មីកា 4:1-13
មីកា 4:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃក្រោយ ភ្នំដែលជាទីតាំងព្រះដំណាក់របស់ព្រះយេហូវ៉ា នឹងបានតម្កើងឡើងជាកំពូលលើអស់ទាំងភ្នំធំ និងលើកឡើងខ្ពស់លើអស់ទាំងភ្នំតូច នោះជនជាតិទាំងឡាយនឹងឡើងទៅហូរហែ ហើយសាសន៍ជាច្រើននឹងទៅដោយពាក្យថា «ចូរមក យើងឡើងទៅភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះដំណាក់នៃព្រះរបស់យ៉ាកុបចុះ ព្រះអង្គនឹងបង្រៀនយើងរាល់គ្នាឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ យើងនឹងដើរតាមអស់ទាំងផ្លូវច្រករបស់ព្រះអង្គ» ដ្បិតក្រឹត្យវិន័យនឹងផ្សាយចេញពីក្រុងស៊ីយ៉ូនទៅ គឺព្រះបន្ទូលនៃព្រះយេហូវ៉ាពីក្រុងយេរូសាឡិម។ ព្រះអង្គនឹងធ្វើជាចៅក្រមដល់សាសន៍ជាច្រើន ហើយសម្រេចសេចក្ដី ពីដំណើរប្រទេសមានអំណាចខ្លាំងផ្សេងៗ ដែលនៅទីឆ្ងាយ នោះគេនឹងដំដាវរបស់គេធ្វើជាផាល ហើយលំពែងគេធ្វើជាដង្កាវវិញ ប្រជាជាតិនានាលែងលើកដាវច្បាំងគ្នាទៀត ក៏មិនរៀនវិជ្ជាចម្បាំងដែរ។ គឺគ្រប់គ្នានឹងអង្គុយក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ឥតមានអ្នកណាបំភ័យគេឡើយ ដ្បិតព្រះឧស្ឋរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ បានចេញវាចាហើយ។ នោះទោះបើអស់ទាំងសាសន៍ប្រព្រឹត្តតាមឈ្មោះ របស់ព្រះនៃគេរៀងខ្លួន គង់តែយើងរាល់គ្នានឹងប្រព្រឹត្តតាមព្រះនាម នៃព្រះយេហូវ៉ាជាព្រះរបស់យើងដរាបតទៅ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងប្រមូលអស់អ្នកណាដែលខ្វិន ហើយប្រមូលអស់អ្នកដែលបានបណ្តេញ ព្រមទាំងអស់អ្នកដែលយើងបានធ្វើទុក្ខឲ្យមកវិញ»។ ឯពួកអ្នកខ្វិន នឹងទុកជាសំណល់ ហើយពួកដែលត្រូវបោះចោលទៅជាឆ្ងាយ ឲ្យបានជានគរមួយខ្លាំងពូកែ នោះព្រះយេហូវ៉ានឹងសោយរាជ្យលើគេ នៅភ្នំស៊ីយ៉ូន ចាប់តាំងពីគ្រានោះជាដរាបតទៅ។ ដូច្នេះ ឯង ឱប៉មនៃហ្វូងចៀម ជាទួលខ្ពស់របស់កូនស្រីស៊ីយ៉ូនអើយ ឯងនឹងមានអំណាចគ្រប់គ្រងដូចដើមវិញ ឯងជារាជ្យរបស់កូនស្រីយេរូសាឡិម។ ឥឡូវនេះ ហេតុអ្វីបានជាឯងស្រែកឡើងដូច្នេះ? តើគ្មានស្តេចនៅក្នុងឯងឬ? តើអ្នកប្រឹក្សារបស់ឯងវិនាសអស់ហើយឬ បានជាឯងឈឺចាប់ដូចជាស្រី ដែលឈឺនឹងសម្រាលកូនដូច្នេះ? ឱកូនស្រីស៊ីយ៉ូនអើយ ចូរឈឺចាប់ ដូចជាស្រីដែលឈឺនឹងសម្រាលកូន ដ្បិតឯងនឹងត្រូវចេញពីទីក្រុងទៅឥឡូវ ហើយនឹងអាស្រ័យនៅឯទីវាល ព្រមទាំងទៅរហូតដល់ក្រុងបាប៊ីឡូនផង នៅទីនោះឯងនឹងបានប្រោសឲ្យរួច គឺនៅទីនោះព្រះយេហូវ៉ានឹងលោះឯង ចេញពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់ឯង។ ឥឡូវនេះ មានសាសន៍ជាច្រើន មូលគ្នាមកទាស់នឹងឯង គេពោលថា "ចូរឲ្យវាត្រូវស្មោកគ្រោកទៅ ហើយឲ្យភ្នែកយើងបានស្កប់ ដោយមើលស៊ីយ៉ូនចុះ"។ ប៉ុន្តែ គេមិនស្គាល់គំនិតរបស់ព្រះយេហូវ៉ាទេ ក៏មិនយល់សេចក្ដីប្រឹក្សារបស់ព្រះអង្គដែរ ដ្បិតព្រះអង្គបានប្រមូលគេនៅទីលានដូចជាកណ្ដាប់ស្រូវ។ ឱកូនស្រីស៊ីយ៉ូនអើយ ចូរក្រោកឡើងបញ្ជាន់ទៅចុះ ដ្បិតយើងនឹងធ្វើឲ្យស្នែងអ្នកទៅជាដែក ហើយក្រចកជើងអ្នកទៅជាលង្ហិន អ្នកនឹងបំបែកសាសន៍ជាច្រើនឲ្យខ្ទេចខ្ទី ហើយអ្នកនឹង ញែកកម្រៃរបស់គេចេញ ទុកជាតង្វាយដល់ព្រះយេហូវ៉ា គឺទ្រព្យសម្បត្តិរបស់គេ ថ្វាយដល់ព្រះអម្ចាស់នៃផែនដីទាំងមូល។
មីកា 4:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃក្រោយ ព្រះអម្ចាស់នឹងលើកភ្នំ ដែលមានព្រះដំណាក់របស់ព្រះអង្គ ដាក់នៅលើកំពូលភ្នំទាំងឡាយ ដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេ ហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ ជាហូរហែ។ ប្រជាជាតិជាច្រើននឹងឡើងទៅភ្នំនោះ ទាំងពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់ព្រះអម្ចាស់ យើងឡើងទៅព្រះដំណាក់នៃព្រះរបស់ លោកយ៉ាកុប។ ព្រះអង្គនឹងបង្រៀនយើងអំពីមាគ៌ារបស់ព្រះអង្គ ហើយយើងនឹងដើរតាមមាគ៌ានេះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។ ព្រះអង្គនឹងធ្វើជាចៅក្រមរវាង ជាតិសាសន៍ដ៏ច្រើន ព្រះអង្គនឹងសម្រុះសម្រួលប្រជាជាតិដ៏ខ្លាំងពូកែ ដែលនៅឆ្ងាយៗ ឲ្យឈប់ទាស់ទែងគ្នា។ ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួន មកដំធ្វើជាផាលនង្គ័ល ហើយយកលំពែងដំធ្វើជាកណ្ដៀវវិញ។ ប្រជាជាតិមួយឈប់ច្បាំងនឹង ប្រជាជាតិមួយទៀត ហើយគេក៏លែងហ្វឹកហាត់ធ្វើសង្គ្រាមដែរ។ មនុស្សម្នានឹងរស់នៅយ៉ាងសុខសាន្ត ក្រោមម្លប់ដើមទំពាំងបាយជូរ និងដើមឧទុម្ពររបស់គេរៀងៗខ្លួន។ គ្មាននរណាមករំខានពួកគេឡើយ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ។ ជាតិសាសន៍ទាំងប៉ុន្មាននាំគ្នាដើរតាម ព្រះរបស់គេរៀងៗខ្លួន រីឯពួកយើងវិញ យើងនាំគ្នាដើរតាមព្រះអម្ចាស់ ជាព្រះរបស់យើងជានិច្ច រហូតតរៀងទៅ។ «នៅថ្ងៃនោះ យើងនឹងយកអាសាអ្នករបួស ដែលដើរពុំរួច យើងនឹងប្រមូលផ្ដុំអ្នកខ្ចាត់ខ្ចាយក្នុងគ្រាដែល យើងបានធ្វើទោស» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ «យើងនឹងឲ្យអ្នករបួសដើរពុំរួច ក្លាយទៅជាប្រជាជនដែលនៅសេសសល់ ហើយធ្វើឲ្យអ្នកដែលខ្ចាត់ព្រាត់ ក្លាយទៅជាប្រជាជាតិដ៏ខ្លាំងពូកែ។ យើងជាព្រះអម្ចាស់ នឹងគ្រងរាជ្យលើពួកគេ នៅភ្នំស៊ីយ៉ូន តាំងពីពេលនេះរហូតតទៅ។ រីឯអ្នកវិញ ក្រុងស៊ីយ៉ូនអើយ អ្នកប្រៀបដូចជាប៉មចាំយាម និងជាបន្ទាយដ៏រឹងមាំ អ្នកនឹងទទួលអំណាចគ្រប់គ្រងដូចពីដើម យេរូសាឡឹមនឹងធ្វើជារាជធានីសាជាថ្មី»។ ឥឡូវនេះ ហេតុអ្វីបានជាអ្នកស្រែកថ្ងូរ ហេតុអ្វីបានជាអ្នកឈឺចុកចាប់ ដូចស្ត្រីសម្រាលកូនដូច្នេះ? តើអ្នកគ្មានស្ដេចទេឬ? តើទីប្រឹក្សារបស់អ្នកទៅណាបាត់អស់ហើយ? ក្រុងស៊ីយ៉ូនអើយ ចូរឈឺចាប់ និងស្រែកថ្ងូរ ដូចស្ត្រីសម្រាលកូនទៅ! ដ្បិតឥឡូវនេះ អ្នកត្រូវចាកចេញពីទីក្រុង ទៅរស់នៅតាមស្រែចម្ការ អ្នកនឹងទៅរហូតដល់ស្រុកបាប៊ីឡូន។ នៅទីនេះ ព្រះអម្ចាស់នឹងរំដោះអ្នក ព្រះអង្គនឹងលោះអ្នកពីកណ្ដាប់ដៃរបស់ខ្មាំង។ ឥឡូវនេះ ប្រជាជាតិជាច្រើន លើកគ្នាមកវាយប្រហារអ្នក ទាំងបន់ថា: “សូមឲ្យក្រុងស៊ីយ៉ូនបាត់បង់កិត្តិយស ដើម្បីឲ្យយើងឃើញក្រុងនេះអន្តរាយ!”។ ប៉ុន្តែ ពួកគេពុំស្គាល់ព្រះហឫទ័យ របស់ព្រះអម្ចាស់ទេ ហើយក៏ពុំយល់គម្រោងការរបស់ព្រះអង្គដែរ ព្រះអង្គប្រមូលពួកគេដូចប្រមូលកណ្ដាប់ស្រូវ នៅក្នុងលានបោកបែន។ «ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរក្រោកឡើង ជាន់កម្ទេចពួកគេទៅ! យើងនឹងឲ្យអ្នកមានកម្លាំងខ្លាំងក្លា ដូចគោដែលមានស្នែងធ្វើពីដែក ក្រចកជើងធ្វើពីលង្ហិន អ្នកនឹងជាន់កម្ទេចជាតិសាសន៍ដ៏ច្រើន ដូចគេបញ្ជាន់ស្រូវ ហើយញែកជយភណ្ឌរបស់ពួកគេ ទុកសម្រាប់យើង ដែលជាព្រះអម្ចាស់ និងញែកទ្រព្យសម្បត្តិរបស់គេទុកសម្រាប់យើង ដែលជាព្រះអម្ចាស់នៃផែនដីទាំងមូល»។
មីកា 4:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែនៅជាន់ក្រោយ ភ្នំដែលជាទីតាំងព្រះវិហារនៃព្រះយេហូវ៉ា នឹងបានដំកើងឡើងជាកំពូលនៃអស់ទាំងភ្នំធំ ហើយនឹងបានលើកឡើងខ្ពស់ជាងអស់ទាំងភ្នំតូច នោះជនជាតិទាំងឡាយនឹងឡើងទៅហូរហែ ហើយសាសន៍ជាច្រើននឹងទៅដោយពាក្យថា ចូរមក យើងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះវិហារនៃព្រះរបស់យ៉ាកុបចុះ ទ្រង់នឹងបង្រៀនឲ្យយើងរាល់គ្នាស្គាល់ផ្លូវរបស់ទ្រង់ នោះយើងនឹងដើរតាមអស់ទាំងផ្លូវច្រករបស់ទ្រង់ ដ្បិតក្រឹត្យវិន័យនឹងផ្សាយចេញពីក្រុងស៊ីយ៉ូនទៅ គឺព្រះបន្ទូលនៃព្រះយេហូវ៉ាពីក្រុងយេរូសាឡិម ទ្រង់នឹងធ្វើជាចៅក្រមដល់សាសន៍ជាច្រើន ហើយនឹងសំរេចសេចក្ដីពីដំណើរប្រទេសមានអំណាចខ្លាំងផ្សេងៗដែលនៅទីឆ្ងាយ នោះគេនឹងដំដាវរបស់គេធ្វើជាផាល ហើយលំពែងគេធ្វើជាដង្កាវវិញ អស់ទាំងនគរនឹងលែងលើកដាវច្បាំងគ្នាទៀត ក៏មិនរៀនវិជ្ជាចំបាំងទៀតតទៅ គឺគ្រប់គ្នានឹងអង្គុយក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ឥតមានអ្នកណាបំភ័យគេឡើយ ដ្បិតព្រះឱស្ឋរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ បានចេញវាចាហើយ នោះទោះបើអស់ទាំងសាសន៍ប្រព្រឹត្តតាមឈ្មោះរបស់ព្រះនៃគេរៀងខ្លួន គង់តែយើងរាល់គ្នានឹងប្រព្រឹត្តតាមព្រះនាមនៃព្រះយេហូវ៉ា ជាព្រះនៃយើង ជាដរាបរៀងតទៅវិញ។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅថ្ងៃនោះអញនឹងប្រមូលអស់អ្នកណាដែលខ្វិន ហើយនឹងភ្ជុំអស់អ្នកដែលបានត្រូវបណ្តេញចេញ ព្រមទាំងអស់អ្នកដែលអញបានធ្វើទុក្ខផង ឲ្យមកវិញ ឯពួកដែលខ្វិន នោះនឹងបានតាំងទុកជាសំណល់ ហើយពួកដែលត្រូវបោះចោលទៅជាឆ្ងាយឲ្យបានជានគរ១ខ្លាំងពូកែ នោះព្រះយេហូវ៉ាទ្រង់នឹងសោយរាជ្យលើគេ នៅភ្នំស៊ីយ៉ូន ចាប់តាំងពីគ្រានោះជាដរាបតទៅ ដូច្នេះ ឯឯង ឱប៉មនៃហ្វូងចៀម ជាទួលខ្ពស់របស់កូនស្រីស៊ីយ៉ូនអើយ នេះនឹងមកឯឯងវិញ គឺអំណាចគ្រប់គ្រង ដូចដើមនឹងមកឯឯង ជារាជ្យរបស់កូនស្រីយេរូសាឡិម។ ឥឡូវនេះ ហេតុអ្វីបានជាឯងស្រែកឡើងដូច្នេះ តើគ្មានស្តេចនៅក្នុងឯងឬ តើអ្នកប្រឹក្សារបស់ឯងបានវិនាសបង់ហើយឬ បានជាឯងឈឺចាប់ដូចជាស្រីដែលឈឺនឹងសំរាលកូនដូច្នេះ ឱកូនស្រីស៊ីយ៉ូនអើយ ចូរឈឺចាប់ ហើយខំរមាត់ចុះ ដូចជាស្រីដែលឈឺនឹងសំរាលកូន ដ្បិតឯងនឹងត្រូវចេញពីទីក្រុងទៅឥឡូវ ហើយនឹងអាស្រ័យនៅឯទីវាល ព្រមទាំងទៅរហូតដល់ក្រុងបាប៊ីឡូនផង នៅទីនោះ ឯងនឹងបានប្រោសឲ្យរួច គឺនៅទីនោះព្រះយេហូវ៉ាទ្រង់នឹងលោះឯង ចេញពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់ឯង ឥឡូវនេះ មានសាសន៍ជាច្រើនមូលគ្នាមកទាស់នឹងឯង គេពោលថា ចូរឲ្យវាត្រូវស្មោកគ្រោកទៅ ហើយឲ្យភ្នែកយើងបានស្កប់ ដោយមើលស៊ីយ៉ូនចុះ ប៉ុន្តែគេមិនស្គាល់គំនិតរបស់ព្រះយេហូវ៉ាទេ ក៏មិនយល់សេចក្ដីប្រឹក្សារបស់ទ្រង់ដែរ ដ្បិតទ្រង់បានប្រមូលគេនៅទីលានដូចជាកណ្តាប់ស្រូវ ឱកូនស្រីនៃស៊ីយ៉ូនអើយ ចូរក្រោកឡើងបញ្ជាន់ទៅចុះ ដ្បិតអញនឹងធ្វើឲ្យស្នែងឯងបានទៅជាដែក ហើយក្រចកឯងទៅជាលង្ហិន ឯងនឹងបំបែកសាសន៍ជាច្រើនឲ្យខ្ទេចខ្ទី ហើយអញនឹងញែកកំរៃរបស់គេចេញ ទុកជាដង្វាយដល់ព្រះយេហូវ៉ា គឺទ្រព្យសម្បត្តិរបស់គេ ថ្វាយដល់ព្រះអម្ចាស់នៃផែនដីទាំងមូល