ម៉ាកុស 2:18-22
ម៉ាកុស 2:18-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ពួកសិស្សរបស់លោកយ៉ូហាន និងពួកផារិស៊ី គេកំពុងតមអាហារ ហើយមានមនុស្សមកទូលសួរព្រះអង្គថា៖ «ហេតុអ្វីបានជាសិស្សរបស់លោកយ៉ូហាន និងសិស្សរបស់ពួកផារិស៊ីតមអាហារ តែពួកសិស្សរបស់លោកមិនតមដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលតបថា៖ «ពេលកូនកំលោះកំពុងនៅជាមួយគ្នា តើអាចឲ្យភ្ញៀវតមអាហារបានឬ? ដរាបណាកូនកំលោះនៅជាមួយពួកគេនៅឡើយ គេមិនអាចតមអាហារបានទេ។ ប៉ុន្តែ នឹងមានថ្ងៃមកដល់ ដែលកូនកំលោះនឹងត្រូវដកយកចេញពីគេទៅ ហើយនៅពេលនោះ គេនឹងតមអាហារវិញ។ គ្មានអ្នកណាយកក្រណាត់ថ្មីមកប៉ះលើសម្លៀកបំពាក់ចាស់ឡើយ បើធ្វើដូច្នោះ បំណាស់ថ្មីនឹងទាញសម្លៀកបំពាក់ចាស់ ហើយរឹតតែធ្វើឲ្យរហែកលើសដើម។ ក៏គ្មានអ្នកណាដាក់ស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ស្រាទំពាំងបាយជូរថ្មីនឹងធ្វើឲ្យថង់ស្បែកធ្លុះ ហើយហូរស្រាចេញអស់ ឯថង់ស្បែកក៏ត្រូវខូចខាតដែរ គេតែងតែដាក់ស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកថ្មីវិញ»។
ម៉ាកុស 2:18-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃមួយ ពួកសិស្សរបស់លោកយ៉ូហានបាទីស្ដ និងពួកសិស្សខាងគណៈផារីស៊ី នាំគ្នាតមអាហារ។ ពួកគេមកទូលសួរព្រះយេស៊ូថា៖ «សិស្សរបស់លោកយ៉ូហាន និងសិស្សខាងគណៈផារីស៊ី* តមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ក្នុងពិធីមង្គលការ នៅពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចតមអាហារកើតឬ? ទេ! ដរាបណាកូនកំលោះនៅជាមួយ គេមិនអាចតមអាហារឡើយ។ ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារ។ ពុំដែលមាននរណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ បើធ្វើដូច្នេះ ក្រណាត់ថ្មីនឹងបណ្ដាលឲ្យសម្លៀកបំពាក់ចាស់រហែកលើសដើមទៅទៀត។ ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នោះ ស្រានឹងធ្វើឲ្យថង់ស្បែកនោះធ្លាយ បណ្ដាលឲ្យខូចទាំងស្រា ទាំងថង់ស្បែកជាមិនខាន។ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី»។
ម៉ាកុស 2:18-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯពួកសិស្សយ៉ូហាន នឹងពួកផារិស៊ី គេកំពុងតែតម ក៏មកទូលសួរទ្រង់ថា ហេតុអ្វីបានជាសិស្សរបស់យ៉ូហាន នឹងសិស្សពួកផារិស៊ីគេតម តែពួកសិស្សរបស់លោកមិនតមសោះ ព្រះយេស៊ូវទ្រង់មានបន្ទូលតបថា កំពុងដែលប្ដីថ្មោងថ្មីនៅជាមួយគ្នា តើពួកសំឡាញ់គាត់នឹងតមអាហារបានឬទេ កាលប្ដីនៅជាមួយនៅឡើយ នោះតមអាហារពុំបានទេ តែនឹងមានថ្ងៃមកដល់ ដែលប្ដីនឹងត្រូវយកចេញពីពួកមិត្រសំឡាញ់ទៅ នៅគ្រានោះគេនឹងតមវិញ គ្មានអ្នកណាដែលយកកំណាត់សំពត់ថ្មីមកប៉ះអាវចាស់ទេ បើធ្វើដូច្នោះ កំណាត់សំពត់ថ្មីនឹងហែកអាវចាស់ ធ្វើឲ្យរំហែកនោះរឹងរឹតតែអាក្រក់ជាងទៅទៀត ក៏គ្មានអ្នកណាយកស្រាទំពាំងបាយជូរថ្មី ដាក់ក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ស្រាទំពាំងបាយជូរថ្មីនឹងទំលាយថង់ស្បែកហូរចេញអស់ហើយ ឯថង់ស្បែកក៏ត្រូវខូចខាតដែរ តោងតែដាក់ស្រាទំពាំងបាយជូរថ្មីក្នុងថង់ស្បែកថ្មីវិញ។