ម៉ាកុស 3:7-12
ម៉ាកុស 3:7-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវយាងចេញជាមួយពួកសិស្សទៅកាន់ឆ្នេរសមុទ្រ ហើយមានបណ្តាជនជាច្រើនមកពីស្រុកកាលីឡេ និងស្រុកយូដា នាំគ្នាដើរតាមព្រះអង្គ។ ដោយព្រោះបានឮគេនិយាយពីកិច្ចការទាំងប៉ុន្មានដែលព្រះអង្គធ្វើ មនុស្សជាច្រើនក៏នាំគ្នាចូលមករកព្រះអង្គ គេមកពីក្រុងយេរូសាឡិម ពីស្រុកអេដុម ខាងនាយទន្លេយ័រដាន់ ព្រមទាំងតំបន់ជុំវិញក្រុងទីរ៉ុស និងក្រុងស៊ីដូន។ ដោយព្រោះបណ្ដាជន ព្រះអង្គមានព្រះបន្ទូលប្រាប់ពួកសិស្ស ឲ្យរៀបចំទូកមួយសម្រាប់ព្រះអង្គ ក្រែងគេប្រជ្រៀតគ្នាចោមរោមព្រះអង្គ។ ដោយព្រោះព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យបានជា អ្នកដែលមានជំងឺទាំងប៉ុន្មានខំប្រឹងសម្រុកចូល ដើម្បីពាល់ព្រះអង្គ។ ពេលពួកវិញ្ញាណអាក្រក់ឃើញព្រះអង្គ វាក្រាបចុះនៅចំពោះព្រះអង្គ ហើយស្រែកឡើងថា៖ «ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះ!» ប៉ុន្តែ ព្រះអង្គហាមផ្តាច់ មិនឲ្យវាប្រាប់គេថាព្រះអង្គជាអ្នកណាឡើយ។
ម៉ាកុស 3:7-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូយាងចេញទៅតាមឆ្នេរសមុទ្រកាលីឡេជាមួយពួកសិស្ស*។ មានបណ្ដាជនជាច្រើននាំគ្នាទៅតាមព្រះអង្គ អ្នកទាំងនោះមកពីស្រុកកាលីឡេ ស្រុកយូដា ក្រុងយេរូសាឡឹម ស្រុកអេដុម តំបន់ត្រើយខាងនាយទន្លេយ័រដាន់ ព្រមទាំងតំបន់ជុំវិញក្រុងទីរ៉ុស និងក្រុងស៊ីដូន។ បណ្ដាជនមកតាមព្រះយេស៊ូច្រើនយ៉ាងនេះ ព្រោះបានឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មានដែលព្រះអង្គធ្វើ។ ព្រះយេស៊ូប្រាប់ពួកសិស្ស*ឲ្យរៀបចំទូកមួយថ្វាយព្រះអង្គ ក្រែងបណ្ដាជនប្រជ្រៀតគ្នាចោមរោមព្រះអង្គ ដ្បិតមានអ្នកជំងឺជាច្រើនខំប្រឹងសម្រុកចូលមកជិត ដើម្បីពាល់ព្រះអង្គ ព្រោះព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យបានជា។ ម្យ៉ាងទៀត ពេលវិញ្ញាណអាក្រក់ឃើញព្រះអង្គ វាក្រាបចុះនៅទៀបព្រះបាទា ហើយស្រែកឡើងថា៖ «ព្រះអង្គជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ ប៉ុន្តែ ព្រះយេស៊ូបានគំរាមកំហែងវាយ៉ាងម៉ឺងម៉ាត់ មិនឲ្យនិយាយប្រាប់គេថាព្រះអង្គជានរណាឡើយ។
ម៉ាកុស 3:7-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះព្រះយេស៊ូវ ទ្រង់ថយទៅឯសមុទ្រ ជាមួយនឹងពួកសិស្ស ហើយមានហ្វូងមនុស្សកកកុញដើរតាមទ្រង់ ជាមនុស្សពីស្រុកកាលីឡេ នឹងស្រុកយូដា ពីក្រុងយេរូសាឡិម នឹងស្រុកអេដំម ហើយពីខាងនាយទន្លេយ័រដាន់ នឹងស្រុកនៅជុំវិញក្រុងទីរ៉ុស នឹងស៊ីដូន គឺជាហ្វូងមនុស្សយ៉ាងធំ ដែលមូលមកឯទ្រង់ ដោយបានឮនិយាយពីការទ្រង់ធ្វើទាំងប៉ុន្មាន ទ្រង់មានបន្ទូលប្រាប់ពួកសិស្ស ឲ្យមានទូកនៅរង់ចាំ ក្រែងហ្វូងមនុស្សប្រជ្រៀតទ្រង់ ដ្បិតទ្រង់កំពុងប្រោសមនុស្សជាច្រើនឲ្យបានជា ដល់ម៉្លេះបានជាមនុស្សទាំងអស់ដែលមានជំងឺអ្វីៗ គេប្រឹងរុលចូលទៅ ដើម្បីនឹងពាល់ទ្រង់ កាលណាពួកអារក្សអសោចិ៍ឃើញទ្រង់ វាក៏ក្រាបចំពោះទ្រង់ ទាំងស្រែកថា ទ្រង់ជាព្រះរាជបុត្រានៃព្រះមែន ប៉ុន្តែទ្រង់ហាមផ្តាច់ មិនឲ្យវាធ្វើឲ្យគេស្គាល់ទ្រង់ឡើយ។