ម៉ាកុស 3:22-30

ម៉ាកុស 3:22-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពួក​អាចារ្យ​ដែល​ចុះ​មក​ពី​ក្រុង​យេរូ‌សាឡិម​និយាយ​ថា៖ «អ្នក​នេះ​មាន​អារក្ស​បេលសេ‌ប៊ូល​ចូល គាត់​ដេញ​អារក្ស ដោយ​សារ​មេ​អារក្ស​ទេ»។ តែ​ព្រះ‌អង្គ​ហៅ​គេ​មក ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ធៀប​ថា៖ «តើ​អារក្ស‌សាតាំង​អាច​ដេញ​អារក្ស‌សាតាំង​ដូចម្តេច​កើត? បើ​នគរ​មួយ​បែក​បាក់​ទាស់​ទែង​គ្នា​ឯង នគរ​នោះ​ពុំ​អាច​ស្ថិត‌ស្ថេរ​នៅ​បាន​ឡើយ ហើយ​បើ​ផ្ទះ​ណា​បែក​បាក់​ទាស់​ទែង​គ្នា​ឯង ផ្ទះ​នោះ​ក៏​ពុំ​អាច​ស្ថិត‌ស្ថេរ​នៅ​បាន​ដែរ។ ដូច្នេះ បើ​អារក្ស‌សាតាំង​ក្រោក​ឡើង​ទាស់​នឹង​ខ្លួន​ឯង ហើយ​បែក​បាក់ វា​ពុំ​អាច​ស្ថិត‌ស្ថេរ​នៅ​បាន​ឡើយ គឺ​វា​មុខ​ជា​ត្រូវ​វិនាស​មិន​ខាន។ គ្មាន​អ្នក​ណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នោះ​បាន​ឡើយ លុះ​ត្រា​តែ​ចង​អ្នក​ខ្លាំង​នោះ​ជា​មុន​សិន ទើប​អាច​ប្លន់​ផ្ទះ​នោះ​បាន។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អំពើ​បាប​របស់​មនុស្ស និង​ពាក្យ​ដែល​គេ​ពោល​ប្រមាថ​ដល់​ព្រះ នោះ​អាច​នឹង​អត់​ទោស​ឲ្យ​បាន តែ​អ្នក​ណា​ដែល​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នោះ​មិន​អាច​អត់​ទោស​ឲ្យ​បាន​ឡើយ គឺ​អ្នក​នោះ​មាន​បាប​ជាប់​ទោស​អស់​កល្ប​ជា‌និច្ច»។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ដូច្នេះ ព្រោះ​គេ​និយាយ​ថា៖ «ព្រះ‌អង្គ​មាន​វិញ្ញាណ​អាក្រក់​ចូល»។

ចែក​រំលែក
អាន ម៉ាកុស 3

ម៉ាកុស 3:22-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​អាចារ្យ* ដែល​ចុះ​មក​ពី​ក្រុង​យេរូ‌សាឡឹម​និយាយ​ថា៖ «អ្នក​នេះ​មាន​បេល‌សេប៊ូល​ជា​ស្ដេច​អារក្ស​នៅ​ក្នុង​ខ្លួន គាត់​អាច​ដេញ​អារក្ស​ដូច្នេះ ព្រោះ​ស្ដេច​អារក្ស​ប្រគល់​អំណាច​ឲ្យ»។ ព្រះ‌យេស៊ូ​ត្រាស់​ហៅ​គេ​មក រួច​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​ថា៖ «តើ​មារ*​សាតាំង​អាច​ដេញ​មារ​សាតាំង​ដូច​ម្ដេច​កើត? ប្រសិន​បើ​ពល‌រដ្ឋ​ក្នុង​នគរ​ណា​មួយ​បែក​បាក់​ទាស់‌ទែង​គ្នា​ឯង នគរ​នោះ​ពុំ​អាច​ស្ថិត‌ស្ថេរ​គង់‌វង្ស​ត​ទៅ​មុខ​ឡើយ។ ប្រសិន​បើ​មាន​ក្រុម​គ្រួសារ​មួយ​បែក​បាក់​ទាស់‌ទែង​គ្នា ក្រុម​គ្រួសារ​នោះ​ក៏​ពុំ​អាច​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​ដែរ។ ដូច្នេះ ប្រសិន​បើ​មារ​សាតាំង​ក្រោក​ឡើង​ប្រឆាំង​នឹង​ខ្លួន​ឯង បែក​បាក់​ទាស់‌ទែង​នឹង​ខ្លួន​ឯង វា​មិន​អាច​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​ឡើយ គឺ​វា​មុខ​ជា​ត្រូវ​វិនាស​មិន​ខាន។ គ្មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ពូកែ ហើយ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​គាត់​បាន​ឡើយ គឺ​ត្រូវ​តែ​ចង​មនុស្ស​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន ទើប​អាច​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​គាត់​បាន។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​មនុស្ស​លោក​ធ្វើ​អំពើ​បាប និង​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់ ព្រះអង្គ​នឹង​លើក‌លែង​ទោស​ទាំង​អស់។ រីឯ​អ្នក​ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​វិញ ព្រះអង្គ​មិន​លើក‌លែង​ទោស​សោះ​ឡើយ ដ្បិត​អ្នក​នោះ​មាន​ទោស​អស់‌កល្ប​ជានិច្ច»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ព្រោះ​គេ​និយាយ​ថា ព្រះអង្គ​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន។

ចែក​រំលែក
អាន ម៉ាកុស 3

ម៉ាកុស 3:22-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ពួក​អាចារ្យ ដែល​ចុះ​មក​ពី​ក្រុង​យេរូ‌សាឡិម គេ​និយាយ​ឡើង​ថា អ្នក​នោះ​មាន​អារក្ស​បេល‌សេ‌ប៊ូល​ចូល វា​ដេញ​អារក្ស ដោយ​អាង​មេ​អារក្ស​ទេ តែ​ទ្រង់​ហៅ​គេ​មក​មាន​បន្ទូល ជា​ពាក្យ​ប្រៀប​ប្រដូច​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អារក្ស‌សាតាំង​បាន​ដេញ​អារក្ស‌សាតាំង​ដូច្នេះ បើ​នគរ​ណា​បែក​ទាស់‌ទែង​គ្នា​ឯង​ហើយ នគរ​នោះ​ពុំ​អាច​នឹង​នៅ​ស្ថិត‌ស្ថេរ​បាន​ឡើយ ឬ​បើ​ផ្ទះ​ណា​បែក​ទាស់‌ទែង​គ្នា​ឯង ផ្ទះ​នោះ​ក៏​មិន​អាច​នឹង​នៅ​ស្ថិត‌ស្ថេរ​បាន​ដែរ ឯ​អារក្ស‌សាតាំង បើ​កើត​បះ‌បោរ​បែក​ទាស់​គ្នា​វា នោះ​វា​ពុំ​អាច​នឹង​នៅ​ស្ថិត‌ស្ថេរ​បាន​ទេ វា​ត្រូវ​វិនាស​ទៅ​ហើយ គ្មាន​អ្នក​ណា​អាច​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​ប្លន់​យក​របស់​ទ្រព្យ​គេ​បាន​ទេ លុះ​ត្រា​តែ​បាន​ចង​អ្នក​នោះ​ជា​មុន​សិន ទើប​នឹង​ប្លន់​យក​បាន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្រប់​ទាំង​អំពើ​បាប​នឹង​បាន​អត់​ទោស​ដល់​ពួក​កូន​មនុស្ស ហើយ​អស់​ទាំង​ពាក្យ​ដែល​គេ​ពោល​ប្រមាថ​ដែរ តែ​អ្នក​ណា​ដែល​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នោះ​មិន​ដែល​បាន​អត់​ទោស​ឲ្យ​ឡើយ អ្នក​នោះ​ឯង​នឹង​ត្រូវ​ទោស នៅ​អស់​‌កល្ប​ជានិច្ច​វិញ ដែល​ទ្រង់​មាន​បន្ទូល​ដូច្នេះ នោះ​ដោយ​ព្រោះ​គេ​ថា ទ្រង់​មាន​អារក្ស‌អសោចិ៍​ចូល។

ចែក​រំលែក
អាន ម៉ាកុស 3