ម៉ាថាយ 9:27-31
ម៉ាថាយ 9:27-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះយេស៊ូវយាងចេញពីទីនោះ មានមនុស្សខ្វាក់ពីរនាក់ដើរតាមព្រះអង្គទាំងស្រែកឡើងថា៖ «ព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង»។ ពេលព្រះអង្គយាងចូលទៅក្នុងផ្ទះ មនុស្សខ្វាក់ទាំងពីរនាក់ក៏ចូលមកជិតព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នកជឿថា ខ្ញុំអាចនឹងធ្វើការនេះបានឬទេ?» គេទូលព្រះអង្គថា៖ «យើងខ្ញុំជឿហើយ ព្រះអម្ចាស់អើយ»។ ពេលនោះ ព្រះអង្គក៏ពាល់ភ្នែកគេ ទាំងមានព្រះបន្ទូលថា៖ «ចូរឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ»។ ភ្នែករបស់គេក៏ភ្លឺឡើង។ ព្រះយេស៊ូវហាមប្រាមគេយ៉ាងតឹងរ៉ឹងថា៖ «ចូរប្រយ័ត្ន កុំឲ្យអ្នកណាដឹងការនេះឡើយ»។ ប៉ុន្តែ គេចេញទៅ ហើយផ្សព្វផ្សាយឲ្យគេដឹងអំពីព្រះអង្គពាសពេញស្រុកនោះទាំងមូល។
ម៉ាថាយ 9:27-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូកំពុងតែយាងចេញពីទីនោះ មានមនុស្សខ្វាក់ពីរនាក់មកតាមព្រះអង្គ ស្រែកថា៖ «ព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង»។ ពេលព្រះអង្គយាងទៅដល់ផ្ទះ មនុស្សខ្វាក់ទាំងពីរនាក់ចូលទៅជិតព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកទាំងពីរថា៖ «តើអ្នកជឿថាខ្ញុំអាចធ្វើឲ្យភ្នែកអ្នកភ្លឺឬ?»។ គេទូលព្រះអង្គថា៖ «យើងខ្ញុំជឿហើយ ព្រះអម្ចាស់អើយ»។ ព្រះអង្គក៏ពាល់ភ្នែកអ្នកទាំងពីរ ទាំងមានព្រះបន្ទូលថា៖ «សុំឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ»។ ពេលនោះ ភ្នែករបស់គេក៏ភ្លឺ។ ព្រះយេស៊ូហាមប្រាមគេយ៉ាងតឹងតែងថា៖ «ចូរប្រយ័ត្ន កុំឲ្យនរណាដឹងឡើយ»។ ប៉ុន្តែ បុរសទាំងពីរចេញទៅផ្សព្វផ្សាយរឿងនោះឲ្យគេដឹងពាសពេញស្រុក។
ម៉ាថាយ 9:27-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កំពុងដែលព្រះយេស៊ូវទ្រង់យាងចេញពីទីនោះទៅ នោះមានមនុស្សខ្វាក់២នាក់តាមទ្រង់ ទាំងស្រែកថា ឱព្រះរាជបុត្រាហ្លួងដាវីឌអើយ សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង កាលបានយាងចូលទៅក្នុងផ្ទះ នោះអ្នកខ្វាក់ទាំង២ក៏មកឯទ្រង់ ហើយទ្រង់មានបន្ទូលសួរថា តើអ្នកជឿថា ខ្ញុំអាចនឹងធ្វើការនេះបានឬទេ អ្នកទាំង២ទូលថា ជឿហើយ ព្រះអម្ចាស់អើយ នោះទ្រង់ក៏ពាល់ភ្នែកគេ ដោយបន្ទូលថា ចូរឲ្យបានដូចសេចក្ដីជំនឿរបស់អ្នកចុះ ភ្នែកគេក៏បានភ្លឺឡើង រួចទ្រង់ហាមផ្តាច់ថា នែ កុំឲ្យអ្នកណាដឹងការនេះឲ្យសោះហ្នះ តែកាលគេចេញទៅហើយ នោះក៏ផ្សាយប្រាប់ពីទ្រង់ សុសសាយពេញក្នុងស្រុកនោះ។