ម៉ាកុស 3:1-6
ម៉ាកុស 3:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គយាងចូលទៅក្នុងសាលាប្រជុំម្តងទៀត ហើយនៅទីនោះ មានបុរសម្នាក់ស្វិតដៃម្ខាង។ ពួកគេតាមមើលព្រះអង្គ ក្រែងលោព្រះអង្គប្រោសគាត់ឲ្យជានៅថ្ងៃសប្ប័ទ ដើម្បីឲ្យបានរឿងចោទប្រកាន់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង ហើយចេញមកខាងមុខ!» បន្ទាប់មក ព្រះអង្គសួរគេថា៖ «នៅថ្ងៃសប្ប័ទ តើច្បាប់អនុញ្ញាតឲ្យធ្វើការល្អ ឬឲ្យធ្វើការអាក្រក់? ឲ្យសង្គ្រោះជីវិត ឬឲ្យសម្លាប់?» ប៉ុន្តែ គេនៅស្ងៀម។ ព្រះអង្គងាកទតទៅគេទាំងក្រោធ ហើយមានព្រះហឫទ័យព្រួយនឹងចិត្តរឹងរូសរបស់គេ។ ព្រះអង្គមានព្រះបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃរបស់អ្នកទៅ!» បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជាដូចដើម។ ពួកផារិស៊ីបានចេញទៅភ្លាម ហើយពិគ្រោះជាមួយពួកហេរ៉ូឌទាស់នឹងព្រះអង្គ ដើម្បីរកវិធីបំផ្លាញព្រះអង្គ។
ម៉ាកុស 3:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូយាងចូលទៅសាលាប្រជុំ*ម្ដងទៀត នៅទីនោះ មានបុរសម្នាក់ស្វិតដៃម្ខាង។ ពួកគេតាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសបុរសនេះឲ្យជានៅថ្ងៃសប្ប័ទ* ក្នុងគោលបំណងចោទប្រកាន់ព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯណេះ!»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលសួរទៅគេថា៖ «នៅថ្ងៃសប្ប័ទ តើច្បាប់អនុញ្ញាតឲ្យធ្វើអំពើល្អ ឬធ្វើអំពើអាក្រក់? តើត្រូវសង្គ្រោះមនុស្ស ឬប្រហារជីវិតចោល?»។ ពួកគេនៅស្ងៀមទាំងអស់គ្នា។ ព្រះយេស៊ូបែរព្រះភ័ក្ត្រទតមើលទៅអ្នកដែលនៅជុំវិញ ទាំងព្រះពិរោធ ហើយព្រះអង្គព្រួយព្រះហឫទ័យ ព្រោះគេមានចិត្តរឹងរូស។ ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖ «ចូរលាតដៃមើល៍!»។ បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជាដូចដើមវិញ។ ពួកខាងគណៈផារីស៊ី*ចេញពីសាលាប្រជុំ* ហើយទៅពិគ្រោះជាមួយបក្សពួកស្ដេចហេរ៉ូដភ្លាម ដើម្បីរកមធ្យោបាយធ្វើគុតព្រះយេស៊ូ។
ម៉ាកុស 3:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ក៏យាងចូលទៅក្នុងសាលាប្រជុំម្តងទៀត នៅទីនោះ មានមនុស្សម្នាក់ស្វិតដៃម្ខាង គេក៏ចាំមើលទ្រង់ក្រែងនឹងប្រោសឲ្យគាត់ជានៅថ្ងៃឈប់សំរាក ដើម្បីឲ្យបានរឿងចោទប្រកាន់ទ្រង់ ទ្រង់មានបន្ទូលទៅមនុស្សស្វិតដៃថា ចូរអ្នកក្រោកឡើង ឈរនៅកណ្តាលនុ៎ះទៅ រួចទ្រង់សួរគេថា នៅថ្ងៃឈប់សំរាក តើបើកឲ្យធ្វើការល្អ ឬឲ្យធ្វើការអាក្រក់ ឲ្យសង្គ្រោះជីវិត ឬឲ្យសំឡាប់បង់ ប៉ុន្តែគេនៅតែស្ងៀម នោះទ្រង់ងាកទតទៅគេទាំងគ្នាន់ក្នាញ់ ដោយមានព្រះហឫទ័យព្រួយ ព្រោះចិត្តគេរឹងរូស ក៏មានបន្ទូលទៅមនុស្សនោះថា ចូរអ្នកលាតដៃទៅ អ្នកនោះក៏លាត ហើយដៃគាត់បានជាដូចម្ខាង រួចកាលពួកផារិស៊ីបានចេញផុតទៅ នោះស្រាប់តែគេពិគ្រោះនឹងពួកហេរ៉ូឌទាស់នឹងទ្រង់ ដើម្បីរករឿងធ្វើឲ្យទ្រង់វិនាស។