ម៉ាកុស 4:10-20
ម៉ាកុស 4:10-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះអង្គគង់នៅដោយឡែកពីបណ្ដាជន អស់អ្នកដែលនៅជុំវិញព្រះអង្គ ជាមួយអ្នកទាំងដប់ពីរ ទូលសួរព្រះអង្គអំពីរឿងប្រៀបធៀបនោះ។ ព្រះអង្គមានព្រះបន្ទូលថា៖ «ព្រះបានប្រទានឲ្យអ្នករាល់គ្នាស្គាល់អាថ៌កំបាំងអំពីព្រះរាជ្យរបស់ព្រះអង្គ ប៉ុន្តែ សម្រាប់ពួកអ្នកខាងក្រៅ អ្វីៗទាំងអស់ជារឿងប្រៀបធៀបវិញ ដើម្បីឲ្យគេមើលមែន តែមិនឃើញ ហើយឲ្យគេស្ដាប់មែន តែមិនយល់ ក្រែងគេវិលបែរមករកព្រះវិញ ហើយទទួលបានការអត់ទោស» ។ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើអ្នករាល់គ្នាមិនយល់រឿងប្រៀបធៀបនេះទេឬ? ចុះធ្វើដូចម្តេចឲ្យអ្នករាល់គ្នាយល់គ្រប់ទាំងរឿងប្រៀបធៀបបាន? អ្នកព្រោះពូជ គឺព្រោះព្រះបន្ទូល មនុស្សខ្លះប្រៀបបាននឹងដីផ្លូវ ដែលព្រះបន្ទូលព្រោះចុះទៅ កាលគេឮ អារក្សសាតាំងក៏មកឆក់យកព្រះបន្ទូល ដែលបានព្រោះក្នុងចិត្តគេទៅភា្លម។ មនុស្សខ្លះទៀត ប្រៀបបាននឹងដីមានថ្ម ដែលពូជធ្លាក់លើ។ កាលគេឮព្រះបន្ទូល គេទទួលភា្លម ដោយអំណរ តែមិនចាក់ឫសនៅក្នុងខ្លួនគេឡើយ គឺនៅជាប់តែមួយរយៈខ្លីប៉ុណ្ណោះ លុះពេលកើតមានទុក្ខលំបាក ឬការបៀតបៀនចូលមក ដោយព្រោះព្រះបន្ទូល គេក៏បោះបង់ចោលភា្លម។ មនុស្សខ្លះទៀតប្រៀបបាននឹងគុម្ពបន្លាដែលពូជព្រោះចុះទៅ។ អ្នកទាំងនេះគឺជាពួកអ្នកដែលឮព្រះបន្ទូល តែការខ្វល់ខ្វាយអំពីជីវិតនេះ ចិត្តលោភចង់បានទ្រព្យសម្បត្តិ និងសេចក្តីប៉ងប្រាថ្នាផ្សេងៗដទៃទៀតចូលមក ក៏ខ្ទប់ព្រះបន្ទូលជិត មិនឲ្យបង្កើតផលបានឡើយ។ ប៉ុន្តែ មនុស្សខ្លះទៀតប្រៀបបាននឹងដីល្អដែលពូជព្រោះចុះទៅ។ គេឮព្រះបន្ទូលហើយទទួលយក រួចបង្កើតផល ខ្លះបានមួយជាសាមសិប ខ្លះបានមួយជាហុកសិប ហើយខ្លះទៀតបានមួយជាមួយរយ»។
ម៉ាកុស 4:10-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូគង់នៅដាច់ឡែកពីបណ្ដាជន អស់អ្នកដែលនៅជាមួយព្រះអង្គ និងសិស្សទាំងដប់ពីររូប ទូលសួរព្រះអង្គអំពីពាក្យប្រស្នាទាំងនោះ។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «ព្រះជាម្ចាស់បានប្រោសប្រទានឲ្យអ្នករាល់គ្នា យល់គម្រោងការដ៏លាក់កំបាំងនៃព្រះរាជ្យ*របស់ព្រះអង្គ។ រីឯអ្នកដទៃ គេឮសេចក្ដីទាំងអស់ជាពាក្យប្រស្នាវិញ។ ដូច្នេះ ទោះបីគេខំប្រឹងមើលក៏ពុំឃើញ គេខំប្រឹងស្ដាប់ក៏ពុំយល់ដែរ ក្រែងលោគេប្រែចិត្តគំនិត ហើយព្រះជាម្ចាស់នឹងអត់ទោសឲ្យគេ »។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖ «បើអ្នករាល់គ្នាមិនយល់ប្រស្នានេះផង ធ្វើម្ដេចឲ្យអ្នករាល់គ្នាយល់ប្រស្នាឯទៀតៗបាន! អ្នកព្រោះស្រូវ សាបព្រោះព្រះបន្ទូល មនុស្សខ្លះប្រៀបបីដូចជាផ្លូវ ដែលព្រះបន្ទូលបានធ្លាក់ទៅលើ កាលបានស្ដាប់ព្រះបន្ទូលហើយ មារសាតាំង*ក៏មកឆក់យកព្រះបន្ទូល ដែលបានព្រោះក្នុងចិត្តគេទៅភ្លាម។ មនុស្សដែលបានទទួលគ្រាប់ពូជនៅលើដីមានថ្មក៏ដូច្នោះដែរ កាលបានស្ដាប់ព្រះបន្ទូលហើយ គេទទួលយកភ្លាមដោយអំណរ ប៉ុន្តែ គេពុំទុកឲ្យព្រះបន្ទូលចាក់ឫសនៅក្នុងខ្លួនគេឡើយ គឺគេជាប់ចិត្តតែមួយភ្លែត។ លុះដល់មានទុក្ខវេទនា ឬត្រូវគេបៀតបៀនព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។ មនុស្សខ្លះទទួលគ្រាប់ពូជនៅលើដីដែលមានបន្លា គេបានស្ដាប់ព្រះបន្ទូលដែរ ប៉ុន្តែ ការខ្វល់ខ្វាយអំពីជីវិតរស់នៅក្នុងលោកីយ៍ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តប៉ងប្រាថ្នាផ្សេងៗ រឹបរួតព្រះបន្ទូលមិនឲ្យបង្កើតផលឡើយ។ រីឯអ្នកដែលបានទទួលគ្រាប់ពូជនៅលើដីមានជីជាតិល្អ កាលបានស្ដាប់ព្រះបន្ទូលហើយ ក៏ទទួលយកបង្កបង្កើតផល អ្នកខ្លះបានមួយជាសាមសិប អ្នកខ្លះបានមួយជាហុកសិប អ្នកខ្លះទៀតបានមួយជាមួយរយ»។
ម៉ាកុស 4:10-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលទ្រង់គង់នៅដោយឡែក នោះពួកអ្នកដែលនៅជុំវិញទ្រង់ ព្រមទាំងពួក១២នាក់ គេទូលសួរពីពាក្យប្រៀបប្រដូចនោះ ទ្រង់មានបន្ទូលថា ពីព្រោះបានប្រទានមក ឲ្យអ្នករាល់គ្នាបានស្គាល់ការអាថ៌កំបាំងរបស់នគរព្រះ ប៉ុន្តែឯមនុស្សក្រៅ ការទាំងអស់បានធ្វើបែបប្រៀបប្រដូចវិញ ដើម្បីកាលណាគេឃើញ នោះឲ្យគេឃើញមែន តែឥតយល់ទេ ហើយកាលណាឮ នោះឲ្យគេឮមែន តែស្តាប់មិនបានសោះ ក្រែងគេប្រែចិត្ត ហើយបាបគេបានអត់ទោសឲ្យ ទ្រង់មានបន្ទូលសួរថា តើអ្នករាល់គ្នាមិនយល់ពាក្យប្រៀបនេះទេឬអី ចុះធ្វើដូចម្តេចឲ្យអ្នករាល់គ្នាយល់គ្រប់ទាំងពាក្យប្រៀបប្រដូចបាន ឯអ្នកព្រោះពូជ គឺព្រោះព្រះបន្ទូល ឯពួកអ្នកតាមផ្លូវ គឺជាកន្លែងដែលបានព្រោះព្រះបន្ទូលចុះ កាលគេឮ នោះអារក្សសាតាំងក៏មកលួចឆក់យកព្រះបន្ទូល ដែលព្រោះក្នុងចិត្តគេទៅភ្លាម ឯពួកអ្នកដែលទទួលពូជក្នុងកន្លែងថ្ម ក៏ដូចគ្នាដែរ កាលណាគេឮព្រះបន្ទូល នោះគេទទួលភ្លាមដោយអំណរ តែគ្មានចាក់ឫសនៅក្នុងខ្លួនសោះ ហើយក៏នៅជាប់តែបន្តិចទេ បើកាលណាកើតមានសេចក្ដីទុក្ខលំបាក ឬសេចក្ដីបៀតបៀន ដោយព្រោះព្រះបន្ទូល នោះគេរវាតចិត្តចេញភ្លាម ឯពួកអ្នកដែលទទួលពូជក្នុងបន្លា គឺអស់អ្នកដែលបានឮព្រះបន្ទូលហើយ តែសេចក្ដីខ្វល់ខ្វាយនៅជីវិតនេះ សេចក្ដីឆបោករបស់ទ្រព្យសម្បត្តិ នឹងសេចក្ដីប៉ងប្រាថ្នាខាងឯសេចក្ដីផ្សេងៗឯទៀត ក៏ចូលមកខ្ទប់ព្រះបន្ទូលជិត រួចព្រះបន្ទូលមិនអាចនឹងបង្កើតផលបាន ឯពួកអ្នកដែលទទួលពូជក្នុងដីល្អ គឺអស់អ្នកដែលបានឮព្រះបន្ទូល ហើយទទួល រួចបង្កើតផល ម្នាក់បាន៣០ម្នាក់បាន៦០ ម្នាក់ទៀតបាន១រយ។