ម៉ាកុស 7:1-13

ម៉ាកុស 7:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​មក មាន​ពួក​ផារិ‌ស៊ី និង​អាចារ្យ​ខ្លះ​ដែល​មក​ពី​ក្រុង​យេរូ‌សាឡិម បាន​នាំ​គ្នា​មក​រក​ព្រះ‌អង្គ។ គេ​ឃើញ​សិស្ស​របស់​ព្រះ‌អង្គ​ខ្លះ​បរិ‌ភោគ​ទាំង​ដៃ​មិន​ស្អាត គឺ​មិន​បាន​លាង​ដៃ ដ្បិត​ពួក​ផារិ‌ស៊ី និង​ពួក​យូដា​ទាំង​អស់ គេ​មិន​បរិ‌ភោគ​ឡើយ ប្រសិន‌បើ​មិន​បាន​លាង​ដៃ​យ៉ាង​ហ្មត់​ចត់​ជា​មុន ដោយ​ព្រោះ​កាន់​តាម​ទំនៀម​ទម្លាប់​របស់​ចាស់​បុរាណ។ ពេល​មក​ពី​ផ្សារ គេ​មិន​បរិ‌ភោគ​អ្វី​ឡើយ ប្រសិន‌បើ​មិន​បាន​លាង​សម្អាត​ខ្លួន​ជា​មុន ហើយ​ក៏​មាន​ទំនៀម​ទម្លាប់​ជា​ច្រើន​ទៀត​ដែល​គេ​កាន់​តាម ដូច​ជា​ការ​លាង​ពែង លាង​ប៉ាន់ លាង​ប្រដាប់​លង្ហិន និង​លាង​តុ​អាហារ​ជា​ដើម។ ដូច្នេះ ពួក​ផារិ‌ស៊ី និង​ពួក​អាចារ្យ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​របស់​លោក​មិន​កាន់​តាម​ទំនៀម​ទម្លាប់​របស់​ចាស់​បុរាណ គឺ​បរិ‌ភោគ​ទាំង​ដៃ​មិន​ស្អាត​ដូច្នេះ?» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​មាន​ពុត​អើយ ហោរា​អេសាយ​បាន​ទាយ​ពី​អ្នក​រាល់​គ្នា​ត្រូវ​ណាស់ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា "ប្រជា‌ជន​នេះ​គោរព​យើង​តែ​បបូរ​មាត់ ប៉ុន្តែ ចិត្ត​របស់​គេ​នៅ​ឆ្ងាយ​ពី​យើង។ គេ​ថ្វាយ​បង្គំ​យើង​ជា​ឥត​ប្រយោជន៍ ដោយ​បង្រៀន​សេចក្តី​ដែល​ជា​គំនិត​របស់​មនុស្ស " អ្នក​រាល់​គ្នា​បោះ‌បង់​ចោល​បទ‌បញ្ជា​របស់​ព្រះ ហើយ​ទៅ​កាន់​តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស​វិញ [ដូច​ជា​ការ​លាង​ប៉ាន់ លាង​ពែង និង​ការ​បែប​នោះ​ដទៃ​ទៀត​ជា​ច្រើន]»។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ទៀត​ថា៖ «អ្នក​រាល់​គ្នា​លះ​បង់​ចោល​បទ‌បញ្ជា​របស់​ព្រះ​យ៉ាង​ប៉ិន​ប្រសប់ ដើម្បី​នឹង​កាន់​តាម​ទំនៀម​ទម្លាប់​របស់​អ្នក​រាល់​គ្នា​វិញ! ដ្បិត​លោក​ម៉ូសេ​បាន​ផ្តាំ​ថា "ចូរ​គោរព​ប្រតិបត្តិ​ឪពុក‌ម្តាយ​របស់​អ្នក" ហើយ​ថា "អ្នក​ណា​និយាយ​អាក្រក់​ពី​ឪពុក‌ម្តាយ អ្នក​នោះ​ត្រូវ​តែ​ស្លាប់ " តែ​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ណា​និយាយ​ទៅ​ឪពុក‌ម្តាយ​របស់​ខ្លួន​ថា "អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្តាយ នោះ​រាប់​ជា​គ័រ‌ប៉ាន់​ហើយ" (មាន​ន័យ​ថា តង្វាយ​ថ្វាយ​ដល់​ព្រះ) រួច​អ្នក​រាល់​គ្នា​មិន​ឲ្យ​អ្នក​នោះ​ធ្វើ​អ្វី​សម្រាប់​ឪពុក‌ម្តាយ​ទៀត​សោះ ក៏​បំបាត់​តម្លៃ​ព្រះ‌បន្ទូល​របស់​ព្រះ ដោយ​សារ​ទំនៀម​ទម្លាប់​ដែល​អ្នក​រាល់​គ្នា​បាន​បង្រៀន​តៗ​គ្នា។ អ្នក​រាល់​គ្នា​ធ្វើ​ការ​ជា​ច្រើន​ដែល​ស្រដៀង​នឹង​ការ​ដូច្នេះ»។

ចែក​រំលែក
អាន ម៉ាកុស 7

ម៉ាកុស 7:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​ពួក​ខាង​គណៈ​ផារី‌ស៊ី* និង​អាចារ្យ*​ខ្លះ នាំ​គ្នា​មក​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ​ជួប​ព្រះ‌យេស៊ូ។ គេ​ឃើញ​សិស្ស*​របស់​ព្រះអង្គ​ខ្លះ​បរិ‌ភោគ​អាហារ ដោយ​ដៃ​មិន​បរិសុទ្ធ* គឺ​គេ​ពុំ​បាន​លាង​ដៃ​ជា​មុន។ ធម្មតា ពួក​ផារី‌ស៊ី និង​ជន‌ជាតិ​យូដា​ទាំង​អស់ តែងតែ​ធ្វើ​ពិធី​លាង​ដៃ​យ៉ាង​ស្អាត​ហ្មត់‌ចត់​មុន​នឹង​បរិ‌ភោគ តាម​ទំនៀម‌ទម្លាប់​របស់​ចាស់​បុរាណ។ នៅ​ពេល​ត្រឡប់​មក​ពី​ផ្សារ​វិញ ដរាប​ណា​គេ​មិន​បាន​ធ្វើ​ពិធី​លាង​សម្អាត​ខ្លួន​ជា​មុន​ទេ គេ​មិន​បរិ‌ភោគ​ឡើយ។ គេ​កាន់​ទំនៀម‌ទម្លាប់​ផ្សេងៗ​ទៀត​ជា​ច្រើន ដូច​ជា​ពិធី​លាង​ពែង លាង​ថូ​ទឹក លាង​ឆ្នាំង លាង​តុ​ជា​ដើម។ ពួក​ខាង​គណៈ​ផារី‌ស៊ី និង​ពួក​អាចារ្យ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក​មិន​កាន់​តាម​ទំនៀម‌ទម្លាប់​ចាស់​បុរាណ គឺ​នាំ​គ្នា​បរិ‌ភោគ​ដោយ​ដៃ​មិន​បរិសុទ្ធ​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ព្យាការី*​អេសាយ​បាន​ថ្លែង​ទុក​ថា “អ្នក​រាល់​គ្នា​ជា​មនុស្ស​មាន​ពុត”ត្រូវ​ណាស់ ដូច​មាន​ចែង​ថា: ប្រជា‌រាស្ត្រ​នេះ​គោរព​យើង​តែ​បបូរ​មាត់ ឯ​ចិត្ត​គេ​នៅ​ឆ្ងាយ​ពី​យើង។ គេ​ថ្វាយ‌បង្គំ​យើង តែ​ឥត​បាន​ការ​អ្វី​សោះ ព្រោះ​គេ​បង្រៀន​តែ​ក្បួន​ច្បាប់​របស់​មនុស្ស ប៉ុណ្ណោះ ។ អ្នក​រាល់​គ្នា​បោះ​បង់​ចោល​បទ‌បញ្ជា​របស់​ព្រះ‌ជាម្ចាស់ បែរ​ទៅ​កាន់​តាម​ទំនៀម‌ទម្លាប់​របស់​មនុស្ស​វិញ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «អ្នក​រាល់​គ្នា​លុប​បំបាត់​បទ‌បញ្ជា​របស់​ព្រះ‌ជាម្ចាស់​ចោល បែរ​ទៅ​កាន់​តាម​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា​ផ្ទាល់​វិញ។ លោក​ម៉ូសេ*​បាន​ថ្លែង​ថា: “ចូរ​គោរព​មាតា‌បិតា​របស់​អ្នក អ្នក​ណា​ជេរ​ប្រទេច‌ផ្ដាសា​មាតា​របស់​ខ្លួន ត្រូវ​មាន​ទោស​ដល់​ជីវិត” រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា: “ប្រសិន​បើ​មនុស្ស​ម្នាក់​និយាយ​ទៅ​ឪពុក​ម្ដាយ​ថា អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្ដាយ​បាន​រាប់​ថា​គ័រ‌បាន់​ស្រេច​ទៅ​ហើយ” (ពាក្យ​នេះ​ប្រែ​ថា​ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌ជាម្ចាស់)។ អ្នក​រាល់​គ្នា​ពុំ​ទុក​ឲ្យ​គាត់​ជួយ​ឪពុក​ម្ដាយ​ឡើយ។ អ្នក​រាល់​គ្នា​បាន​បំបាត់​តម្លៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដោយ‌សារ​ទំនៀម‌ទម្លាប់​ដែល​អ្នក​រាល់​គ្នា​បាន​បង្រៀន​តៗ​គ្នា។ អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ផ្សេងៗ​ជា​ច្រើន ស្រដៀង​នឹង​ការ​ទាំង​នេះ​ដែរ»។

ចែក​រំលែក
អាន ម៉ាកុស 7

ម៉ាកុស 7:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ​ពួក​ផារិស៊ី នឹង​អ្នក​ខ្លះ​ក្នុង​ពួក​អាចារ្យ ដែល​មក​ពី​ក្រុង​យេរូ‌សាឡិម គេ​ប្រជុំ​គ្នា​ឯ​ទ្រង់ កាល​គេ​ឃើញ​ពួក​សិស្ស​ទ្រង់​ខ្លះ​បរិភោគ​ទាំង​ដៃ​មិន​ស្អាត គឺ​មិន​បាន​លាង​ចេញ នោះ​ក៏​ចោទ​ប្រកាន់​ទោស ដ្បិត​ពួក​ផារិស៊ី នឹង​ពួក​យូដា​ទាំង​អស់​គ្នា គេ​មិន​ដែល​បរិភោគ​ឡើយ ទាល់​តែ​បាន​ដុស​លាង​ដៃ​យ៉ាង​ស្អាត​អស់​ពី​ចិត្ត​ជា​មុន​សិន ដោយ​កាន់​តាម​សណ្តាប់​ពី​បុរាណ​របស់​ពួក​ចាស់‌ទុំ ហើយ​កាល​គេ​មក​ពី​ផ្សារ នោះ​គេ​មិន​បរិភោគ​ទេ ទាល់​តែ​បាន​ងូត​ទឹក​រួច​សិន ក៏​មាន​សេចក្ដី​ឯ​ទៀត​ជា​ច្រើន ដែល​គេ​ទទួល​កាន់​តាម​ដែរ ដូច​ជា​ការ​លាង​ពែង លាង​ឆ្នាំង លាង​ប្រដាប់​លង្ហិន ហើយ​នឹង​តុ​ជា​ដើម ដូច្នេះ ពួក​ផារិស៊ី នឹង​ពួក​អាចារ្យ​គេ​ពិចារណា​សួរ​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​របស់​លោក មិន​កាន់​តាម​សណ្តាប់​បុរាណ​របស់​ពួក​ចាស់‌ទុំ​យ៉ាង​នេះ គឺ​គេ​បរិភោគ​ឥត​លាង​ដៃ​ទេ តែ​ទ្រង់​ឆ្លើយ​តប​ថា ពួក​អ្នក​មាន​ពុត​អើយ ហោរា​អេសាយ​បាន​ទាយ​ពី​អ្នក​រាល់​គ្នា​ត្រូវ​ណាស់ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ជន‌ជាតិ​នេះ គេ​គោរព​ប្រតិ‌បត្តិ​អញ​តែ​បបូរ​មាត់​ទេ ឯ​ចិត្ត​គេ​នៅ​ឆ្ងាយ​ពី​អញ​ណាស់ ដែល​គេ​ថ្វាយ‌បង្គំ​អញ ដោយ​បង្រៀន​សេចក្ដី​បញ្ញត្ត​ជា​របស់​មនុស្ស នោះ​ជា​ឥត​ប្រយោជន៍​ទេ» ដ្បិត​អ្នក​រាល់​គ្នា​លះ​ចោល​បញ្ញត្ត​របស់​ព្រះ ទៅ​កាន់​តាម​សណ្តាប់​មនុស្ស​វិញ ដូច​ជា​ការ​លាង​ឆ្នាំង លាង​ពែង​នោះ ហើយ​នឹង​របៀប​យ៉ាង​នោះ​ជា​ច្រើន​ទៅ​ទៀត ទ្រង់​ក៏​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​លះ‌បង់​ចោល​បញ្ញត្ត​ព្រះ​មែន ដើម្បី​នឹង​កាន់​តាម​សណ្តាប់​របស់​ខ្លួន​វិញ ដ្បិត​លោក​ម៉ូសេ​បាន​ផ្តាំ​ថា «ចូរ​គោរព​ប្រតិ‌បត្តិ​ឪពុក​ម្តាយ​ឯង» ហើយ​ថា «អ្នក​ណា​ដែល​និយាយ​អាក្រក់​ពី​ឪពុក​ម្តាយ នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន» តែ​អ្នក​រាល់​គ្នា​ថា បើ​មនុស្ស​ណា​និយាយ​ទៅ​ឪពុក​ម្តាយ​ខ្លួន​ថា របស់​អ្វី​ដែល​ខ្ញុំ​អាច​នឹង​ជួយ​ម៉ែ​ឪ​បាន នោះ​ជា «គ័រ‌បាន់» គឺ​ស្រាយ​ថា​ជា​ដង្វាយ​ថ្វាយ​ព្រះ​ហើយ នោះ​អ្នក​រាល់​គ្នា​មិន​បើក​ឲ្យ​អ្នក​នោះ​ជួយ​ដល់​ឪពុក​ម្តាយ ក្នុង​ការ​អ្វី​ទៀត​សោះ ក៏​លើក​ព្រះ‌បន្ទូល​ចោល ដោយ‌សារ​សណ្តាប់‌ធ្នាប់ ដែល​អ្នក​រាល់​គ្នា​បាន​បង្ហាត់​បង្រៀន​មក ហើយ​ក៏​ធ្វើ​របៀប​យ៉ាង​នោះ​ជា​ច្រើន​ទៅ​ទៀត​ដែរ

ចែក​រំលែក
អាន ម៉ាកុស 7