ម៉ាកុស 2:13-17
ម៉ាកុស 2:13-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវយាងចេញទៅឆ្នេរសមុទ្រម្តងទៀត។ បណ្ដាជនទាំងអស់នាំគ្នាចូលមករកព្រះអង្គ ហើយព្រះអង្គបង្រៀនពួកគេ។ កាលព្រះអង្គយាងហួសពីនោះទៅ ទ្រង់ទតឃើញលេវី ជាកូនអាល់ផាយ កំពុងអង្គុយនៅកន្លែងយកពន្ធ ហើយព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ហើយដើរតាមព្រះអង្គ។ កាលព្រះយេស៊ូវគង់នៅតុក្នុងផ្ទះរបស់លេវី មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើន មកអង្គុយរួមតុជាមួយព្រះអង្គ និងពួកសិស្ស ដ្បិតមានមនុស្សជាច្រើន ដែលមកតាមព្រះអង្គ។ កាលពួកអាចារ្យខាងពួកផារិស៊ីឃើញព្រះអង្គសោយជាមួយពួកអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ គេក៏សួរពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាលោកបរិភោគជាមួយពួកអ្នកទារពន្ធ និងពួកមនុស្សបាបដូច្នេះ?» ពេលព្រះយេស៊ូវឮដូច្នោះ ទ្រង់មានព្រះបន្ទូលថា៖ «ពួកអ្នកដែលមានសុខភាពល្អ គេមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះ ដែលត្រូវការ។ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប[ឲ្យប្រែចិត្ត]វិញ»។
ម៉ាកុស 2:13-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេម្ដងទៀត។ បណ្ដាជនទាំងមូលនាំគ្នាមករកព្រះអង្គ ព្រះអង្គក៏បង្រៀនពួកគេ។ កាលព្រះអង្គយាងកាត់តាមនោះ ព្រះអង្គទតឃើញលោកលេវី ជាកូនរបស់លោកអាល់ផាយ អង្គុយនៅកន្លែងយកពន្ធ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ លោកលេវីក៏ក្រោកឡើង ដើរតាមព្រះអង្គទៅ។ បន្ទាប់មក ព្រះយេស៊ូសោយព្រះស្ងោយនៅផ្ទះលោកលេវី។ មានអ្នកទារពន្ធ* ព្រមទាំងមនុស្សបាបជាច្រើន មករួមតុជាមួយព្រះអង្គ និងពួកសិស្ស*។ មានមនុស្សប្រភេទនោះច្រើននាក់បានមកតាមព្រះអង្គ។ ពួកអាចារ្យពីគណៈផារីស៊ី*ឃើញព្រះយេស៊ូសោយព្រះស្ងោយជាមួយអ្នកទាំងនោះ គេនិយាយទៅកាន់ពួកសិស្សថា៖ «ហេតុអ្វីបានជាលោកបរិភោគជាមួយអ្នកទារពន្ធ និងជាមួយមនុស្សបាប?»។ ព្រះយេស៊ូបានឮគេនិយាយដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យឡើយ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺខ្ញុំមករកមនុស្សបាបវិញ»។
ម៉ាកុស 2:13-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់យាងចេញទៅតាមឆ្នេរសមុទ្រម្តងទៀត ឯហ្វូងមនុស្សទាំងអស់ ក៏មកឯទ្រង់ ហើយទ្រង់បង្រៀនគេ លុះទ្រង់យាងហួសពីនោះទៅ ក៏ទតឃើញលេវី ជាកូនអាល់ផាយ អង្គុយនៅត្រង់កន្លែងយកពន្ធ រួចមានបន្ទូលទៅគាត់ថា ចូរមកតាមខ្ញុំ នោះគាត់ក៏ក្រោកឡើងដើរតាមទ្រង់ កាលព្រះយេស៊ូវទ្រង់គង់នៅតុក្នុងផ្ទះគាត់ នោះមានមនុស្សយកពន្ធ នឹងមនុស្សបាបជាច្រើន មកអង្គុយនៅតុជាមួយនឹងទ្រង់ ហើយនឹងពួកសិស្ស ដ្បិតមានគ្នាច្រើនណាស់ ដែលតាមទ្រង់មក ឯពួកអាចារ្យនឹងពួកផារិស៊ី កាលគេឃើញទ្រង់សោយជាមួយនឹងពួកអ្នកយកពន្ធ នឹងមនុស្សមានបាបដូច្នេះ ក៏សួរពួកសិស្សទ្រង់ថា ហេតុអ្វីបានជាលោកបរិភោគជាមួយនឹងពួកអ្នកយកពន្ធ ហើយនឹងមនុស្សមានបាបដូច្នេះ លុះព្រះយេស៊ូវបានឮ នោះទ្រង់មានបន្ទូលថា ពួកអ្នកដែលជាសុខសប្បាយ គេមិនត្រូវការនឹងគ្រូពេទ្យទេ គឺជាមនុស្សដែលមានជំងឺវិញទេតើ ខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាបប៉ុណ្ណោះ ដើម្បីឲ្យគេប្រែចិត្តឡើង។