ម៉ាថាយ 9:18-26
ម៉ាថាយ 9:18-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះអង្គកំពុងតែមានព្រះបន្ទូលសេចក្តីទាំងនេះទៅគេ ស្រាប់តែមានមេដឹកនាំសាលាប្រជុំម្នាក់ ចូលមកក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «កូនស្រីរបស់ខ្ញុំបាទទើបនឹងស្លាប់អម្បាញ់មិញ សូមព្រះអង្គមេត្តាអញ្ជើញទៅដាក់ដៃលើនាង នោះនាងមុខជារស់ឡើងវិញមិនខាន»។ ព្រះយេស៊ូវក៏ក្រោកឡើង យាងទៅតាមគាត់ ហើយពួកសិស្សក៏ទៅជាមួយដែរ។ រំពេចនោះ មានស្ត្រីម្នាក់ដែលកើតជំងឺធ្លាក់ឈាមអស់ដប់ពីរឆ្នាំមកហើយ នាងបានចូលមកពីក្រោយព្រះអង្គ ហើយពាល់ជាយព្រះពស្ត្រព្រះអង្គ ដ្បិតនាងគិតក្នុងចិត្តថា៖ «បើខ្ញុំគ្រាន់តែពាល់ជាយព្រះពស្ត្រព្រះអង្គ ខ្ញុំមុខជាបានជាមិនខាន»។ ព្រះយេស៊ូវបែរទៅក្រោយ ហើយឃើញនាង ក៏មានព្រះបន្ទូលថា៖ «កូនស្រីអើយ! ចូរសង្ឃឹមឡើង ជំនឿរបស់នាង បានធ្វើឲ្យនាងជាសះស្បើយហើយ»។ ស្ត្រីនោះក៏បានជាសះស្បើយភ្លាមមួយរំពេច។ ពេលព្រះយេស៊ូវយាងចូលទៅក្នុងផ្ទះមេដឹកនាំសាលាប្រជុំនោះ ហើយទតឃើញពួកអ្នកផ្លុំខ្លុយ និងមនុស្សម្នាជាច្រើនកំពុងច្រួលច្របល់ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «នាំគ្នាចេញទៅ! ដ្បិតក្មេងស្រីនេះមិនមែនស្លាប់ទេ នាងគ្រាន់តែដេកលក់ប៉ុណ្ណោះ»។ គេក៏សើចចំអកដាក់ព្រះអង្គ។ កាលបណ្តេញមនុស្សទាំងនោះឲ្យចេញក្រៅអស់ហើយ ព្រះអង្គក៏យាងចូលទៅចាប់ដៃក្មេងស្រីនោះ ហើយនាងក៏ក្រោកឡើង។ ដំណឹងនោះក៏លេចឮខ្ចរខ្ចាយពាសពេញស្រុកនោះទាំងមូល។
ម៉ាថាយ 9:18-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលទាំងនេះទៅគេ មាននាម៉ឺនម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គ ទូលថា៖ «កូនស្រីរបស់ខ្ញុំប្របាទទើបនឹងផុតដង្ហើមថ្មីៗនេះ សូមលោកមេត្តាអញ្ជើញទៅដាក់ដៃ*លើនាង នាងនឹងមានជីវិតរស់ពុំខាន»។ ព្រះយេស៊ូក្រោកឡើង យាងទៅជាមួយគាត់ ពួកសិស្ស*ក៏ទៅជាមួយដែរ។ មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងមកពីក្រោយព្រះយេស៊ូ ហើយពាល់ជាយព្រះពស្ដ្រព្រះអង្គ ដ្បិតនាងរិះគិតក្នុងចិត្តថា «បើខ្ញុំគ្រាន់តែបានពាល់អាវលោក ខ្ញុំមុខជាទទួលការសង្គ្រោះមិនខាន»។ ព្រះយេស៊ូបែរទៅក្រោយ ទតឃើញនាង ក៏មានព្រះបន្ទូលថា៖ «កូនស្រីអើយ! ចូរក្លាហានឡើង ជំនឿរបស់នាងបានសង្គ្រោះនាងហើយ»។ ស្ត្រីធ្លាក់ឈាមបានជាសះស្បើយនៅពេលនោះ។ កាលព្រះយេស៊ូយាងទៅដល់ផ្ទះនាម៉ឺននោះ ព្រះអង្គទតឃើញអ្នកលេងភ្លេងកំដរសព និងឃើញមនុស្សម្នាជ្រួលច្របល់ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «នាំគ្នាចេញទៅ! ក្មេងស្រីនេះមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ»។ គេចំអកដាក់ព្រះអង្គ។ កាលព្រះអង្គដេញគេចេញទៅក្រៅអស់ហើយ ព្រះអង្គយាងចូលទៅក្នុងបន្ទប់ ចាប់ដៃក្មេងស្រីនោះ នាងក៏ក្រោកឡើង។ ដំណឹងនេះលេចឮខ្ចរខ្ចាយពាសពេញតំបន់នោះទាំងមូល។
ម៉ាថាយ 9:18-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កំពុងដែលទ្រង់មានបន្ទូលនឹងគេ ពីដំណើរទាំងនោះ ស្រាប់តែមានមេសាលាម្នាក់មកក្រាបថ្វាយបង្គំទូលថា កូនស្រីរបស់ទូលបង្គំទើបនឹងស្លាប់អម្បាញ់មិញ សូមទ្រង់មេត្តាយាងទៅដាក់ព្រះហស្តលើវា នោះវានឹងរស់ឡើងវិញ ព្រះយេស៊ូវក៏ក្រោកឡើង យាងទៅតាម ព្រមទាំងពួកសិស្សទ្រង់ដែរ រីឯមានស្ត្រីម្នាក់ នាងមានជំងឺធ្លាក់ឈាមអស់១២ឆ្នាំមកហើយ នាងបានចូលមកពីក្រោយ ពាល់ជាយព្រះពស្ត្រទ្រង់ ដោយគិតក្នុងចិត្តថា បើគ្រាន់តែពាល់ជាយព្រះពស្ត្រទ្រង់ប៉ុណ្ណោះ នោះនឹងបានជាហើយ ឯព្រះយេស៊ូវ ទ្រង់បែរទៅឃើញនាង ក៏មានបន្ទូលថា ចូរសង្ឃឹមឡើង កូនអើយ សេចក្ដីជំនឿរបស់នាង បានជួយសង្គ្រោះនាងហើយ នាងក៏បានជាចាប់តាំងពីវេលានោះមក រួចមក កាលទ្រង់យាងចូលទៅក្នុងផ្ទះមេសាលា បានឃើញពួកអ្នកផ្លុំខ្លុយ នឹងមនុស្សសន្ធឹកកំពុងតែឆោឡោ នោះទ្រង់មានបន្ទូលថា ចូរថយចេញទៅ ដ្បិតនាងក្រមុំនេះមិនមែនស្លាប់ទេ នាងគ្រាន់តែដេកលក់ប៉ុណ្ណោះ តែគេសើចចំអកឲ្យទ្រង់ លុះបណ្តេញមនុស្សទាំងនោះ ទៅក្រៅទាំងអស់ហើយ នោះទ្រង់យាងចូលទៅចាប់ដៃនាង រួចនាងក៏ក្រោកឡើង រឿងនោះបានល្បីខ្ចរខ្ចាយទួទៅ ពេញពាសក្នុងស្រុកនោះឯង។