ម៉ាកុស 13:5-9
ម៉ាកុស 13:5-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវចាប់ផ្ដើមមានព្រះបន្ទូលទៅគេថា៖ «ចូរប្រយ័ត្ន ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកនិយាយថា "គឺខ្ញុំនេះហើយ" ហើយគេនឹងនាំមនុស្សជាច្រើនឲ្យវង្វេង។ កាលណាអ្នករាល់គ្នាឮអំពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម មិនត្រូវច្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង តែពុំទាន់ដល់ចុងបំផុតនៅឡើយទេ។ ដ្បិតសាសន៍មួយនឹងលើកគ្នាទាស់នឹងសាសន៍មួយ នគរមួយទាស់នឹងនគរមួយ ។ នឹងមានរញ្ជួយផែនដីនៅកន្លែងផ្សេងៗ ព្រមទាំងមានអំណត់កើតឡើងផង។ ការនេះប្រៀបបាននឹងការចាប់ផ្ដើមរបស់ស្ត្រីដែលឈឺចាប់ហៀបនឹងសម្រាលកូន»។ «ប៉ុន្តែ ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យក្រុមប្រឹក្សា គេនឹងវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ ហើយអ្នករាល់គ្នានឹងឈរនៅចំពោះទេសាភិបាល និងស្តេច ដោយព្រោះខ្ញុំ ដើម្បីធ្វើបន្ទាល់ដល់អស់លោកទាំងនោះ។
ម៉ាកុស 13:5-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងឡើយ ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកប្រើ ដោយពោលថា៖ “ខ្ញុំនេះហើយជាព្រះគ្រិស្ត*!”។ គេនឹងនាំមនុស្សជាច្រើនឲ្យវង្វេង។ កាលណាអ្នករាល់គ្នាឮគេនិយាយអំពីសង្គ្រាម និងឮដំណឹងថាមានសង្គ្រាមផ្ទុះឡើង មិនត្រូវជ្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង ប៉ុន្តែ មិនទាន់ដល់អវសានកាលនៃពិភពលោកនៅឡើយទេ។ ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត ។ នៅកន្លែងខ្លះនឹងមានរញ្ជួយផែនដី ព្រមទាំងមានកើតទុរ្ភិក្សផង។ ហេតុការណ៍ទាំងនេះប្រៀបបាននឹងការឈឺចាប់ដើមដំបូងរបស់ស្ត្រី ដែលហៀបនឹងសម្រាលកូន។ ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួនឲ្យមែនទែន ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅកន្លែងកាត់ទោស គេនឹងយករំពាត់វាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ* គេនឹងនាំអ្នករាល់គ្នាទៅឲ្យទេសាភិបាល និងឲ្យស្ដេចកាត់ទោស ព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្តែ ជាឱកាសសម្រាប់អ្នករាល់គ្នាផ្ដល់សក្ខីភាពឲ្យគេដឹងឮ។
ម៉ាកុស 13:5-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេស៊ូវចាប់តាំងមានបន្ទូលឆ្លើយទៅគេថា ចូរប្រយ័ត ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកនិយាយថា គឺខ្ញុំនេះហើយ គេក៏នឹងនាំមនុស្សជាច្រើនឲ្យវង្វេងផង កាលណាអ្នករាល់គ្នាឮនិយាយពីចំបាំង ហើយពីសូរចំបាំង នោះកុំឲ្យអ្នករាល់គ្នាមានចិត្តថប់បារម្ភឡើយ ដ្បិតការទាំងនោះត្រូវតែមកដល់ តែពុំទាន់ដល់ចុងបំផុតនៅឡើយទេ ពីព្រោះសាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ក៏នឹងមានកក្រើកដីនៅកន្លែងផ្សេងៗ ហើយនឹងមានអំណត់ នឹងចលាចលកើតឡើង នេះជាដើមចមនៃសេចក្ដីទុក្ខវេទនាទេ ប៉ុន្តែ ឲ្យអ្នករាល់គ្នាប្រយ័តខ្លួន ពីព្រោះគេនឹងបញ្ជូនអ្នករាល់គ្នាទៅឯក្រុមជំនុំ គេនឹងវាយអ្នករាល់គ្នា នៅក្នុងសាលាប្រជុំ ហើយនាំទៅចំពោះចៅហ្វាយខេត្ត នឹងស្តេច ដោយព្រោះខ្ញុំ ទុកជាទីបន្ទាល់ដល់លោកទាំងនោះ