មីកា 1:1-5
មីកា 1:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដែលបានថ្លែងមកមីកាជាពួកម៉ូរ៉ាស៊ីត នៅក្នុងរាជ្យនៃយ៉ូថាម អេហាស និងហេសេគា ជាស្តេចយូដា ជាសេចក្ដីដែលលោកបានឃើញពីដំណើរក្រុងសាម៉ារី និងក្រុងយេរូសាឡិម។ ជនជាតិទាំងឡាយអើយ ចូរស្តាប់ទាំងអស់គ្នាចុះ ឱផែនដី និងសព្វសារពើដែលនៅផែនដីអើយ ចូរប្រុងស្តាប់ចុះ ហើយបើកឱកាសឲ្យព្រះអម្ចាស់យេហូវ៉ា ធ្វើបន្ទាល់ទាស់នឹងឯងរាល់គ្នា គឺឲ្យព្រះអម្ចាស់ធ្វើបន្ទាល់ ពីព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ។ មើល៍! ព្រះយេហូវ៉ាកំពុងយាងចេញពីទីកន្លែងរបស់ព្រះអង្គ យាងចុះមកជាន់លើទីខ្ពស់ទាំងប៉ុន្មាននៃផែនដីដែរ។ ភ្នំទាំងប៉ុន្មាននឹងរលាយពីក្រោមព្រះអង្គទៅ ច្រកភ្នំទាំងប៉ុន្មាន នឹងសញ្ជែកចេញ ដូចជាក្រមួនដែលត្រូវភ្លើង ហើយដូចទឹកដែលចាក់ចុះតាមទីចោត។ នេះគឺដោយព្រោះអំពើរំលងរបស់ពួកយ៉ាកុប និងអំពើបាបរបស់ពួកវង្សអ៊ីស្រាអែល អំពើរំលងរបស់ពួកយ៉ាកុបនោះជាអ្វី? តើមិនមែនជាក្រុងសាម៉ារីទេឬ? ហើយអស់ទាំងទីខ្ពស់របស់ពួកយូដាជាអ្វី? តើមិនមែនជាក្រុងយេរូសាឡិមទេឬ?
មីកា 1:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកមីកា ជាអ្នកស្រុកម៉ូរ៉ាស៊ីត តាមរយៈនិមិត្តហេតុអស្ចារ្យស្ដីអំពីក្រុងសាម៉ារី និងក្រុងយេរូសាឡឹម ក្នុងរជ្ជកាលព្រះបាទយ៉ូថាម ព្រះបាទអេហាស និងព្រះបាទហេសេគា ជាស្ដេចស្រុកយូដា។ ជាតិសាសន៍ទាំងអស់អើយ ចូរនាំគ្នាស្ដាប់! ផែនដី និងអ្វីៗដែលរស់នៅលើផែនដីអើយ ចូរយកចិត្តទុកដាក់ស្ដាប់! ព្រះជាអម្ចាស់ចោទប្រកាន់អ្នករាល់គ្នា ពីទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។ ព្រះអម្ចាស់យាងចេញពីព្រះដំណាក់ចុះមក ព្រះអង្គយាងនៅតាមទីខ្ពស់នៃផែនដី។ ភ្នំទាំងឡាយស្រុតចុះនៅក្រោមព្រះបាទា ហើយជ្រលងភ្នំទាំងឡាយក៏ត្រូវរលាយ ដូចក្រមួនរលាយនៅមុខភ្លើង ឬដូចទឹកហូរចុះតាមជម្រាលភ្នំដែរ។ ហេតុការណ៍ទាំងនេះកើតមាន ព្រោះតែអំពើទុច្ចរិតរបស់ពូជពង្សលោកយ៉ាកុប និងអំពើបាបរបស់ពូជពង្សអ៊ីស្រាអែល។ តើនរណានាំឲ្យកូនចៅ របស់លោកយ៉ាកុបប្រព្រឹត្តអំពើទុច្ចរិត? គឺក្រុងសាម៉ារី! តើនរណានាំឲ្យយូដាគោរព ព្រះក្លែងក្លាយនៅតាមទីខ្ពស់? គឺក្រុងយេរូសាឡឹម!
មីកា 1:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់មីកាជាពួកម៉ូរ៉ាស៊ីត នៅក្នុងរាជ្យនៃយ៉ូថាម អេហាស នឹងហេសេគា ជាស្តេចយូដា ជាសេចក្ដីដែលលោកបានឃើញពីដំណើរក្រុងសាម៉ារី ហើយនឹងក្រុងយេរូសាឡិម។ ម្នាលជនជាតិទាំងឡាយអើយ ចូរស្តាប់ទាំងអស់គ្នាចុះ ឱផែនដី នឹងសព្វសារពើដែលនៅផែនដីអើយ ចូរប្រុងស្តាប់ចុះ ហើយបើកឱកាសឲ្យព្រះអម្ចាស់យេហូវ៉ា ធ្វើបន្ទាល់ទាស់នឹងឯងរាល់គ្នា គឺឲ្យព្រះអម្ចាស់ធ្វើបន្ទាល់ពីព្រះវិហារបរិសុទ្ធរបស់ទ្រង់ ដ្បិតមើល ព្រះយេហូវ៉ា ទ្រង់កំពុងយាងចេញពីទីកន្លែងរបស់ទ្រង់ ក៏នឹងយាងចុះមកជាន់លើទីខ្ពស់ទាំងប៉ុន្មាននៃផែនដីដែរ អស់ទាំងភ្នំនឹងរលាយពីក្រោមទ្រង់ទៅ ឯច្រកភ្នំទាំងប៉ុន្មាន នឹងសញ្ជែកចេញ ដូចជាក្រមួនដែលត្រូវភ្លើង ហើយដូចទឹកដែលចាក់ចុះតាមទីចោត នេះគឺដោយព្រោះអំពើរំលងរបស់ពួកយ៉ាកុប នឹងអំពើបាបរបស់ពួកវង្សអ៊ីស្រាអែល អំពើរំលងរបស់ពួកយ៉ាកុបនោះជាអ្វី តើមិនមែនជាក្រុងសាម៉ារីទេឬអ្វី ហើយអស់ទាំងទីខ្ពស់របស់ពួកយូដាជាអ្វី តើមិនមែនជាក្រុងយេរូសាឡិមទេឬអី