ម៉ាកុស 13:22-33
ម៉ាកុស 13:22-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយលេចមក ហើយសម្តែងទីសម្គាល់ និងការអស្ចារ្យផេ្សងៗ ដើម្បីនាំពួកអ្នករើសតាំងឲ្យវង្វេង ប្រសិនបើគេអាចធ្វើបាន។ ចូរប្រុងប្រយ័ត្ន! ដ្បិតខ្ញុំបានប្រាប់អី្វៗទាំងអស់ដល់អ្នករាល់គ្នាជាមុនហើយ»។ «ប៉ុន្តែ នៅគ្រាក្រោយសេចក្តីវេទនានោះ ថ្ងៃនឹងទៅជាងងឹត ហើយខែនឹងលែងបញ្ចេញពន្លឺ ផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក ។ បន្ទាប់មក គេនឹងឃើញកូនមនុស្សយាងមកក្នុងពពក ប្រកបដោយចេស្តា និងសិរីល្អជាខ្លាំង។ ពេលនោះ លោកនឹងចាត់ពួកទេវតា ឲ្យទៅប្រមូលពួករើសតាំងរបស់លោក ពីទិសទាំងបួន តាំងពីចុងផែនដីម្ខាង រហូតដល់ចុងផែនដីម្ខាង»។ «ចូររៀនជាសេចក្តីប្រៀបធៀបពីដើមល្វានេះចុះ។ កាលណាមែករបស់វាត្រឡប់ជាទន់ ហើយស្លឹកលាស់ឡើង អ្នករាល់គ្នាដឹងថា រដូវក្តៅជិតមកដល់ហើយ។ ដំណើរនេះក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាឃើញការទាំងនេះកើតឡើង នោះត្រូវដឹងថា កូនមនុស្សជិតមកដល់ហើយ ក៏នៅមាត់ទ្វារផង។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនកន្លងផុតឡើយ រហូតទាល់តែគ្រប់ការទាំងនេះបានកើតមក។ ផ្ទៃមេឃ និងផែនដីនឹងកន្លងបាត់ទៅ តែពាក្យរបស់ខ្ញុំ នឹងមិនកន្លងបាត់ឡើយ»។ «ប៉ុន្តែ ត្រង់ឯថ្ងៃ ឬពេលកំណត់ គ្មានអ្នកណាដឹងទេ ទោះបីពួកទេវតានៅស្ថានសួគ៌ ឬព្រះរាជបុត្រាក៏មិនជ្រាបដែរ មានតែព្រះវរបិតាមួយអង្គប៉ុណ្ណោះដែលជ្រាប។ ចូរប្រុងប្រយ័ត្ន ហើយចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងថា ពេលនោះ នឹងមកដល់នៅវេលាណាទេ។
ម៉ាកុស 13:22-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាព្រះគ្រិស្ត ព្រមទាំងមានព្យាការីក្លែងក្លាយ នាំគ្នាសម្តែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ ដើម្បីបញ្ឆោតមនុស្សរហូតដល់ទៅនាំពួកអ្នកដែលព្រះអង្គជ្រើសរើសឲ្យវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។ ចូរប្រុងប្រយ័ត្ន ដ្បិតខ្ញុំនិយាយប្រាប់ឲ្យអ្នករាល់គ្នាដឹងជាមុនសព្វគ្រប់ហើយ»។ «លុះទុក្ខលំបាកនេះកន្លងផុតទៅ នៅគ្រានោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ អំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក ។ ពេលនោះ គេនឹងឃើញ បុត្រមនុស្ស*យាងមកក្នុងពពក ប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា និងដោយសិរីរុងរឿង។ លោកនឹងចាត់ពួកទេវតា*របស់លោកឲ្យទៅទិសទាំងបួន ចាប់តាំងពីជើងមេឃម្ខាងទៅជើងមេឃម្ខាងទៀត ដើម្បីប្រមូលពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស»។ «ចូរអ្នករាល់គ្នាយកពាក្យប្រស្នាស្ដីអំពីដើមឧទុម្ពរ*ទៅរិះគិតចុះ។ កាលណាមែករបស់វាមានស្លឹកលាស់ខៀវខ្ចី អ្នករាល់គ្នាដឹងថារដូវប្រាំងជិតមកដល់ហើយ។ ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្តិការណ៍ទាំងនោះកើតឡើង ត្រូវដឹងថាបុត្រមនុស្ស*ក៏ជិតមកដល់ហើយដែរ គឺលោកមកជិតបង្កើយហើយ។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង នៅពេលដែលមនុស្សជំនាន់នេះមានជីវិតនៅឡើយ។ ផ្ទៃមេឃ និងផែនដី នឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ។ រីឯថ្ងៃកំណត់ និងពេលវេលា គ្មាននរណាដឹងឡើយ ទោះបីទេវតា*នៅស្ថានបរមសុខ* ឬព្រះបុត្រាក៏ពុំជ្រាបដែរ មានតែព្រះបិតាប៉ុណ្ណោះដែលជ្រាប។ អ្នករាល់គ្នាមិនដឹងថា ពេលណាជាពេលកំណត់ទេ ដូច្នេះ ចូរប្រុងប្រយ័ត្ន ប្រុងស្មារតីឲ្យមែនទែន
ម៉ាកុស 13:22-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់ព្រមទាំងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន ចូរអ្នករាល់គ្នាប្រុងប្រយ័តឲ្យមែនទែន មើល ខ្ញុំបានប្រាប់អ្នករាល់គ្នាគ្រប់ទាំងអស់ជាមុនហើយ ប៉ុន្តែ នៅគ្រាក្រោយសេចក្ដីវេទនានោះ ថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ អស់ទាំងផ្កាយនៅលើមេឃនឹងធ្លាក់ចុះ ហើយអស់ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក នោះគេនឹងឃើញកូនមនុស្សមកក្នុងពពក មានទាំងព្រះចេស្តាជាខ្លាំង នឹងសិរីល្អផង ហើយលោកនឹងចាត់ពួកទេវតា ឲ្យទៅប្រមូលពួកដែលបានរើសតាំង មកពីទិសទាំង៤ តាំងពីទីបំផុតនៃផែនដីម្ខាង រហូតដល់ទីបំផុតនៃផ្ទៃមេឃ។ ប៉ុន្តែត្រូវរៀនសេចក្ដីប្រៀបប្រដូច ពីដើមល្វាចុះ គឺកាលណាមែកវាត្រឡប់ជាទន់ ហើយស្លឹកក៏ប៉ិចឡើង នោះអ្នករាល់គ្នាដឹងថា រដូវក្តៅជិតដល់ហើយ ក៏បែបដូច្នោះដែរ កាលណាឃើញការទាំងនោះកើតមក នោះត្រូវដឹងថា កូនមនុស្សជិតដល់ហើយ ក៏នៅមាត់ទ្វារផង ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សដំណនេះនឹងពុំទាន់កន្លងហួសបាត់ទៅ ទាល់តែគ្រប់ការទាំងនោះបានកើតមក ផ្ទៃមេឃ ហើយផែនដី នឹងកន្លងបាត់ទៅ តែពាក្យខ្ញុំ នឹងមិនដែលកន្លងបាត់ឡើយ ឯត្រង់ថ្ងៃ នឹងពេលកំណត់ នោះគ្មានអ្នកណាដឹងបានទេ ទោះទាំងពួកទេវតាដែលនៅស្ថានសួគ៌ ឬព្រះរាជបុត្រាក៏មិនជ្រាបដែរ ជ្រាបតែព្រះវរបិតាប៉ុណ្ណោះ ចូរប្រុងប្រយ័ត ឲ្យចាំយាម ហើយអធិស្ឋានផង ដ្បិតអ្នករាល់គ្នាមិនដឹងពេលកំណត់នោះទេ