ម៉ាកុស 6:1-6

ម៉ាកុស 6:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​ទី​នោះ ត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​ព្រះ‌អង្គ​វិញ ហើយ​ពួក​សិស្ស​ក៏​ទៅ​តាម​ព្រះ‌អង្គ។ នៅ​ថ្ងៃ​សប្ប័ទ ព្រះ‌អង្គ​ចាប់​ផ្ដើម​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​មនុស្ស​ជា​ច្រើន​ដែល​ស្តាប់​ព្រះ‌អង្គ ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ទាំង​និយាយ​គ្នា​ថា៖ «តើ​អ្នក​នេះ​បាន​សេចក្តី​ទាំង​នេះ​មក​ពី​ណា? តើ​ប្រាជ្ញា​ដែល​គាត់​បាន​ទទួល​នេះ ជា​ប្រាជ្ញា​អ្វី​ទៅ? ការ​អស្ចារ្យ​ដែល​កើត​ឡើង​ដោយ​ដៃ​គាត់ អី​ក៏​អស្ចារ្យ​ម៉្លេះ! តើ​អ្នក​នេះ​មិន​មែន​ជា​ជាង​ឈើ ជា​កូន​នាង​ម៉ារា ហើយ​ជា​បង​យ៉ាកុប យ៉ូសែប យូដាស និង​ស៊ីម៉ូន ហើយ​ប្អូន​ស្រី​គាត់​ទាំង​ប៉ុន្មាន តើ​មិន​នៅ​ទី​នេះ​ជា​មួយ​យើង​ទេ​ឬ?» អ្នក​ទាំង​នោះ​ក៏​ទាស់​ចិត្ត​នឹង​ព្រះ‌អង្គ។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ហោរា​មិន​មែន​ឥត​គេ​រាប់​អាន​នោះ​ទេ លើក​លែង​តែ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន ក្នុង​ចំណោម​ញាតិ‌សន្តាន និង​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ប៉ុណ្ណោះ»។ នៅ​ទី​នោះ ព្រះ‌អង្គ​ពុំ​អាច​ធ្វើ​ការ​អស្ចារ្យ​បាន​ទេ ព្រះ‌អង្គ​គ្រាន់​តែ​ដាក់​ព្រះ‌ហស្ត ប្រោស​អ្នក​ជំងឺ​ខ្លះ​ឲ្យ​បាន​ជា​ប៉ុណ្ណោះ។ ព្រះ‌អង្គ​នឹក​ឆ្ងល់​នឹង​ដំណើរ​ដែល​គេ​មិន​ជឿ ហើយ​បន្ទាប់​មក ព្រះ‌អង្គ​ក៏​យាង​ទៅ​បង្រៀន​តាម​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។

ចែក​រំលែក
អាន ម៉ាកុស 6

ម៉ាកុស 6:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ទី​នោះ​ត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​ព្រះអង្គ​វិញ ពួក​សិស្ស*​ក៏​ទៅ​តាម​ព្រះអង្គ​ដែរ។ លុះ​ដល់​ថ្ងៃ​សប្ប័ទ* ព្រះអង្គ​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ*។ មនុស្ស​ជា​ច្រើន​ដែល​បាន​ស្ដាប់​ព្រះអង្គ​ងឿង‌ឆ្ងល់​ក្រៃ‌លែង។ គេ​និយាយ​គ្នា​ថា៖ «តើ​គាត់​ដឹង​សេចក្ដី​ទាំង​នេះ​មក​ពី​ណា? ប្រាជ្ញា​ដែល​គាត់​បាន​ទទួល​នេះ​ជា​ប្រាជ្ញា​អ្វី​ទៅ? ការ‌អស្ចារ្យ​ដែល​គាត់​បាន​ធ្វើ​នេះ​កើត​ឡើង​ដោយ​វិធី​ណា? តើ​អ្នក​នេះ​មិន​មែន​ជា​ជាង​ឈើ ជា​កូន​នាង​ម៉ារី ជា​បងប្អូន​របស់​យ៉ាកុប យ៉ូសេ យូដាស និង​ស៊ីម៉ូន​ទេ​ឬ​អី? ប្អូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មាន​ក៏​រស់​នៅ​ក្នុង​ភូមិ​នេះ​ជា​មួយ​យើង​ដែរ!»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​អាច​ជឿ​ព្រះអង្គ​ឡើយ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ធម្មតា គេ​មើល‌ងាយ​ព្យាការី*​តែ​ក្នុង​ស្រុក​កំណើត ក្នុង​ក្រុម​គ្រួសារ និង​ក្នុង​ផ្ទះ​របស់​លោក​ប៉ុណ្ណោះ»។ នៅ​ទី​នោះ ព្រះអង្គ​ពុំ​អាច​ធ្វើ​ការ‌អស្ចារ្យ​អ្វី​ឡើយ បាន​ត្រឹម​តែ​ដាក់​ព្រះ‌ហស្ដ​លើ​អ្នក​ជំងឺ​ខ្លះ ដើម្បី​ប្រោស​គេ​ឲ្យ​ជា​ប៉ុណ្ណោះ។ ព្រះអង្គ​នឹក​ឆ្ងល់ ដោយ​ឃើញ​គេ​គ្មាន​ជំនឿ​បែប​នេះ។ ព្រះ‌យេស៊ូ​យាង​ទៅ​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ហើយ​ទ្រង់​បង្រៀន​អ្នក​ស្រុក។

ចែក​រំលែក
អាន ម៉ាកុស 6

ម៉ាកុស 6:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេស៊ូវ​ទ្រង់​យាង​ចេញ​ពី​ទី​នោះ ទៅ​ឯ​ស្រុក​ទ្រង់​វិញ ហើយ​ពួក​សិស្ស​ក៏​តាម​ទ្រង់​ទៅ ដល់​ថ្ងៃ​ឈប់​សំរាក ទ្រង់​ចាប់​តាំង​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​មនុស្ស​ជា​ច្រើន​ដែល​កំពុង​តែ​ស្តាប់​ទ្រង់ ក៏​នឹក​ប្លែក​ក្នុង​ចិត្ត ដោយ​ថា អ្នក​នេះ​បាន​សេចក្ដី​ទាំង​នេះ​ពី​ណា​មក ចំណេះ​ណា​ហ្ន ដែល​បាន​ឲ្យ​មក​គាត់ បាន​ជា​មាន​ការ​ឫទ្ធិ‌បារមី​យ៉ាង​នេះ​កើត​មក ដោយ‌សារ​ដៃ​គាត់​ដូច្នេះ តើ​គាត់​មិន​មែន​ជា​ជាង​ឈើ ជា​កូន​នៃ​នាង​ម៉ារា ហើយ​ជា​បង​យ៉ាកុប យ៉ូសែប យូដាស នឹង​ស៊ីម៉ូន​ទេ​ឬ​អី ហើយ​ប្អូន​ស្រី​គាត់ តើ​មិន​នៅ​ជា​មួយ​នឹង​យើង​ទៅ​ទី​នេះ​ទេ​ឬ​អី អ្នក​ទាំង​នោះ​ក៏​អាក់‌អន់​ចិត្ត​នឹង​ទ្រង់ តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ហោរា​មិន​មែន​ឥត​គេ​រាប់​អាន​ទេ លើក​តែ​នៅ​ក្នុង​ស្រុក​ខ្លួន ឬ​ក្នុង​ពួក​ញាតិ‌សន្តាន ហើយ​នៅ​ក្នុង​ផ្ទះ​ខ្លួន​ចេញ នៅ​ទី​នោះ​ទ្រង់​ពុំ​អាច​នឹង​ធ្វើ​ការ​ឫទ្ធិ‌បារមី​បាន​ទេ ទ្រង់​គ្រាន់​តែ​ដាក់​ព្រះ‌ហស្ត ប្រោស​មនុស្ស​ពិការ​ខ្លះ ឲ្យ​បាន​ជា​ប៉ុណ្ណោះ ទ្រង់​ក៏​អស្ចារ្យ​ពី​ដំណើរ​ដែល​គេ​មិន​ជឿ រួច​ទ្រង់​យាង​ទៅ​បង្រៀន​ក្នុង​អស់​ទាំង​ភូមិ​នៅ​ជុំ‌វិញ​ទៅ។

ចែក​រំលែក
អាន ម៉ាកុស 6