ម៉ាកុស 12:38-44
ម៉ាកុស 12:38-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះអង្គបង្រៀន ទ្រង់មានព្រះបន្ទូលថា៖ «ចូរប្រយ័ត្ននឹងពួកអាចារ្យ ដែលដើរចុះឡើងទាំងពាក់អាវវែង ហើយឲ្យគេគំនាប់ខ្លួននៅតាមទីផ្សារ។ គេចូលចិត្តអង្គុយកៅអីកិត្តិយសក្នុងសាលាប្រជុំ និងកន្លែងកិតិ្តយសក្នុងពិធីជប់លៀង គេស៊ីបំផ្លាញផ្ទះស្ត្រីមេម៉ាយ ហើយធ្វើឫកជាអធិស្ឋានយូរ។ អ្នកទាំងនោះនឹងទទួលទោសធ្ងន់ជាងគេ»។ ព្រះយេស៊ូវគង់ទល់មុខហិបតង្វាយ ទតមើលបណ្តាជនដាក់តង្វាយទៅក្នុងហិបតង្វាយនោះ។ អ្នកមានជាច្រើន ដាក់ប្រាក់យ៉ាងច្រើន។ តែមានស្ត្រីមេម៉ាយក្រម្នាក់ មកដាក់តែពីរស្លឹង ដែលត្រូវជាកន្លះសេន។ ពេលនោះ ព្រះអង្គហៅពួកសិស្សមក ហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបា្រប់អ្នករាល់គ្នាជាប្រាកដថា ស្ត្រីមេម៉ាយក្រនេះបានដាក់តង្វាយក្នុងហិប ច្រើនជាងគេទាំងអស់។ ដ្បិតគេទាំងអស់គ្នាសុទ្ធតែបានថ្វាយពីប្រាក់សំណល់របស់ខ្លួន តែស្ត្រីនេះបានថ្វាយអ្វីៗដែលនាងមានសម្រាប់ចិញ្ចឹមជីវិត ចេញពីភាពក្រីក្ររបស់នាង»។
ម៉ាកុស 12:38-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គមានព្រះបន្ទូលបង្រៀនគេថា៖ «ចូរប្រយ័ត្ននឹងពួកអាចារ្យ*ឲ្យមែនទែន អ្នកទាំងនោះចូលចិត្តពាក់អាវវែង ដើរចុះដើរឡើង ហើយចូលចិត្តឲ្យគេឱនកាយគោរពនៅតាមផ្សារ ព្រមទាំងរើសកន្លែងអង្គុយមុខគេ ក្នុងសាលាប្រជុំ* និងចូលចិត្តកន្លែងកិត្តិយសនៅពេលជប់លៀង។ គេតែងនាំគ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ អ្នកទាំងនេះនឹងត្រូវទទួលទោសយ៉ាងធ្ងន់បំផុតជាមិនខាន»។ ព្រះយេស៊ូគង់នៅមុខហិបតង្វាយ ព្រះអង្គទតមើលរបៀបដែលបណ្ដាជនយកប្រាក់មកដាក់ក្នុងហិបនោះ។ អ្នកមានច្រើននាក់ដាក់ប្រាក់ជាច្រើន។ មានស្ត្រីមេម៉ាយក្រីក្រម្នាក់មកដល់ នាងយកប្រាក់ពីរសេនជាចំនួនដ៏តិចតួចបំផុត ដាក់ក្នុងហិបតង្វាយនោះដែរ។ ព្រះយេស៊ូត្រាស់ហៅពួកសិស្ស*មក ហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ស្ត្រីមេម៉ាយក្រីក្រនេះបានដាក់ប្រាក់ក្នុងហិបច្រើនជាងគេទាំងអស់ ដ្បិតពួកអ្នកទាំងនោះយកប្រាក់សំណល់របស់ខ្លួនមកដាក់។ រីឯស្ត្រីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងបានយកប្រាក់ដែលនាងត្រូវការជាចាំបាច់មកដាក់ដែរ គឺប្រាក់ទាំងប៉ុន្មានដែលនាងមានសម្រាប់ចិញ្ចឹមជីវិត»។
ម៉ាកុស 12:38-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កំពុងដែលទ្រង់បង្រៀន នោះក៏មានបន្ទូលទៅគេថា ចូរប្រុងប្រយ័តនឹងពួកអាចារ្យ ដែលគេចូលចិត្តពាក់អាវវែងៗដើរចុះឡើង ហើយឲ្យគេគំនាប់ខ្លួននៅទីផ្សារ នឹងអង្គុយទីមុខគេនៅក្នុងសាលាប្រជុំ ហើយនៅកន្លែងលេខ១ក្នុងការស៊ីលៀង គេឆស៊ីផ្ទះស្ត្រីមេម៉ាយ ដោយសូត្រធម៌ឲ្យច្រើន ដើម្បីដោះសាខ្លួន ពួកអ្នកទាំងនោះនឹងត្រូវទោសធ្ងន់ជាងទៅទៀត។ គ្រានោះ ព្រះយេស៊ូវគង់ទល់មុខនឹងឃ្លាំង ក៏ទតមើលទៅហ្វូងមនុស្ស ដែលគេដាក់ដង្វាយក្នុងឃ្លាំងជាយ៉ាងដូចមេ្ដច មានអ្នកមានជាច្រើន គេដាក់ច្រើន តែមានស្រីមេម៉ាយក្រម្នាក់ មកដាក់តែ២ស្លឹង ដែលត្រូវជាកន្លះសេន ទ្រង់ហៅពួកសិស្សមកមានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្រីមេម៉ាយក្រនេះបានថ្វាយលើសជាងអ្នកទាំងអស់ ដែលដាក់ក្នុងឃ្លាំង ដ្បិតគេសុទ្ធតែយកពីរបស់ជាសំណល់ខ្លួនមកថ្វាយ តែស្ត្រីនេះបានយកពីសេចក្ដីកំសត់ខ្លួនមកថ្វាយវិញ គឺជារបស់ដែលនាងមានទាំងប៉ុន្មានសំរាប់ចិញ្ចឹមជីវិតខ្លួនផង។