ម៉ាកុស 5:7-13

ម៉ាកុស 5:7-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ! តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូច​ម្តេច​ជា​មួយ​ទូល​បង្គំ? ទូល​បង្គំ​អង្វរ​ព្រះ‌អង្គ​នៅ​ចំពោះ​ព្រះ​ថា សូម​មេត្តា​កុំ​ធ្វើ​ទុក្ខ​ទោស​ទូល​បង្គំ​ឡើយ»។ វា​និយាយ​ដូច្នេះ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​វា​ថា៖ «នែ៎ វិញ្ញាណ​អាក្រក់ ចូរ​ថយ​ចេញ​ពី​បុរស​នេះ​ទៅ!» ព្រះ‌យេស៊ូវ​សួរ​វា​ថា៖ «ឯង​ឈ្មោះ​អី?» វា​ទូល​ឆ្លើយ​ថា៖ «ទូល​បង្គំ​ឈ្មោះ​កង‌ទ័ព ដ្បិត​យើង​ខ្ញុំ​មាន​គ្នា​ច្រើន»។ វា​ទទូច​អង្វរ​ព្រះ‌អង្គ​យ៉ាង​ខ្លាំង សូម​កុំ​ឲ្យ​បណ្តេញ​ពួក​វា​ចេញ​ពី​ស្រុក​នោះ។ នៅ​ទី​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​នៅ​ចង្កេះ​ភ្នំ ហើយ​វិញ្ញាណ​អាក្រក់​ទាំង​នោះ អង្វរ​ព្រះ‌អង្គ​ថា៖ «សូម​បញ្ជូន​យើង​ឲ្យ​ចូល​ក្នុង​ជ្រូក​ទាំង​នោះ​ទៅ!» ដូច្នេះ ព្រះ‌អង្គ​ក៏​អនុញ្ញាត​ឲ្យ​ពួក​វា។ វិញ្ញាណ​អាក្រក់​ទាំង​នោះ​ក៏​ចេញ​ទៅ រួច​ចូល​ទៅ​ក្នុង​ជ្រូក ហើយ​ហ្វូង​ជ្រូក​ដែល​មាន​ចំនួន​ប្រមាណ​ជា​ពីរ​ពាន់​ក្បាល ក៏​បោល​ចុះ​តាម​ជម្រាល​ភ្នំ ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ងាប់​ទាំង​អស់។

ចែក​រំលែក
អាន ម៉ាកុស 5

ម៉ាកុស 5:7-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ឱ​ព្រះ‌យេស៊ូ ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​ទូលបង្គំ? ទូលបង្គំ​អង្វរ​ព្រះអង្គ​ក្នុង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់ សូម​មេត្តា​កុំ​ធ្វើ​ទុក្ខ​ទោស​ទូលបង្គំ​អី!»។ វិញ្ញាណ​អាក្រក់​និយាយ​ដូច្នេះ ព្រោះ​ព្រះ‌យេស៊ូ​បាន​បញ្ជា​វា​ថា៖ «នែ៎​វិញ្ញាណ​អាក្រក់ ចូរ​ចេញ​ពី​អ្នក​នេះ​ទៅ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​វិញ្ញាណ​អាក្រក់​ថា៖ «ឯង​ឈ្មោះ​អី?» វិញ្ញាណ​អាក្រក់​ឆ្លើយ​ថា៖ «ទូលបង្គំ​ឈ្មោះ​កង‌ទ័ព ដ្បិត​យើង​ខ្ញុំ​មាន​គ្នា​ច្រើន»។ វា​ទទូច​អង្វរ សូម​កុំ​ឲ្យ​ព្រះអង្គ​បណ្ដេញ​ពួក​វា​ចេញ​ពី​ស្រុក​នោះ។ នៅ​ក្បែរ​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​នៅ​តាម​ចង្កេះ​ភ្នំ។ វិញ្ញាណ​អាក្រក់​ទាំង​នោះ​អង្វរ​ព្រះ‌យេស៊ូ​ថា៖ «សូម​បញ្ជូន​យើង​ខ្ញុំ​ឲ្យ​ទៅ​ចូល​ក្នុង​ជ្រូក​ទាំង​នោះ​ទៅ!»។ ព្រះ‌យេស៊ូ​ក៏​យល់​ព្រម។ វិញ្ញាណ​អាក្រក់​ចេញ​ពី​បុរស​នោះ​ទៅ​ចូល​ក្នុង​ជ្រូក ហ្វូង​ជ្រូក​ដែល​មាន​ចំនួន​ប្រមាណ​ជា​ពីរ​ពាន់​ក្បាល ក៏​បោល​ចុះ​តាម​ជម្រាល​ភ្នំ តម្រង់​ទៅ​សមុទ្រ លង់​ទឹក​ងាប់​អស់។

ចែក​រំលែក
អាន ម៉ាកុស 5

ម៉ាកុស 5:7-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ស្រែក​ដោយ​សំរែក​ជា​ខ្លាំង​ថា ឱ​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ តើ​ទ្រង់​ហើយ​នឹង​ទូលបង្គំ​មាន​រឿង​អ្វី​នឹង​គ្នា ទូលបង្គំ​សូម​ទ្រង់​ឲ្យ​ស្បថ​ដោយ​ព្រះ​ថា មិន​ធ្វើ​ទុក្ខ​ទូលបង្គំ​ទេ វា​ទូល​ដូច្នោះ ពី​ព្រោះ​ទ្រង់​កំពុង​តែ​មាន​បន្ទូល​ថា ម្នាល អារក្ស‌អសោចិ៍ ចូរ​ថយ​ចេញ​ពី​មនុស្ស​នេះ​ទៅ រួច​ទ្រង់​សួរ​វា​ថា ឯង​ឈ្មោះ​អី វា​ទូល​ឆ្លើយ​ថា ទូលបង្គំ​ឈ្មោះ «កង‌ទ័ព» ពី​ព្រោះ​យើង​ខ្ញុំ​មាន​គ្នា​ច្រើន នោះ​វា​ទទូច​អង្វរ​សូម​កុំ​ឲ្យ​ទ្រង់​បណ្តេញ​វា​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ឡើយ រីឯ​នៅ​ទី​នោះ មាន​ហ្វូង​ជ្រូក​យ៉ាង​ធំ កំពុង​តែ​រក​ស៊ី​នៅ​ចង្កេះ​ភ្នំ ហើយ​អារក្ស​ទាំង​នោះ​ទូល​អង្វរ​ទ្រង់​ថា សូម​ឲ្យ​យើង​រាល់​គ្នា​ទៅ​ជ្រក នៅ​ក្នុង​ជ្រូក​ទាំង​នោះ​ចុះ នោះ​ទ្រង់​ក៏​អនុញ្ញាត​ឲ្យ​ភ្លាម រួច​កាល​វិញ្ញាណ​អារក្ស‌អសោចិ៍​ទាំង​នោះ​បាន​ចេញ​ហើយ វា​ក៏​ចូល​ទៅ​ក្នុង​ជ្រូក ហើយ​ហ្វូង​ជ្រូក​ប្រហែល​២​ពាន់​រូប ក៏​បោល​ម្នីម្នា​តាម​ភ្នំ​ចោត ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ស្លាប់​ទាំង​អស់​ទៅ

ចែក​រំលែក
អាន ម៉ាកុស 5