ម៉ាថាយ 9:9-13
ម៉ាថាយ 9:9-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះយេស៊ូវយាងផុតពីទីនោះ ទ្រង់ទតឃើញបុរសម្នាក់ឈ្មោះ ម៉ាថាយ កំពុងអង្គុយនៅកន្លែងទារពន្ធ។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ហើយដើរតាមព្រះអង្គ។ ពេលព្រះអង្គសោយអាហារនៅក្នុងផ្ទះ មានពួកអ្នកទារពន្ធ និងមនុស្សបាបជាច្រើន បានមកអង្គុយរួមតុជាមួយព្រះអង្គ និងពួកសិស្សរបស់ព្រះអង្គ។ ពេលពួកផារិស៊ីឃើញដូច្នោះ គេនិយាយទៅកាន់ពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នា បរិភោគជាមួយពួកអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?» ពេលព្រះយេស៊ូវឮដូច្នោះ ព្រះអង្គមានព្រះបន្ទូលថា៖ «អស់អ្នកដែលមានសុខភាពល្អ មិនត្រូវការគ្រូពេទ្យទេ មានតែអស់អ្នកដែលឈឺប៉ុណ្ណោះទើបត្រូវការ។ ចូរទៅរៀនពីន័យរបស់ពាក្យនេះថា "យើងចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ"។ ដ្បិតខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ តែមកហៅមនុស្សបាបវិញ»។
ម៉ាថាយ 9:9-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូយាងពីទីនោះទៅមុខបន្តិច ព្រះអង្គទតឃើញបុរសម្នាក់ឈ្មោះម៉ាថាយ អង្គុយនៅកន្លែងយកពន្ធ*។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើងដើរតាមព្រះអង្គទៅ។ បន្ទាប់មក ព្រះអង្គសោយព្រះស្ងោយនៅផ្ទះលោកម៉ាថាយ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើន មកអង្គុយរួមតុជាមួយព្រះយេស៊ូ និងពួកសិស្សដែរ។ ពួកខាងគណៈផារីស៊ី*ឃើញដូច្នេះ គេនិយាយទៅកាន់សិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាប?»។ ព្រះយេស៊ូឮដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ចូរអ្នករាល់គ្នាទៅរិះគិតមើល សេចក្ដីដែលមានចែងទុកមកថា “យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែសេចក្ដីមេត្តាករុណាប៉ុណ្ណោះ” មានន័យដូចម្ដេច? ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប»។
ម៉ាថាយ 9:9-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះព្រះយេស៊ូវយាងហួសពីទីនោះទៅ ទ្រង់ក៏ទតឃើញមនុស្សម្នាក់ឈ្មោះ ម៉ាថាយ កំពុងអង្គុយនៅកន្លែងយកពន្ធ នោះទ្រង់មានបន្ទូលហៅគាត់ថា ចូរមកតាមខ្ញុំ គាត់ក៏ក្រោកឡើងដើរតាមទ្រង់ទៅ កាលព្រះយេស៊ូវកំពុងគង់សោយអាហារនៅក្នុងផ្ទះ នោះមានពួកអ្នកយកពន្ធ នឹងមនុស្សមានបាបជាច្រើន បានមកអង្គុយជាមួយនឹងទ្រង់ នឹងពួកសិស្សទ្រង់ផង កាលពួកផារិស៊ីបានឃើញដូច្នោះ គេក៏សួរពួកសិស្សទ្រង់ថា ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយនឹងពួកយកពន្ធ ហើយនឹងមនុស្សមានបាបដូច្នេះ តែព្រះយេស៊ូវទ្រង់ក៏បានឮ ហើយទ្រង់មានបន្ទូលតបថា ពួកអ្នកដែលជាសុខសប្បាយ មិនត្រូវការនឹងគ្រូពេទ្យទេ គឺជាពួកដែលមានជំងឺវិញទេតើ ចូរឲ្យអ្នករាល់គ្នាទៅរៀនន័យបទ ដែលថា «អញចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ» ពីព្រោះខ្ញុំមិនបានមក ដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប ឲ្យប្រែចិត្តវិញ។