ម៉ាកុស 14:22-36
ម៉ាកុស 14:22-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលកំពុងបរិភោគ ព្រះយេស៊ូវយកនំបុ័ងមក ហើយអរព្រះគុណ រួចកាច់ប្រទានដល់ពួកគេ ដោយមានព្រះបន្ទូលថា៖ «ចូរបរិភោគចុះ នេះជារូបកាយខ្ញុំ»។ បន្ទាប់មក ព្រះអង្គយកពែងមក ហើយអរព្រះគុណ រួចប្រទានដល់ពួកគេ គេក៏ផឹកពីពែងនោះទាំងអស់គ្នា។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នេះជាឈាមរបស់ខ្ញុំ ជាឈាមនៃសេចក្ដីសញ្ញា ដែលត្រូវបង្ហូរចេញសម្រាប់មនុស្សជាច្រើន។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំនឹងមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ រហូតដល់ថ្ងៃដែលខ្ញុំនឹងផឹកវាជាថ្មី នៅក្នុងព្រះរាជ្យរបស់ព្រះ»។ ក្រោយពីបានច្រៀងទំនុកតម្កើងមួយរួចហើយ គេក៏នាំគ្នាចេញទៅភ្នំដើមអូលីវ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នានឹងរវាតចិត្តដោយព្រោះខ្ញុំ ដ្បិតមានសេចក្តីចែងទុកមកថា "យើងនឹងវាយគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយ" ប៉ុន្តែ ក្រោយពីខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។ ពេត្រុសទូលព្រះអង្គថា៖ «ទោះបើមនុស្សទាំងអស់រវាតចិត្តចេញក៏ដោយ ក៏ទូលបង្គំមិនរវាតចិត្តជាដាច់ខាត»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅថ្ងៃនេះ គឺនៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងប្រកែកបីដងថាមិនស្គាល់ខ្ញុំ»។ តែគាត់ប្រកែកកាន់តែខ្លាំងថា៖ «ទោះបើទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនប្រកែកថា មិនស្គាល់ព្រះអង្គជាដាច់ខាត»។ គេទាំងអស់និយាយដូចគ្នា។ គេមកដល់កន្លែងមួយឈ្មោះ សួនគែតសេម៉ានី ហើយព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សព្រះអង្គថា៖ «ចូរអង្គុយនៅទីនេះចុះ ពេលខ្ញុំអធិស្ឋាន»។ ព្រះអង្គយកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយ ព្រះអង្គចាប់ផ្ដើមមានព្រះហឫទ័យតានតឹង ហើយតប់ប្រមល់ជាខ្លាំង។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំព្រួយចិត្តជាខ្លាំង សឹងតែនឹងស្លាប់ ចូរនៅទីនេះ ហើយចាំយាមចុះ»។ កាលយាងទៅមុខបន្តិច ព្រះអង្គក៏ក្រាបចុះព្រះភក្ត្រដល់ដី ហើយអធិស្ឋានសូមឲ្យពេលវេលានេះកន្លងផុតពីព្រះអង្គទៅ ប្រសិនបើបាន។ ព្រះអង្គមានព្រះបន្ទូលថា៖ «អ័ប្បា ព្រះវរបិតាអើយ! ព្រះអង្គអាចធ្វើគ្រប់ការទាំងអស់បាន សូមដកយកពែងនេះ ចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ គឺតាមព្រះហឫទ័យព្រះអង្គវិញ»។
ម៉ាកុស 14:22-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលកំពុងបរិភោគ ព្រះយេស៊ូយកនំប៉័ងមកកាន់ ព្រះអង្គសរសើរតម្កើងព្រះជាម្ចាស់ ហើយកាច់ប្រទានឲ្យគេ ទាំងមានព្រះបន្ទូលថា៖ «សុំពិសាចុះ នេះជារូបកាយរបស់ខ្ញុំ»។ បន្ទាប់មក ព្រះអង្គយកពែងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឲ្យពួកសិស្ស* ពួកសិស្សក៏បរិភោគទាំងអស់គ្នា។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នេះជាលោហិតរបស់ខ្ញុំ គឺលោហិតនៃសម្ពន្ធមេត្រី ដែលត្រូវបង្ហូរសម្រាប់មនុស្សទាំងអស់។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំនឹងមិនពិសាស្រាទំពាំងបាយជូរទៀតឡើយ រហូតដល់ថ្ងៃដែលខ្ញុំនឹងពិសាស្រាទំពាំងបាយជូរថ្មី នៅក្នុងព្រះរាជ្យព្រះជាម្ចាស់»។ ក្រោយពីបានច្រៀងទំនុកតម្កើង រួចហើយ ព្រះយេស៊ូយាងឆ្ពោះទៅភ្នំដើមអូលីវជាមួយពួកសិស្ស។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស*ថា៖ «អ្នកទាំងអស់គ្នានឹងបោះបង់ចោលខ្ញុំ ដ្បិតមានចែងទុកមកថា “យើងនឹងវាយសម្លាប់គង្វាល ហើយចៀមនឹងត្រូវខ្ចាត់ខ្ចាយ” ។ ក៏ប៉ុន្តែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។ លោកពេត្រុសទូលព្រះអង្គថា៖ «ទោះបីអ្នកឯទៀតៗបោះបង់ចោលព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបោះបង់ចោលព្រះអង្គជាដាច់ខាត»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា នៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។ ប៉ុន្តែ លោកពេត្រុសប្រកែករឹតតែខ្លាំងឡើងថា៖ «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថាមិនស្គាល់ព្រះអង្គជាដាច់ខាត»។ សិស្សឯទៀតៗក៏ទូលព្រះអង្គដូចលោកពេត្រុសដែរ។ ព្រះអង្គយាងទៅដល់កន្លែងមួយ ឈ្មោះកេតសេម៉ានី ជាមួយពួកសិស្ស*។ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នករាល់គ្នាអង្គុយនៅទីនេះហើយ ចាំខ្ញុំអធិស្ឋាន*សិន»។ ព្រះអង្គនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហាន ទៅជាមួយ។ ពេលនោះ ព្រះអង្គចាប់ផ្ដើមភ័យតក់ស្លុត ព្រមទាំងចុកចាប់អន្ទះសាពន់ប្រមាណ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកទាំងបីថា៖ «ខ្ញុំព្រួយចិត្តយ៉ាងខ្លាំងស្ទើរតែស្លាប់ អ្នករាល់គ្នានៅទីនេះសិនហើយ ចូរប្រុងស្មារតី»។ ព្រះអង្គយាងទៅមុខបន្តិច ក្រាបចុះដល់ដី ទូលអង្វរសូមឲ្យទុក្ខលំបាកនេះចេញឆ្ងាយពីព្រះអង្គទៅ បើសិនជាអាចកន្លងផុតទៅបាន។ ព្រះអង្គទូលថា៖ «អប្បា ឱព្រះបិតាអើយ! ព្រះអង្គអាចសម្រេចគ្រប់កិច្ចការទាំងអស់បាន សូមដកយកពែងនៃទុក្ខលំបាកនេះចេញឲ្យឆ្ងាយពីទូលបង្គំទៅ ប៉ុន្តែ សូមកុំតាមបំណងចិត្តទូលបង្គំឡើយ គឺសូមឲ្យបានសម្រេចតាមព្រះហឫទ័យព្រះអង្គវិញ»។
ម៉ាកុស 14:22-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលកំពុងតែបរិភោគ នោះព្រះយេស៊ូវទ្រង់យកនំបុ័ងប្រទានពរឲ្យ រួចកាច់ប្រទានដល់គេ ដោយបន្ទូលថា ចូរយកបរិភោគចុះ នេះហើយជារូបកាយខ្ញុំ នោះទ្រង់យកពែងមកអរព្រះគុណ រួចប្រទានដល់គេ ហើយគេក៏ផឹកគ្រប់គ្នា ទ្រង់មានបន្ទូលថា នេះហើយជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលត្រូវច្រួចសំរាប់មនុស្សជាច្រើន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់ថ្ងៃណាដែលខ្ញុំនឹងផឹកជាថ្មី នៅក្នុងនគរព្រះ។ រួចកាលបានច្រៀងទំនុក១ហើយ នោះក៏ចេញទៅឯភ្នំដើមអូលីវ ព្រះយេស៊ូវមានបន្ទូលថា នៅវេលាយប់នេះឯង អ្នករាល់គ្នានឹងរវាតចិត្តដោយព្រោះខ្ញុំ ដ្បិតមានសេចក្ដីចែងទុកថា «អញនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ» ប៉ុន្តែកាលណាខ្ញុំបានរស់ឡើងវិញ នោះខ្ញុំនឹងទៅឯស្រុកកាលីឡេ មុនអ្នករាល់គ្នា តែពេត្រុសទូលទ្រង់ថា ទោះបើមនុស្សទាំងអស់រវាតចិត្តចេញក៏ដោយ គង់តែទូលបង្គំមិនដូច្នោះទេ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគាត់ថា ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅថ្ងៃនេះ គឺនៅក្នុងពេលយប់នេះឯង មុនដែលមាន់រងាវ២ដង នោះអ្នកនឹងប្រកែកគ្រប់៣ដងថា មិនស្គាល់ខ្ញុំ តែគាត់ប្រកែកយ៉ាងខ្លាំងលើសទៅទៀតថា ទោះបើទូលបង្គំត្រូវស្លាប់ជាមួយនឹងទ្រង់ក្តី គង់តែមិនព្រមថា មិនស្គាល់ទ្រង់ដូច្នេះនោះឡើយ ហើយទាំងអស់ក៏ថាដូចគ្នា។ នោះក៏មកដល់កន្លែងហៅថា ច្បារគែតសេម៉ានី ហើយទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរអង្គុយនៅទីនេះសិន ចាំខ្ញុំទៅអធិស្ឋាន ទ្រង់ក៏យកពេត្រុស យ៉ាកុប នឹងយ៉ូហានទៅជាមួយដែរ ទ្រង់ចាប់តាំងមានព្រះហឫទ័យភាំងជាខ្លាំង ហើយតប់ប្រមល់ណាស់ ក៏មានបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយជាខ្លាំងសឹងតែនឹងស្លាប់ ចូរនៅទីនេះចាំយាមចុះ រួចកាលទ្រង់បានយាងទៅមុខបន្តិច នោះទ្រង់ទំលាក់ព្រះអង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋាន សូមឲ្យពេលវេលានេះបានកន្លងហួសពីទ្រង់ទៅ បើសិនជាបាន ទ្រង់មានបន្ទូលថា ឱអ័ប្បា ព្រះវរបិតាអើយ ទ្រង់អាចនឹងធ្វើការទាំងអស់កើត សូមយកពែងនេះចេញពីទូលបង្គំផង ប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយ សូមសំរេចតាមព្រះហឫទ័យទ្រង់វិញ