ម៉ាកុស 2:1-4
ម៉ាកុស 2:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្មានថ្ងៃក្រោយមក ព្រះអង្គយាងត្រឡប់មកក្រុងកាពើណិមវិញ ហើយគេឮថា ព្រះអង្គគង់នៅក្នុងផ្ទះ។ មានមនុស្សប្រមូលផ្ដុំគ្នាជាច្រើន រហូតដល់គ្មានសល់កន្លែងណាទៀតសោះ សូម្បីនៅមាត់ទ្វារក៏គ្មានដែរ ហើយព្រះអង្គប្រកាសព្រះបន្ទូលឲ្យគេស្ដាប់។ ពេលនោះ មានបុរសបួននាក់ សែងអ្នកស្លាប់ដៃស្លាប់ជើងម្នាក់មករកព្រះអង្គ។ គេពុំអាចនាំគាត់ចូលទៅជិតព្រះអង្គបាន ដោយព្រោះមហាជន គេក៏បើកដំបូលផ្ទះចំពីលើកន្លែងដែលព្រះអង្គគង់។ កាលទម្លុះរួចហើយ គេក៏សម្រូតគ្រែដែលអ្នកស្លាប់ដៃស្លាប់ជើងដេកនោះចុះមកក្រោម។
ម៉ាកុស 2:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្មានថ្ងៃក្រោយមក ព្រះយេស៊ូយាងត្រឡប់មកក្រុងកាពើណិមវិញ ហើយអ្នកស្រុកឮដំណឹងថា ព្រះអង្គគង់នៅក្នុងផ្ទះ។ មានមនុស្សយ៉ាងច្រើនមកមូលផ្ដុំគ្នាកកកុញ គ្មានសល់កន្លែងណាសោះឡើយ សូម្បីតែនៅមាត់ទ្វារផ្ទះក៏គ្មានសល់ដែរ។ ព្រះយេស៊ូថ្លែងព្រះបន្ទូលឲ្យគេស្ដាប់។ មានបុរសបួននាក់សែងមនុស្សខ្វិនដៃ ខ្វិនជើងម្នាក់មករកព្រះអង្គ។ ប៉ុន្តែ ដោយមានមនុស្សច្រើនពេក គេពុំអាចនាំមនុស្សខ្វិននោះទៅជិតព្រះយេស៊ូបានឡើយ។ ដូច្នេះ គេក៏ចោះដំបូលផ្ទះចំពីលើកន្លែងដែលព្រះអង្គគង់ ហើយសម្រូតមនុស្សខ្វិននៅលើគ្រែស្នែង ចុះតាមប្រឡោះមក។
ម៉ាកុស 2:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រំលងពីរបីថ្ងៃក្រោយមក ទ្រង់យាងចូលមកក្នុងក្រុងកាពើណិមវិញទៀត ហើយគេឮថា ទ្រង់គង់នៅផ្ទះ ស្រាប់តែមានគេប្រជុំគ្នាជាច្រើន ដល់ម៉្លេះបានជាគ្មានកន្លែងណាទៀតសោះ សូម្បីនៅមាត់ទ្វារក៏គ្មានដែរ ទ្រង់ក៏សំដែងព្រះបន្ទូលឲ្យគេស្តាប់ គ្រានោះ មាន៤នាក់សែងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់មកឯទ្រង់ តែពុំអាចនឹងចូលទៅជិតទ្រង់បានឡើយ ដោយព្រោះហ្វូងមនុស្ស បានជាគេបើកដំបូលផ្ទះត្រង់កន្លែងដែលទ្រង់គង់នៅ កាលទំលុះរួចហើយ នោះក៏សំរូតគ្រែដែលមនុស្សស្លាប់ដៃស្លាប់ជើងដេកនោះចុះទៅ