ម៉ាកុស 14:51-72
ម៉ាកុស 14:51-72 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានកំលោះម្នាក់ដែលដើរតាមព្រះអង្គ មានតែសំពត់ទេសឯកមួយផ្ទាំងបិទបាំងខ្លួន។ គេបានចាប់គាត់ តែគាត់រត់ចោលសំពត់ទេសឯកនោះ ទៅតែខ្លួនទទេ។ គេនាំព្រះយេស៊ូវទៅជួបសម្ដេចសង្ឃ ហើយពួកសង្គ្រាជ ពួកចាស់ទុំ និងពួកអាចារ្យទាំងអស់ បានមកជួបជុំគ្នា។ ឯពេត្រុសដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ខាងក្នុងទីលានរបស់សម្ដេចសង្ឃ ហើយអង្គុយអាំងភ្លើងជាមួយកងរក្សាព្រះវិហារ។ ពួកសង្គ្រាជ និងក្រុមប្រឹក្សាទាំងមូលនាំគ្នាស្វែងរកបន្ទាល់ទាស់នឹងព្រះយេស៊ូវ ដើម្បីសម្លាប់ព្រះអង្គ តែគេរកមិនបានសោះ។ មនុស្សជាច្រើនបានធ្វើបន្ទាល់ក្លែងក្លាយទាស់នឹងព្រះអង្គ តែបន្ទាល់របស់គេមិនស្របគ្នា។ អ្នកខ្លះឈឡើង ធ្វើបន្ទាល់ក្លែងក្លាយទាស់នឹងព្រះអង្គថា៖ «យើងខ្ញុំបានឮគាត់និយាយថា "ខ្ញុំនឹងបំផ្លាញព្រះវិហារដែលធ្វើដោយដៃមនុស្សនេះចោល ហើយក្នុងរវាងបីថ្ងៃ ខ្ញុំនឹងសង់មួយទៀត ដែលមិនមែនធ្វើដោយដៃមនុស្ស"»។ ប៉ុន្តែ ទោះជារឿងនេះក្តី ក៏បន្ទាល់របស់គេនៅតែមិនត្រូវគ្នាដដែល។ ពេលនោះ សម្ដេចសង្ឃក៏ឈរឡើងនៅកណ្តាលជំនុំ ហើយសួរព្រះយេស៊ូវថា៖ «តើអ្នកមិនឆ្លើយអ្វីសោះដូច្នេះឬ? ពាក្យដែលបុរសទាំងនេះចោទប្រកាន់អ្នក តើយ៉ាងដូចម្តេចដែរ?» តែព្រះអង្គនៅស្ងៀម មិនឆ្លើយអ្វីសោះ។ សម្ដេចសង្ឃសួរព្រះអង្គម្ដងទៀតថា៖ «តើអ្នកជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះដ៏មានពរឬ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «គឺខ្ញុំហ្នឹងហើយ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្តាំនៃព្រះដ៏មានព្រះចេស្តា ហើយយាងមកក្នុងពពកនៅលើមេឃ »។ ពេលនោះ សម្ដេចសង្ឃក៏ហែកអាវរបស់ខ្លួន ហើយពោលថា៖ «តើយើងចាំបាច់ត្រូវការស្មរបន្ទាល់អ្វីទៀត? អ្នករាល់គ្នាបានឮពាក្យប្រមាថរបស់ជននេះស្រាប់ហើយ តើអ្នករាល់គ្នាសម្រេចដូចម្តេច?» គេទាំងអស់គ្នាកាត់ទោសព្រះអង្គថាសមនឹងស្លាប់។ អ្នកខ្លះចាប់ផ្ដើមស្តោះទឹកមាត់ដាក់ព្រះអង្គ គ្របព្រះភក្ត្ររបស់ព្រះអង្គ ហើយវាយព្រះអង្គ ទាំងពោលទៅព្រះអង្គថា៖ «ទាយមើល៍!» កងរក្សាព្រះវិហារក៏យកព្រះអង្គមកទះកំផ្លៀង។ ពេលពេត្រុសកំពុងតែនៅក្នុងទីលានខាងក្រោម ស្រីបម្រើម្នាក់របស់សម្ដេចសង្ឃក៏មកដល់។ ពេលនាងឃើញពេត្រុសកំពុងអាំងភ្លើង ក៏សម្លឹងមើលគាត់ ហើយពោលថា៖ «អ្នកក៏នៅជាមួយយេស៊ូវ ពីភូមិណាសារ៉ែតនេះដែរ»។ តែគាត់ប្រកែកថា៖ «ខ្ញុំមិនដឹង មិនយល់ថាអ្នកកំពុងនិយាយពីអ្វីទេ» រួចគាត់ចេញទៅទីធ្លាខាងក្រៅ ពេលនោះ មាន់ក៏រងាវឡើង។ ស្រីបម្រើនោះឃើញគាត់ម្តងទៀត ហើយចាប់ផ្ដើមប្រាប់ពួកអ្នកដែលឈរនៅទីនោះថា៖ «អ្នកនេះក៏ជាម្នាក់ក្នុងពួកគេដែរ»។ តែគាត់ប្រកែកម្តងទៀត។ បន្តិចក្រោយមក ពួកអ្នកដែលឈរនៅទីនោះ និយាយទៅពេត្រុសថា៖ «ប្រាកដហើយ អ្នកក៏ជាម្នាក់ក្នុងពួកគេដែរ ដ្បិតអ្នកជាអ្នកស្រុកកាលីឡេ»។ តែគាត់ចាប់ផ្ដើមយកខ្លួនស្បថស្បែថា៖ «ខ្ញុំមិនស្គាល់អ្នកដែលអ្នករាល់គ្នានិយាយនេះទេ»។ ភ្លាមនោះ មាន់ក៏រងាវឡើងជាលើកទីពីរ ពេត្រុសក៏នឹកឃើញពាក្យដែលព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «មុនមាន់រងាវពីរដង អ្នកនឹងប្រកែកបីដងថាមិនស្គាល់ខ្ញុំ»។ គាត់ក៏ក្តុកក្ដួល ហើយទ្រហោយំ។
ម៉ាកុស 14:51-72 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានកំលោះម្នាក់ដែលបានទៅតាមព្រះអង្គ មានតែសំពត់មួយផ្ទាំងបិទបាំងកាយប៉ុណ្ណោះ គេបានចាប់គាត់ដែរ តែគាត់ចោលសំពត់រត់ទៅខ្លួនទទេ។ គេបណ្ដើរព្រះយេស៊ូនាំយកទៅដល់ដំណាក់របស់លោកមហាបូជាចារ្យ*។ ពួកនាយកបូជាចារ្យ ពួកព្រឹទ្ធាចារ្យ* និងពួកអាចារ្យ* មកជួបជុំទាំងអស់គ្នានៅទីនោះ។ លោកពេត្រុសដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ខាងក្នុងទីធ្លាដំណាក់មហាបូជាចារ្យ ហើយអង្គុយអាំងភ្លើងជាមួយកងរក្សាព្រះវិហារ*។ ពួកនាយកបូជាចារ្យ និងក្រុមប្រឹក្សាជាន់ខ្ពស់*ទាំងមូល នាំគ្នារកពាក្យចោទប្រកាន់ព្រះយេស៊ូ ដើម្បីកាត់ទោសប្រហារជីវិតព្រះអង្គ តែរកមិនបានសោះ។ មនុស្សជាច្រើនបានប្រឌិតរឿងក្លែងក្លាយចោទប្រកាន់ព្រះអង្គ ប៉ុន្តែ ពាក្យចោទទាំងនោះមិនស្របគ្នាឡើយ។ មានអ្នកខ្លះក្រោកឈរឡើង ពោលរឿងក្លែងក្លាយ ចោទប្រកាន់ព្រះអង្គថា៖ «យើងបានឮអ្នកនេះពោលថា “ខ្ញុំនឹងរុះព្រះវិហារដែលសង់ឡើងដោយដៃមនុស្សចោល ហើយក្នុងរវាងបីថ្ងៃ ខ្ញុំនឹងសង់ព្រះវិហារមួយផ្សេងទៀត ដែលមិនមែនសង់ដោយដៃមនុស្សទេ”»។ ប៉ុន្តែ ទោះបីក្នុងរឿងនេះក៏ដោយ ក៏ពាក្យរបស់គេនៅតែពុំស្របគ្នាដដែល។ ពេលនោះ លោកមហាបូជាចារ្យក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ សួរព្រះយេស៊ូថា៖ «ម្ដេចក៏អ្នកមិនឆ្លើយនឹងពាក្យចោទប្រកាន់របស់លោកទាំងនេះ?» ព្រះយេស៊ូនៅស្ងៀម ពុំឆ្លើយតបទាល់តែសោះ។ លោកមហាបូជាចារ្យសួរព្រះអង្គម្ដងទៀតថា៖ «តើអ្នកពិតជាព្រះគ្រិស្ត ជាព្រះបុត្រារបស់ព្រះ ដែលយើងសរសើរតម្កើងមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «មែន គឺខ្ញុំហ្នឹងហើយ។ អស់លោកនឹងឃើញ បុត្រមនុស្ស*គង់នៅខាងស្ដាំព្រះដ៏មានឫទ្ធានុភាព ហើយនឹងយាងមកជាមួយពពក*នៅលើមេឃ» ។ លោកមហាបូជាចារ្យឮដូច្នេះ ក៏ហែកអាវរបស់លោក ហើយមានប្រសាសន៍ថា៖ «យើងមិនបាច់រកសាក្សីឯណាទៀតទេ អស់លោកឮជននេះពោលពាក្យប្រមាថព្រះជាម្ចាស់ស្រាប់ហើយ តើអស់លោកគិតដូចម្ដេច?»។ គេបានសម្រេចចិត្តទាំងអស់គ្នា កាត់ទោសប្រហារជីវិតព្រះយេស៊ូ។ អ្នកខ្លះនាំគ្នាស្ដោះទឹកមាត់ដាក់ព្រះអង្គ គេគ្របព្រះភ័ក្ត្រព្រះអង្គ វាយតប់ព្រះអង្គ ហើយសួរថា៖ «ទាយមើល៍!»។ កងរក្សាព្រះវិហារយកព្រះយេស៊ូមកទះកំផ្លៀង។ ពេលលោកពេត្រុសនៅក្នុងទីធ្លា មានស្ត្រីបម្រើម្នាក់របស់លោកមហាបូជាចារ្យមកដល់។ នាងឃើញលោកពេត្រុសកំពុងអាំងភ្លើង ក៏សម្លឹងមើលមុខគាត់ឲ្យបានច្បាស់ រួចពោលថា៖ «អ្នកឯងក៏ជាបក្សពួករបស់យេស៊ូ ជាអ្នកភូមិណាសារ៉ែតដែរ!»។ ប៉ុន្តែ លោកប្រកែកឡើងថា៖ «ខ្ញុំមិនដឹងទេ ខ្ញុំមិនយល់ថានាងចង់និយាយអំពីរឿងអ្វីឡើយ»។ លោកពេត្រុសក៏ចេញពីទីនោះ ឆ្ពោះទៅខ្លោងទ្វារខាងក្រៅ ពេលនោះ មាន់រងាវឡើង។ ស្ត្រីបម្រើឃើញលោកពេត្រុស ក៏ប្រាប់អស់អ្នកដែលនៅទីនោះម្ដងទៀតថា៖ «អ្នកនេះជាបក្សពួកគេដែរ»។ លោកពេត្រុសប្រកែកសាជាថ្មី។ បន្តិចក្រោយមក អស់អ្នកដែលនៅទីនោះនិយាយទៅលោកពេត្រុសទៀតថា៖ «អ្នកឯងប្រាកដជាបក្សពួកអ្នកទាំងនោះមែន ព្រោះអ្នកឯងជាអ្នកស្រុកកាលីឡេដូចគ្នា»។ លោកពេត្រុសក៏និយាយឡើងថា៖ «បើខ្ញុំកុហក សូមឲ្យព្រះជាម្ចាស់ដាក់ទោសខ្ញុំចុះ ខ្ញុំសុំស្បថថា ខ្ញុំមិនដែលស្គាល់អ្នកនោះទាល់តែសោះ»។ ភ្លាមនោះ មាន់រងាវឡើងជាលើកទីពីរ លោកពេត្រុសក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ ដែលថា “មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ” គាត់ក៏ទ្រហោយំ។
ម៉ាកុស 14:51-72 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានមនុស្សកំឡោះម្នាក់ដែលដើរតាមទ្រង់ មានតែសំពត់ទេសឯកព័ទ្ធនឹងខ្លួន គេក៏ចាប់គាត់ តែគាត់រត់រួចចោលសំពត់នោះ នៅតែខ្លួនទទេ។ គេក៏នាំព្រះយេស៊ូវទៅដល់សំដេចសង្ឃ ឯពួកសង្គ្រាជ ពួកចាស់ទុំ ហើយពួកអាចារ្យទាំងអស់គ្នា ក៏ប្រជុំគ្នាឯលោក ចំណែកពេត្រុស គាត់តាមទ្រង់ទៅពីចំងាយ រហូតដល់ខាងក្នុងព្រះលានសំដេចសង្ឃ ក៏អង្គុយអាំងភ្លើងជាមួយនឹងពួកអាជ្ញា។ ពួកសង្គ្រាជ នឹងពួកក្រុមជំនុំទាំងអស់គ្នា គេប្រឹងរកទីបន្ទាល់ទាស់នឹងព្រះយេស៊ូវ ដើម្បីនឹងសំឡាប់ទ្រង់បង់ តែរកមិនបានសោះ ក៏មានមនុស្សជាច្រើន មកធ្វើបន្ទាល់ក្លែងទាស់នឹងទ្រង់ដែរ តែសេចក្ដីបន្ទាល់របស់គេមិនត្រូវគ្នាសោះ នោះមានខ្លះឈរឡើង ធ្វើបន្ទាល់ក្លែងទាស់នឹងទ្រង់ថា យើងខ្ញុំបានឮវាថា ខ្ញុំនឹងបំផ្លាញព្រះវិហារនេះ ដែលបានធ្វើដោយដៃមនុស្ស ហើយក្នុងរវាង៣ថ្ងៃ ខ្ញុំនឹងសង់១ទៀត ដែលមិនមែនធ្វើដោយដៃមនុស្សទេ យ៉ាងនោះ គង់តែសេចក្ដីបន្ទាល់របស់គេមិនត្រូវគ្នាទៀត ឯសំដេចសង្ឃ ក៏ឈរឡើងនៅកណ្តាលជំនុំ ដណ្តឹងសួរព្រះយេស៊ូវថា តើឯងមិនព្រមឆ្លើយសោះឬអី សេចក្ដីដែលគេចោទប្រកាន់ឯងទាំងប៉ុន្មាននេះ តើយ៉ាងដូចម្តេច តែទ្រង់នៅតែស្ងៀម មិនបានឆ្លើយអ្វីសោះ រួចសំដេចសង្ឃពិចារណាសួរទ្រង់ទៀតថា តើឯងជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានពរឬអី ព្រះយេស៊ូវមានបន្ទូលថា គឺខ្ញុំនេះហើយ មួយទៀត អ្នករាល់គ្នានឹងឃើញកូនមនុស្ស អង្គុយនៅខាងស្តាំនៃព្រះចេស្តា ហើយទាំងមកក្នុងពពកនៅលើមេឃផង នោះសំដេចសង្ឃក៏ហែកព្រះពស្ត្រលោក ដោយពាក្យថា តើយើងចាំបាច់ត្រូវការនឹងទីបន្ទាល់ណាទៀត អ្នករាល់គ្នាបានឮពាក្យប្រមាថនេះហើយ ចុះតើគិតដូចម្តេច អ្នកទាំងអស់គ្នាក៏កាត់ទោសទ្រង់ថា គួរស្លាប់ហើយ អ្នកខ្លះចាប់តាំងស្តោះដាក់ទ្រង់ ក៏ខ្ទប់ព្រះភក្ត្រ ហើយវាយទ្រង់ រួចទូលប្រាប់ថា ចូរទាយចុះ ឯពួកអាជ្ញា ក៏ទះទ្រង់ដែរ។ រីឯពេត្រុស គាត់នៅក្នុងព្រះលានឰដ៏ខាងក្រោម ហើយមានបាវស្រីរបស់សំដេចសង្ឃម្នាក់មក ឃើញពេត្រុសកំពុងតែអាំងភ្លើង ក៏សំឡឹងមើលគាត់ ហើយនិយាយថា អ្នកបាននៅជាមួយនឹងយេស៊ូវ ពីណាសារ៉ែតនេះដែរ តែគាត់ប្រកែកថា ខ្ញុំមិនដឹង មិនយល់ជាអ្នកនិយាយអ្វីទេ រួចគាត់ចេញទៅឯទីធ្លាខាងក្រៅ នោះមាន់តាំងរងាវឡើង បាវស្រីនោះក៏ឃើញគាត់ម្តងទៀត ហើយចាប់តាំងប្រាប់ដល់ពួកអ្នក ដែលឈរនៅទីនោះថា អ្នកនេះជាពួកគេដែរ គាត់ប្រកែកម្តងទៀត រួចក្រោយបន្តិចមក ពួកអ្នកឈរនៅទីនោះនិយាយទៅពេត្រុសថា ឯងប្រាកដជាពួកគេដែរ ដ្បិតឯងជាអ្នកស្រុកកាលីឡេ តែគាត់តាំងប្រមាថ ហើយស្បថថា ខ្ញុំមិនស្គាល់មនុស្សនោះដែលអ្នករាល់គ្នានិយាយទេ នោះមាន់ក៏រងាវឡើងជាគំរប់២ដង ពេត្រុសក៏នឹកឃើញពីព្រះបន្ទូល ដែលព្រះយេស៊ូវបានប្រាប់គាត់ថា មុនដែលមាន់រងាវ២ដង នោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ កាលគាត់បានគិតពីសេចក្ដីនោះហើយ នោះក៏យំ។