ម៉ាកុស 3:7-21

ម៉ាកុស 3:7-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេស៊ូវ​យាង​ចេញ​ជា​មួយ​ពួក​សិស្ស​ទៅ​កាន់​ឆ្នេរ​សមុទ្រ ហើយ​មាន​បណ្តា​ជន​ជា​ច្រើន​មក​ពី​ស្រុក​កាលី‌ឡេ និង​ស្រុក​យូដា នាំ​គ្នា​ដើរ​តាម​ព្រះ‌អង្គ។ ដោយ​ព្រោះ​បាន​ឮ​គេ​និយាយ​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​ធ្វើ មនុស្ស​ជា​ច្រើន​ក៏​នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ គេ​មក​ពី​ក្រុង​យេរូ‌សាឡិម ពី​ស្រុក​អេដុម ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ព្រម​ទាំង​តំបន់​ជុំ​វិញ​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន។ ដោយ​ព្រោះ​បណ្ដាជន ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ប្រាប់​ពួក​សិស្ស ឲ្យ​រៀប​ចំ​ទូក​មួយ​សម្រាប់​ព្រះ‌អង្គ ក្រែង​គេ​ប្រជ្រៀត​គ្នា​ចោម​រោម​ព្រះ‌អង្គ។ ដោយ​ព្រោះ​ព្រះ‌អង្គ​បាន​ប្រោស​មនុស្ស​ជា​ច្រើន​ឲ្យ​បាន​ជា អ្នក​ដែល​មាន​ជំងឺ​ទាំង​ប៉ុន្មាន​ខំ​ប្រឹង​សម្រុក​ចូល ដើម្បី​ពាល់​ព្រះ‌អង្គ។ ពេល​ពួក​វិញ្ញាណ​អាក្រក់​ឃើញ​ព្រះ‌អង្គ វា​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ស្រែក​ឡើង​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ!» ប៉ុន្តែ ព្រះ‌អង្គ​ហាម​ផ្តាច់ មិន​ឲ្យ​វា​ប្រាប់​គេ​ថា​ព្រះ‌អង្គ​ជា​អ្នកណា​ឡើយ។ បន្ទាប់​មក ព្រះ‌អង្គ​យាង​ឡើង​ទៅ​លើ​ភ្នំ ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អស់​អ្នក​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ហើយ​អ្នក​ទាំង​នោះ​ក៏​ចូល​មក​គាល់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​តែង​តាំង​ដប់​ពីរ​រូប ដែល​ព្រះ‌អង្គ​ហៅ​ថា​សាវក ឲ្យ​គេ​នៅ​ជា​មួយ​ព្រះ‌អង្គ និង​ដើម្បី​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ប្រកាស ហើយ​ឲ្យ​គេ​មាន​អំណាច[ប្រោស​ជំងឺ​ឲ្យ​ជា ព្រម​ទាំង]ដេញ​អារក្ស​ផង។ អ្នក​ទាំង​ដប់​ពីរ​ដែល​ព្រះ‌អង្គ​បាន​តែង​តាំង​មាន ស៊ីម៉ូន ដែល​ទ្រង់​ដាក់​ឈ្មោះ​ថា ពេត្រុស យ៉ាកុប ជា​កូន​សេបេ‌ដេ និង​យ៉ូហាន ជា​ប្អូន​យ៉ាកុប ដែល​ទ្រង់​ដាក់​ឈ្មោះ​គេ​ថា បោន‌អ៊ើកេ ប្រែ​ថា​កូន​ផ្គរ​លាន់។ អន‌ទ្រេ ភីលីព បារថូ‌ល៉ូមេ ម៉ាថាយ ថូម៉ាស និង​យ៉ាកុប ជា​កូន​អាល់‌ផាយ ថាដេ ស៊ីម៉ូន ជា​សាសន៍​កាណាន និង​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​អ្នក​ដែល​ក្បត់​ព្រះ‌អង្គ។ បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​បណ្តាជន​បាន​មក​ជួប​ជុំ​គ្នា​ម្តង​ទៀត ធ្វើ​ឲ្យ​ព្រះ‌អង្គ និង​ពួក​សិស្ស​រក​ពេល​បរិ‌ភោគ​មិន​បាន។ កាល​ក្រុម​គ្រួសារ​របស់​ព្រះ‌អង្គ​ឮ​ដូច្នេះ គេ​ក៏​ចេញ​ទៅ​ដើម្បី​ឃាត់​ព្រះ‌អង្គ ដ្បិត​គេ​ថា ព្រះ‌អង្គ​វង្វេង​ស្មារតី។

ចែក​រំលែក
អាន ម៉ាកុស 3

ម៉ាកុស 3:7-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​យាង​ចេញ​ទៅ​តាម​ឆ្នេរ​សមុទ្រ​កាលី‌ឡេ​ជា​មួយ​ពួក​សិស្ស*។ មាន​បណ្ដា‌ជន​ជា​ច្រើន​នាំ​គ្នា​ទៅ​តាម​ព្រះអង្គ អ្នក​ទាំង​នោះ​មក​ពី​ស្រុក​កាលី‌ឡេ ស្រុក​យូដា ក្រុង​យេរូ‌សាឡឹម ស្រុក​អេដុម តំបន់​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ព្រម​ទាំង​តំបន់​ជុំ‌វិញ​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន។ បណ្ដា‌ជន​មក​តាម​ព្រះ‌យេស៊ូ​ច្រើន​យ៉ាង​នេះ ព្រោះ​បាន​ឮ​គេ​និយាយ​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​ធ្វើ។ ព្រះ‌យេស៊ូ​ប្រាប់​ពួក​សិស្ស*​ឲ្យ​រៀបចំ​ទូក​មួយ​ថ្វាយ​ព្រះអង្គ ក្រែង​បណ្ដា‌ជន​ប្រជ្រៀត​គ្នា​ចោម‌រោម​ព្រះអង្គ ដ្បិត​មាន​អ្នក​ជំងឺ​ជា​ច្រើន​ខំ​ប្រឹង​សម្រុក​ចូល​មក​ជិត ដើម្បី​ពាល់​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​ប្រោស​មនុស្ស​ជា​ច្រើន​ឲ្យ​បាន​ជា។ ម្យ៉ាង​ទៀត ពេល​វិញ្ញាណ​អាក្រក់​ឃើញ​ព្រះអង្គ វា​ក្រាប​ចុះ​នៅ​ទៀប​ព្រះ‌បាទា ហើយ​ស្រែក​ឡើង​ថា៖ «ព្រះអង្គ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់»។ ប៉ុន្តែ ព្រះ‌យេស៊ូ​បាន​គំរាម​កំហែង​វា​យ៉ាង​ម៉ឺង​ម៉ាត់ មិន​ឲ្យ​និយាយ​ប្រាប់​គេ​ថា​ព្រះអង្គ​ជា​នរណា​ឡើយ។ បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ។ ព្រះអង្គ​បាន​ត្រាស់​ហៅ​អស់​អ្នក​ដែល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ជ្រើស‌រើស ហើយ​អ្នក​ទាំង​នោះ​ក៏​ចូល​មក​គាល់​ព្រះអង្គ។ ព្រះអង្គ​តែង‌តាំង​សាវ័ក​ដប់‌ពីរ​រូប​ឲ្យ​គេ​នៅ​ជា​មួយ​ព្រះអង្គ និង​ដើម្បី​ចាត់​គេ​ឲ្យ​ទៅ​ប្រកាស​ដំណឹង‌ល្អ ទាំង​ឲ្យ​គេ​មាន​អំណាច​ដេញ​អារក្ស​ថែម​ទៀត​ផង។ ព្រះអង្គ​បាន​តែង‌តាំង​អ្នក​ដប់‌ពីរ​រូប​នេះ គឺ​ស៊ីម៉ូន​ដែល​ព្រះអង្គ​ដាក់​ឈ្មោះ​ថា ពេត្រុស យ៉ាកុប​ជា​កូន​របស់​លោក​សេបេ‌ដេ និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់ ដែល​ព្រះ‌យេស៊ូ​ដាក់​ឈ្មោះ​ថា “បោន‌អ៊ើកេ” ប្រែ​ថា “អ្នក​ដែល​មាន​ចិត្ត​ខ្លាំង​ដូច​ផ្គរ‌លាន់” អនទ្រេ ភីលីព បារថូ‌ឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុប​ជា​កូន​របស់​លោក​អាល់‌ផាយ ថាដេ ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម និង​យូដាស‌អ៊ីស្កា‌រីយ៉ុត​ជា​អ្នក​ក្បត់​ព្រះអង្គ។ កាល​ព្រះ‌យេស៊ូ​យាង​ត្រឡប់​មក​ផ្ទះ​វិញ បណ្ដា‌ជន​ជួប‌ជុំ​គ្នា​សា​ជា​ថ្មី ជា​ហេតុ​នាំ​ឲ្យ​ព្រះអង្គ និង​ពួក​សិស្ស*​រក​ពេល​បរិ‌ភោគ​មិន​បាន​សោះ។ ព្រះ‌ញាតិ‌វង្ស​របស់​ព្រះអង្គ​ឮ​ដំណឹង​នេះ ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​មក ដើម្បី​ចាប់​ព្រះអង្គ​ទៅ​វិញ ព្រោះ​គេ​ថា ព្រះអង្គ​វង្វេង​ស្មារតី​ហើយ។

ចែក​រំលែក
អាន ម៉ាកុស 3

ម៉ាកុស 3:7-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ព្រះ‌យេស៊ូវ ទ្រង់​ថយ​ទៅ​ឯ​សមុទ្រ ជា​មួយ​នឹង​ពួក​សិស្ស ហើយ​មាន​ហ្វូង​មនុស្ស​កក‌កុញ​ដើរ​តាម​ទ្រង់ ជា​មនុស្ស​ពី​ស្រុក​កាលី‌ឡេ នឹង​ស្រុក​យូដា ពី​ក្រុង​យេរូ‌សាឡិម នឹង​ស្រុក​អេដំម ហើយ​ពី​ខាង​នាយ​ទន្លេ​យ័រដាន់ នឹង​ស្រុក​នៅ​ជុំ‌វិញ​ក្រុង​ទីរ៉ុស នឹង​ស៊ីដូន គឺ​ជា​ហ្វូង​មនុស្ស​យ៉ាង​ធំ ដែល​មូល​មក​ឯ​ទ្រង់ ដោយ​បាន​ឮ​និយាយ​ពី​ការ​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​សិស្ស ឲ្យ​មាន​ទូក​នៅ​រង់‌ចាំ ក្រែង​ហ្វូង​មនុស្ស​ប្រជ្រៀត​ទ្រង់ ដ្បិត​ទ្រង់​កំពុង​ប្រោស​មនុស្ស​ជា​ច្រើន​ឲ្យ​បាន​ជា ដល់​ម៉្លេះ​បាន​ជា​មនុស្ស​ទាំង​អស់​ដែល​មាន​ជំងឺ​អ្វីៗ គេ​ប្រឹង​រុល​ចូល​ទៅ ដើម្បី​នឹង​ពាល់​ទ្រង់ កាល​ណា​ពួក​អារក្ស‌អសោចិ៍​ឃើញ​ទ្រង់ វា​ក៏​ក្រាប​ចំពោះ​ទ្រង់ ទាំង​ស្រែក​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន ប៉ុន្តែ​ទ្រង់​ហាម​ផ្តាច់ មិន​ឲ្យ​វា​ធ្វើ​ឲ្យ​គេ​ស្គាល់​ទ្រង់​ឡើយ។ ទ្រង់​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​មាន​បន្ទូល​ហៅ​អស់​អ្នក ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចង់​ហៅ ហើយ​អ្នក​ទាំង​នោះ​ក៏​ចូល​មក​ឯ​ទ្រង់ រួច​ទ្រង់​ដំរូវ​១២​នាក់​ឲ្យ​បាន​នៅ​ជា​មួយ​នឹង​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​បាន​ចាត់​គេ ឲ្យ​ចេញ​ទៅ​ប្រកាស​ប្រដៅ នឹង​ឲ្យ​គេ​មាន​អំណាច​អាច​នឹង​ប្រោស​ជំងឺ​ឲ្យ​ជា ព្រម​ទាំង​ដេញ​អារក្ស​ផង គឺ​ស៊ីម៉ូន​១​ដែល​ទ្រង់​ប្រទាន​ឲ្យ​មាន​ឈ្មោះ​ថា ពេត្រុស ថែម​ទៀត ហើយ​យ៉ាកុប ជា​កូន​សេបេដេ​១ នឹង​យ៉ូហាន ជា​ប្អូន​យ៉ាកុប​១ ដែល​ទ្រង់​ប្រទាន​ឈ្មោះ បោន‌អ៊ើកេ ដល់​អ្នក​ទាំង​២​នោះ គឺ​ស្រាយ​ថា​ជា​កូន​ផ្គរ‌លាន់ នឹង​អនទ្រេ​១ ភីលីព​១ បារថូ‌ល៉ូមេ​១ ម៉ាថាយ​១ ថូម៉ាស​១ នឹង​យ៉ាកុប ជា​កូន​អាល់‌ផាយ​១ ថាដេ​១ ស៊ីម៉ូន ជា​សាសន៍​កាណាន​១ ហើយ​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​អ្នក​ដែល​បញ្ជូន​ទ្រង់​១។ នោះ​ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​មាន​មនុស្ស​ប្រជុំ​គ្នា​ទាំង​ហ្វូង​ម្តង​ទៀត ដល់​ម៉្លេះ​បាន​ជា​ទ្រង់ ព្រម​ទាំង​ពួក​សិស្ស​ពុំ​អាច​នឹង​បរិភោគ​បាន​ឡើយ កាល​ពួក​បង​ប្អូន​ទ្រង់​បាន​ឮ គេ​ក៏​ចេញ​ទៅ​រក​ចាប់​ទ្រង់ ដ្បិត​គេ​ស្មាន​ថា​ទ្រង់​វង្វេង​ស្មារតី​ហើយ

ចែក​រំលែក
អាន ម៉ាកុស 3