មីកា 4:1-7
មីកា 4:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃក្រោយ ភ្នំដែលជាទីតាំងព្រះដំណាក់របស់ព្រះយេហូវ៉ា នឹងបានតម្កើងឡើងជាកំពូលលើអស់ទាំងភ្នំធំ និងលើកឡើងខ្ពស់លើអស់ទាំងភ្នំតូច នោះជនជាតិទាំងឡាយនឹងឡើងទៅហូរហែ ហើយសាសន៍ជាច្រើននឹងទៅដោយពាក្យថា «ចូរមក យើងឡើងទៅភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះដំណាក់នៃព្រះរបស់យ៉ាកុបចុះ ព្រះអង្គនឹងបង្រៀនយើងរាល់គ្នាឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ យើងនឹងដើរតាមអស់ទាំងផ្លូវច្រករបស់ព្រះអង្គ» ដ្បិតក្រឹត្យវិន័យនឹងផ្សាយចេញពីក្រុងស៊ីយ៉ូនទៅ គឺព្រះបន្ទូលនៃព្រះយេហូវ៉ាពីក្រុងយេរូសាឡិម។ ព្រះអង្គនឹងធ្វើជាចៅក្រមដល់សាសន៍ជាច្រើន ហើយសម្រេចសេចក្ដី ពីដំណើរប្រទេសមានអំណាចខ្លាំងផ្សេងៗ ដែលនៅទីឆ្ងាយ នោះគេនឹងដំដាវរបស់គេធ្វើជាផាល ហើយលំពែងគេធ្វើជាដង្កាវវិញ ប្រជាជាតិនានាលែងលើកដាវច្បាំងគ្នាទៀត ក៏មិនរៀនវិជ្ជាចម្បាំងដែរ។ គឺគ្រប់គ្នានឹងអង្គុយក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ឥតមានអ្នកណាបំភ័យគេឡើយ ដ្បិតព្រះឧស្ឋរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ បានចេញវាចាហើយ។ នោះទោះបើអស់ទាំងសាសន៍ប្រព្រឹត្តតាមឈ្មោះ របស់ព្រះនៃគេរៀងខ្លួន គង់តែយើងរាល់គ្នានឹងប្រព្រឹត្តតាមព្រះនាម នៃព្រះយេហូវ៉ាជាព្រះរបស់យើងដរាបតទៅ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងប្រមូលអស់អ្នកណាដែលខ្វិន ហើយប្រមូលអស់អ្នកដែលបានបណ្តេញ ព្រមទាំងអស់អ្នកដែលយើងបានធ្វើទុក្ខឲ្យមកវិញ»។ ឯពួកអ្នកខ្វិន នឹងទុកជាសំណល់ ហើយពួកដែលត្រូវបោះចោលទៅជាឆ្ងាយ ឲ្យបានជានគរមួយខ្លាំងពូកែ នោះព្រះយេហូវ៉ានឹងសោយរាជ្យលើគេ នៅភ្នំស៊ីយ៉ូន ចាប់តាំងពីគ្រានោះជាដរាបតទៅ។
មីកា 4:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃក្រោយ ព្រះអម្ចាស់នឹងលើកភ្នំ ដែលមានព្រះដំណាក់របស់ព្រះអង្គ ដាក់នៅលើកំពូលភ្នំទាំងឡាយ ដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេ ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ ជាហូរហែ។ ប្រជាជាតិជាច្រើននឹងឡើងទៅភ្នំនោះ ទាំងពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់ព្រះអម្ចាស់ យើងឡើងទៅព្រះដំណាក់នៃព្រះរបស់ លោកយ៉ាកុប។ ព្រះអង្គនឹងបង្រៀនយើងអំពីមាគ៌ារបស់ព្រះអង្គ ហើយយើងនឹងដើរតាមមាគ៌ានេះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។ ព្រះអង្គនឹងធ្វើជាចៅក្រមរវាង ជាតិសាសន៍ដ៏ច្រើន ព្រះអង្គនឹងសម្រុះសម្រួលប្រជាជាតិដ៏ខ្លាំងពូកែ ដែលនៅឆ្ងាយៗ ឲ្យឈប់ទាស់ទែងគ្នា។ ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួន មកដំធ្វើជាផាលនង្គ័ល ហើយយកលំពែងដំធ្វើជាកណ្ដៀវវិញ។ ប្រជាជាតិមួយឈប់ច្បាំងនឹង ប្រជាជាតិមួយទៀត ហើយគេក៏លែងហ្វឹកហាត់ធ្វើសង្គ្រាមដែរ។ មនុស្សម្នានឹងរស់នៅយ៉ាងសុខសាន្ត ក្រោមម្លប់ដើមទំពាំងបាយជូរ និងដើមឧទុម្ពររបស់គេរៀងៗខ្លួន។ គ្មាននរណាមករំខានពួកគេឡើយ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ។ ជាតិសាសន៍ទាំងប៉ុន្មាននាំគ្នាដើរតាម ព្រះរបស់គេរៀងៗខ្លួន រីឯពួកយើងវិញ យើងនាំគ្នាដើរតាមព្រះអម្ចាស់ ជាព្រះរបស់យើងជានិច្ច រហូតតរៀងទៅ។ «នៅថ្ងៃនោះ យើងនឹងយកអាសាអ្នករបួស ដែលដើរពុំរួច យើងនឹងប្រមូលផ្ដុំអ្នកខ្ចាត់ខ្ចាយក្នុងគ្រាដែល យើងបានធ្វើទោស» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ «យើងនឹងឲ្យអ្នករបួសដើរពុំរួច ក្លាយទៅជាប្រជាជនដែលនៅសេសសល់ ហើយធ្វើឲ្យអ្នកដែលខ្ចាត់ព្រាត់ ក្លាយទៅជាប្រជាជាតិដ៏ខ្លាំងពូកែ។ យើងជាព្រះអម្ចាស់ នឹងគ្រងរាជ្យលើពួកគេ នៅភ្នំស៊ីយ៉ូន តាំងពីពេលនេះរហូតតទៅ។
មីកា 4:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែនៅជាន់ក្រោយ ភ្នំដែលជាទីតាំងព្រះវិហារនៃព្រះយេហូវ៉ា នឹងបានដំកើងឡើងជាកំពូលនៃអស់ទាំងភ្នំធំ ហើយនឹងបានលើកឡើងខ្ពស់ជាងអស់ទាំងភ្នំតូច នោះជនជាតិទាំងឡាយនឹងឡើងទៅហូរហែ ហើយសាសន៍ជាច្រើននឹងទៅដោយពាក្យថា ចូរមក យើងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះវិហារនៃព្រះរបស់យ៉ាកុបចុះ ទ្រង់នឹងបង្រៀនឲ្យយើងរាល់គ្នាស្គាល់ផ្លូវរបស់ទ្រង់ នោះយើងនឹងដើរតាមអស់ទាំងផ្លូវច្រករបស់ទ្រង់ ដ្បិតក្រឹត្យវិន័យនឹងផ្សាយចេញពីក្រុងស៊ីយ៉ូនទៅ គឺព្រះបន្ទូលនៃព្រះយេហូវ៉ាពីក្រុងយេរូសាឡិម ទ្រង់នឹងធ្វើជាចៅក្រមដល់សាសន៍ជាច្រើន ហើយនឹងសំរេចសេចក្ដីពីដំណើរប្រទេសមានអំណាចខ្លាំងផ្សេងៗដែលនៅទីឆ្ងាយ នោះគេនឹងដំដាវរបស់គេធ្វើជាផាល ហើយលំពែងគេធ្វើជាដង្កាវវិញ អស់ទាំងនគរនឹងលែងលើកដាវច្បាំងគ្នាទៀត ក៏មិនរៀនវិជ្ជាចំបាំងទៀតតទៅ គឺគ្រប់គ្នានឹងអង្គុយក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ឥតមានអ្នកណាបំភ័យគេឡើយ ដ្បិតព្រះឱស្ឋរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ បានចេញវាចាហើយ នោះទោះបើអស់ទាំងសាសន៍ប្រព្រឹត្តតាមឈ្មោះរបស់ព្រះនៃគេរៀងខ្លួន គង់តែយើងរាល់គ្នានឹងប្រព្រឹត្តតាមព្រះនាមនៃព្រះយេហូវ៉ា ជាព្រះនៃយើង ជាដរាបរៀងតទៅវិញ។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅថ្ងៃនោះអញនឹងប្រមូលអស់អ្នកណាដែលខ្វិន ហើយនឹងភ្ជុំអស់អ្នកដែលបានត្រូវបណ្តេញចេញ ព្រមទាំងអស់អ្នកដែលអញបានធ្វើទុក្ខផង ឲ្យមកវិញ ឯពួកដែលខ្វិន នោះនឹងបានតាំងទុកជាសំណល់ ហើយពួកដែលត្រូវបោះចោលទៅជាឆ្ងាយឲ្យបានជានគរ១ខ្លាំងពូកែ នោះព្រះយេហូវ៉ាទ្រង់នឹងសោយរាជ្យលើគេ នៅភ្នំស៊ីយ៉ូន ចាប់តាំងពីគ្រានោះជាដរាបតទៅ