ម៉ាកុស 4:35-41
ម៉ាកុស 4:35-41 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅល្ងាចថ្ងៃនោះ ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរយើងឆ្លងទៅត្រើយម្ខាង»។ ពួកគេក៏ចាកចេញពីបណ្ដាជន នាំព្រះយេស៊ូវដែលគង់នៅក្នុងទូកទៅជាមួយ ហើយមានទូកតូចៗខ្លះទៀត ទៅជាមួយព្រះអង្គដែរ។ ភ្លាមនោះ មានខ្យល់ព្យុះកំណាចមួយកើតឡើង ហើយរលកក៏បោកចូលក្នុងទូក ធ្វើឲ្យទឹកចូលទូកស្ទើរពេញ។ តែព្រះអង្គផ្ទំលក់លើខ្នើយ នៅកន្សៃទូក ពួកសិស្សក៏ដាស់ព្រះអង្គ ហើយទូលព្រះអង្គថា៖ «លោកគ្រូ យើងវិនាសឥឡូវហើយ! តើលោកមិនអំពល់ទេឬ?» ព្រះអង្គក៏តើនឡើង បន្ទោសខ្យល់ ហើយបង្គាប់ទៅសមុទ្រថា៖ «ចូរស្ងប់ ហើយស្ងៀមទៅ!» ពេលនោះ ខ្យល់ក៏ស្ងប់ ហើយស្ងាត់សូន្យឈឹង។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភ័យ? តើអ្នករាល់គ្នានៅតែគ្មានជំនឿទេឬ?» ពេលនោះ គេមានសេចក្តីស្ញប់ស្ញែងជាខ្លាំង ហើយសួរគ្នាទៅវិញទៅមកថា៖ «ចុះតើលោកនេះជានរណាដែលសូម្បីតែខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ?»។
ម៉ាកុស 4:35-41 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅល្ងាចថ្ងៃដដែលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស*ថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ ពួកសិស្សក៏ចេញពីបណ្ដាជន ហើយអុំទូកដែលមានព្រះយេស៊ូគង់នៅក្នុងនោះ ដោយមានទូកឯទៀតៗទៅជាមួយដែរ។ ស្រាប់តែមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង ហើយរលកក៏បោកប៉ះនឹងទូក បណ្ដាលឲ្យទឹកចូលស្ទើរពេញ។ រីឯព្រះយេស៊ូវិញ ព្រះអង្គផ្ទំលក់លើខ្នើយ នៅកន្សៃទូក។ ពួកសិស្សដាស់ព្រះអង្គថា៖ «លោកគ្រូ យើងស្លាប់ឥឡូវហើយ! លោកមិនអើពើទេឬ?»។ ព្រះយេស៊ូតើនឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងបញ្ជាសមុទ្រថា៖ «ស្ងប់ស្ងៀមទៅ!»។ ពេលនោះ ខ្យល់ព្យុះក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដែរ។ បន្ទាប់មក ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ? អ្នករាល់គ្នាមិនទាន់មានជំនឿទេឬ?»។ ពួកគេកោតស្ញប់ស្ញែងជាខ្លាំង ហើយនិយាយគ្នាទៅវិញទៅមកថា៖ «តើលោកនេះជានរណាបានជាខ្យល់ព្យុះ និងសមុទ្រស្ដាប់បង្គាប់លោកដូច្នេះ?»។
ម៉ាកុស 4:35-41 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះពេលល្ងាចថ្ងៃនោះឯង ទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរយើងឆ្លងទៅត្រើយម្ខាង កាលបានឲ្យហ្វូងមនុស្សទៅវិញហើយ នោះពួកសិស្សក៏ទទួលទ្រង់តាមភាពដដែលទៅក្នុងទូក ហើយមានទូកតូចៗខ្លះទៀតទៅជាមួយដែរ នោះកើតមានខ្យល់ព្យុះជាខ្លាំង ហើយរលកបោកចូលក្នុងទូក ដល់ម៉្លេះបានជាទូកពេញហើយ តែទ្រង់ផ្ទំលក់លើខ្នើយ នៅកន្សៃទូក ពួកសិស្សដាស់ទ្រង់ឡើងទូលថា លោកគ្រូអើយ យើងវិនាសហើយ លោកមិនរវល់ទេឬអី កាលតើនឡើង ទ្រង់កំហែងខ្យល់ ក៏បង្គាប់ទៅសមុទ្រថា ចូរស្ងៀមទៅ ហើយឈប់ចុះ នោះខ្យល់ក៏ស្ងប់ ហើយស្ងាត់ឈឹងសូន្យទាំងអស់ទៅ រួចទ្រង់មានបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នាភ័យដល់ម៉្លេះ ម្តេចក៏គ្មានសេចក្ដីជំនឿ នោះគេមានសេចក្ដីស្ញែងខ្លាចជាខ្លាំង ទាំងសួរគ្នាទៅវិញទៅមកថា ដូច្នេះ តើលោកនេះជាអ្វី បានជាខ្យល់ នឹងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ។