ម៉ាកុស 12:1-12

ម៉ាកុស 12:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ព្រះ‌អង្គ​ចាប់​ផ្តើម​មាន​ព្រះ​បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ធៀប​ថា៖ «មាន​បុរស​ម្នាក់​ដាំ​ទំពាំង​បាយ​ជូរ​មួយ​ចម្ការ។ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ​វិញ ជីក​កន្លែង​មួយ​សម្រាប់​បញ្ជាន់​ផ្លែ ហើយ​សង់​ប៉ម​មួយ។ បន្ទាប់​មក គាត់​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចម្ការ រួច​ក៏​ចេញ​ទៅ​ស្រុក​មួយ​ផេ្សង​ទៀត។ លុះ​ដល់​រដូវ​ប្រ​មូល​ផល គាត់​ចាត់​បាវ​បម្រើ​ម្នាក់​ឲ្យ​ទៅ​ជួប​ពួក​អ្នក​ធ្វើ​ចម្ការ ដើម្បី​ទទួល​ផល​ដែល​ជា​ចំណែក​របស់​គាត់ ពី​អ្នក​ទាំង​នោះ។ ប៉ុន្តែ គេ​ចាប់​អ្នក​បម្រើ​នោះ​វាយ ហើយ​ដេញ​ឲ្យ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។ គាត់​ចាត់​បាវ​បម្រើ​ម្នាក់​ទៀត​ឲ្យ​ទៅ​ជួប​គេ​ម្តង​ទៀត តែ​គេ​វាយ​ក្បាល​អ្នក​បម្រើ​នោះ ហើយ​ជេរ​ប្រមាថ​ទៀត​ផង។ បន្ទាប់​មក គាត់​ចាត់​ម្នាក់​ទៀត​ឲ្យ​ទៅ ហើយ​គេ​សម្លាប់​អ្នក​នោះ ក៏​ប្រព្រឹត្ត​ចំពោះ​អ្នក​បម្រើ​ជា​ច្រើន​ផ្សេង​ទៀត​ដូច​គ្នា ខ្លះ​ត្រូវ​គេ​វាយ ហើយ​ខ្លះ​ទៀត​ត្រូវ​គេ​សម្លាប់។ គាត់​នៅ​មាន​កូន​ជា​ទី​ស្រឡាញ់​ម្នាក់​ទៀត។ ទី​បំផុត គាត់​ក៏​ចាត់​កូន​នោះ​ឲ្យ​ទៅ​ជួប​គេ ដោយ​គិត​ថា "គេ​នឹង​គោរព​កូន​ប្រុស​ខ្ញុំ"។ ប៉ុន្តែ ពួក​អ្នក​ធ្វើ​ចម្ការ​ទាំង​នោះ​និយាយ​គ្នា​ថា "នេះ​ជា​កូន​គ្រង​មត៌ក​ហើយ មក​យើង​សម្លាប់​វា​ចោល ហើយ​មត៌ក​នេះ​នឹង​ក្លាយ​ជា​របស់​យើង"។ ដូច្នេះ​គេ​ក៏​ចាប់​កូន​នោះ​សម្លាប់ ហើយ​បោះ​ចោល​ទៅ​ក្រៅ​ចម្ការ។ តើ​ម្ចាស់​ចម្ការ​នឹង​ធ្វើ​ដូច​ម្តេច? គាត់​នឹង​មក​សម្លាប់​ពួក​អ្នក​ធ្វើ​ចម្ការ​ទាំង​នោះ រួច​ប្រគល់​ចម្ការ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត។ តើ​អ្នក​រាល់​គ្នា​មិន​ដែល​អាន​បទ​គម្ពីរ​នេះ​ទេ​ឬ​ថា "ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​នេះ ហើយ​ជា​ការ​អស្ចារ្យ​នៅ​ចំពោះ​ភ្នែក​យើង​ខ្ញុំ "?» គេ​ក៏​រក​មធ្យោ​បាយ​ចាប់​ព្រះ‌អង្គ ព្រោះ​គេ​ដឹង​ថា ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ជា​រឿង​ប្រៀប​ធៀប​នេះ សំដៅ​លើ​ពួក​គេ ប៉ុន្តែ គេ​ខ្លាច​បណ្ដា​ជន ដូច្នេះ គេ​ក៏​ចេញ​ពី​ព្រះ‌អង្គ​ទៅ។

ចែក​រំលែក
អាន ម៉ាកុស 12

ម៉ាកុស 12:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ជា​ប្រស្នា​ថា៖ «មាន​បុរស​ម្នាក់​ដាំ​ទំពាំង‌បាយជូរ​មួយ​ចម្ការ។ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ គាត់​រៀបចំ​កន្លែង​មួយ ដើម្បី​បញ្ជាន់​ផ្លែ​ទំពាំង‌បាយជូរ ព្រម​ទាំង​សង់​ខ្ទម​មួយ​ផង។ បន្ទាប់​មក គាត់​ប្រវាស់​ឲ្យ​ពួក​កសិករ​មើល​ថែ‌ទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​ទៅ។ លុះ​ដល់​ទំពាំង‌បាយជូរ​ទុំ គាត់​ក៏​ចាត់​អ្នក​បម្រើ​ម្នាក់​ឲ្យ​មក​ទទួល​ផល ដែល​ជា​ចំណែក​របស់​គាត់​ពី​ពួក​អ្នក​ថែ​ចម្ការ។ គេ​នាំ​គ្នា​ចាប់​អ្នក​បម្រើ​នោះ​វាយ‌ដំ ហើយ​បណ្ដេញ​ឲ្យ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។ ម្ចាស់​ចម្ការ​ក៏​ចាត់​អ្នក​បម្រើ​ម្នាក់​ទៀត​ឲ្យ​មក ប៉ុន្តែ ពួក​អ្នក​ថែ​ចម្ការ​នាំ​គ្នា​វាយ​ក្បាល​អ្នក​បម្រើ​នោះ ហើយ​ជេរ​ស្ដី​ទៀត​ផង។ ម្ចាស់​ចម្ការ​ចាត់​អ្នក​បម្រើ​ម្នាក់​ផ្សេង​ទៀត​ឲ្យ​មក។ អ្នក​ថែ​ចម្ការ​បាន​សម្លាប់​អ្នក​បម្រើ​នោះ។ បន្ទាប់​មក អ្នក​បម្រើ​ផ្សេង​ទៀត​ជា​ច្រើន​រូប​ក៏​រង​គ្រោះ​ដូច្នោះ​ដែរ ខ្លះ​ត្រូវ​គេ​វាយ‌ដំ ខ្លះ​ត្រូវ​គេ​សម្លាប់។ ម្ចាស់​ចម្ការ​មាន​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​តែ​មួយ​គត់ គាត់​ចាត់​បុត្រ​នោះ​ឲ្យ​មក​ក្រោយ​គេ​បង្អស់ ដោយ​យល់​ថា “គេ​មុខ​ជា​គោរព​កោតខ្លាច​កូន​ប្រុស​ខ្ញុំ​មិន​ខាន”។ ប៉ុន្តែ ពួក​កសិករ​ថែ​ចម្ការ​ទាំង​នោះ​ពិគ្រោះ​គ្នា​ថា “អ្នក​នេះ​ជា​អ្នក​ទទួល​កេរ‌មត៌ក​ពី​ម្ចាស់​ចម្ការ​ទៅ​ថ្ងៃ​ក្រោយ យើង​នាំ​គ្នា​សម្លាប់​វា​ទៅ ចម្ការ​នេះ​នឹង​ធ្លាក់​មក​ជា​សម្បត្តិ​របស់​យើង”។ គេ​ក៏​ចាប់​កូន​ប្រុស​ម្ចាស់​ចម្ការ​យក​មក​សម្លាប់ រួច​បោះ​ទៅ​ក្រៅ​ចម្ការ​ទំពាំង‌បាយជូរ។ តើ​ម្ចាស់​ចម្ការ​ធ្វើ​យ៉ាង​ដូច​ម្ដេច? គាត់​មុខ​ជា​មក​សម្លាប់​អ្នក​ថែ‌រក្សា​ចម្ការ​ទាំង​នោះ​មិន​ខាន រួច​ប្រគល់​ចម្ការ​ទំពាំង‌បាយជូរ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត។ អ្នក​រាល់​គ្នា​ពិត​ជា​ធ្លាប់​អាន​អត្ថ‌បទ​គម្ពីរ ដែល​មាន​ចែង​ថា: “ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល បាន​ត្រឡប់​មក​ជា​គ្រឹះ​ដ៏​សំខាន់​បំផុត។ ព្រះ‌អម្ចាស់​បាន​សម្រេច​ការ‌អស្ចារ្យ​នេះ យើង​បាន​ឃើញ ហើយ​ស្ងើច​សរសើរ​ផង” »។ ពួក​មេ​ដឹក​នាំ​សាសន៍​យូដា​យល់​ថា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​នេះ​សំដៅ​លើ​ពួក​គេ គេ​ក៏​នាំ​គ្នា​រក​មធ្យោ‌បាយ​ចាប់​ព្រះអង្គ ប៉ុន្តែ គេ​ខ្លាច​បណ្ដា‌ជន ដូច្នេះ គេ​ក៏​ចាក​ចេញ​ពី​ព្រះ‌យេស៊ូ​ទៅ។

ចែក​រំលែក
អាន ម៉ាកុស 12

ម៉ាកុស 12:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​ក៏​ចាប់​តាំង​មាន​បន្ទូល​ទៅ​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​ថា មាន​មនុស្ស​ម្នាក់​ដែល​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​ជីក​ទី​ជាន់​ផ្លែ នឹង​សង់​ប៉ម ហើយ​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចំការ រួច​ចេញ​ពី​ស្រុក​នោះ​ទៅ ដល់​រដូវ​ហើយ គាត់​ចាត់​បាវ​ម្នាក់​ទៅ​ឯ​ពួក​អ្នក​ធ្វើ​ចំការ ដើម្បី​នឹង​ទទួល​ផល​ខ្លះ​ពី​ពួក​អ្នក​ទាំង​នោះ តែ​គេ​ចាប់​បាវ​នោះ​វាយ ហើយ​ឲ្យ​ត្រឡប់​ទៅ​វិញ​ទទេ គាត់​ចាត់​បាវ​១​ទៀត​ឲ្យ​ទៅ​ឯ​គេ តែ​គេ​ចោល​បាវ​នោះ​នឹង​ថ្ម ទាំង​វាយ​ក្បាល ហើយ​បណ្តេញ​ឲ្យ​ទៅ​វិញ ទាំង​ជេរ​ប្រមាថ​ផង គាត់​ក៏​ចាត់​ម្នាក់​ទៀត តែ​គេ​សំឡាប់​អ្នក​នោះ​បង់ ក៏​បាន​ចាត់​ជា​ច្រើន​នាក់​ទៅ​ទៀត ខ្លះ​ត្រូវ​គេ​វាយ ខ្លះ​ត្រូវ​គេ​សំឡាប់​ចោល គាត់​នៅ​មាន​កូន​សំឡាញ់​តែ​១ ក៏​ចាត់​កូន​នោះ​ឲ្យ​ទៅ​ឯ​គេ​ក្រោយ​បង្អស់ ដោយ​គិត​ថា គេ​នឹង​កោត‌ខ្លាច​ដល់​កូន​អញ តែ​ពួក​អ្នក​ធ្វើ​ចំការ​នោះ គេ​និយាយ​គ្នា​ថា នេះ​ជា​កូន​គ្រង​មរដក ចូរ​យើង​សំឡាប់​វា​ចេញ នោះ​មរដក​នេះ​នឹង​បាន​មក​លើ​យើង​រាល់​គ្នា​វិញ រួច​គេ​ចាប់​កូន​គាត់ សំឡាប់​បោះ​ចោល​ទៅ​ក្រៅ​ចំការ​ទៅ ដូច្នេះ តើ​ម្ចាស់​ចំការ​នឹង​ធ្វើ​ដូច​ម្តេច គឺ​គាត់​នឹង​មក​បំផ្លាញ​ពួក​អ្នក​ធ្វើ​ចំការ​នោះ រួច​ប្រវាស់​ទៅ​ឲ្យ​អ្នក​ឯ​ទៀត​វិញ តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​បទ​គម្ពីរ​នេះ​ផង​ទេ​ឬ​អី ដែល​ថា «ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បាន​ចោល​ចេញ នោះ​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ការ​នោះ គឺ​ព្រះ‌អម្ចាស់​ទ្រង់​បាន​ធ្វើ ហើយ​ជា​ការ​អស្ចារ្យ​នៅ​ភ្នែក​យើង​ខ្ញុំ» គេ​ក៏​រក​ឱកាស​ចាប់​ទ្រង់ ព្រោះ​ដឹង​ថា ទ្រង់​មាន​បន្ទូល​ពាក្យ​ប្រៀប​នោះ​ដាក់​គេ ប៉ុន្តែ​គេ​ខ្លាច​ហ្វូង​មនុស្ស រួច​គេ​ដើរ​ចោល​ទ្រង់​បាត់​ទៅ។

ចែក​រំលែក
អាន ម៉ាកុស 12