មីកា 7:1-7
មីកា 7:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
វរហើយខ្ញុំ ដ្បិតខ្ញុំដូចជាអ្នកដែលប្រមូលផលបន្ទាប់ពីផ្លែរដូវក្តៅ បន្ទាប់ពីគេបានប្រឡេះផ្លែទំពាំងបាយជូរជាន់អស់ហើយ គ្មានចង្កោមណាសល់ឲ្យបានស៊ីទេ ក៏គ្មានផ្លែល្វាទុំដើមរដូវ ដែលខ្ញុំចូលចិត្តដែរ។ មនុស្សដែលគោរពតាមព្រះ បានសូន្យបាត់ពីផែនដីទៅ គ្មានអ្នកណាដែលទៀងត្រង់ នៅក្នុងពួកមនុស្សលោកទេ គេសុទ្ធតែលបចាំកម្ចាយឈាម គ្រប់គ្នាប្រដេញបងប្អូនខ្លួនដោយមង ដៃរបស់គេជំនាញនឹងប្រព្រឹត្តអំពើអាក្រក់ ពួកមេ និងពួកចៅក្រមឃុបឃិតគ្នាទាររកសំណូក ឯអ្នកមានអំណាចទាររកអ្វីដែលចិត្តគេចង់បាន គឺយ៉ាងនោះឯងដែលគេបង្វែរយុត្តិធម៌ ។ មនុស្សល្អបំផុតក្នុងចំណោមពួកគេ ប្រៀបដូចជាបន្លា ហើយអ្នកដែលទៀងត្រង់បំផុតក្នុងចំណោមពួកគេ ប្រៀបដូចជារបងបន្លា។ ថ្ងៃនៃពួកចាំយាមរបស់គេ គឺថ្ងៃដែលគេត្រូវទទួលទោស បានមកដល់ហើយ ឥឡូវនេះ គ្រាចលាចលរបស់គេនៅជិតបង្កើយ។ កុំទុកចិត្តនឹងមិត្តសម្លាញ់ ក៏កុំជឿញាតិសន្ដានដែរ ចូររក្សាបបូរមាត់របស់អ្នក ចេញឆ្ងាយពីនាងដែលកុហកនៅនឹងទ្រូងរបស់អ្នក ដ្បិតកូនប្រុសបង្អាប់ឪពុក ហើយកូនស្រីក៏ចចើងទាស់នឹងម្តាយ ឯកូនប្រសាស្រីទាស់ទទឹងនឹងម្តាយក្មេក ហើយខ្មាំងសត្រូវរបស់អ្នកណា នោះគឺជាពួកអ្នកនៅផ្ទះរបស់អ្នកនោះឯង។ ឯចំណែកខ្លួនខ្ញុំ ខ្ញុំនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំ ព្រះអង្គនឹងស្តាប់ខ្ញុំ។
មីកា 7:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំមុខជាត្រូវវេទនាហើយ! ដ្បិតខ្ញុំប្រៀបដូចជាអ្នកដែលទៅរក បេះផ្លែឈើ ក្រោយរដូវផ្លែឈើទុំ ហើយទៅរកបេះផ្លែទំពាំងបាយជូរ ក្រោយរដូវផ្លែទំពាំងបាយជូរទុំ គឺគ្មានផ្លែទំពាំងបាយជូរសោះ ហើយសូម្បីតែឧទុម្ពរ*មួយផ្លែដែលខ្ញុំចូលចិត្ត ក៏គ្មានដែរ។ នៅក្នុងស្រុក គ្មានសល់មនុស្សណាម្នាក់ ដែលស្មោះត្រង់នឹងព្រះជាម្ចាស់ ហើយក៏គ្មានសល់មនុស្សសុចរិតដែរ គឺពួកគេទាំងអស់គ្នាគិតតែពីពួនស្ទាក់ ចាំប្រហារជីវិតគ្នា ម្នាក់ៗគិតតែពីរកឧបាយកលធ្វើបាប បងប្អូនរបស់ខ្លួន។ ពួកគេពូកែប្រព្រឹត្តអំពើអាក្រក់ណាស់ ទាំងមេដឹកនាំ ទាំងចៅក្រម នាំគ្នាស៊ីសំណូក។ អ្នកធំមានចិត្តលោភលន់ ហើយឃុបឃិតគ្នា ប្រព្រឹត្តតាមបំណងរបស់ខ្លួន។ ក្នុងចំណោមពួកគេ អ្នកដែលល្អជាងគេប្រៀបបាននឹងខ្ញែ អ្នកសុចរិតជាងគេប្រៀបបាននឹងគុម្ពបន្លា។ ប៉ុន្តែ ថ្ងៃដែលព្រះអម្ចាស់ដាក់ទោសពួកគេ មកដល់ហើយ គឺថ្ងៃដែលពួកព្យាការី ជាអ្នកយាមល្បាត បានប្រកាសទុក។ ឥឡូវនេះពួកគេត្រូវអាម៉ាស់មុខហើយ។ កុំជឿមិត្តសម្លាញ់ កុំទុកចិត្តញាតិសន្ដាន សូម្បីនៅមុខប្រពន្ធរបស់អ្នក ក៏មិនត្រូវហាមាត់និយាយអ្វីឡើយ។ កូនប្រុសជេរប្រទេចឪពុក កូនស្រីប្រឆាំងទាស់នឹងម្ដាយ កូនប្រសាស្រីទាស់នឹងម្ដាយក្មេក ហើយអ្នកដែលនៅក្នុងផ្ទះជាមួយគ្នា នឹងក្លាយទៅជាសត្រូវនឹងគ្នា។ រីឯខ្ញុំវិញ ខ្ញុំសម្លឹងមើលទៅព្រះអម្ចាស់ ខ្ញុំសង្ឃឹមលើព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់ខ្ញុំ ព្រះរបស់ខ្ញុំមុខជាសណ្ដាប់ពាក្យខ្ញុំពុំខាន។
មីកា 7:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
វរហើយខ្ញុំ ដ្បិតខ្ញុំដូចជានៅវេលាដែលបេះផ្លែរដូវក្តៅរួចហើយ គឺដូចជាបានប្រឡេះផ្លែទំពាំងបាយជូរជាន់ក្រោយអស់ហើយ គ្មានចង្កោមណាសល់ឲ្យបានស៊ីទេ ចិត្តខ្ញុំប្រាថ្នាចង់បានផ្លែល្វា ដែលទុំដើមរដូវ មនុស្សដែលគោរពតាមព្រះ បានសូន្យបាត់ពីផែនដីទៅ គ្មានអ្នកណាដែលទៀងត្រង់ នៅក្នុងពួកមនុស្សលោកទេ គេសុទ្ធតែលបចាំកំចាយឈាម គ្រប់គ្នាប្រដេញបងប្អូនខ្លួនដោយមង ដៃគេចាប់កាន់អំពើអាក្រក់ប្រុងនឹងធ្វើដោយខ្មីឃ្មាត ឯចៅហ្វាយ គេក៏សូម ហើយចៅក្រមក៏ប្រុងនឹងស៊ីសំណូកដែរ ឯអ្នកធំ គេពោលពីសេចក្ដីប៉ងប្រាថ្នាអាក្រក់ ដែលនៅក្នុងចិត្តខ្លួន គឺយ៉ាងនោះឯងដែលគេប្រមុំការអាក្រក់របស់គេ មនុស្សល្អបំផុតនៅក្នុងពួកគេ ក៏ប្រៀបដូចជាបន្លា ហើយអ្នកដែលរាប់ជាទៀងត្រង់ ក៏អាក្រក់ជាងរបងធ្វើពីបន្លាទៅទៀត ថ្ងៃនៃពួកចាំយាមរបស់ឯង គឺជាថ្ងៃធ្វើទោសដល់ឯង បានមកដល់ហើយ គ្រានោះ នឹងបានជាគ្រាអាំងឡាំងដល់ឯង កុំឲ្យទុកចិត្តអ្នកជិតខាង ក៏កុំឲ្យជឿមិត្រសំឡាញ់ផង សូម្បីតែនាងដែលឯងឱបនៅនាទ្រូងក៏ចូររក្សាបបូរមាត់ចំពោះនាងដែរ ដ្បិតកូនប្រុសបង្អាប់ឪពុក ហើយកូនស្រីក៏ចចើងទាស់នឹងម្តាយ ឯកូនប្រសាស្រីទាស់ទទឹងនឹងម្តាយក្មេក ហើយខ្មាំងសត្រូវរបស់អ្នកណា នោះគឺជាពួកអ្នកនៅផ្ទះរបស់អ្នកនោះឯង។ ឯចំណែកខ្លួនខ្ញុំៗនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំទ្រង់នឹងស្តាប់ខ្ញុំ