ម៉ាកុស 10:2-16
ម៉ាកុស 10:2-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានពួកផារិស៊ីខ្លះបានចូលមកល្បងលព្រះអង្គ ដោយសួរថា៖ «តើមានច្បាប់ឲ្យបុរសលែងប្រពន្ធបានឬទេ?» ព្រះអង្គមានព្រះបន្ទូលឆ្លើយទៅគេថា៖ «តើលោកម៉ូសេបានបង្គាប់អ្នករាល់គ្នាដូចម្តេច?» គេទូលថា៖ «លោកម៉ូសេអនុញ្ញាតឲ្យបុរសសរសេរសំបុត្រលែងលះ ហើយឲ្យលែងនាងបាន»។ ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «លោកបានចែងបទបញ្ជាដូច្នេះសម្រាប់អ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាមានចិត្តរឹងរូស។ ប៉ុន្តែ តាំងពីដើមកំណើតពិភពលោកមក "ព្រះបានបង្កើតគេជាប្រុសជាស្រី" "ដោយហេតុនេះបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ [ទៅរួមរស់ជាមួយប្រពន្ធរបស់ខ្លួន] ហើយអ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ "។ ដូច្នេះ គេមិនមែនពីរនាក់ទៀតទេ គឺជាសាច់តែមួយវិញ។ ដូច្នេះ មនុស្សដែលព្រះបានផ្សំផ្គុំហើយ មិនត្រូវឲ្យអ្នកណាមកពង្រាត់ឡើយ»។ ពេលចូលក្នុងផ្ទះ ពួកសិស្សទូលសួរព្រះអង្គអំពីរឿងនេះម្តងទៀត។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នកណាលែងប្រពន្ធ ហើយរៀបការនឹងស្ត្រីម្នាក់ទៀត អ្នកនោះផិតក្បត់នឹងប្រពន្ធ ហើយបើនាងលែងប្តី រួចរៀបការនឹងបុរសម្នាក់ទៀត ស្ត្រីនោះក៏ផិតក្បត់ដែរ»។ មានមនុស្សនាំក្មេងតូចៗមកថ្វាយព្រះអង្គ ដើម្បីឲ្យព្រះអង្គពាល់ពួកគេ ប៉ុន្តែ ពួកសិស្សបន្ទោសអ្នកទាំងនោះ។ កាលព្រះយេស៊ូវឃើញដូច្នោះ ព្រះអង្គទាស់ព្រះហឫទ័យជាខ្លាំង ហើយមានព្រះបន្ទូលទៅគេថា៖ «ទុកឲ្យក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកគេឡើយ ដ្បិតព្រះរាជ្យរបស់ព្រះជារបស់មនុស្ស ដូចក្មេងៗទាំងនេះឯង»។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា៖ «អ្នកណាមិនទទួលព្រះរាជ្យរបស់ព្រះ ដូចជាក្មេងតូចមួយនេះទេ អ្នកនោះមិនអាចចូលក្នុងព្រះរាជ្យរបស់ព្រះបានឡើយ»។ បន្ទាប់មក ព្រះអង្គលើកក្មេងទាំងនោះឡើង ដាក់ព្រះហស្តលើ ហើយប្រទានពរពួកគេ។
ម៉ាកុស 10:2-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានពួកខាងគណៈផារីស៊ី*ចូលមកជិត ក្នុងគោលបំណងល្បងលមើលព្រះអង្គ។ គេទូលសួរព្រះអង្គថា៖ «តើស្វាមីមានសិទ្ធិលែងភរិយាបានឬទេ?»។ ព្រះអង្គមានព្រះបន្ទូលថា៖ «តើលោកម៉ូសេបង្គាប់អ្នករាល់គ្នាឲ្យធ្វើអ្វី?»។ គេទូលតបថា៖ «លោកម៉ូសេអនុញ្ញាតឲ្យស្វាមីធ្វើលិខិតលែងលះប្រពន្ធបាន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «លោកម៉ូសេចែងបទបញ្ជា*ទាំងនេះឲ្យអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាមានចិត្តរឹងរូស។ ប៉ុន្តែ កាលដើមដំបូង នៅពេលដែលព្រះជាម្ចាស់បានបង្កើតពិភពលោក ព្រះអង្គបង្កើតមនុស្សមកជាបុរសជាស្ត្រី ។ “ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ [ទៅរួមរស់ជាមួយភរិយារបស់ខ្លួន] ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ” គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករ ដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។ ពេលទៅដល់ផ្ទះ ពួកសិស្សទូលសួរព្រះយេស៊ូអំពីរឿងនេះម្ដងទៀត។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើស្វាមីណាលែងភរិយា ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត ស្វាមីនោះបានផិតក្បត់ភរិយារបស់ខ្លួន។ រីឯភរិយាណាដែលលែងស្វាមី ហើយទៅរៀបការនឹងបុរសម្នាក់ទៀត ស្ត្រីនោះក៏បានប្រព្រឹត្តអំពើផិតក្បត់ដែរ»។ មានមនុស្សម្នានាំក្មេងតូចៗមកឲ្យព្រះយេស៊ូដាក់ព្រះហស្ដលើពួកវា ប៉ុន្តែ ពួកសិស្ស*ស្ដីបន្ទោសអ្នកទាំងនោះ។ កាលព្រះយេស៊ូឃើញដូច្នោះ ព្រះអង្គទាស់ព្រះហឫទ័យណាស់ ហើយមានព្រះបន្ទូលថា៖ «ទុកឲ្យក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតមានតែអ្នកមានចិត្តដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលចូលក្នុងព្រះរាជ្យ*ព្រះជាម្ចាស់បាន។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនព្រមទទួលព្រះរាជ្យព្រះជាម្ចាស់ ដូចក្មេងតូចមួយទទួលទេ អ្នកនោះមិនអាចចូលក្នុងព្រះរាជ្យព្រះអង្គឡើយ»។ បន្ទាប់មក ព្រះអង្គឱបក្មេងទាំងនោះ រួចប្រទានពរឲ្យពួកវា ដោយដាក់ព្រះហស្ដពីលើ។
ម៉ាកុស 10:2-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកផារិស៊ីគេមកល្បងសួរទ្រង់ ពីច្បាប់ដែលនឹងលែងប្រពន្ធបានឬមិនបាន តែទ្រង់មានបន្ទូលឆ្លើយថា តើលោកម៉ូសេបានបង្គាប់មកអ្នករាល់គ្នាថាដូចម្តេច គេទូលថា លោកបានអនុញ្ញាតឲ្យធ្វើសំបុត្រលះលែង ហើយឲ្យលែងទៅ ទ្រង់មានបន្ទូលឆ្លើយថា ដែលលោកបានតែងច្បាប់នោះឲ្យអ្នករាល់គ្នា គឺដោយព្រោះតែចិត្តអ្នករាល់គ្នារឹងរូសប៉ុណ្ណោះ ប៉ុន្តែ តាំងពីដើមកំណើតមនុស្សមក នោះព្រះទ្រង់បានបង្កើតគេជាប្រុសជាស្រី ដោយហេតុនោះបានជាមនុស្សប្រុសតែងនឹងលាចេញពីឪពុកម្តាយ ទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១ គេមិនមែនជា២ទៀត គឺជាសាច់តែ១សុទ្ធ ដូច្នេះ កុំឲ្យអ្នកណាពង្រាត់មនុស្ស ដែលព្រះបានផ្សំផ្គុំគ្នាឡើយ កាលកំពុងនៅក្នុងផ្ទះ នោះពួកសិស្សទូលសួរទ្រង់ពីសេចក្ដីដដែលម្តងទៀត ហើយទ្រង់មានបន្ទូលថា អ្នកណាដែលនឹងលែងប្រពន្ធ ទៅយក១ទៀត នោះឈ្មោះថាផិតប្រពន្ធហើយ បើស្ត្រីណាលែងប្ដីទៅយក១ទៀត នោះក៏ឈ្មោះថាបានផិតប្ដីដែរ។ រួចមានគេនាំក្មេងតូចៗមកថ្វាយទ្រង់ពាល់ ប៉ុន្តែពួកសិស្សបន្ទោសដល់ពួកអ្នកដែលនាំវាមក កាលព្រះយេស៊ូវបានឃើញ នោះទ្រង់គ្នាន់ក្នុងព្រះហឫទ័យ ក៏មានបន្ទូលទៅគេថា ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរព្រះមានសុទ្ធតែមនុស្សដូចវារាល់គ្នាដែរ ហើយខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនទទួលនគរព្រះដូចជាកូនក្មេង១នេះ នោះមិនបានចូលទៅក្នុងនគរនោះឡើយ ទ្រង់ក៏ឱបវារាល់គ្នា ហើយដាក់ព្រះហស្តលើ ទាំងប្រទានពរឲ្យផង។