ម៉ាកុស 16:14-18
ម៉ាកុស 16:14-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយមកទៀត ព្រះអង្គបានលេចមកឲ្យអ្នកទាំងដប់មួយឃើញ ពេលគេកំពុងអង្គុយនៅតុ។ ព្រះអង្គបន្ទោសគេ ព្រោះគេមិនជឿ ហើយមានចិត្តរឹងរូស ព្រោះគេមិនបានជឿពួកអ្នកដែលឃើញព្រះអង្គ ក្រោយពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរចេញទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ។ អ្នកណាដែលជឿ ហើយទទួលពិធីជ្រមុជទឹក នោះនឹងបានសង្គ្រោះ តែអ្នកណាដែលមិនជឿ នោះនឹងជាប់ទោស។ ទីសម្គាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា ក្នុងនាមខ្ញុំ គេនឹងដេញអារក្ស ហើយគេនឹងនិយាយភាសាថ្មី។ គេនឹងចាប់កាន់ពស់បាន ឬបើគេផឹកអ្វីពុល នោះនឹងមិនមានគ្រោះថ្នាក់អ្វីដល់គេឡើយ គេនឹងដាក់ដៃលើអ្នកជំងឺ ហើយអ្នកជំងឺនឹងបានជាសះស្បើយ»។
ម៉ាកុស 16:14-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅទីបំផុត ព្រះយេស៊ូក៏បង្ហាញខ្លួនឲ្យសិស្សទាំងដប់មួយរូបឃើញ នៅពេលដែលគេកំពុងបរិភោគ។ ព្រះអង្គបន្ទោសគេ ព្រោះគេគ្មានជំនឿ ហើយមានចិត្តរឹងរូស ពុំព្រមជឿអស់អ្នកដែលបានឃើញព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អ*ដល់មនុស្សលោកទាំងអស់ចុះ។ អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក* ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។ អស់អ្នកដែលជឿនឹងធ្វើទីសម្គាល់ទាំងនេះ គឺគេនឹងដេញអារក្សក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។ ប្រសិនបើគេកាន់ពស់ ឬផឹកអ្វីដែលមានជាតិពុល ក៏គេពុំមានគ្រោះថ្នាក់អ្វីដែរ។ ប្រសិនបើគេដាក់ដៃលើអ្នកជំងឺ អ្នកជំងឺនឹងជាសះស្បើយ»។
ម៉ាកុស 16:14-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយនោះមក ទ្រង់សំដែងមកឲ្យពួក១១នាក់បានឃើញ ក្នុងកាលដែលកំពុងអង្គុយនៅតុ ហើយទ្រង់បន្ទោសគេ ដោយព្រោះមានចិត្តរឹងរូស ហើយមិនជឿ ពីព្រោះគេមិនបានជឿដល់ពួកអ្នកដែលឃើញទ្រង់ ក្រោយដែលទ្រង់រស់ឡើងវិញនោះទេ ទ្រង់ផ្តាំគេថា ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយទាំងមូល ហើយផ្សាយដំណឹងល្អទួទៅដល់គ្រប់មនុស្សទាំងអស់ចុះ អ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក នោះនឹងបានសង្គ្រោះ តែអ្នកណាដែលមិនព្រមជឿ នោះនឹងត្រូវទោសវិញ ទីសំគាល់ទាំងនេះនឹងជាប់តាមអស់អ្នកដែលជឿ គឺថា គេនឹងដេញអារក្សដោយនូវឈ្មោះខ្ញុំ ហើយនឹងចេះនិយាយភាសាថ្មី នឹងចាប់កាន់ពស់បាន ឬបើគេផឹកអ្វីពុល នោះមិនធ្វើឲ្យអន្តរាយទេ ហើយគេនឹងដាក់ដៃលើមនុស្សជំងឺឲ្យបានជាផង។