ម៉ាកុស 12:13-44
ម៉ាកុស 12:13-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក គេចាត់ពួកផារិស៊ីខ្លះ និងពួកហេរ៉ូឌខ្លះឲ្យទៅជិតព្រះអង្គ ដើម្បីចាប់កំហុសពេលព្រះអង្គមានព្រះបន្ទូល។ ពេលមកដល់ គេទូលព្រះអង្គថា៖ «លោកគ្រូ យើងខ្ញុំដឹងថា លោកជាមនុស្សពិតត្រង់ ហើយមិនខ្វល់ពីអ្នកណា ព្រោះលោកមិនយល់មុខមនុស្សណាឡើយ លោកបង្រៀនពីផ្លូវរបស់ព្រះ តាមតែសេចក្តីពិត។ តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ? តើត្រូវបង់ ឬមិនត្រូវបង់?» ប៉ុន្តែ ព្រះអង្គជ្រាបពីពុតត្បុតរបស់គេ ហើយមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំដូច្នេះ? ចូរយកប្រាក់កាក់មួយមកឲ្យខ្ញុំមើលមើល៍»។ គេក៏យកប្រាក់កាក់មួយមក រួចព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើរូបនេះ និងឈ្មោះនេះ ជារបស់អ្នកណា?» គេទូលឆ្លើយថា៖ «របស់សេសារ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ហើយរបស់ព្រះ ថ្វាយទៅព្រះវិញ»។ គេក៏មានសេចក្ដីអស្ចារ្យនឹងព្រះអង្គជាខ្លាំង។ មានពួកសាឌូស៊ីខ្លះដែលពោលថា គ្មានការរស់ឡើងវិញ បានមកជួបព្រះអង្គ ទូលថា៖ «លោកគ្រូ លោកម៉ូសេបានចែងទុកឲ្យយើងខ្ញុំថា "បើបងប្រុសរបស់អ្នកណាស្លាប់ចោលប្រពន្ធ តែឥតមានកូន ប្អូនប្រុសនោះត្រូវរៀបការនឹងបងថ្លៃ ហើយបង្កើតកូនឲ្យបងប្រុសរបស់ខ្លួន "។ ឥឡូវ មានបងប្អូនប្រុសប្រាំពីរនាក់ បងបង្អស់បានរៀបការ ហើយស្លាប់ទៅទាំងឥតមានកូន។ ប្អូនបន្ទាប់ក៏រៀបការនឹងនាង ហើយស្លាប់ទៅទាំងឥតមានកូនដែរ។ អ្នកទីបីក៏ដូចគ្នា អ្នកទាំងប្រាំពីរសុទ្ធតែគ្មានកូនដូចគ្នា។ ទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។ ដូច្នេះ នៅគ្រារស់ឡើងវិញ តើនាងត្រូវជាប្រពន្ធរបស់អ្នកណា? ដ្បិតអ្នកទាំងប្រាំពីរសុទ្ធតែបានរៀបការនឹងនាង»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «តើនេះមិនមែនជាហេតុដែលអ្នករាល់គ្នាយល់ខុស ព្រោះតែអ្នករាល់គ្នាមិនស្គាល់គម្ពីរ ក៏មិនស្គាល់ព្រះចេស្តារបស់ព្រះទេឬ? ដ្បិតពេលមនុស្សស្លាប់រស់ឡើងវិញ គេមិនរៀបការជាប្តីប្រពន្ធទេ គេនឹងបានដូចជាទេវតានៅស្ថានសួគ៌វិញ។ ឯដំណើរដែលមនុស្សស្លាប់រស់ឡើងវិញ តើអ្នករាល់គ្នាមិនបានអានរឿងអំពីគុម្ពបន្លា នៅក្នុងគម្ពីរលោកម៉ូសេទេឬ? ព្រះទ្រង់មានព្រះបន្ទូលមកលោកថា "យើងជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប " ព្រះអង្គមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សរស់វិញទេតើ អ្នករាល់គ្នាយល់ខុសទាំងស្រុង»។ មានអាចារ្យម្នាក់ចូលមកជិត ឮពួកគេជជែកគ្នា ហើយឃើញថាព្រះអង្គបានឆ្លើយនឹងពួកគេយ៉ាងល្អ គាត់ក៏ទូលសួរព្រះអង្គថា៖ «ក្នុងព្រះឱវាទទាំងប៉ុន្មាន តើព្រះឱវាទណាសំខាន់ជាងគេ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ព្រះឱវាទដែលសំខាន់ជាងគេគឺ "អ៊ីស្រាអែលអើយ ចូរស្តាប់ចុះ ព្រះអម្ចាស់ជាព្រះរបស់យើង ជាព្រះអម្ចាស់តែមួយព្រះអង្គគត់ ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង អស់ពីគំនិត និងអស់អំពីកម្លាំងរបស់អ្នក "។ ឯព្រះឱវាទទីពីរគឺ "ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចខ្លួនឯង" គ្មានបទបញ្ជាណាទៀតធំជាងបទបញ្ជាទាំងពីរនេះឡើយ»។ អាចារ្យនោះក៏ទូលព្រះអង្គថា៖ «ពិតហើយ លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ថា ព្រះអង្គជាព្រះតែមួយព្រះអង្គគត់ ហើយក្រៅពីព្រះអង្គ គ្មានព្រះឯណាទៀតសោះ ហើយដែលស្រឡាញ់ព្រះអង្គអស់ពីចិត្ត អស់ពីប្រាជ្ញា អស់ពីព្រលឹង និងអស់ពីកម្លាំង ហើយស្រឡាញ់អ្នកជិតខាងខ្លួន ដូចខ្លួនឯង នោះវិសេសជាងអស់ទាំងតង្វាយដុត និងយញ្ញបូជាទាំងប៉ុន្មានទៅទៀត»។ កាលព្រះយេស៊ូវឃើញថា គាត់ឆ្លើយប្រកបដោយប្រាជ្ញា ព្រះអង្គក៏មានព្រះបន្ទូលទៅគាត់ថា៖ «អ្នកនៅមិនឆ្ងាយពីព្រះរាជ្យរបស់ព្រះទេ»។ បន្ទាប់មក គ្មានអ្នកណាហ៊ានទូលសួរអ្វីដល់ព្រះអង្គទៀតឡើយ។ ពេលព្រះយេស៊ូវកំពុងបង្រៀនក្នុងព្រះវិហារ ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាពួកអាចារ្យនិយាយថា ព្រះគ្រីស្ទជាព្រះរាជវង្សព្រះបាទដាវីឌ? ព្រះបាទដាវីឌផ្ទាល់ មានព្រះបន្ទូលដោយព្រះវិញ្ញាណបរិសុទ្ធថា "ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយខាងស្តាំយើង រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់ព្រះអង្គ នៅក្រោមព្រះបាទព្រះអង្គ" ។ ដូច្នេះ បើព្រះបាទដាវីឌផ្ទាល់ហៅព្រះគ្រីស្ទថាព្រះអម្ចាស់ ធ្វើដូចមេ្តចឲ្យព្រះគ្រីស្ទជាព្រះរាជវង្សរបស់ព្រះអង្គទៅកើត?» បណ្ដាជនជាច្រើនទាំងនោះស្តាប់ព្រះអង្គដោយអំណរ។ ពេលព្រះអង្គបង្រៀន ទ្រង់មានព្រះបន្ទូលថា៖ «ចូរប្រយ័ត្ននឹងពួកអាចារ្យ ដែលដើរចុះឡើងទាំងពាក់អាវវែង ហើយឲ្យគេគំនាប់ខ្លួននៅតាមទីផ្សារ។ គេចូលចិត្តអង្គុយកៅអីកិត្តិយសក្នុងសាលាប្រជុំ និងកន្លែងកិតិ្តយសក្នុងពិធីជប់លៀង គេស៊ីបំផ្លាញផ្ទះស្ត្រីមេម៉ាយ ហើយធ្វើឫកជាអធិស្ឋានយូរ។ អ្នកទាំងនោះនឹងទទួលទោសធ្ងន់ជាងគេ»។ ព្រះយេស៊ូវគង់ទល់មុខហិបតង្វាយ ទតមើលបណ្តាជនដាក់តង្វាយទៅក្នុងហិបតង្វាយនោះ។ អ្នកមានជាច្រើន ដាក់ប្រាក់យ៉ាងច្រើន។ តែមានស្ត្រីមេម៉ាយក្រម្នាក់ មកដាក់តែពីរស្លឹង ដែលត្រូវជាកន្លះសេន។ ពេលនោះ ព្រះអង្គហៅពួកសិស្សមក ហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបា្រប់អ្នករាល់គ្នាជាប្រាកដថា ស្ត្រីមេម៉ាយក្រនេះបានដាក់តង្វាយក្នុងហិប ច្រើនជាងគេទាំងអស់។ ដ្បិតគេទាំងអស់គ្នាសុទ្ធតែបានថ្វាយពីប្រាក់សំណល់របស់ខ្លួន តែស្ត្រីនេះបានថ្វាយអ្វីៗដែលនាងមានសម្រាប់ចិញ្ចឹមជីវិត ចេញពីភាពក្រីក្ររបស់នាង»។
ម៉ាកុស 12:13-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេចាត់ពួកខាងគណៈផារីស៊ី* និងពួកខាងស្ដេចហេរ៉ូដខ្លះឲ្យទៅជិតព្រះយេស៊ូ ចាំចាប់កំហុស នៅពេលព្រះអង្គមានព្រះបន្ទូល។ គេនាំគ្នាមកទូលព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា លោកមានប្រសាសន៍សុទ្ធតែពិតទាំងអស់ លោកគ្រូពុំយោគយល់ ហើយក៏ពុំរើសមុខនរណាឡើយ គឺលោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមសេចក្ដីពិត។ តើច្បាប់*របស់យើងអនុញ្ញាតឲ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ? តើយើងត្រូវបង់ ឬមិនត្រូវបង់?»។ ព្រះយេស៊ូឈ្វេងយល់ពុតត្បុតរបស់គេ ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? សុំយកប្រាក់មួយកាក់មកឲ្យខ្ញុំមើលមើល៍»។ គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះមានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និងឈ្មោះព្រះចៅអធិរាជ!»។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗដែលជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញដែរ»។ គេងឿងឆ្ងល់នឹងព្រះយេស៊ូយ៉ាងខ្លាំង។ មានពួកខាងគណៈសាឌូស៊ី*ចូលមកគាល់ព្រះអង្គ។ ពួកសាឌូស៊ីមិនជឿថាមនុស្សស្លាប់នឹងរស់ឡើងវិញទេ។ គេទូលសួរព្រះយេស៊ូថា៖ «លោកគ្រូ! លោកម៉ូសេ*បានចែងច្បាប់ទុកឲ្យយើងថា “បើបុរសណាមានប្រពន្ធ ហើយស្លាប់ចោលប្រពន្ធទៅ តែគ្មានកូនសោះ ត្រូវឲ្យប្អូនប្រុសរបស់បុរសនោះរៀបការនឹងបងថ្លៃ ដើម្បីបន្ដពូជឲ្យបងប្រុសរបស់ខ្លួន” ។ ឧបមាថា មានបងប្អូនប្រុសៗប្រាំពីរនាក់។ បុរសបងបង្អស់បានរៀបការ ហើយស្លាប់ទៅ តែគ្មានកូនសោះ។ ប្អូនបន្ទាប់រៀបការនឹងបងថ្លៃមេម៉ាយ រួចស្លាប់ទៅ ទាំងឥតមានកូន រីឯប្អូនទីបីក៏ដូច្នោះដែរ។ បងប្អូនទាំងប្រាំពីរនាក់សុទ្ធតែគ្មានកូនដូចគ្នា។ នៅទីបំផុត នាងក៏ស្លាប់ទៅដែរ។ លុះដល់ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ តើនាងត្រូវបានទៅជាប្រពន្ធរបស់អ្នកណា បើប្រាំពីរនាក់សុទ្ធតែយកនាងធ្វើជាប្រពន្ធដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ដ្បិតអ្នករាល់គ្នាមិនស្គាល់គម្ពីរ ហើយមិនស្គាល់ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ផង។ ពេលមនុស្សស្លាប់មានជីវិតរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវតា*នៅស្ថានបរមសុខ*។ លោកម៉ូសេ*បានចែងអំពីមនុស្សស្លាប់នឹងរស់ឡើងវិញ នៅក្នុងអត្ថបទស្ដីអំពីគុម្ពបន្លា តើអ្នករាល់គ្នាធ្លាប់អានឬទេ? ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកថា “យើងជាព្រះរបស់អប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប”។ ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សដែលមានជីវិត។ អ្នករាល់គ្នាយល់ខុសទាំងស្រុងហើយ!»។ មានអាចារ្យ*ម្នាក់បានឮពួកគេជជែកជាមួយព្រះយេស៊ូ ហើយឃើញថាព្រះអង្គមានព្រះបន្ទូលឆ្លើយត្រឹមត្រូវ គាត់ក៏ចូលទៅជិតទូលព្រះអង្គថា៖ «ក្នុងបណ្ដាបទបញ្ជា*ទាំងអស់ តើបទបញ្ជាណាសំខាន់ជាងគេ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «នេះជាបទបញ្ជាទីមួយ: “អ៊ីស្រាអែលអើយ ចូរស្ដាប់! មានតែព្រះអម្ចាស់ជាព្រះរបស់យើងមួយព្រះអង្គគត់ ដែលពិតជាព្រះអម្ចាស់។ ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ” ។ រីឯបទបញ្ជាទីពីរមានចែងថា “ត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯង” ។ គ្មានបទបញ្ជាណាសំខាន់ជាងបទបញ្ជាទាំងពីរនេះទេ»។ អាចារ្យនោះទូលព្រះអង្គថា៖ «លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ ហើយពិតផង។ មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ ក្រៅពីព្រះអង្គ គ្មានព្រះឯណាទៀតឡើយ។ បើយើងស្រឡាញ់ព្រះអង្គអស់ពីចិត្តគំនិត អស់ពីបញ្ញា និងអស់ពីកម្លាំងកាយ ហើយបើយើងស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងថ្វាយតង្វាយដុត និងថ្វាយយញ្ញបូជាទៅទៀត»។ កាលព្រះយេស៊ូឮគាត់ឆ្លើយដោយប្រាជ្ញាវាងវៃដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកនៅមិនឆ្ងាយពីព្រះរាជ្យរបស់ព្រះជាម្ចាស់ទេ»។ បន្ទាប់មក គ្មាននរណាហ៊ានដេញដោលសួរព្រះអង្គទៀតឡើយ។ ព្រះយេស៊ូបង្រៀនមនុស្សម្នានៅក្នុងព្រះវិហារ*ដោយមានព្រះបន្ទូលថា៖ «ហេតុដូចម្ដេចបានជាពួកអាចារ្យនិយាយថា ព្រះគ្រិស្តជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដូច្នេះ? ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានបំភ្លឺព្រះបាទដាវីឌឲ្យមានរាជឱង្ការថា: “ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ” ។ បើព្រះបាទដាវីឌផ្ទាល់ហៅព្រះគ្រិស្ត*ថា “ព្រះអម្ចាស់” ដូច្នេះ តើឲ្យព្រះគ្រិស្តត្រូវជាព្រះរាជវង្សរបស់ព្រះអង្គដូចម្ដេចកើត?»។ បណ្ដាជនជាច្រើនចូលចិត្តស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូណាស់។ ព្រះអង្គមានព្រះបន្ទូលបង្រៀនគេថា៖ «ចូរប្រយ័ត្ននឹងពួកអាចារ្យ*ឲ្យមែនទែន អ្នកទាំងនោះចូលចិត្តពាក់អាវវែង ដើរចុះដើរឡើង ហើយចូលចិត្តឲ្យគេឱនកាយគោរពនៅតាមផ្សារ ព្រមទាំងរើសកន្លែងអង្គុយមុខគេ ក្នុងសាលាប្រជុំ* និងចូលចិត្តកន្លែងកិត្តិយសនៅពេលជប់លៀង។ គេតែងនាំគ្នាឆបោកយកទ្រព្យសម្បត្តិរបស់ស្ត្រីមេម៉ាយ ដោយធ្វើឫកជាសូត្រធម៌យ៉ាងយូរ។ អ្នកទាំងនេះនឹងត្រូវទទួលទោសយ៉ាងធ្ងន់បំផុតជាមិនខាន»។ ព្រះយេស៊ូគង់នៅមុខហិបតង្វាយ ព្រះអង្គទតមើលរបៀបដែលបណ្ដាជនយកប្រាក់មកដាក់ក្នុងហិបនោះ។ អ្នកមានច្រើននាក់ដាក់ប្រាក់ជាច្រើន។ មានស្ត្រីមេម៉ាយក្រីក្រម្នាក់មកដល់ នាងយកប្រាក់ពីរសេនជាចំនួនដ៏តិចតួចបំផុត ដាក់ក្នុងហិបតង្វាយនោះដែរ។ ព្រះយេស៊ូត្រាស់ហៅពួកសិស្ស*មក ហើយមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ស្ត្រីមេម៉ាយក្រីក្រនេះបានដាក់ប្រាក់ក្នុងហិបច្រើនជាងគេទាំងអស់ ដ្បិតពួកអ្នកទាំងនោះយកប្រាក់សំណល់របស់ខ្លួនមកដាក់។ រីឯស្ត្រីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងបានយកប្រាក់ដែលនាងត្រូវការជាចាំបាច់មកដាក់ដែរ គឺប្រាក់ទាំងប៉ុន្មានដែលនាងមានសម្រាប់ចិញ្ចឹមជីវិត»។
ម៉ាកុស 12:13-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេបានចាត់ពួកផារិស៊ីខ្លះ នឹងពួកហេរ៉ូឌខ្លះ ទៅឯព្រះយេស៊ូវ ដើម្បីនឹងចាប់ព្រះបន្ទូល អ្នកទាំងនោះក៏មកឯទ្រង់ទូលថា លោកគ្រូ យើងខ្ញុំដឹងថា លោកពិតត្រង់ ហើយថា លោកមិនអំពល់ដល់អ្នកណាសោះ ពីព្រោះលោកមិនយល់មុខមនុស្សលោកទេ លោកបង្រៀនតែពីផ្លូវព្រះ តាមសេចក្ដីពិតប៉ុណ្ណោះ ដូច្នេះ តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ តើត្រូវបង់ ឬមិនត្រូវបង់ ប៉ុន្តែទ្រង់ស្គាល់ពុតមាយារបស់គេ ក៏មានបន្ទូលថា ហេតុអ្វីបានជាល្បងលខ្ញុំ ចូរយកប្រាក់កាក់ធំមកឲ្យខ្ញុំមើល គេក៏យកមក រួចទ្រង់មានបន្ទូលសួរថា រូបនេះ នឹងឈ្មោះនេះ តើជារបស់អ្នកណា គេឆ្លើយថា របស់សេសារ នោះទ្រង់តបទៅវិញថា ចូរថ្វាយរបស់សេសារទៅសេសារទៅ ហើយរបស់ព្រះទៅព្រះវិញ គេក៏អស្ចារ្យនឹងទ្រង់។ ឯពួកសាឌូស៊ី ដែលថា គ្មានសេចក្ដីរស់ឡើងវិញ គេក៏មកទូលសួរទ្រង់ថា លោកគ្រូ លោកម៉ូសេបានចែងទុកឲ្យយើងខ្ញុំថា «បើបងរបស់អ្នកណាស្លាប់ចោលប្រពន្ធឥតមានកូន នោះត្រូវឲ្យប្អូនយកប្រពន្ធគាត់ ដើម្បីនឹងបង្កើតពូជឲ្យបងខ្លួន» ឥឡូវ មានបងប្អូន៧នាក់ បងច្បងយកប្រពន្ធ ហើយស្លាប់ទៅឥតមានកូន ប្អូនបន្ទាប់ក៏យកនាងនោះ ហើយស្លាប់ទៅ ឥតមានកូនដែរ អ្នកទី៣ក៏ដូចគ្នា អ្នកទាំង៧នោះបានយកនាង តែគ្មានកូន១សោះ ក្រោយបង្អស់មក នាងនោះក៏ស្លាប់ទៅដែរ ដូច្នេះ ដល់គ្រាដែលរស់ឡើងវិញ តើនាងនោះត្រូវបានជាប្រពន្ធរបស់អ្នកណាក្នុងបណ្តាអ្នកទាំងនោះ ពីព្រោះអ្នកទាំង៧បានយកនាងគ្រប់ៗគ្នា ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅគេថា ដូច្នេះ អ្នករាល់គ្នាភាន់ច្រឡំទេតើ ពីព្រោះមិនស្គាល់គម្ពីរ ឬព្រះចេស្តានៃព្រះ ដ្បិតកាលណាមនុស្សរស់ពីស្លាប់ឡើងវិញ នោះមិនដែលយកគ្នាជាប្ដីប្រពន្ធទៀតទេ គេបានដូចជាទេវតានៅស្ថានសួគ៌វិញ ឯដំណើរដែលមនុស្សស្លាប់រស់ឡើងវិញ នោះតើអ្នករាល់គ្នាមិនបានមើលរឿងពីគុម្ពបន្លា ដែលមាននៅក្នុងគម្ពីររបស់លោកម៉ូសេទេឬអី ដែលព្រះទ្រង់មានបន្ទូលនឹងលោកថា «អញជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប» ទ្រង់មិនមែនជាព្រះនៃមនុស្សស្លាប់ទេ គឺជាព្រះនៃមនុស្សរស់វិញទេតើ អ្នករាល់គ្នាភាន់ច្រឡំខ្លាំងណាស់។ នោះមានអាចារ្យម្នាក់ចូលមកឮជជែកគ្នា ក៏យល់ឃើញថា ទ្រង់បានឆ្លើយត្រូវចំ រួចគាត់ទូលសួរទ្រង់ថា ក្នុងបញ្ញត្តទាំងប៉ុន្មាន តើមានបទណាសំខាន់ជាងគេទាំងអស់ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ឯបញ្ញត្តដែលសំខាន់ជាងគេ នោះគឺថា «ចូរស្តាប់ចុះ អ៊ីស្រាអែលអើយ ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់ជាព្រះអម្ចាស់តែ១ព្រះអង្គទ្រង់ ហើយឯងត្រូវស្រឡាញ់ ដល់ព្រះអម្ចាស់ ជាព្រះនៃឯង ឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកំឡាំងនៃឯង» នោះហើយជាបញ្ញត្តទី១ ឯបញ្ញត្តទី២ ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» គ្មានបញ្ញត្តណាទៀតធំជាងបទទាំង២នេះទេ អាចារ្យនោះក៏ទូលទ្រង់ថា មែនហើយ លោកគ្រូ លោកមានប្រសាសន៍ត្រូវណាស់ថា មានព្រះតែ១ ហើយក្រៅពីទ្រង់ គ្មានព្រះណាទៀតសោះ ហើយដែលស្រឡាញ់ទ្រង់អស់ពីចិត្ត អស់ពីប្រាជ្ញា អស់ពីព្រលឹង នឹងអស់ពីកំឡាំង ហើយដែលស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង នោះវិសេសលើសជាងអស់ទាំងដង្វាយដុត នឹងយញ្ញបូជាទាំងប៉ុន្មានទៅទៀត កាលព្រះយេស៊ូវបានឃើញថា គាត់ឆ្លើយដោយប្រាជ្ញា នោះក៏មានបន្ទូលទៅគាត់ថា អ្នកមិនឆ្ងាយពីនគរព្រះទេ រួចគ្មានអ្នកណាហ៊ានទូលសួរទ្រង់ទៀតឡើយ។ កំពុងដែលព្រះយេស៊ូវបង្រៀនក្នុងព្រះវិហារ នោះទ្រង់មានបន្ទូលសួរថា ហេតុអ្វីបានជាពួកអាចារ្យថា ព្រះគ្រីស្ទជាព្រះវង្សហ្លួងដាវីឌ ដ្បិតហ្លួងដាវីឌមានបន្ទូលដោយនូវព្រះវិញ្ញាណបរិសុទ្ធថា «ព្រះអម្ចាស់ទ្រង់មានបន្ទូលទៅព្រះអម្ចាស់ខ្ញុំថា ចូរឯងអង្គុយខាងស្តាំអញ ទាល់តែអញដាក់ខ្មាំងសត្រូវឯង ឲ្យធ្វើជាកំណល់កល់ជើងឯង» ដូច្នេះ បើហ្លួងដាវីឌនោះឯង ទ្រង់ហៅព្រះគ្រីស្ទជាព្រះអម្ចាស់ នោះធ្វើដូចមេ្ដចឲ្យព្រះគ្រីស្ទធ្វើជាព្រះវង្សទ្រង់បាន ឯហ្វូងមនុស្សដ៏ធំនោះ គេក៏ស្តាប់ទ្រង់ដោយអំណរ។ កំពុងដែលទ្រង់បង្រៀន នោះក៏មានបន្ទូលទៅគេថា ចូរប្រុងប្រយ័តនឹងពួកអាចារ្យ ដែលគេចូលចិត្តពាក់អាវវែងៗដើរចុះឡើង ហើយឲ្យគេគំនាប់ខ្លួននៅទីផ្សារ នឹងអង្គុយទីមុខគេនៅក្នុងសាលាប្រជុំ ហើយនៅកន្លែងលេខ១ក្នុងការស៊ីលៀង គេឆស៊ីផ្ទះស្ត្រីមេម៉ាយ ដោយសូត្រធម៌ឲ្យច្រើន ដើម្បីដោះសាខ្លួន ពួកអ្នកទាំងនោះនឹងត្រូវទោសធ្ងន់ជាងទៅទៀត។ គ្រានោះ ព្រះយេស៊ូវគង់ទល់មុខនឹងឃ្លាំង ក៏ទតមើលទៅហ្វូងមនុស្ស ដែលគេដាក់ដង្វាយក្នុងឃ្លាំងជាយ៉ាងដូចមេ្ដច មានអ្នកមានជាច្រើន គេដាក់ច្រើន តែមានស្រីមេម៉ាយក្រម្នាក់ មកដាក់តែ២ស្លឹង ដែលត្រូវជាកន្លះសេន ទ្រង់ហៅពួកសិស្សមកមានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្រីមេម៉ាយក្រនេះបានថ្វាយលើសជាងអ្នកទាំងអស់ ដែលដាក់ក្នុងឃ្លាំង ដ្បិតគេសុទ្ធតែយកពីរបស់ជាសំណល់ខ្លួនមកថ្វាយ តែស្ត្រីនេះបានយកពីសេចក្ដីកំសត់ខ្លួនមកថ្វាយវិញ គឺជារបស់ដែលនាងមានទាំងប៉ុន្មានសំរាប់ចិញ្ចឹមជីវិតខ្លួនផង។