មីកា 7:1-20
មីកា 7:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
វរហើយខ្ញុំ ដ្បិតខ្ញុំដូចជាអ្នកដែលប្រមូលផលបន្ទាប់ពីផ្លែរដូវក្តៅ បន្ទាប់ពីគេបានប្រឡេះផ្លែទំពាំងបាយជូរជាន់អស់ហើយ គ្មានចង្កោមណាសល់ឲ្យបានស៊ីទេ ក៏គ្មានផ្លែល្វាទុំដើមរដូវ ដែលខ្ញុំចូលចិត្តដែរ។ មនុស្សដែលគោរពតាមព្រះ បានសូន្យបាត់ពីផែនដីទៅ គ្មានអ្នកណាដែលទៀងត្រង់ នៅក្នុងពួកមនុស្សលោកទេ គេសុទ្ធតែលបចាំកម្ចាយឈាម គ្រប់គ្នាប្រដេញបងប្អូនខ្លួនដោយមង ដៃរបស់គេជំនាញនឹងប្រព្រឹត្តអំពើអាក្រក់ ពួកមេ និងពួកចៅក្រមឃុបឃិតគ្នាទាររកសំណូក ឯអ្នកមានអំណាចទាររកអ្វីដែលចិត្តគេចង់បាន គឺយ៉ាងនោះឯងដែលគេបង្វែរយុត្តិធម៌ ។ មនុស្សល្អបំផុតក្នុងចំណោមពួកគេ ប្រៀបដូចជាបន្លា ហើយអ្នកដែលទៀងត្រង់បំផុតក្នុងចំណោមពួកគេ ប្រៀបដូចជារបងបន្លា។ ថ្ងៃនៃពួកចាំយាមរបស់គេ គឺថ្ងៃដែលគេត្រូវទទួលទោស បានមកដល់ហើយ ឥឡូវនេះ គ្រាចលាចលរបស់គេនៅជិតបង្កើយ។ កុំទុកចិត្តនឹងមិត្តសម្លាញ់ ក៏កុំជឿញាតិសន្ដានដែរ ចូររក្សាបបូរមាត់របស់អ្នក ចេញឆ្ងាយពីនាងដែលកុហកនៅនឹងទ្រូងរបស់អ្នក ដ្បិតកូនប្រុសបង្អាប់ឪពុក ហើយកូនស្រីក៏ចចើងទាស់នឹងម្តាយ ឯកូនប្រសាស្រីទាស់ទទឹងនឹងម្តាយក្មេក ហើយខ្មាំងសត្រូវរបស់អ្នកណា នោះគឺជាពួកអ្នកនៅផ្ទះរបស់អ្នកនោះឯង។ ឯចំណែកខ្លួនខ្ញុំ ខ្ញុំនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំ ព្រះអង្គនឹងស្តាប់ខ្ញុំ។ ឱខ្មាំងសត្រូវអើយ កុំឲ្យសប្បាយចិត្តពីដំណើរខ្ញុំឡើយ កាលណាខ្ញុំដួល នោះខ្ញុំនឹងក្រោកឡើងវិញ កាលណាខ្ញុំអង្គុយក្នុងទីងងឹត នោះព្រះយេហូវ៉ានឹងជាពន្លឺដល់ខ្ញុំ ខ្ញុំនឹងរងទ្រាំចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះយេហូវ៉ា ពីព្រោះខ្ញុំបានធ្វើបាបនឹងព្រះអង្គហើយ គឺនឹងរងទ្រាំដរាបដល់ព្រះអង្គកាន់ក្ដីជំនួសខ្ញុំ ហើយបានសម្រេចសេចក្ដីយុត្តិធម៌ដល់ខ្ញុំ នោះព្រះអង្គនឹងនាំចេញមកឯពន្លឺ រួចខ្ញុំនឹងរំពឹងមើលសេចក្ដីសុចរិតរបស់ព្រះអង្គ គ្រានោះ ខ្មាំងសត្រូវរបស់ខ្ញុំនឹងឃើញដែរ ហើយសេចក្ដីអាម៉ាសនឹងគ្របលើនាង ដែលពោលមកខ្ញុំថា "តើព្រះយេហូវ៉ាជាព្រះរបស់អ្នកនៅឯណា?" ឯភ្នែកខ្ញុំនឹងឃើញការធ្លាក់ចុះ របស់នាង នាងនឹងត្រូវគេជាន់ឈ្លី ដូចគេជាន់ភក់នៅតាមផ្លូវ។ នៅថ្ងៃដែលកំផែងឯងនឹងបានសង់ឡើង ថ្ងៃនោះច្បាប់បង្គាប់នឹងឃ្លាតឆ្ងាយពីឯងទៅ នៅគ្រានោះ នឹងមានគេមកឯឯងពីស្រុកអាសស៊ើរ នឹងពីគ្រប់ទាំងទីក្រុងអេស៊ីព្ទ ហើយចាប់តាំងពីស្រុកអេស៊ីព្ទ រហូតដល់ទន្លេធំ និងពីសមុទ្រម្ខាងទៅដល់សមុទ្រម្ខាង ហើយពីភ្នំមួយទៅដល់ភ្នំមួយទៀត ទោះបើយ៉ាងនោះក៏ដោយ គង់តែស្រុកនេះនឹងត្រូវនៅស្ងាត់ច្រៀប ដោយព្រោះផលនៃកិរិយា របស់ពួកអ្នកដែលអាស្រ័យនៅ។ សូមព្រះអង្គឃ្វាលប្រជារាស្ត្រព្រះអង្គ ដោយដំបងរបស់ព្រះអង្គ គឺហ្វូងចៀមដ៏ជាមត៌ករបស់ព្រះអង្គ ដែលនៅត្រមោចក្នុងព្រៃកណ្ដាលស្រុកកើមែល សូមឲ្យគេរកស៊ីនៅស្រុកបាសាន និងនៅស្រុកកាឡាត ដូចកាលពីដើមចុះ។ យើងនឹងឲ្យគេឃើញការអស្ចារ្យ ដូចនៅគ្រាដែលឯងបានចេញពីស្រុកអេស៊ីព្ទមក អស់ទាំងសាសន៍នឹងឃើញ ហើយនឹងឡើងមុខស្លាំង ដោយព្រោះឥទ្ធិឫទ្ធិរបស់គេ ពួកទាំងនោះនឹងដាក់ដៃខ្ទប់មាត់ ហើយត្រចៀកគេនឹងត្រូវថ្លង់ទៅដែរ គេនឹងលិឍធូលីដីដូចជាពស់ គេនឹងញាប់ញ័រចេញពីទីមាំមួនរបស់គេ គឺដូចជាសត្វលូនវារនៅផែនដីចេញពីរន្ធ គេនឹងមកឯព្រះយេហូវ៉ាជាព្រះនៃយើង ដោយកោតខ្លាច ហើយនឹងភិតភ័យដោយព្រោះឯង។ តើមានអ្នកណាជាព្រះឲ្យដូចព្រះអង្គ ដែលព្រះអង្គអត់ទោសចំពោះអំពើទុច្ចរិត ហើយក៏បំភ្លេចអំពើរំលងរបស់សំណល់នៃមត៌កព្រះអង្គ ព្រះអង្គមិនផ្ងំសេចក្ដីខ្ញាល់ទុកជានិច្ចទេ ពីព្រោះព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសប្បុរសវិញ ព្រះអង្គនឹងមានសេចក្ដីអាណិតអាសូរ ដល់យើងរាល់គ្នាទៀត ព្រះអង្គនឹងកម្រាបសេចក្ដីទុច្ចរិតរបស់យើង នៅក្រោមព្រះបាទ ហើយនឹងបោះអស់ទាំងអំពើបាបរបស់យើង ទៅក្នុងសមុទ្រជ្រៅ ព្រះអង្គនឹងសម្រេចតាមសេចក្ដីពិតដល់យ៉ាកុប និងតាមសេចក្ដីសប្បុរសដល់អ័ប្រាហាំ ដូចជាព្រះអង្គបានស្បថនឹងពួកព្ធយុកោយើងរាល់គ្នា ចាប់តាំងពីបុរាណមកនោះ។:៚
មីកា 7:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំមុខជាត្រូវវេទនាហើយ! ដ្បិតខ្ញុំប្រៀបដូចជាអ្នកដែលទៅរក បេះផ្លែឈើ ក្រោយរដូវផ្លែឈើទុំ ហើយទៅរកបេះផ្លែទំពាំងបាយជូរ ក្រោយរដូវផ្លែទំពាំងបាយជូរទុំ គឺគ្មានផ្លែទំពាំងបាយជូរសោះ ហើយសូម្បីតែឧទុម្ពរ*មួយផ្លែដែលខ្ញុំចូលចិត្ត ក៏គ្មានដែរ។ នៅក្នុងស្រុក គ្មានសល់មនុស្សណាម្នាក់ ដែលស្មោះត្រង់នឹងព្រះជាម្ចាស់ ហើយក៏គ្មានសល់មនុស្សសុចរិតដែរ គឺពួកគេទាំងអស់គ្នាគិតតែពីពួនស្ទាក់ ចាំប្រហារជីវិតគ្នា ម្នាក់ៗគិតតែពីរកឧបាយកលធ្វើបាប បងប្អូនរបស់ខ្លួន។ ពួកគេពូកែប្រព្រឹត្តអំពើអាក្រក់ណាស់ ទាំងមេដឹកនាំ ទាំងចៅក្រម នាំគ្នាស៊ីសំណូក។ អ្នកធំមានចិត្តលោភលន់ ហើយឃុបឃិតគ្នា ប្រព្រឹត្តតាមបំណងរបស់ខ្លួន។ ក្នុងចំណោមពួកគេ អ្នកដែលល្អជាងគេប្រៀបបាននឹងខ្ញែ អ្នកសុចរិតជាងគេប្រៀបបាននឹងគុម្ពបន្លា។ ប៉ុន្តែ ថ្ងៃដែលព្រះអម្ចាស់ដាក់ទោសពួកគេ មកដល់ហើយ គឺថ្ងៃដែលពួកព្យាការី ជាអ្នកយាមល្បាត បានប្រកាសទុក។ ឥឡូវនេះពួកគេត្រូវអាម៉ាស់មុខហើយ។ កុំជឿមិត្តសម្លាញ់ កុំទុកចិត្តញាតិសន្ដាន សូម្បីនៅមុខប្រពន្ធរបស់អ្នក ក៏មិនត្រូវហាមាត់និយាយអ្វីឡើយ។ កូនប្រុសជេរប្រទេចឪពុក កូនស្រីប្រឆាំងទាស់នឹងម្ដាយ កូនប្រសាស្រីទាស់នឹងម្ដាយក្មេក ហើយអ្នកដែលនៅក្នុងផ្ទះជាមួយគ្នា នឹងក្លាយទៅជាសត្រូវនឹងគ្នា។ រីឯខ្ញុំវិញ ខ្ញុំសម្លឹងមើលទៅព្រះអម្ចាស់ ខ្ញុំសង្ឃឹមលើព្រះជាម្ចាស់ ជាព្រះសង្គ្រោះរបស់ខ្ញុំ ព្រះរបស់ខ្ញុំមុខជាសណ្ដាប់ពាក្យខ្ញុំពុំខាន។ ខ្មាំងសត្រូវរបស់ខ្ញុំអើយ! កុំអាលអរសប្បាយ ដោយឃើញខ្ញុំដួលដូច្នេះ! ខ្ញុំពិតជាដួលមែន តែខ្ញុំនឹងងើបឡើងវិញពុំខាន។ ទោះបីខ្ញុំស្ថិតនៅក្នុងភាពងងឹតក្ដី ក៏ព្រះអម្ចាស់ជាពន្លឺរបស់ខ្ញុំដែរ។ ខ្ញុំសុខចិត្តស៊ូទ្រាំនឹងព្រះពិរោធរបស់ព្រះអម្ចាស់ ដ្បិតខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ ទាស់នឹងព្រះហឫទ័យព្រះអង្គ។ គង់តែមានថ្ងៃណាមួយ ព្រះអង្គនឹងការពារក្ដីរបស់ខ្ញុំ ហើយរកយុត្តិធម៌ឲ្យខ្ញុំមិនខាន។ ព្រះអង្គនឹងនាំខ្ញុំចេញទៅរកពន្លឺ ខ្ញុំនឹងឃើញសេចក្ដីសុចរិតរបស់ព្រះអង្គ។ សត្រូវរបស់ខ្ញុំនឹងឃើញ ហើយអាម៉ាស់មុខ គេធ្លាប់ពោលមកខ្ញុំថា “តើព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅណាបាត់ហើយ?” ខ្ញុំនឹងឃើញសត្រូវរងទុក្ខម្ដង គឺអ្នកទាំងនោះនឹងត្រូវគេជាន់ឈ្លី ដូចភក់ជ្រាំដែលគេដើរជាន់នៅតាមផ្លូវ។ នៅថ្ងៃដែលគេសង់កំពែងក្រុង របស់អ្នកឡើងវិញ ទឹកដីរបស់អ្នកនឹងលាតសន្ធឹងកាន់តែឆ្ងាយ។ នៅថ្ងៃនោះ ប្រជាជនរបស់អ្នក នឹងវិលមករកអ្នកវិញ ពីស្រុកអាស្ស៊ីរី និងស្រុកអេស៊ីប ចាប់ពីទន្លេនីលរហូតដល់ទន្លេអឺប្រាត ចាប់ពីសមុទ្រម្ខាងទៅដល់សមុទ្រម្ខាង ចាប់ពីភ្នំមួយទៅភ្នំមួយទៀត។ ផែនដីនឹងក្លាយទៅជាទីស្មសាន ព្រោះតែអំពើអាក្រក់របស់អស់អ្នកដែលរស់ នៅលើផែនដី។ ព្រះអម្ចាស់អើយ សូមថែរក្សា ប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ដូចគង្វាលធ្លាប់ថែរក្សាហ្វូងសត្វរបស់ខ្លួន។ យើងខ្ញុំដែលជាហ្វូងចៀមរបស់ព្រះអង្គ រស់នៅលើទឹកដីគ្មានជីជាតិ ដែលមានចម្ការព័ទ្ធជុំវិញ។ សូមនាំយើងខ្ញុំទៅរស់នៅកន្លែង ដែលមានជីជាតិល្អនៅស្រុកបាសាន និងស្រុកកាឡាដ ដូចដើមវិញ។ សូមសម្តែងព្រះបារមីដ៏រុងរឿងអស្ចារ្យ ដូច កាលព្រះអង្គនាំយើងខ្ញុំចេញពីស្រុកអេស៊ីប។ ប្រជាជាតិនានានឹងឃើញ ហើយត្រូវអាម៉ាស់ ទោះបីគេមានឫទ្ធិខ្លាំងពូកែយ៉ាងណាក្ដី។ ពួកគេងឿងឆ្ងល់ពេក រកនិយាយមិនរួច ហើយស្ដាប់អ្វីក៏លែងឮដែរ។ ពួកគេនឹងស៊ីធូលីដីដូចពស់ និងដូចសត្វលូនវារឯទៀតៗ។ ពួកគេចេញពីកន្លែងពួនមករកព្រះអម្ចាស់ ជាព្រះនៃយើង ដោយភ័យញ័រ ពួកគេនឹងភ័យតក់ស្លុត ហើយខ្លាចព្រះអង្គ។ បពិត្រព្រះអម្ចាស់! តើមានព្រះណា ដែលមានព្រះហឫទ័យសប្បុរសដូចព្រះអង្គ? ព្រះអង្គលើកលែងទោសឲ្យយើងខ្ញុំ ព្រះអង្គមិនពិរោធរហូតឡើយ។ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់ ប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសេសសល់ ហើយព្រះអង្គប្រណីសន្ដោសដល់ពួកគេ។ ព្រះអង្គមុខជាអាណិតអាសូរយើងខ្ញុំសាជាថ្មី ព្រះអង្គមិនប្រកាន់ទោសរបស់យើងខ្ញុំទេ ព្រះអង្គនឹងយកអំពើបាបទាំងប៉ុន្មាន របស់យើងខ្ញុំ ទៅបោះចោលនៅបាតសមុទ្រ។ ព្រះអង្គនឹងសម្តែងព្រះហឫទ័យស្មោះស្ម័គ្រ ដល់កូនចៅរបស់លោកយ៉ាកុប ហើយសម្តែងព្រះហឫទ័យមេត្តាករុណា ដល់កូនចៅរបស់លោកអប្រាហាំ ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរស របស់យើងខ្ញុំកាលពីជំនាន់ដើម។
មីកា 7:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
វរហើយខ្ញុំ ដ្បិតខ្ញុំដូចជានៅវេលាដែលបេះផ្លែរដូវក្តៅរួចហើយ គឺដូចជាបានប្រឡេះផ្លែទំពាំងបាយជូរជាន់ក្រោយអស់ហើយ គ្មានចង្កោមណាសល់ឲ្យបានស៊ីទេ ចិត្តខ្ញុំប្រាថ្នាចង់បានផ្លែល្វា ដែលទុំដើមរដូវ មនុស្សដែលគោរពតាមព្រះ បានសូន្យបាត់ពីផែនដីទៅ គ្មានអ្នកណាដែលទៀងត្រង់ នៅក្នុងពួកមនុស្សលោកទេ គេសុទ្ធតែលបចាំកំចាយឈាម គ្រប់គ្នាប្រដេញបងប្អូនខ្លួនដោយមង ដៃគេចាប់កាន់អំពើអាក្រក់ប្រុងនឹងធ្វើដោយខ្មីឃ្មាត ឯចៅហ្វាយ គេក៏សូម ហើយចៅក្រមក៏ប្រុងនឹងស៊ីសំណូកដែរ ឯអ្នកធំ គេពោលពីសេចក្ដីប៉ងប្រាថ្នាអាក្រក់ ដែលនៅក្នុងចិត្តខ្លួន គឺយ៉ាងនោះឯងដែលគេប្រមុំការអាក្រក់របស់គេ មនុស្សល្អបំផុតនៅក្នុងពួកគេ ក៏ប្រៀបដូចជាបន្លា ហើយអ្នកដែលរាប់ជាទៀងត្រង់ ក៏អាក្រក់ជាងរបងធ្វើពីបន្លាទៅទៀត ថ្ងៃនៃពួកចាំយាមរបស់ឯង គឺជាថ្ងៃធ្វើទោសដល់ឯង បានមកដល់ហើយ គ្រានោះ នឹងបានជាគ្រាអាំងឡាំងដល់ឯង កុំឲ្យទុកចិត្តអ្នកជិតខាង ក៏កុំឲ្យជឿមិត្រសំឡាញ់ផង សូម្បីតែនាងដែលឯងឱបនៅនាទ្រូងក៏ចូររក្សាបបូរមាត់ចំពោះនាងដែរ ដ្បិតកូនប្រុសបង្អាប់ឪពុក ហើយកូនស្រីក៏ចចើងទាស់នឹងម្តាយ ឯកូនប្រសាស្រីទាស់ទទឹងនឹងម្តាយក្មេក ហើយខ្មាំងសត្រូវរបស់អ្នកណា នោះគឺជាពួកអ្នកនៅផ្ទះរបស់អ្នកនោះឯង។ ឯចំណែកខ្លួនខ្ញុំៗនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំទ្រង់នឹងស្តាប់ខ្ញុំ ឱខ្មាំងសត្រូវអើយ កុំឲ្យសប្បាយចិត្តពីដំណើរខ្ញុំឡើយ កាលណាខ្ញុំដួល នោះខ្ញុំនឹងក្រោកឡើងវិញ កាលណាខ្ញុំអង្គុយក្នុងទីងងឹត នោះព្រះយេហូវ៉ានឹងជាពន្លឺដល់ខ្ញុំ ខ្ញុំនឹងរងទ្រាំចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះយេហូវ៉ា ពីព្រោះខ្ញុំបានធ្វើបាបនឹងទ្រង់ហើយ គឺនឹងរងទ្រាំដរាបដល់ទ្រង់កាន់ក្តីជំនួសខ្ញុំ ហើយបានសំរេចសេចក្ដីយុត្តិធម៌ដល់ខ្ញុំ នោះទ្រង់នឹងនាំចេញមកឯពន្លឺ រួចខ្ញុំនឹងរំពឹងមើលសេចក្ដីសុចរិតរបស់ទ្រង់ គ្រានោះ ខ្មាំងសត្រូវរបស់ខ្ញុំនឹងឃើញដែរ ហើយនឹងមានសេចក្ដីខ្មាសគ្របលើនាង ដែលនិយាយមកខ្ញុំថា តើព្រះយេហូវ៉ា ជាព្រះនៃឯងនៅឯណា ឯភ្នែកខ្ញុំនឹងឃើញបំណងចិត្តកើតដល់នាង នាងនឹងត្រូវជាន់ឈ្លីឥឡូវ ដូចជាភក់នៅក្នុងផ្លូវ នៅថ្ងៃដែលកំផែងឯងនឹងបានសង់ឡើង ថ្ងៃនោះច្បាប់បង្គាប់នឹងឃ្លាតឆ្ងាយពីឯងទៅ នៅគ្រានោះ នឹងមានគេមកឯឯងពីស្រុកអាសស៊ើរ នឹងពីគ្រប់ទាំងទីក្រុងនៅស្រុកអេស៊ីព្ទ ហើយចាប់តាំងពីស្រុកអេស៊ីព្ទ រហូតដល់ទន្លេធំ នឹងពីសមុទ្រម្ខាង ទៅដល់សមុទ្រម្ខាង ហើយពីភ្នំ១ទៅដល់ភ្នំ១ទៀត ទោះបើយ៉ាងនោះក៏ដោយ គង់តែស្រុកនេះនឹងត្រូវនៅស្ងាត់ច្រៀប ដោយព្រោះផលនៃកិរិយារបស់ពួកអ្នកដែលអាស្រ័យនៅ។ សូមទ្រង់ឃ្វាលរាស្ត្រទ្រង់ ដោយដំបងរបស់ទ្រង់ គឺហ្វូងចៀមដ៏ជាមរដករបស់ទ្រង់ ដែលនៅត្រមោចក្នុងព្រៃកណ្តាលស្រុកកើមែល សូមឲ្យគេរកស៊ីនៅស្រុកបាសាន នឹងនៅស្រុកកាឡាត ដូចកាលពីដើមចុះ អញនឹងឲ្យគេឃើញការអស្ចារ្យ ដូចនៅគ្រាដែលឯងបានចេញពីស្រុកអេស៊ីព្ទមក អស់ទាំងសាសន៍នឹងឃើញ ហើយនឹងឡើងមុខស្លាំង ដោយព្រោះឥទ្ធិឫទ្ធិរបស់គេ ពួកទាំងនោះនឹងដាក់ដៃខ្ទប់មាត់ ហើយត្រចៀកគេនឹងត្រូវថ្លង់ទៅដែរ គេនឹងលិទ្ធធូលីដីដូចជាពស់ គេនឹងញាប់ញ័រចេញពីទីមាំមួនរបស់គេ គឺដូចជាសត្វលូនវារនៅផែនដីចេញពីរន្ធ គេនឹងមកឯព្រះយេហូវ៉ា ជាព្រះនៃយើង ដោយកោតខ្លាច ហើយនឹងភិតភ័យដោយព្រោះឯង។ តើមានអ្នកណាជាព្រះឲ្យដូចទ្រង់ ដែលទ្រង់អត់ទោសចំពោះអំពើទុច្ចរិត ហើយក៏បំភ្លេចអំពើរំលងរបស់សំណល់នៃមរដកទ្រង់ ទ្រង់មិនផ្ងំសេចក្ដីខ្ញាល់ទុកជានិច្ចទេ ពីព្រោះទ្រង់សព្វព្រះហឫទ័យនឹងសេចក្ដីសប្បុរសវិញ ទ្រង់នឹងមានសេចក្ដីអាណិតអាសូរ ដល់យើងរាល់គ្នាទៀត ទ្រង់នឹងកំរាបសេចក្ដីទុច្ចរិតរបស់យើង នៅក្រោមព្រះបាទ ហើយនឹងបោះអស់ទាំងអំពើបាបរបស់យើងទៅក្នុងសមុទ្រជ្រៅ ទ្រង់នឹងសំរេចតាមសេចក្ដីពិតដល់យ៉ាកុប នឹងតាមសេចក្ដីសប្បុរសដល់អ័ប្រាហាំ ដូចជាទ្រង់បានស្បថនឹងពួកព្ធយុកោយើងរាល់គ្នា ចាប់តាំងពីបុរាណមកនោះ។:៚