ម៉ាកុស 6:9-20
ម៉ាកុស 6:9-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គឺពាក់បានតែស្បែកជើង ហើយមិនត្រូវពាក់អាវពីរឡើយ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាចូលទៅក្នុងផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតទាល់តែអ្នករាល់គ្នាចេញពីទីនោះ។ បើកន្លែងណាដែលគេមិនទទួល ហើយមិនព្រមស្តាប់អ្នករាល់គ្នា នោះពេលអ្នករាល់គ្នាដើរចេញ ចូររលាស់ធូលីចេញពីជើងរបស់អ្នករាល់គ្នា ទុកជាទីបន្ទាល់ទាស់នឹងគេ។ [ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ងាយទ្រាំជាជាងក្រុងនោះ]»។ ដូច្នេះ ពួកសិស្សក៏ចេញទៅ ហើយគេប្រកាសប្រាប់ឲ្យមនុស្សទាំងអស់ប្រែចិត្ត គេដេញអារក្សជាច្រើន ហើយលាបប្រេងឲ្យអ្នកដែលមានជំងឺជាច្រើន ដើម្បីប្រោសគេឲ្យបានជា។ ដំណឹងនោះក៏ឮដល់ព្រះបាទហេរ៉ូឌ ដ្បិតព្រះនាមរបស់ព្រះយេស៊ូវបានឮល្បីសុសសាយ។ អ្នកខ្លះនិយាយថា៖ «លោកយ៉ូហាន-បាទីស្ទបានរស់ពីស្លាប់ឡើងវិញ ហេតុនេះហើយបានជាគាត់មានអំណាចធ្វើការអស្ចារ្យដូច្នេះ»។ ប៉ុន្តែ អ្នកខ្លះនិយាយថា៖ «លោកអេលីយ៉ា» ខ្លះទៀតថា៖ «ជាហោរា ដូចជាហោរាឯទៀតៗពីជំនាន់ដើមដែរ»។ ប៉ុន្តែ កាលព្រះបាទហេរ៉ូឌបានឮដូច្នេះ ទ្រង់មានរាជឱង្ការថា៖ «យ៉ូហានដែលយើងបានកាត់ក្បាល បានរស់ពីស្លាប់ឡើងវិញហើយ»។ ដ្បិតគឺព្រះបាទហេរ៉ូឌនេះហើយ ដែលបានបញ្ជាឲ្យគេទៅចាប់ចងលោកយ៉ូហាន ហើយយកលោកទៅដាក់គុក ដោយព្រោះតែព្រះនាងហេរ៉ូឌាស ជាមហេសីរបស់ភីលីព ជាអនុជ ព្រោះព្រះបាទហេរ៉ូឌបានយកនាងមកធ្វើជាមហេសីរបស់ខ្លួន ហើយលោកយ៉ូហានបានទូលព្រះបាទហេរ៉ូឌថា៖ «ព្រះករុណាគ្មានច្បាប់នឹងយកមហេសីរបស់អនុជទ្រង់ទេ»។ ឯព្រះនាងហេរ៉ូឌាសក៏ចងគំនុំ ហើយចង់សម្លាប់លោក តែព្រះនាងពុំអាចធ្វើកើត ដ្បិតព្រះបាទហេរ៉ូឌខ្លាចលោកយ៉ូហាន ព្រោះទ្រង់ជ្រាបថា លោកជាមនុស្សសុចរិត ហើយបរិសុទ្ធ ដូច្នេះ ទ្រង់ក៏ការពារលោក។ កាលទ្រង់បានស្តាប់លោក ទ្រង់ក៏មានព្រះហឫទ័យរារែកជាខ្លាំង ប៉ុន្តែ ទ្រង់បានស្តាប់លោកដោយអំណរ។
ម៉ាកុស 6:9-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរពាក់ស្បែកជើង តែមិនត្រូវយកអាវពីរបន្លាស់ទៅជាមួយឡើយ»។ ព្រះអង្គមានព្រះបន្ទូលថា៖ «បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ បើនៅកន្លែងណាគេមិនព្រមទទួល មិនព្រមស្ដាប់អ្នករាល់គ្នា ចូរចេញពីកន្លែងនោះទៅ ហើយរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។ ពួកសិស្សក៏ចេញទៅ ប្រកាសឲ្យមនុស្សម្នាកែប្រែចិត្តគំនិត។ គេបានដេញអារក្សជាច្រើនចេញពីមនុស្ស ព្រមទាំងចាក់ប្រេងលើអ្នកជំងឺច្រើននាក់ ដើម្បីប្រោសឲ្យគេជាសះស្បើយ។ ព្រះបាទហេរ៉ូដបានជ្រាបអំពីហេតុការណ៍ទាំងអស់នោះ ដ្បិតព្រះកិត្តិនាមរបស់ព្រះយេស៊ូបានល្បីឮខ្ចរខ្ចាយ។ មានគេនិយាយថា៖ «លោកយ៉ូហានបាទីស្ដបានរស់ឡើងវិញ។ ហេតុនេះហើយបានជាលោកមានអំណាចនឹងធ្វើការអស្ចារ្យយ៉ាងនេះ»។ អ្នកខ្លះថា៖ «លោកជាព្យាការីអេលីយ៉ា» ហើយខ្លះទៀតថា៖ «លោកជាព្យាការី*ម្នាក់ដូចព្យាការីឯទៀតៗពីជំនាន់ដើមដែរ»។ រីឯព្រះបាទហេរ៉ូដវិញ កាលបានជ្រាបដំណឹងនេះ ស្ដេចមានរាជឱង្ការថា៖ «អ្នកនេះពិតជាលោកយ៉ូហាន ដែលយើងបានឲ្យគេកាត់កមែន ឥឡូវនេះ គាត់រស់ឡើងវិញ»។ ព្រះបាទហេរ៉ូដបានបញ្ជាឲ្យគេចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយស្ដេចជឿតាមព្រះនាងហេរ៉ូឌាស ដែលត្រូវជាមហេសីរបស់ស្ដេចភីលីព ជាអនុជ ហើយព្រះអង្គយកមកធ្វើជាមហេសី។ លោកយ៉ូហានបានបន្ទោសស្ដេចហេរ៉ូដថា៖ «ព្រះករុណាគ្មានសិទ្ធិនឹងយកមហេសីរបស់អនុជមកធ្វើជាមហេសីទេ»។ ព្រះនាងហេរ៉ូឌាសចងគំនុំ ប៉ងសម្លាប់លោកយ៉ូហាន តែរកសម្លាប់ពុំកើត ដ្បិតព្រះបាទហេរ៉ូដខ្លាចលោកយ៉ូហាន ព្រោះស្ដេចជ្រាបថា លោកជាមនុស្សសុចរិត* និងជាអ្នកដ៏វិសុទ្ធ*។ ដូច្នេះ ស្ដេចការពារលោក។ កាលស្ដេចព្រះសណ្ដាប់ពាក្យលោកយ៉ូហាន ស្ដេចសព្វព្រះហឫទ័យជាខ្លាំង តែស្ដេចរារែកមិនដឹងជាត្រូវគិតយ៉ាងណា។
ម៉ាកុស 6:9-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពាក់បានតែស្បែកជើងសង្រែក ឥតពាក់អាវ២ឡើយ រួចមានបន្ទូលទៅគេថា អ្នករាល់គ្នាចូលទៅក្នុងផ្ទះណា ចូរឲ្យនៅផ្ទះនោះទាល់តែដើរចេញហួសទៅ ឯអស់អ្នកណាដែលមិនទទួល ឬស្តាប់អ្នករាល់គ្នា នោះកាលណាដើរចេញពីទីនោះ ត្រូវរលាស់ធូលីពីបាតជើងអ្នកចេញ ទុកជាទីបន្ទាល់ទាស់នឹងគេវិញ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជំរះ នោះក្រុងសូដុំម ហើយក្រុងកូម៉ូរ៉ា នឹងទ្រាំបានងាយជាជាងក្រុងនោះ កាលពួកសិស្សបានចេញទៅ នោះគេប្រកាសប្រាប់ឲ្យមនុស្សប្រែចិត្តឡើង ក៏បណ្តេញអារក្សជាច្រើន ហើយលាបប្រេងឲ្យមនុស្សជំងឺជាច្រើនបានជាដែរ។ ដំណឹងនោះក៏ឮដល់ស្តេចហេរ៉ូឌ ដ្បិតព្រះនាមទ្រង់កាន់តែល្បីសុសសាយទៅ ហើយស្តេចមានបន្ទូលថា ច្បាស់ជាយ៉ូហាន-បាទីស្ទ បានរស់ពីស្លាប់ឡើងវិញហើយ បានជាមានការឫទ្ធិបារមីសំដែងមក ដោយសារគាត់ដូច្នេះ តែអ្នកខ្លះថាជាអេលីយ៉ា ខ្លះទៀតថាជាហោរា ឬដូចជាហោរាណាមួយ ប៉ុន្តែកាលស្តេចហេរ៉ូឌបានឮ នោះទ្រង់មានបន្ទូលថា នោះគឺជាយ៉ូហានដែលយើងបានកាត់ក្បាលទេ គាត់បានរស់ពីស្លាប់ឡើងវិញហើយ ដ្បិតគឺស្តេចហេរ៉ូឌនេះឯង ដែលបានប្រើគេទៅចាប់ចងលោកយ៉ូហានដាក់គុក ដោយព្រោះហេរ៉ូឌាស ជាភរិយារបស់ភីលីព អនុជទ្រង់ ព្រោះស្តេចបានយកនាងនោះមកធ្វើជាភរិយារបស់ខ្លួនវិញ ហើយលោកយ៉ូហានបានទូលទាស់ថា ទ្រង់គ្មានច្បាប់នឹងយកភរិយារបស់អនុជទ្រង់ទេ ឯនាងហេរ៉ូឌាស ក៏ចងគំនុំចង់សំឡាប់លោក តែមិនបានឱកាសសោះ ព្រោះស្តេចហេរ៉ូឌកោតខ្លាចលោកយ៉ូហាន ដោយជ្រាបថា លោកជាមនុស្សសុចរិត ហើយបរិសុទ្ធ ទ្រង់ក៏ការពារទុកវិញ កាលទ្រង់បានស្តាប់លោក នោះក៏មានព្រះទ័យរារែកជាខ្លាំង ប៉ុន្តែបានស្តាប់លោកដោយអំណរ