ម៉ាកុស 2:1-12
ម៉ាកុស 2:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្មានថ្ងៃក្រោយមក ព្រះអង្គយាងត្រឡប់មកក្រុងកាពើណិមវិញ ហើយគេឮថា ព្រះអង្គគង់នៅក្នុងផ្ទះ។ មានមនុស្សប្រមូលផ្ដុំគ្នាជាច្រើន រហូតដល់គ្មានសល់កន្លែងណាទៀតសោះ សូម្បីនៅមាត់ទ្វារក៏គ្មានដែរ ហើយព្រះអង្គប្រកាសព្រះបន្ទូលឲ្យគេស្ដាប់។ ពេលនោះ មានបុរសបួននាក់ សែងអ្នកស្លាប់ដៃស្លាប់ជើងម្នាក់មករកព្រះអង្គ។ គេពុំអាចនាំគាត់ចូលទៅជិតព្រះអង្គបាន ដោយព្រោះមហាជន គេក៏បើកដំបូលផ្ទះចំពីលើកន្លែងដែលព្រះអង្គគង់។ កាលទម្លុះរួចហើយ គេក៏សម្រូតគ្រែដែលអ្នកស្លាប់ដៃស្លាប់ជើងដេកនោះចុះមកក្រោម។ កាលព្រះយេស៊ូវឃើញជំនឿរបស់គេ ព្រះអង្គមានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា៖ «កូនអើយ ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ»។ មានអាចារ្យខ្លះអង្គុយនៅទីនោះ រិះគិតក្នុងចិត្តថា៖ «ហេតុអ្វីបានជាអ្នកនេះនិយាយដូច្នេះ? ពាក្យនេះប្រមាថដល់ព្រះទេតើ! ក្រៅពីព្រះមួយអង្គ តើមានអ្នកណាអាចអត់ទោសបាបបាន?» ព្រះយេស៊ូវជ្រាបក្នុងវិញ្ញាណព្រះអង្គភ្លាមពីការរិះគិតនៅក្នុងចិត្តរបស់គេ ហើយព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតនៅក្នុងចិត្តដូច្នេះ? ដ្បិតដែលនិយាយទៅអ្នកស្លាប់ដៃស្លាប់ជើងនេះថា "ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ" ឬថា "ចូរក្រោកឡើង ហើយយកគ្រែស្នែងរបស់អ្នកដើរទៅ" តើពាក្យណាងាយថាជាជាង? ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា នៅផែនដីនេះ កូនមនុស្សមានអំណាចនឹងអត់ទោសបាបបាន»។ ព្រះអង្គមានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងនោះថា៖ «ខ្ញុំនិយាយទៅកាន់អ្នក ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ហើយទៅផ្ទះទៅ!» គាត់ក៏ក្រោកឡើងភា្លម យកគ្រែស្នែងដើរចេញទៅនៅមុខមនុស្សទាំងអស់ ធ្វើឲ្យគេគ្រប់គ្នាមានសេចក្តីអស្ចារ្យ ហើយសរសើរតម្កើងដល់ព្រះ ដោយពោលថា៖ «យើងមិនដែលបានឃើញអ្វីដូច្នេះសោះ!»
ម៉ាកុស 2:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្មានថ្ងៃក្រោយមក ព្រះយេស៊ូយាងត្រឡប់មកក្រុងកាពើណិមវិញ ហើយអ្នកស្រុកឮដំណឹងថា ព្រះអង្គគង់នៅក្នុងផ្ទះ។ មានមនុស្សយ៉ាងច្រើនមកមូលផ្ដុំគ្នាកកកុញ គ្មានសល់កន្លែងណាសោះឡើយ សូម្បីតែនៅមាត់ទ្វារផ្ទះក៏គ្មានសល់ដែរ។ ព្រះយេស៊ូថ្លែងព្រះបន្ទូលឲ្យគេស្ដាប់។ មានបុរសបួននាក់សែងមនុស្សខ្វិនដៃ ខ្វិនជើងម្នាក់មករកព្រះអង្គ។ ប៉ុន្តែ ដោយមានមនុស្សច្រើនពេក គេពុំអាចនាំមនុស្សខ្វិននោះទៅជិតព្រះយេស៊ូបានឡើយ។ ដូច្នេះ គេក៏ចោះដំបូលផ្ទះចំពីលើកន្លែងដែលព្រះអង្គគង់ ហើយសម្រូតមនុស្សខ្វិននៅលើគ្រែស្នែង ចុះតាមប្រឡោះមក។ កាលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកពិការថា៖ «កូនអើយ! ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ»។ ពួកអាចារ្យខ្លះដែលអង្គុយនៅទីនោះ រិះគិតក្នុងចិត្តថា៖ «ហេតុដូចម្ដេចបានជាអ្នកនេះហ៊ានប្រមាថព្រះជាម្ចាស់ ដោយពោលពាក្យស្មើនឹងព្រះអង្គបែបនេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើនរណាអាចអត់ទោសមនុស្សឲ្យរួចពីបាបបាន!»។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេភ្លាម ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតដូច្នេះ? បើខ្ញុំប្រាប់អ្នកពិការនេះថា “ខ្ញុំអត់ទោសឲ្យអ្នករួចពីបាបហើយ” ឬថា “ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង? ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា បុត្រមនុស្សមានអំណាចនឹងអត់ទោសឲ្យមនុស្សនៅលើផែនដីនេះ រួចពីបាបបាន»។ ព្រះអង្គងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ!»។ មនុស្សខ្វិនក៏ក្រោកឈរឡើងភ្លាម យកគ្រែស្នែងរបស់ខ្លួន ដើរកាត់មុខមនុស្សទាំងអស់ចេញទៅ ធ្វើឲ្យគេគ្រប់គ្នាស្ញប់ស្ញែងយ៉ាងខ្លាំង ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ទាំងពោលថា៖ «យើងមិនដែលឃើញការអស្ចារ្យណាមួយដូចពេលនេះឡើយ!»។
ម៉ាកុស 2:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រំលងពីរបីថ្ងៃក្រោយមក ទ្រង់យាងចូលមកក្នុងក្រុងកាពើណិមវិញទៀត ហើយគេឮថា ទ្រង់គង់នៅផ្ទះ ស្រាប់តែមានគេប្រជុំគ្នាជាច្រើន ដល់ម៉្លេះបានជាគ្មានកន្លែងណាទៀតសោះ សូម្បីនៅមាត់ទ្វារក៏គ្មានដែរ ទ្រង់ក៏សំដែងព្រះបន្ទូលឲ្យគេស្តាប់ គ្រានោះ មាន៤នាក់សែងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់មកឯទ្រង់ តែពុំអាចនឹងចូលទៅជិតទ្រង់បានឡើយ ដោយព្រោះហ្វូងមនុស្ស បានជាគេបើកដំបូលផ្ទះត្រង់កន្លែងដែលទ្រង់គង់នៅ កាលទំលុះរួចហើយ នោះក៏សំរូតគ្រែដែលមនុស្សស្លាប់ដៃស្លាប់ជើងដេកនោះចុះទៅ ព្រះយេស៊ូវក៏ឃើញសេចក្ដីជំនឿរបស់អ្នកទាំងនោះ ហើយទ្រង់មានបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា កូនអើយ បាបរបស់ឯងបានអត់ទោសឲ្យឯងហើយ នៅទីនោះ មានអាចារ្យខ្លះអង្គុយរិះគិតក្នុងចិត្តថា ហេតុអ្វីបានជាមនុស្សនេះពោលពាក្យប្រមាថដល់ព្រះដូច្នេះ ក្រៅពីព្រះតែ១ តើមានអ្នកណាអាចនឹងអត់ទោសបាបបាន តែព្រះយេស៊ូវទ្រង់ជ្រាបក្នុងវិញ្ញាណទ្រង់ជា១រំពេចថា គេរិះគិតក្នុងចិត្តយ៉ាងដូច្នោះ ទើបទ្រង់មានបន្ទូលទៅគេថា ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតក្នុងចិត្តយ៉ាងដូច្នេះ ដ្បិតដែលនិយាយនឹងមនុស្សស្លាប់ដៃស្លាប់ជើងនេះថា បាបឯងបានអត់ទោសឲ្យឯងហើយ ឬថា ឲ្យក្រោកឡើង យកគ្រែឯងដើរទៅ នោះតើពាក្យណាងាយថាជាជាង ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា នៅផែនដីនេះ កូនមនុស្សមានអំណាចនឹងអត់ទោសបាបបាន (នោះទ្រង់មានបន្ទូល ទៅមនុស្សស្លាប់ដៃស្លាប់ជើងថា) អញប្រាប់ឲ្យឯងក្រោកឡើង យកគ្រែឯងដើរទៅផ្ទះទៅ គាត់ក៏ក្រោកឡើងភ្លាម យកគ្រែចេញទៅ នៅមុខអ្នកទាំងអស់គ្នា បានជាគ្រប់គ្នាមានសេចក្ដីអស្ចារ្យ ហើយពណ៌នាសរសើរដំកើងដល់ព្រះ ដោយពាក្យថា យើងមិនដែលឃើញយ៉ាងដូច្នេះឡើយ។