ម៉ាកុស 13:14-27
ម៉ាកុស 13:14-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«កាលណាអ្នករាល់គ្នាឃើញវត្ថុដ៏ចង្រៃ គួរឲ្យស្អប់ខ្ពើម ឈរនៅកន្លែងដែលមិនគួរឈរ (ចូរឲ្យអ្នកអានយល់សេចក្ដីនេះចុះ) ពេលនោះ អស់អ្នកដែលនៅស្រុកយូដា ត្រូវរត់ចេញទៅជ្រកតាមភ្នំ។ អ្នកនៅលើដំបូលផ្ទះមិនត្រូវចុះមកក្រោម ឬចូលទៅយកអ្វីចេញពីក្នុងផ្ទះឡើយ ហើយអ្នកដែលនៅឯចម្ការ ក៏មិនត្រូវត្រឡប់មកយកអាវរបស់ខ្លួនវិញដែរ។ នៅគ្រានោះ ស្ត្រីណាដែលមានផ្ទៃពោះ និងស្ត្រីណាដែលបំបៅកូន នឹងវេទនាណាស់។ ចូរអធិស្ឋានសូមកុំឲ្យហេតុការណ៍នេះកើតឡើងនៅរដូវរងាឡើយ ដ្បិតនៅគ្រានោះ នឹងមានសេចក្តីវេទនាយ៉ាងខ្លាំង ដែលតាំងពីកំណើតពិភពលោកមក គឺតាំងពីព្រះបានបង្កើត រហូតមកដល់សព្វថ្ងៃ មិនដែលមានដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ ។ ប្រសិនបើព្រះអម្ចាស់មិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីទេ នោះគ្មានមនុស្សណាបានសង្គ្រោះឡើយ ប៉ុន្តែ ព្រះអង្គបានបន្ថយថ្ងៃទាំងនោះឲ្យខ្លី ដោយយល់ដល់ពួករើសតាំង គឺពួកអ្នកដែលព្រះអង្គជ្រើសរើស។ ពេលនោះ បើមានអ្នកណាប្រាប់អ្នករាល់គ្នាថា "មើល៍! ព្រះគ្រីស្ទគង់នៅទីនេះ!" ឬថា "មើល៍! ព្រះអង្គគង់នៅទីនោះ!" កុំជឿគេឡើយ ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយលេចមក ហើយសម្តែងទីសម្គាល់ និងការអស្ចារ្យផេ្សងៗ ដើម្បីនាំពួកអ្នករើសតាំងឲ្យវង្វេង ប្រសិនបើគេអាចធ្វើបាន។ ចូរប្រុងប្រយ័ត្ន! ដ្បិតខ្ញុំបានប្រាប់អី្វៗទាំងអស់ដល់អ្នករាល់គ្នាជាមុនហើយ»។ «ប៉ុន្តែ នៅគ្រាក្រោយសេចក្តីវេទនានោះ ថ្ងៃនឹងទៅជាងងឹត ហើយខែនឹងលែងបញ្ចេញពន្លឺ ផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក ។ បន្ទាប់មក គេនឹងឃើញកូនមនុស្សយាងមកក្នុងពពក ប្រកបដោយចេស្តា និងសិរីល្អជាខ្លាំង។ ពេលនោះ លោកនឹងចាត់ពួកទេវតា ឲ្យទៅប្រមូលពួករើសតាំងរបស់លោក ពីទិសទាំងបួន តាំងពីចុងផែនដីម្ខាង រហូតដល់ចុងផែនដីម្ខាង»។
ម៉ាកុស 13:14-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ពេលណាអ្នករាល់គ្នាឃើញ ជនចង្រៃដ៏គួរឲ្យស្អប់ខ្ពើម ឈរនៅកន្លែងដែលមិនត្រូវឈរ - សូមឲ្យអ្នកអានយល់ពាក្យនេះចុះ - ពេលនោះ អស់អ្នកដែលរស់ក្នុងស្រុកយូដាត្រូវនាំគ្នារត់ទៅជ្រកនៅតាមភ្នំ។ រីឯអ្នកនៅលើដំបូលផ្ទះ មិនត្រូវចុះមកយករបស់អ្វីដែលនៅក្នុងផ្ទះឡើយ ហើយអ្នកដែលនៅឯចម្ការ ក៏មិនត្រូវវិលទៅផ្ទះយកអាវធំរបស់ខ្លួនដែរ។ គ្រានោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូន មុខជាវេទនាពុំខាន។ ចូរទូលអង្វរព្រះជាម្ចាស់ សូមកុំឲ្យហេតុការណ៍ទាំងនេះកើតឡើងនៅរដូវត្រជាក់ឡើយ ដ្បិតពេលនោះ ជាពេលមាន ទុក្ខវេទនាយ៉ាងខ្លាំង តាំងពីដើមកំណើតពិភពលោកមក គឺចាប់ពីពេលដែលព្រះជាម្ចាស់បង្កើតអ្វីៗទាំងអស់មកទល់សព្វថ្ងៃ ហើយទោះជាទៅថ្ងៃមុខទៀត ក៏ពុំដែលមានទុក្ខលំបាកខ្លាំងយ៉ាងនេះដែរ ។ ប្រសិនបើព្រះអម្ចាស់មិនបន្ថយចំនួនថ្ងៃទាំងនោះទេ មុខជាគ្មានមនុស្សណារួចជីវិតឡើយ ប៉ុន្តែ ព្រះអង្គបន្ថយចំនួនថ្ងៃទាំងនោះ ដោយយោគយល់ដល់ពួកអ្នកដែលព្រះអង្គបានជ្រើសរើស។ ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា “ព្រះគ្រិស្ត*គង់នៅទីនេះ ឬនៅទីនោះ” កុំជឿគេឡើយ ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាព្រះគ្រិស្ត ព្រមទាំងមានព្យាការីក្លែងក្លាយ នាំគ្នាសម្តែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ ដើម្បីបញ្ឆោតមនុស្សរហូតដល់ទៅនាំពួកអ្នកដែលព្រះអង្គជ្រើសរើសឲ្យវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។ ចូរប្រុងប្រយ័ត្ន ដ្បិតខ្ញុំនិយាយប្រាប់ឲ្យអ្នករាល់គ្នាដឹងជាមុនសព្វគ្រប់ហើយ»។ «លុះទុក្ខលំបាកនេះកន្លងផុតទៅ នៅគ្រានោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ អំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក ។ ពេលនោះ គេនឹងឃើញ បុត្រមនុស្ស*យាងមកក្នុងពពក ប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា និងដោយសិរីរុងរឿង។ លោកនឹងចាត់ពួកទេវតា*របស់លោកឲ្យទៅទិសទាំងបួន ចាប់តាំងពីជើងមេឃម្ខាងទៅជើងមេឃម្ខាងទៀត ដើម្បីប្រមូលពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស»។
ម៉ាកុស 13:14-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលណាអ្នករាល់គ្នាឃើញសេចក្ដីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ ឈរនៅកន្លែងដែលមិនគួរឲ្យឈរ (អ្នកណាដែលមើល ឲ្យយល់ចុះ) នោះត្រូវឲ្យពួកអ្នកនៅស្រុកយូដារត់ទៅឯភ្នំទៅ កុំឲ្យអ្នកណាដែលនៅលើដំបូលផ្ទះចុះមកក្នុងផ្ទះ ឬចូលទៅយកអ្វីចេញពីផ្ទះ ក៏កុំឲ្យអ្នកដែលនៅស្រែចំការត្រឡប់មកវិញ នឹងយកសំលៀកបំពាក់ខ្លួនឡើយ នៅគ្រានោះ ស្ត្រីណាដែលមានផ្ទៃពោះ នឹងស្ត្រីណាដែលបំបៅកូន នឹងវេទនាណាស់ ត្រូវឲ្យអធិស្ឋានសូមកុំឲ្យត្រូវរត់នៅរដូវរងាឡើយ ដ្បិតនៅគ្រានោះ នឹងមានសេចក្ដីវេទនាខ្លាំងណាស់ ដល់ម៉្លេះបានជាតាំងពីកំណើតលោកីយ ដែលព្រះទ្រង់បានបង្កើត ដរាបដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះទេ ហើយទៅមុខក៏មិនដែលមានផង បើព្រះអម្ចាស់មិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លី នោះគ្មានមនុស្សណាបានសង្គ្រោះទេ ប៉ុន្តែទ្រង់បានបន្ថយថ្ងៃទាំងនោះ ដោយព្រោះពួកអ្នកដែលទ្រង់បានរើសតាំង នៅគ្រានោះ បើមានអ្នកណាប្រាប់អ្នករាល់គ្នាថា មើល ព្រះគ្រីស្ទគង់នៅទីនេះ ឬថា មើល ទ្រង់គង់នៅទីនុ៎ះ នោះកុំឲ្យជឿឡើយ ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់ព្រមទាំងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន ចូរអ្នករាល់គ្នាប្រុងប្រយ័តឲ្យមែនទែន មើល ខ្ញុំបានប្រាប់អ្នករាល់គ្នាគ្រប់ទាំងអស់ជាមុនហើយ ប៉ុន្តែ នៅគ្រាក្រោយសេចក្ដីវេទនានោះ ថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ អស់ទាំងផ្កាយនៅលើមេឃនឹងធ្លាក់ចុះ ហើយអស់ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក នោះគេនឹងឃើញកូនមនុស្សមកក្នុងពពក មានទាំងព្រះចេស្តាជាខ្លាំង នឹងសិរីល្អផង ហើយលោកនឹងចាត់ពួកទេវតា ឲ្យទៅប្រមូលពួកដែលបានរើសតាំង មកពីទិសទាំង៤ តាំងពីទីបំផុតនៃផែនដីម្ខាង រហូតដល់ទីបំផុតនៃផ្ទៃមេឃ។