ម៉ាថាយ 9:14-34

ម៉ាថាយ 9:14-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចូល​មក​គាល់​ព្រះ‌អង្គ​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ និង​ពួក​ផារិស៊ី​តម​អាហារ​ជា​ញឹក​ញាប់ តែ​ពួក​សិស្ស​របស់​ព្រះ‌អង្គ​មិន​តម​ដូច្នេះ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «តើ​ភ្ញៀវ​ដែល​មក​ចូល​រួម​ពិធី​មង្គលការ អាច​កាន់​ទុក្ខ​កើត​ដែរ​ឬ ពេល​កូន​កំលោះ​នៅ​ជា​មួយ​ពួក​គេ​នៅ​ឡើយ? ប៉ុន្តែ នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​កូន​កំលោះ​នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ ហើយ​ពេល​នោះ គេ​នឹង​តម​អាហារ​វិញ។ គ្មាន​អ្នក​ណា​យក​ក្រណាត់​ថ្មី មក​ប៉ះ​លើ​សម្លៀក‌បំពាក់​ចាស់​ឡើយ ដ្បិត​បំណះ​នោះ​នឹង​ទាញ​សម្លៀក‌បំពាក់​ចាស់ ហើយ​វា​រឹត​តែ​ធ្វើ​ឲ្យ​រហែក​លើស​ដើម។ ក៏​គ្មាន​អ្នក​ណា​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នេះ ថង់​ស្បែក​នឹង​ធ្លុះ ហើយ​ស្រា​ក៏​ធ្លាយ ថង់​ក៏​ខូច។ ប៉ុន្តែ គេ​តែង​ដាក់​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ទៅ​ក្នុង​ថង់​ស្បែក​ថ្មី​វិញ ធ្វើ​ដូច្នេះ​ទើប​ទាំង​ពីរ​នៅ​គង់​បាន»។ កាល​ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​សេចក្តី​ទាំង​នេះ​ទៅ​គេ ស្រាប់​តែ​មាន​មេ​ដឹក​នាំ​សាលា​ប្រជុំ​ម្នាក់ ចូល​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទូល​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​បាទ​ទើប​នឹង​ស្លាប់​អម្បាញ់‌មិញ សូម​ព្រះ‌អង្គ​មេត្តា​អញ្ជើញ​ទៅ​ដាក់​ដៃ​លើ​នាង នោះ​នាង​មុខ​ជា​រស់​ឡើង​វិញ​មិន​ខាន»។ ព្រះ‌យេស៊ូវ​ក៏​ក្រោក​ឡើង យាង​ទៅ​តាម​គាត់ ហើយ​ពួក​សិស្ស​ក៏​ទៅ​ជា​មួយ​ដែរ។ រំពេច​នោះ មាន​ស្ត្រី​ម្នាក់​ដែល​កើត​ជំងឺ​ធ្លាក់​ឈាម​អស់​ដប់​ពីរ​ឆ្នាំ​មក​ហើយ នាង​បាន​ចូល​មក​ពី​ក្រោយ​ព្រះ‌អង្គ ហើយ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ ដ្បិត​នាង​គិត​ក្នុង​ចិត្ត​ថា៖ «បើ​ខ្ញុំ​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ ខ្ញុំ​មុខ​ជា​បាន​ជា​មិន​ខាន»។ ព្រះ‌យេស៊ូវ​បែរ​ទៅ​ក្រោយ ហើយ​ឃើញ​នាង ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​ស្រី​អើយ! ចូរ​សង្ឃឹម​ឡើង ជំនឿ​របស់​នាង បាន​ធ្វើ​ឲ្យ​នាង​ជា​សះ​ស្បើយ​ហើយ»។ ស្ត្រី​នោះ​ក៏​បាន​ជា​សះ​ស្បើយ​ភ្លាម​មួយ​រំពេច។ ពេល​ព្រះ‌យេស៊ូវ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មេ​ដឹក​នាំ​សាលា​ប្រជុំ​នោះ ហើយ​ទត​ឃើញ​ពួក​អ្នក​ផ្លុំ​ខ្លុយ និង​មនុស្ស‌ម្នា​ជា​ច្រើន​កំពុង​ច្រួល​ច្របល់ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នាំ​គ្នា​ចេញ​ទៅ! ដ្បិត​ក្មេង​ស្រី​នេះ​មិន​មែន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ប៉ុណ្ណោះ»។ គេ​ក៏​សើច​ចំអក​ដាក់​ព្រះ‌អង្គ។ កាល​បណ្តេញ​មនុស្ស​ទាំង​នោះ​ឲ្យ​ចេញ​ក្រៅ​អស់​ហើយ ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​ចាប់​ដៃ​ក្មេង​ស្រី​នោះ ហើយ​នាង​ក៏​ក្រោក​ឡើង។ ដំណឹង​នោះ​ក៏​លេច​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​ស្រុក​នោះ​ទាំង​មូល។ ពេល​ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​ទី​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​ដើរ​តាម​ព្រះ‌អង្គ​ទាំង​ស្រែក​ឡើង​ថា៖ «ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង»។ ពេល​ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ មនុស្ស​ខ្វាក់​ទាំង​ពីរ​នាក់​ក៏​ចូល​មក​ជិត​ព្រះ‌អង្គ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​ជឿ​ថា ខ្ញុំ​អាច​នឹង​ធ្វើ​ការ​នេះ​បាន​ឬ​ទេ?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​ជឿ​ហើយ ព្រះ‌អម្ចាស់​អើយ»។ ពេល​នោះ ព្រះ‌អង្គ​ក៏​ពាល់​ភ្នែក​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​អ្នក​ចុះ»។ ភ្នែក​របស់​គេ​ក៏​ភ្លឺ​ឡើង។ ព្រះ‌យេស៊ូវ​ហាម​ប្រាម​គេ​យ៉ាង​តឹង‌រ៉ឹង​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​ដឹង​ការ​នេះ​ឡើយ»។ ប៉ុន្តែ គេ​ចេញ​ទៅ ហើយ​ផ្សព្វ‌ផ្សាយ​ឲ្យ​គេ​ដឹង​អំពី​ព្រះ‌អង្គ​ពាស‌ពេញ​ស្រុក​នោះ​ទាំង​មូល។ ក្រោយ​ពេល​អ្នក​ទាំង​ពីរ​ចេញ​ផុត​ទៅ មាន​គេ​នាំ​មនុស្ស​គ​ម្នាក់ ដែល​មាន​អារក្ស​ចូល​មក​រក​ព្រះ‌អង្គ។ ក្រោយ​ពី​បាន​ដេញ​អារក្ស​ចេញ​ហើយ មនុស្ស​គ​នោះ​ក៏​និយាយ​បាន ហើយ​មហា‌ជន​មាន​សេចក្តី​អស្ចារ្យ ទាំង​ពោល​ថា៖ «នៅ​ស្រុក​អ៊ីស្រា‌អែល មិន​ដែល​ឃើញ​មាន​ការ​អស្ចារ្យ​ដូច្នេះ​សោះ»។ ប៉ុន្តែ ពួក​ផារិស៊ី​និយាយ​ថា៖ «អ្នក​នេះ​ដេញ​អារក្ស ដោយ‌សារ​មេ​អារក្ស​ទេ»។

ចែក​រំលែក
អាន ម៉ាថាយ 9

ម៉ាថាយ 9:14-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ពួក​សិស្ស​របស់​លោក​យ៉ូហាន​ចូល​មក​គាល់​ព្រះអង្គ ហើយ​ទូល​ថា៖ «យើង​ខ្ញុំ និង​ពួក​ខាង​គណៈ​ផារីស៊ី* តម​អាហារ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ក្នុង​ពិធី​មង្គល‌ការ ពេល​កូន​កំលោះ​នៅ​ជា​មួយ តើ​ភ្ញៀវ​អាច​កាន់​ទុក្ខ​កើត​ឬ? ទេ!។ ថ្ងៃ​ក្រោយ ពេល​គេ​ចាប់​ស្វាមី​យក​ទៅ ទើប​ភ្ញៀវ​ទាំង​នោះ​តម​អាហារ​វិញ។ ពុំ​ដែល​មាន​នរណា​យក​ក្រណាត់​ថ្មី​មក​ប៉ះ​សម្លៀក‌បំពាក់​ចាស់​ឡើយ ដ្បិត​បំណះ​នឹង​ធ្វើ​ឲ្យ​សម្លៀក‌បំពាក់​នោះ​រហែក​លើស​ដើម​ទៅ​ទៀត។ ពុំ​ដែល​មាន​នរណា​ច្រក​ស្រា​ទំពាំង‌បាយជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នេះ ថង់​ស្បែក​មុខ​ជា​ធ្លាយ ស្រា​នឹង​ហូរ​ចេញ ហើយ​ថង់​ស្បែក​ត្រូវ​ខូច​ខាត​មិន​ខាន។ គេ​តែងតែ​ច្រក​ស្រា​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ថ្មី ទើប​ទាំង​ស្រា ទាំង​ថង់​ស្បែក​នៅ​គង់​បាន»។ កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​ទៅ​គេ មាន​នាម៉ឺន​ម្នាក់​ចូល​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ ទូល​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​ប្របាទ​ទើប​នឹង​ផុត​ដង្ហើម​ថ្មីៗ​នេះ សូម​លោក​មេត្តា​អញ្ជើញ​ទៅ​ដាក់​ដៃ*​លើ​នាង នាង​នឹង​មាន​ជីវិត​រស់​ពុំ‌ខាន»។ ព្រះ‌យេស៊ូ​ក្រោក​ឡើង យាង​ទៅ​ជា​មួយ​គាត់ ពួក​សិស្ស*​ក៏​ទៅ​ជា​មួយ​ដែរ។ មាន​ស្ត្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម​ដប់‌ពីរ​ឆ្នាំ​មក​ហើយ នាង​មក​ពី​ក្រោយ​ព្រះ‌យេស៊ូ ហើយ​ពាល់​ជាយ​ព្រះ‌ពស្ដ្រ​ព្រះអង្គ ដ្បិត​នាង​រិះគិត​ក្នុង​ចិត្ត​ថា «បើ​ខ្ញុំ​គ្រាន់​តែ​បាន​ពាល់​អាវ​លោក ខ្ញុំ​មុខ​ជា​ទទួល​ការ​សង្គ្រោះ​មិន​ខាន»។ ព្រះ‌យេស៊ូ​បែរ​ទៅ​ក្រោយ ទត​ឃើញ​នាង ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «កូន​ស្រី​អើយ! ចូរ​ក្លាហាន​ឡើង ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ»។ ស្ត្រី​ធ្លាក់​ឈាម​បាន​ជា​សះ‌ស្បើយ​នៅ​ពេល​នោះ។ កាល​ព្រះ‌យេស៊ូ​យាង​ទៅ​ដល់​ផ្ទះ​នាម៉ឺន​នោះ ព្រះអង្គ​ទត​ឃើញ​អ្នក​លេង​ភ្លេង​កំដរ​សព និង​ឃើញ​មនុស្ស‌ម្នា​ជ្រួល‌ច្របល់ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «នាំ​គ្នា​ចេញ​ទៅ! ក្មេង​ស្រី​នេះ​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ»។ គេ​ចំអក​ដាក់​ព្រះអង្គ។ កាល​ព្រះអង្គ​ដេញ​គេ​ចេញ​ទៅ​ក្រៅ​អស់​ហើយ ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​បន្ទប់ ចាប់​ដៃ​ក្មេង​ស្រី​នោះ នាង​ក៏​ក្រោក​ឡើង។ ដំណឹង​នេះ​លេច​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​តំបន់​នោះ​ទាំង​មូល។ កាល​ព្រះ‌យេស៊ូ​កំពុង​តែ​យាង​ចេញ​ពី​ទី​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​មក​តាម​ព្រះអង្គ ស្រែក​ថា៖ «ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង»។ ពេល​ព្រះអង្គ​យាង​ទៅ​ដល់​ផ្ទះ មនុស្ស​ខ្វាក់​ទាំង​ពីរ​នាក់​ចូល​ទៅ​ជិត​ព្រះអង្គ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ទាំង​ពីរ​ថា៖ «តើ​អ្នក​ជឿ​ថា​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ភ្លឺ​ឬ?»។ គេ​ទូល​ព្រះអង្គ​ថា៖ «យើង​ខ្ញុំ​ជឿ​ហើយ ព្រះ‌អម្ចាស់​អើយ»។ ព្រះអង្គ​ក៏​ពាល់​ភ្នែក​អ្នក​ទាំង​ពីរ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​អ្នក​ចុះ»។ ពេល​នោះ ភ្នែក​របស់​គេ​ក៏​ភ្លឺ។ ព្រះ‌យេស៊ូ​ហាម‌ប្រាម​គេ​យ៉ាង​តឹង‌តែង​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ឲ្យ​នរណា​ដឹង​ឡើយ»។ ប៉ុន្តែ បុរស​ទាំង​ពីរ​ចេញ​ទៅ​ផ្សព្វ‌ផ្សាយ​រឿង​នោះ​ឲ្យ​គេ​ដឹង​ពាស‌ពេញ​ស្រុក។ លុះ​អ្នក​ទាំង​ពីរ​ចេញ​ផុត​ទៅ មាន​គេ​នាំ​មនុស្ស​គ​ម្នាក់​ដែល​មាន​អារក្ស​ចូល មក​គាល់​ព្រះ‌យេស៊ូ។ កាល​ព្រះអង្គ​ដេញ​អារក្ស​ចេញ​ហើយ មនុស្ស​គ​ក៏​និយាយ​បាន។ មហា‌ជន​នាំ​គ្នា​ស្ងើច​សរ‌សើរ​យ៉ាង​ខ្លាំង​ទាំង​ពោល​ថា៖ «យើង​មិន​ដែល​ឃើញ​ការ​អស្ចារ្យ​បែប​នេះ នៅ​ស្រុក​អ៊ីស្រា‌អែល​ឡើយ»។ ប៉ុន្តែ ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ថា៖ «គាត់​ដេញ​អារក្ស​បាន​ដូច្នេះ​មក​ពី​ស្ដេច​អារក្ស​ប្រគល់​អំណាច​ឲ្យ»។

ចែក​រំលែក
អាន ម៉ាថាយ 9

ម៉ាថាយ 9:14-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ ពួក​សិស្ស​របស់​យ៉ូហាន ក៏​មក​ឯ​ទ្រង់​ទូល​ថា ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ នឹង​ពួក​ផារិស៊ី តម​តែ​ញយៗ តែ​ពួក​សិស្ស​ទ្រង់​មិន​ដែល​តម​សោះ​ដូច្នេះ ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា កំពុង​ដែល​ប្ដី​ថ្មោង‌ថ្មី​នៅ​ជា​មួយ​គ្នា នោះ​តើ​សំឡាញ់​នៃ​គាត់​នឹង​ធ្វើ​ទឹក​មុខ​ព្រួយ​បាន​ឬ​ទេ ប៉ុន្តែ​នឹង​មាន​គ្រា​មក​ដល់ ដែល​ប្ដី​នឹង​ត្រូវ​ដក​យក​ចេញ​ពី​គេ​ទៅ នៅ​គ្រា​នោះ ទើប​គេ​នឹង​តម​អាហារ​វិញ គ្មាន​អ្នក​ណា​ដែល​យក​កំណាត់​សំពត់​ថ្មី មក​ប៉ះ​អាវ​ចាស់​ទេ ដ្បិត​កំណាត់​ថ្មី​នោះ នឹង​ហែក​អាវ​ចាស់​ចេញ ហើយ​រំហែក​នោះ​នឹង​រឹង‌រឹត‌តែ​អាក្រក់​ជាង​ទៅ​ទៀត ក៏​មិន​ដែល​មាន​អ្នក​ណា​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នោះ ថង់​ស្បែក​នឹង​ធ្លាយ ហូរ​ស្រា​ទំពាំង‌បាយ‌ជូរ​ចេញ​អស់ ហើយ​ទាំង​ថង់​នោះ​ក៏​ត្រូវ​ខូច​ខាត​ដែរ គឺ​គេ​តែង​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ក្នុង​ថង់​ស្បែក​ថ្មី​វិញ នោះ​ទើប​ទាំង​២​បាន​គង់​នៅ។ កំពុង​ដែល​ទ្រង់​មាន​បន្ទូល​នឹង​គេ ពី​ដំណើរ​ទាំង​នោះ ស្រាប់​តែ​មាន​មេ​សាលា​ម្នាក់​មក​ក្រាប​ថ្វាយ‌បង្គំ​ទូល​ថា កូន​ស្រី​របស់​ទូលបង្គំ​ទើប​នឹង​ស្លាប់​អម្បាញ់‌មិញ សូម​ទ្រង់​មេត្តា​យាង​ទៅ​ដាក់​ព្រះ‌ហស្ត​លើ​វា នោះ​វា​នឹង​រស់​ឡើង​វិញ ព្រះ‌យេស៊ូវ​ក៏​ក្រោក​ឡើង យាង​ទៅ​តាម ព្រម​ទាំង​ពួក​សិស្ស​ទ្រង់​ដែរ រីឯ​មាន​ស្ត្រី​ម្នាក់ នាង​មាន​ជំងឺ​ធ្លាក់​ឈាម​អស់​១២​ឆ្នាំ​មក​ហើយ នាង​បាន​ចូល​មក​ពី​ក្រោយ ពាល់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់ ដោយ​គិត​ក្នុង​ចិត្ត​ថា បើ​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់​ប៉ុណ្ណោះ នោះ​នឹង​បាន​ជា​ហើយ ឯ​ព្រះ‌យេស៊ូវ ទ្រង់​បែរ​ទៅ​ឃើញ​នាង ក៏​មាន​បន្ទូល​ថា ចូរ​សង្ឃឹម​ឡើង កូន​អើយ សេចក្ដី​ជំនឿ​របស់​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ នាង​ក៏​បាន​ជា​ចាប់​តាំង​ពី​វេលា​នោះ​មក រួច​មក កាល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មេ​សាលា បាន​ឃើញ​ពួក​អ្នក​ផ្លុំ​ខ្លុយ នឹង​មនុស្ស​សន្ធឹក​កំពុង​តែ​ឆោ‌ឡោ នោះ​ទ្រង់​មាន​បន្ទូល​ថា ចូរ​ថយ​ចេញ​ទៅ ដ្បិត​នាង​ក្រមុំ​នេះ​មិន​មែន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ប៉ុណ្ណោះ តែ​គេ​សើច​ចំអក​ឲ្យ​ទ្រង់ លុះ​បណ្តេញ​មនុស្ស​ទាំង​នោះ ទៅ​ក្រៅ​ទាំង​អស់​ហើយ នោះ​ទ្រង់​យាង​ចូល​ទៅ​ចាប់​ដៃ​នាង រួច​នាង​ក៏​ក្រោក​ឡើង រឿង​នោះ​បាន​ល្បី​ខ្ចរ‌ខ្ចាយ​ទួទៅ ពេញ‌ពាស​ក្នុង​ស្រុក​នោះ​ឯង។ កំពុង​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ចេញ​ពី​ទី​នោះ​ទៅ នោះ​មាន​មនុស្ស​ខ្វាក់​២​នាក់​តាម​ទ្រង់ ទាំង​ស្រែក​ថា ឱ​ព្រះ‌រាជ‌បុត្រា​ហ្លួង​ដាវីឌ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង កាល​បាន​យាង​ចូល​ទៅ​ក្នុង​ផ្ទះ នោះ​អ្នក​ខ្វាក់​ទាំង​២​ក៏​មក​ឯ​ទ្រង់ ហើយ​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​អ្នក​ជឿ​ថា ខ្ញុំ​អាច​នឹង​ធ្វើ​ការ​នេះ​បាន​ឬ​ទេ អ្នក​ទាំង​២​ទូល​ថា ជឿ​ហើយ ព្រះ‌អម្ចាស់​អើយ នោះ​ទ្រង់​ក៏​ពាល់​ភ្នែក​គេ ដោយ​បន្ទូល​ថា ចូរ​ឲ្យ​បាន​ដូច​សេចក្ដី​ជំនឿ​របស់​អ្នក​ចុះ ភ្នែក​គេ​ក៏​បាន​ភ្លឺ​ឡើង រួច​ទ្រង់​ហាម​ផ្តាច់​ថា នែ កុំ​ឲ្យ​អ្នក​ណា​ដឹង​ការ​នេះ​ឲ្យ​សោះ​ហ្នះ តែ​កាល​គេ​ចេញ​ទៅ​ហើយ នោះ​ក៏​ផ្សាយ​ប្រាប់​ពី​ទ្រង់ សុស​សាយ​ពេញ​ក្នុង​ស្រុក​នោះ។ កំពុង​ដែល​អ្នក​ទាំង​២​ចេញ​ទៅ នោះ​មាន​គេ​នាំ​មនុស្ស​គ ដែល​មាន​អារក្ស​ចូល មក​ឯ​ទ្រង់ រួច​កាល​បាន​ដេញ​អារក្ស​ចេញ​ហើយ នោះ​មនុស្ស​គ​បាន​និយាយ​ឡើង​បាន ឯ​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន គេ​មាន​សេចក្ដី​អស្ចារ្យ​ថា មិន​ដែល​ឃើញ​មាន​យ៉ាង​ដូច្នេះ នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​សោះ​ឡើយ តែ​ពួក​ផារិស៊ី​និយាយ​ឡើង​ថា អ្នក​នេះ​ដេញ​អារក្ស ដោយ‌សារ​តែ​មេ​អារក្ស​ទេ។

ចែក​រំលែក
អាន ម៉ាថាយ 9