ស នោះជាឥតប្រយោជន៍ទេ» ដ្បិតអ្នករាល់គ្នាលះចោលបញ្ញត្តរបស់ព្រះ ទៅកាន់តាមសណ្តាប់មនុស្សវិញ ដូចជាការលាងឆ្នាំង លាងពែងនោះ ហើយនឹងរបៀបយ៉ាងនោះជាច្រើនទៅទៀត