ម៉ាកុស 2:23-26
ម៉ាកុស 2:23-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃមួយ ព្រះអង្គបានយាងកាត់វាលស្រែ ហើយពេលកំពុងធ្វើដំណើរ ពួកសិស្សរបស់ព្រះអង្គបានចាប់ផ្ដើមបូតគួរស្រូវ។ ពួកផារិស៊ីទូលសួរព្រះអង្គថា៖ «មើល៍ ហេតុអ្វីបានជាពួកសិស្សរបស់លោកកំពុងធ្វើអ្វីដែលច្បាប់ហាមមិនឲ្យធ្វើ នៅថ្ងៃសប្ប័ទដូច្នេះ?» ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមិនដែលបានអានអំពីការដែលព្រះបាទដាវីឌបានធ្វើ ពេលព្រះអង្គ និងពួកអ្នករួមដំណើរជាមួយ បានឃ្លាន ហើយត្រូវការអាហារទេឬ? ស្តេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះ ពេលលោកអ័បៀថើរធ្វើជាសម្ដេចសង្ឃ ហើយសោយនំបុ័ងតាំងថ្វាយព្រះ ទាំងចែកឲ្យពួកអ្នករួមដំណើរជាមួយទៀតផង ដែលច្បាប់ហាមមិនឲ្យអ្នកណាបរិភោគឡើយ គឺសម្រាប់តែពួកសង្ឃប៉ុណ្ណោះ»។
ម៉ាកុស 2:23-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងកាត់វាលស្រែ សិស្ស*របស់ព្រះអង្គនាំគ្នាដើរបណ្ដើរ បូតកួរស្រូវបណ្ដើរ។ ពួកខាងគណៈផារីស៊ី*ទូលព្រះយេស៊ូថា៖ «សូមលោកមើលចុះ ហេតុអ្វីបានជាសិស្សរបស់លោកធ្វើការ ដែលបញ្ញត្តិហាមមិនឲ្យធ្វើ នៅថ្ងៃសប្ប័ទដូច្នេះ?»។ ព្រះយេស៊ូតបទៅគេវិញថា៖ «ក្នុងគម្ពីរមានអត្ថបទមួយស្ដីអំពីការដែលព្រះបាទដាវីឌ និងបរិពារបានប្រព្រឹត្ត នៅពេលឃ្លាន ហើយត្រូវការអាហារបរិភោគ។ នៅសម័យនោះ លោកអបៀថើរធ្វើជាមហាបូជាចារ្យ*។ ព្រះបាទដាវីឌបានចូលទៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យកនំប៉័ងដែលគេតាំងថ្វាយព្រះជាម្ចាស់មកសោយ ព្រមទាំងចែកឲ្យពួកបរិពារបរិភោគទៀតផង។ តាមច្បាប់* មានតែពួកបូជាចារ្យ*ប៉ុណ្ណោះ ដែលមានសិទ្ធិបរិភោគនំប៉័ងនោះ។ តើអ្នករាល់គ្នាមិនដែលអានអត្ថបទនោះទេឬ!»។
ម៉ាកុស 2:23-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានកាល១ថ្ងៃ ជាថ្ងៃឈប់សំរាក ទ្រង់បានយាងកាត់ស្រែ ហើយពួកសិស្សទ្រង់តាំងចាប់បូតគួរស្រូវបណ្តើរ ពួកផារិស៊ីទូលទ្រង់ថា មើល ហេតុអ្វីបានជាគេធ្វើការដែលគ្មានច្បាប់ធ្វើ នៅថ្ងៃឈប់សំរាកដូច្នេះ ទ្រង់មានបន្ទូលថា តើអ្នករាល់គ្នាមិនដែលមើលរឿងពីការដែលហ្លួងដាវីឌទ្រង់ធ្វើ ព្រមទាំងពួកអ្នកនៅជាមួយផង ក្នុងកាលដែលគេត្រូវការ ហើយឃ្លានទេឬអី គឺដែលទ្រង់បានយាងចូលទៅក្នុងដំណាក់ព្រះ នៅក្នុងជាន់ដែលអ័បៀថើរធ្វើជាសំដេចសង្ឃ ហើយបានសោយនំបុ័ងតាំងទុក ទាំងចែកឲ្យពួកអ្នកដែលនៅជាមួយផង ដែលគ្មានច្បាប់ឲ្យទ្រង់សោយសោះ ជារបស់ទុកសំរាប់តែពួកសង្ឃប៉ុណ្ណោះ