ម៉ាកុស 5:21-34
ម៉ាកុស 5:21-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះយេស៊ូវបានយាងចុះទូក ឆ្លងទៅត្រើយម្ខាងវិញ មានមហាជនច្រើនកុះករ មកចោមរោមព្រះអង្គ ហើយទ្រង់គង់នៅមាត់សមុទ្រ។ ពេលនោះ មានមេដឹកនាំសាលាប្រជុំម្នាក់ ឈ្មោះយ៉ៃរ៉ុសចូលមក ហើយពេលគាត់ឃើញព្រះអង្គ ក៏ក្រាបនៅទៀបព្រះបាទព្រះអង្គ ហើយទទូចអង្វរព្រះអង្គថា៖ «កូនស្រីខ្ញុំបាទជិតស្លាប់ហើយ សូមលោកមេត្តាទៅដាក់ដៃលើនាង ដើម្បីឲ្យនាងបានជា ហើយរស់វិញផង»។ ព្រះអង្គក៏យាងទៅជាមួយគាត់ ហើយមហាជនច្រើនកុះករនាំគ្នាដើរតាម និងប្រជ្រៀតគ្នាជុំវិញព្រះអង្គ។ នៅពេលនោះ មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមអស់រយៈពេលដប់ពីរឆ្នាំមកហើយ នាងបានរងទុក្ខយ៉ាងខ្លាំង ក្រោមការព្យាបាលពីគ្រូពេទ្យជាច្រើន ហើយបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនាងមាន តែមិនបានគ្រាន់បើសោះ ផ្ទុយទៅវិញ ជំងឺនោះកាន់តែខ្លាំងឡើង។ ក្រោយពីនាងបានឮអំពីព្រះយេស៊ូវ នាងក៏ចូលមកក្នុងចំណោមបណ្តាជន ហើយពាល់ព្រះពស្ត្រព្រះអង្គពីខាងក្រោយ ដ្បិតនាងគិតថា៖ «បើខ្ញុំគ្រាន់តែពាល់ព្រះពស្ត្រព្រះអង្គប៉ុណ្ណោះ ខ្ញុំនឹងបានជាមិនខាន»។ រំពេចនោះ ជំងឺធ្លាក់ឈាមក៏បាត់ភ្លាម ហើយនាងបានដឹងក្នុងខ្លួនថា នាងបានជាសះស្បើយពីជំងឺនោះហើយ។ នៅពេលនោះ ព្រះយេស៊ូវជ្រាបភ្លាមថា មានព្រះចេស្តាចេញពីព្រះអង្គ ហើយព្រះអង្គក៏ងាកបែរទៅបណ្ដាជន ទាំងសួរថា៖ «អ្នកណាពាល់អាវខ្ញុំ?» ពួកសិស្សទូលព្រះអង្គថា៖ «លោកគ្រូឃើញហើយថា បណ្ដាជនប្រជ្រៀតគ្នាជុំវិញលោកគ្រូ ម្តេចបានជាលោកគ្រូសួរថា អ្នកណាពាល់ខ្ញុំដូច្នេះ?» ព្រះអង្គទតមើលជុំវិញ រកមើលអ្នកណាដែលបានពាល់ព្រះអង្គ។ ប៉ុន្តែ ស្ត្រីនោះដឹងពីហេតុដែលបានកើតឡើងចំពោះនាង នាងក៏ចូលមក ហើយក្រាបចុះនៅចំពោះព្រះអង្គទាំងភ័យញ័រ រួចទូលការពិតទាំងអស់ថ្វាយព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ ជំនឿរបស់នាងបានធ្វើឲ្យនាងជាសះស្បើយហើយ ចូរទៅដោយសុខសាន្ត ហើយចូរឲ្យបានជាសះស្បើយពីជំងឺរបស់នាងចុះ!»។
ម៉ាកុស 5:21-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូឆ្លងទូកពីត្រើយម្ខាងមកវិញ ព្រះអង្គគង់នៅឆ្នេរសមុទ្រ។ មានបណ្ដាជនច្រើនកុះករមកចោមរោមព្រះអង្គម្ដងទៀត។ ពេលនោះ មានអ្នកទទួលខុសត្រូវលើសាលាប្រជុំ*ម្នាក់ឈ្មោះ យ៉ៃរូស មកដល់។ កាលគាត់ឃើញព្រះយេស៊ូ គាត់ក្រាបទៀបព្រះបាទាព្រះអង្គ ហើយទទូចអង្វរព្រះអង្គថា៖ «កូនស្រីរបស់ខ្ញុំប្របាទឈឺធ្ងន់ ជិតស្លាប់ សូមលោកអាណិតមេត្តាអញ្ជើញទៅដាក់ដៃ*លើនាង ដើម្បីសង្គ្រោះនាងឲ្យមានជីវិត»។ ព្រះយេស៊ូយាងទៅជាមួយគាត់។ មានបណ្ដាជនជាច្រើនកុះករតាមព្រះអង្គទៅ ទាំងប្រជ្រៀតគ្នាជុំវិញព្រះអង្គ។ នៅពេលនោះ មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ។ គ្រូពេទ្យជាច្រើនបានព្យាបាលនាង តែនាងឈឺចុកចាប់រឹតតែខ្លាំង។ នាងបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនាងមាន តែជំងឺរបស់នាងនៅតែមិនបានធូរស្រាលទេ ផ្ទុយទៅវិញ នាងកាន់តែឈឺខ្លាំងឡើងៗ។ នាងបានឮគេនិយាយអំពីព្រះយេស៊ូ ក៏ចូលក្នុងចំណោមបណ្ដាជន ពាល់ព្រះពស្ដ្ររបស់ព្រះអង្គពីខាងក្រោយ ដ្បិតនាងនឹកក្នុងចិត្តថា៖ «បើខ្ញុំបានពាល់អាវរបស់លោក ខ្ញុំមុខជាទទួលការសង្គ្រោះមិនខាន»។ រំពេចនោះ ឈាមឈប់ធ្លាក់ភ្លាម ហើយនាងដឹងថាខ្លួននាងបានជាសះស្បើយពីរោគា។ នៅពេលនោះ ព្រះយេស៊ូជ្រាបភ្លាមថា មានឫទ្ធានុភាពមួយចេញពីព្រះអង្គ ព្រះអង្គបែរទៅរកបណ្ដាជន មានព្រះបន្ទូលថា៖ «អ្នកណាពាល់អាវខ្ញុំ?»។ ពួកសិស្ស*ទូលព្រះអង្គថា៖ «ព្រះគ្រូឃើញស្រាប់ហើយ បណ្ដាជនប្រជ្រៀតប៉ះនឹងព្រះគ្រូគ្រប់គ្នា ចុះហេតុដូចម្ដេចបានជាព្រះគ្រូសួរថា អ្នកណាពាល់ព្រះគ្រូដូច្នេះ?»។ ព្រះយេស៊ូទតមើលជុំវិញ ដើម្បីឲ្យដឹងថា អ្នកណាបានពាល់ព្រះអង្គ។ ស្ត្រីនោះភ័យញ័ររន្ធត់ ព្រោះនាងដឹងអំពីហេតុដែលកើតដល់ខ្លួននាង។ នាងមកក្រាបទៀបព្រះបាទាព្រះយេស៊ូ ហើយទូលការពិតទាំងអស់ថ្វាយព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅឲ្យបានសុខសាន្ត ហើយសូមឲ្យនាងជាសះស្បើយពីជំងឺចុះ!»។
ម៉ាកុស 5:21-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេស៊ូវ ទ្រង់បានជិះទូកឆ្លងដល់ត្រើយម្ខាងវិញហើយ ក៏មានហ្វូងមនុស្សយ៉ាងធំប្រជុំគ្នាឯទ្រង់ ហើយទ្រង់គង់នៅទីមាត់សមុទ្រ នោះមានមេសាលាប្រជុំម្នាក់ ឈ្មោះយ៉ៃរ៉ុស មកដល់ឃើញទ្រង់ ក៏ក្រាបនៅទៀបព្រះបាទទ្រង់ គាត់ទទូចអង្វរទូលថា កូនស្រីទូលបង្គំជិតស្លាប់ហើយ សូមទ្រង់យាងទៅដាក់ព្រះហស្តលើវាឲ្យបានជា នោះវានឹងបានរស់វិញ ទ្រង់ក៏ចេញទៅជាមួយនឹងគាត់ ហើយមានមនុស្សកកកុញដើរតាមទៅ ទាំងប្រជ្រៀតទ្រង់។ នោះមានស្ត្រីម្នាក់ឈឺធ្លាក់ឈាម អស់ ១២ឆ្នាំមកហើយ នាងបានឈឺសន្ធឹក នៅដៃគ្រូពេទ្យជាច្រើន ហើយបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានៗ តែមិនបានគ្រាន់បើសោះ ជំងឺនោះកាន់តែខ្លាំងឡើងវិញ នាងបានឮនិយាយពីព្រះយេស៊ូវ ក៏ចូលមកក្នុងហ្វូងមនុស្សពីក្រោយ ទៅពាល់ព្រះពស្ត្រទ្រង់ ដោយគិតថា បើគ្រាន់តែពាល់ព្រះពស្ត្រទ្រង់ប៉ុណ្ណោះ នោះនឹងបានជាហើយ ឯជំងឺធ្លាក់ឈាម ក៏បាត់ក្នុងខណ១រំពេចនោះ ហើយនាងបានដឹងក្នុងខ្លួនថា នាងរួចពីសេចក្ដីវេទនានោះហើយ នោះស្រាប់តែព្រះយេស៊ូវជ្រាបក្នុងព្រះអង្គទ្រង់ថា មានព្រះចេស្តាចេញពីទ្រង់ ក៏ងាកបែរព្រះអង្គក្នុងហ្វូងមនុស្សសួរថា អ្នកណាពាល់អាវខ្ញុំ ពួកសិស្សទូលថា ទ្រង់ឃើញថាហ្វូងមនុស្សប្រជ្រៀតទ្រង់ដែរ ម្តេចឡើយក៏មានបន្ទូលថា អ្នកណាពាល់ទ្រង់ដូច្នេះ ទ្រង់ងាកទតទីជុំវិញ នឹងរកអ្នកណាដែលបានធ្វើការនោះ ឯស្ត្រីនោះនាងដឹងការដែលកើតមកក្នុងខ្លួនហើយ ក៏មកទាំងភ័យញ័រ ទំលាក់ខ្លួនក្រាបចុះនៅចំពោះទ្រង់ ទូលតាមត្រង់ទាំងអស់ ទ្រង់មានបន្ទូលទៅនាងថា កូនស្រីអើយ សេចក្ដីជំនឿនាង បានជួយសង្គ្រោះនាងហើយ ចូរទៅឲ្យបានប្រកបដោយសេចក្ដីសុខចុះ ហើយឲ្យនាងបានរួចពីសេចក្ដីវេទនារបស់នាងទៅ។