ម៉ាកុស 11:1-14

ម៉ាកុស 11:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​គេ​មក​ជិត​ដល់​ក្រុង​យេរូ‌សាឡិម នៅ​ត្រង់​ភូមិ​បេត‌ផាសេ និង​ភូមិ​បេថា‌នី ជិត​ភ្នំ​ដើម​អូលីវ ព្រះ‌អង្គ​ចាត់​សិស្ស​របស់​ព្រះ‌អង្គ​ពីរ​នាក់ ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ទៅ​ភូមិ​នៅ​ខាង​មុខ​អ្នក​រាល់​គ្នា​នោះ​ទៅ ហើយ​ពេល​ចូល​ទៅ​ដល់​ភ្លាម អ្នក​នឹង​ឃើញ​កូន​លា​មួយ​ចង​ទុក​នៅ​ទី​នោះ ដែល​មិន​ទាន់​មាន​អ្នក​ណា​ជិះ​នៅ​ឡើយ ចូរ​ស្រាយ ហើយ​ដឹក​វា​មក។ បើ​មាន​អ្នក​ណា​សួរ​ថា "ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ?" ចូរ​ប្រាប់​ថា "ព្រះ‌អម្ចាស់​ត្រូវ​ការ​វា តែ​គេ​នឹង​ដឹក​វា​មក​ទី​នេះ​វិញ​ភ្លាម"»។ សិស្ស​ទាំង​ពីរ​ក៏​ចេញ​ទៅ ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក​នៅ​មាត់​ទ្វារ​ខាង​ក្រៅ ក្បែរ​ផ្លូវ ហើយ​គេ​ក៏​ស្រាយ​វា។ មាន​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ សួរ​ថា៖ «តើ​អ្នក​ធ្វើ​អ្វី​ហ្នឹង ស្រាយ​កូន​លា​នេះ​ឬ?» អ្នក​ទាំង​នោះ​ឆ្លើយ​ទៅ​គេ តាម​ពាក្យ​ដែល​ព្រះ‌យេស៊ូវ​បាន​បង្គាប់ ហើយ​គេ​ក៏​ឲ្យ​ដឹក​វា​យក​ទៅ។ អ្នក​ទាំង​ពីរ​ដឹក​កូន​លា​នោះ​មក​ថ្វាយ​ព្រះ‌យេស៊ូវ យក​អាវ​របស់​ខ្លួន​ក្រាល​លើ​វា ហើយ​ព្រះ‌អង្គ​ក៏​ឡើង​គង់។ មនុស្ស​ជា​ច្រើន​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ ហើយ​ខ្លះ​ទៀត​កាច់​ស្លឹក​ឈើ​ពី​ចម្ការ មក​រាយ​តាម​ផ្លូវ។ ពេល​នោះ អស់​អ្នក​ដែល​ដើរ​ហែ​ហម​ពី​មុខ​ពី​ក្រោយ នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ហូសា‌ណា សូម​ថ្វាយ​ព្រះ​ពរ​ព្រះ‌អង្គ​ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ។ សូម​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះរាជ្យ​ដែល​កំពុង​តែ​មក​ដល់ គឺ​ព្រះរាជ្យ​របស់​ព្រះ​បាទ​ដាវីឌ ជា​បុព្វ‌បុរស​របស់​យើង! ហូសា‌ណា! នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត!»។ ពេល​ព្រះ‌អង្គ​យាង​មក​ដល់​ក្រុង​យេរូ‌សាឡិម ទ្រង់​ក៏​ចូល​ក្នុង​ព្រះ‌វិហារ។ ក្រោយ​ពី​បាន​ទត​មើល​ជុំ​វិញ​សព្វ​គ្រប់​ហើយ ព្រះ‌អង្គ​ក៏​យាង​ទៅ​ភូមិ​បេថា‌នី​ជា​មួយ​អ្នក​ទាំង​ដប់​ពីរ ដ្បិត​ល្ងាច​ណាស់​ហើយ។ នៅ​ថ្ងៃ​បន្ទាប់ ពេល​គេ​ចេញ​ពី​ភូមិ​បេថា‌នី ព្រះ‌អង្គ​ឃ្លាន។ ពេល​ព្រះ‌អង្គ​ទត​ឃើញ​ដើម​ល្វា​មួយ​ដើម​ពី​ចម្ងាយ ដែល​មាន​ស្លឹក ព្រះ‌អង្គ​ក៏​យាង​ទៅ​មើល ក្រែង​រក​បាន​ផ្លែ​ខ្លះ។ កាល​ព្រះ‌អង្គ​យាង​ទៅ​ជិត ទ្រង់​ទត​ឃើញ​មាន​តែ​ស្លឹក​ប៉ុណ្ណោះ ព្រោះ​មិន​ទាន់​ដល់​រដូវ​ល្វា​ផ្លែ​នៅ​ឡើយ។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ដើម​ល្វា​នោះ​ថា៖ «សូម​កុំ​ឲ្យ​អ្នក​ណា​បរិ‌ភោគ​ផ្លែ​ពី​ឯង​ទៀត​ឡើយ»។ ពួក​សិស្ស​ព្រះ‌អង្គ​ក៏​ឮ។

ចែក​រំលែក
អាន ម៉ាកុស 11

ម៉ាកុស 11:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌យេស៊ូ​យាង​មក​ជា​មួយ​សិស្ស​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ។ លុះ​មក​ដល់​ជិត​ភូមិ​បេតផា‌សេ និង​ភូមិ​បេតថា‌នី ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ ព្រះអង្គ​ចាត់​សិស្ស​ពីរ​រូប​ឲ្យ​ទៅ​មុន ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​ភូមិ​នៅ​មុខ​អ្នក​រាល់​គ្នា ពេល​ទៅ​ដល់​ភ្លាម អ្នក​នឹង​ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក ពុំ​ទាន់​ដែល​មាន​នរណា​ជិះ​នៅ​ឡើយ​ទេ ចូរ​ស្រាយ​វា​ដឹក​មក។ ប្រសិន​បើ​មាន​គេ​សួរ​ថា“ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​វា” ចូរ​ឆ្លើយ​ប្រាប់​គេ​ថា “ព្រះ‌អម្ចាស់​ត្រូវ​ការ​វា តែ​ព្រះអង្គ​នឹង​ឲ្យ​គេ​ដឹក​មក​វិញ​ភ្លាម​ជា​មិន​ខាន”»។ សិស្ស​ទាំង​ពីរ​រូប​ចេញ​ដំណើរ​ទៅ ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក​នៅ​មាត់​ទ្វារ ខាង​ក្រៅ​ផ្ទះ ក្បែរ​ផ្លូវ ហើយ​ក៏​ស្រាយ​វា។ មាន​អ្នក​ខ្លះ​នៅ​ទី​នោះ​សួរ​អ្នក​ទាំង​ពីរ​ថា៖ «តើ​អ្នក​ធ្វើ​អ្វី​ហ្នឹង ហេតុ​អ្វី​បាន​ជា​អ្នក​ស្រាយ​កូន​លា​នេះ?»។ សិស្ស​ទាំង​ពីរ​ឆ្លើយ​ទៅ​គេ តាម​ពាក្យ​ដែល​ព្រះ‌យេស៊ូ​បាន​បង្គាប់​មក គេ​ក៏​ឲ្យ​ដឹក​ចេញ​ទៅ។ សិស្ស​ទាំង​ពីរ​ដឹក​វា​យក​មក​ថ្វាយ​ព្រះ‌យេស៊ូ ហើយ​យក​អាវ​របស់​ខ្លួន​ក្រាល​ពី​លើ​ខ្នង​កូន​លា ព្រះអង្គ​ក៏​ឡើង​គង់​លើ​ខ្នង​កូន​លា​នោះ។ មាន​មនុស្ស‌ម្នា​ជា​ច្រើន​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ ហើយ​ខ្លះ​ទៀត​យក​ស្លឹក​ឈើ​ពី​ចម្ការ​មក​រាយ​លើ​ផ្លូវ​ដែរ។ អស់​អ្នក​ដែល​ដើរ​ហែ‌ហម​ព្រះ‌យេស៊ូ​ពី​មុខ​ពី​ក្រោយ នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ជយោ! សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះអង្គ ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះ‌រាជ្យ*​ដែល​កំពុង​តែ​មក​ដល់ គឺ​ព្រះ‌រាជ្យ​របស់​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​យើង! ជយោ! ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!»។ កាល​ព្រះ‌យេស៊ូ​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ព្រះអង្គ​ក៏​យាង​ចូល​ក្នុង​ព្រះ‌វិហារ*។ ក្រោយ​ពី​បាន​ទត​មើល​សព្វ​គ្រប់​អស់​ហើយ ព្រះអង្គ​យាង​ទៅ​ភូមិ​បេតថា‌នី​ជា​មួយ​សិស្ស​ទាំង​ដប់‌ពីរ​រូប ដ្បិត​ល្ងាច​ណាស់​ហើយ។ នៅ​ថ្ងៃ​បន្ទាប់ ព្រះអង្គ​យាង​ចេញ​ពី​ភូមិ​បេតថា‌នី ពេល​នោះ ព្រះអង្គ​ឃ្លាន។ ព្រះអង្គ​ទត​ឃើញ​ឧទុម្ពរ*​មួយ​ដើម​ពី​ចម្ងាយ មាន​ស្លឹក​ខៀវ​ខ្ចី ព្រះអង្គ​ក៏​យាង​តម្រង់​ទៅ ក្រែង​លោ​មាន​ផ្លែ។ ពេល​ព្រះអង្គ​យាង​ទៅ​ជិត ព្រះអង្គ​ទត​ឃើញ​មាន​តែ​ស្លឹក​ប៉ុណ្ណោះ ដ្បិត​ពុំ​ទាន់​ដល់​រដូវ​ឧទុម្ពរ​ផ្លែ​នៅ​ឡើយ​ទេ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ដើម​ឧទុម្ពរ​នោះ​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ គ្មាន​នរណា​បរិ‌ភោគ​ផ្លែ​របស់​ឯង​ទៀត​ឡើយ!»។ ពួក​សិស្ស*​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។

ចែក​រំលែក
អាន ម៉ាកុស 11

ម៉ាកុស 11:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​មក​ជិត​ដល់​ក្រុង​យេរូ‌សាឡិម ដល់​ភូមិ​បេត‌ផាសេ នឹង​បេថានី ទន្ទឹម​នឹង​ភ្នំ​ដើម​អូលីវ​ហើយ នោះ​ទ្រង់​ចាត់​សិស្ស​២​នាក់​ឲ្យ​ទៅ ដោយ​បន្ទូល​ថា ចូរ​ទៅ​ឯ​ភូមិ​ខាង​មុខ​នុ៎ះ កាល​ណា​ចូល​ទៅ​ដល់ នោះ​នឹង​ឃើញ​កូន​លា​គេ​បាន​ចង​ទុក ដែល​ឥត​មាន​អ្នក​ណា​ទាន់​ជិះ​នៅ​ឡើយ ចូរ​ស្រាយ​ដឹក‌នាំ​វា​មក បើ​អ្នក​ណា​សួរ​ថា ស្រាយ​វា​ធ្វើ​អី នោះ​ត្រូវ​ឆ្លើយ​ថា ព្រះ‌អម្ចាស់​ទ្រង់​ត្រូវ​ការ​នឹង​វា រួច​គេ​នឹង​ឲ្យ​វា​មក​ហើយ អ្នក​ទាំង​២​ក៏​ទៅ ឃើញ​កូន​លា​គេ​ចង​ទុក​នៅ​មាត់​ទ្វារ ត្រង់​កន្លែង​ផ្លូវ​ប្រសព្វ រួច​ក៏​ស្រាយ​វា ឯ​ពួក​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ​គេ​សួរ​ថា អ្នក​ស្រាយ​កូន​លា​ធ្វើ​អី អ្នក​ទាំង​នោះ​ឆ្លើយ​ប្រាប់ ដូច​ជា​ព្រះ‌យេស៊ូវ​ទ្រង់​បង្គាប់ រួច​គេ​ក៏​បើក​ឲ្យ អ្នក​ទាំង​២​ដឹក‌នាំ​កូន​លា​មក​ឯ​ព្រះ‌យេស៊ូវ រួច​ក្រាល​អាវ​លើ​វា ហើយ​ទ្រង់​ឡើង​គង់ មាន​មនុស្ស​ជា​ច្រើន​នាំ​គ្នា​ក្រាល​អាវ​ខ្លួន​នៅ​ផ្លូវ ហើយ​ខ្លះ​ទៀត​កាច់​មែក​ឈើ យក​មក​រាយ​តាម​ផ្លូវ​ដែរ ឯ​ពួក​អ្នក​ដែល​ដើរ​ហែ​មុខ​ក្រោយ គេ​ស្រែក​ឡើង​ថា ហូសា‌ណា ព្រះ‌អង្គ​ដែល​យាង​មក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ រាជ្យ​នៃ​ហ្លួង​ដាវីឌ ជា​ឰយុកោ​យើង​រាល់​គ្នា ដែល​មក​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ក៏​ប្រកប​ដោយ​ព្រះ‌ពរ​ដែរ ហូសា‌ណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត នោះ​ព្រះ‌យេស៊ូវ ទ្រង់​យាង​ចូល​ទៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ក៏​ទៅ​ក្នុង​ព្រះ‌វិហារ កាល​ទ្រង់​ទត​ជុំ‌វិញ មើល​សព្វ​គ្រប់​ទាំង​អស់​ហើយ នោះ​ក៏​យាង​ទៅ​ឯ​បេថានី ព្រម​ទាំង​ពួក​១២​ផង ដ្បិត​ថ្ងៃ​កាន់​តែ​ទាប​ណាស់​ហើយ។ ថ្ងៃ​ស្អែក​ឡើង កាល​បាន​ចេញ​ពី​បេថានី​មក នោះ​ទ្រង់​ក៏​ឃ្លាន ទ្រង់​ទត​ឃើញ​ដើម​ល្វា​១​ពី​ចំងាយ ដែល​មាន​សន្លឹក រួច​ទ្រង់​យាង​ទៅ​មើល ក្រែង​រក​បាន​ផ្លែ​ខ្លះ តែ​កាល​ទៅ​ដល់ នោះ​ឃើញ​មាន​តែ​ស្លឹក​ទទេ ព្រោះ​មិន​ទាន់​ដល់​រដូវ​នៅ​ឡើយ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ដើម​នោះ​ថា កុំ​ឲ្យ​អ្នក​ណា​ស៊ី​ផ្លែ​ឯង​ទៀត​ជា​រៀង​រាប​ដរាប​ទៅ ពួក​សិស្ស​ទ្រង់​ក៏​ឮ។

ចែក​រំលែក
អាន ម៉ាកុស 11