ម៉ាកុស 5:22-24
ម៉ាកុស 5:22-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ មានមេដឹកនាំសាលាប្រជុំម្នាក់ ឈ្មោះយ៉ៃរ៉ុសចូលមក ហើយពេលគាត់ឃើញព្រះអង្គ ក៏ក្រាបនៅទៀបព្រះបាទព្រះអង្គ ហើយទទូចអង្វរព្រះអង្គថា៖ «កូនស្រីខ្ញុំបាទជិតស្លាប់ហើយ សូមលោកមេត្តាទៅដាក់ដៃលើនាង ដើម្បីឲ្យនាងបានជា ហើយរស់វិញផង»។ ព្រះអង្គក៏យាងទៅជាមួយគាត់ ហើយមហាជនច្រើនកុះករនាំគ្នាដើរតាម និងប្រជ្រៀតគ្នាជុំវិញព្រះអង្គ។
ម៉ាកុស 5:22-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ មានអ្នកទទួលខុសត្រូវលើសាលាប្រជុំ*ម្នាក់ឈ្មោះ យ៉ៃរូស មកដល់។ កាលគាត់ឃើញព្រះយេស៊ូ គាត់ក្រាបទៀបព្រះបាទាព្រះអង្គ ហើយទទូចអង្វរព្រះអង្គថា៖ «កូនស្រីរបស់ខ្ញុំប្របាទឈឺធ្ងន់ ជិតស្លាប់ សូមលោកអាណិតមេត្តាអញ្ជើញទៅដាក់ដៃ*លើនាង ដើម្បីសង្គ្រោះនាងឲ្យមានជីវិត»។ ព្រះយេស៊ូយាងទៅជាមួយគាត់។ មានបណ្ដាជនជាច្រើនកុះករតាមព្រះអង្គទៅ ទាំងប្រជ្រៀតគ្នាជុំវិញព្រះអង្គ។
ម៉ាកុស 5:22-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះមានមេសាលាប្រជុំម្នាក់ ឈ្មោះយ៉ៃរ៉ុស មកដល់ឃើញទ្រង់ ក៏ក្រាបនៅទៀបព្រះបាទទ្រង់ គាត់ទទូចអង្វរទូលថា កូនស្រីទូលបង្គំជិតស្លាប់ហើយ សូមទ្រង់យាងទៅដាក់ព្រះហស្តលើវាឲ្យបានជា នោះវានឹងបានរស់វិញ ទ្រង់ក៏ចេញទៅជាមួយនឹងគាត់ ហើយមានមនុស្សកកកុញដើរតាមទៅ ទាំងប្រជ្រៀតទ្រង់។