មីកា 6:3-8
មីកា 6:3-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ឱប្រជារាស្ត្ររបស់យើងអើយ តើយើងបានធ្វើអ្វីដល់ឯង? តើយើងបានធ្វើឲ្យឯងធុញទ្រាន់ដោយសារអ្វី? ចូរឆ្លើយនឹងយើង! ដ្បិតយើងបាននាំឯងឡើងចេញពីស្រុកអេស៊ីព្ទមក ក៏លោះឯងចេញពីផ្ទះរបស់ពួកបាវបម្រើ ហើយបានចាត់ម៉ូសេ អើរ៉ុន និងម៉ារាមឲ្យនាំមុខឯង ឱប្រជារាស្ត្ររបស់យើងអើយ ឥឡូវនេះ ចូរនឹកចាំពីកិច្ចឧបាយដែលបាឡាក ស្តេចម៉ូអាប់ បានបង្កើត ពីសេចក្ដីដែលបាឡាម ជាកូនបេអ៊របានឆ្លើយតបជាយ៉ាងណា ហើយនឹកពីដំណើរដែលឯងដើរ ចាប់តាំងពីស៊ីទីម រហូតដល់គីលកាល ដើម្បីឲ្យឯងបានស្គាល់អស់ទាំងកិច្ចការសុចរិត របស់ព្រះយេហូវ៉ាចុះ»។ តើត្រូវឲ្យខ្ញុំយកអ្វី ដើម្បីចូលទៅចំពោះព្រះយេហូវ៉ា ហើយក្រាបថ្វាយបង្គំនៅមុខព្រះដ៏ខ្ពស់? តើត្រូវឲ្យខ្ញុំយកតង្វាយដុត ជាកូនគោអាយុមួយខួប ដើម្បីចូលទៅចំពោះព្រះអង្គឬ? តើព្រះយេហូវ៉ានឹងសព្វព្រះហឫទ័យ ដោយចៀមទាំងពាន់ ឬដោយប្រេងទាំងម៉ឺនទន្លេឬ? តើត្រូវឲ្យខ្ញុំថ្វាយកូនច្បងខ្ញុំ ឲ្យបានធួននឹងអំពើរំលងដែលខ្ញុំប្រព្រឹត្ត គឺជាផលនៃរូបកាយខ្ញុំ ឲ្យបានធួននឹងបាបនៃព្រលឹងខ្ញុំឬ? ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្ដីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច? បើមិនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយព្រះរបស់ខ្លួន ដោយសុភាពប៉ុណ្ណោះ។
មីកា 6:3-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ប្រជារាស្ត្រយើងអើយ! តើយើងបានធ្វើអ្វីខ្លះដល់អ្នក? តើយើងបានធ្វើអ្វីឲ្យអ្នកធុញទ្រាន់? ចូរឆ្លើយមកយើងមើល៍! តើមកពីយើងបាននាំអ្នកចេញពី ស្រុកអេស៊ីបឬ? តើមកពីយើងបានលោះអ្នក ឲ្យរួចពីទាសភាពឬ? តើមកពីយើងចាត់ម៉ូសេ អើរ៉ុន និងម៉ារាម ឲ្យនាំមុខអ្នកឬ? ប្រជារាស្ត្រយើងអើយ ចូរនឹកចាំអំពីគម្រោងការដែលបាឡាក់ ជាស្ដេចស្រុកម៉ូអាប់ បម្រុងធ្វើចំពោះអ្នក! ចូរនឹកចាំពីស្ដេចដែលបាឡាម ជាកូនរបស់បេអ៊រ ឆ្លើយទៅស្ដេចនោះវិញ! បន្ទាប់មក យើងបាននាំអ្នកពីស៊ីទីម រហូតដល់គីលកាល់។ អ្នកនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ យើងប្រព្រឹត្តចំពោះអ្នកដោយសុចរិត»។ ពេលខ្ញុំចូលទៅគាល់ព្រះអម្ចាស់ តើខ្ញុំត្រូវយកអ្វីទៅជាមួយ? ពេលខ្ញុំទៅក្រាបថ្វាយបង្គំព្រះដ៏ខ្ពង់ខ្ពស់បំផុត តើខ្ញុំត្រូវយកកូនគោអាយុមួយខួប មកថ្វាយជាតង្វាយដុតទាំងមូលឬ? តើព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងទទួល ចៀមឈ្មោលរាប់ពាន់ក្បាល ឬប្រេងយ៉ាងច្រើនអនេកអនន្តឬ? តើខ្ញុំត្រូវបូជាកូនច្បងរបស់ខ្ញុំ ដើម្បីសុំព្រះអង្គលើកលែងទោស ឬបូជាកូនចៅរបស់ខ្ញុំថ្វាយព្រះអង្គ ដើម្បីសុំរំដោះបាបឬ? ឱមនុស្សអើយ គេបានប្រៀនប្រដៅអ្នក ឲ្យស្គាល់ការណាដែលល្អ និងការណាដែលព្រះអម្ចាស់ សព្វព្រះហឫទ័យឲ្យអ្នកធ្វើ គឺអ្នកត្រូវប្រតិបត្តិតាមយុត្តិធម៌ ស្រឡាញ់ភាពស្មោះត្រង់ ហើយយកចិត្តទុកដាក់ដើរតាមមាគ៌ា នៃព្រះរបស់អ្នក។
មីកា 6:3-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱរាស្ត្រអញអើយ តើអញបានធ្វើអ្វីដល់ឯង តើអញបានធ្វើឲ្យឯងធុញទ្រាន់ដោយសារអ្វី ចូរធ្វើបន្ទាល់ទាស់នឹងអញចុះ ដ្បិតអញបាននាំឯងឡើងចេញពីស្រុកអេស៊ីព្ទមក ក៏លោះឯងចេញពីផ្ទះរបស់ពួកបាវបំរើ ហើយបានចាត់ម៉ូសេ អើរ៉ុន នឹងម៉ារាមឲ្យនាំមុខឯង ឱរាស្ត្រអញអើយ ឥឡូវនេះ ចូរនឹកចាំពីកិច្ចឧបាយដែលបាឡាក ស្តេចម៉ូអាប់ បានបង្កើត ហើយពីសេចក្ដីដែលបាឡាម ជាកូនបេអ៊របានឆ្លើយតបជាយ៉ាងណា ហើយនឹកពីដំណើរដែលឯងដើរ ចាប់តាំងពីស៊ីទីម រហូតដល់គីលកាល ដើម្បីឲ្យឯងបានស្គាល់អស់ទាំងកិច្ចការសុចរិតរបស់ព្រះយេហូវ៉ាចុះ។ តើត្រូវឲ្យខ្ញុំយកអ្វី ដើម្បីចូលទៅចំពោះព្រះយេហូវ៉ា ហើយក្រាបថ្វាយបង្គំនៅមុខព្រះដ៏ខ្ពស់ តើត្រូវឲ្យខ្ញុំយកដង្វាយដុត ជាកូនគោអាយុ១ខួប ដើម្បីចូលទៅចំពោះទ្រង់ឬ តើព្រះយេហូវ៉ាទ្រង់នឹងសព្វព្រះហឫទ័យ ដោយចៀមទាំងពាន់ ឬដោយប្រេងទាំងម៉ឺនទន្លេឬអី តើត្រូវឲ្យខ្ញុំថ្វាយកូនច្បងខ្ញុំ ឲ្យបានធួននឹងអំពើរំលងដែលខ្ញុំប្រព្រឹត្ត គឺជាផលនៃរូបកាយខ្ញុំ ឲ្យបានធួននឹងបាបនៃព្រលឹងខ្ញុំឬ ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្ដីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច បើមិនមែនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្ដីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាបប៉ុណ្ណោះ។