ម៉ាថាយ 9:14-17
ម៉ាថាយ 9:14-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ពួកសិស្សរបស់លោកយ៉ូហានចូលមកគាល់ព្រះអង្គទូលថា៖ «ហេតុអ្វីបានជាយើងខ្ញុំ និងពួកផារិស៊ីតមអាហារជាញឹកញាប់ តែពួកសិស្សរបស់ព្រះអង្គមិនតមដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលតបទៅគេថា៖ «តើភ្ញៀវដែលមកចូលរួមពិធីមង្គលការ អាចកាន់ទុក្ខកើតដែរឬ ពេលកូនកំលោះនៅជាមួយពួកគេនៅឡើយ? ប៉ុន្តែ នឹងមានថ្ងៃមកដល់ ដែលកូនកំលោះនឹងត្រូវដកយកចេញពីគេទៅ ហើយពេលនោះ គេនឹងតមអាហារវិញ។ គ្មានអ្នកណាយកក្រណាត់ថ្មី មកប៉ះលើសម្លៀកបំពាក់ចាស់ឡើយ ដ្បិតបំណះនោះនឹងទាញសម្លៀកបំពាក់ចាស់ ហើយវារឹតតែធ្វើឲ្យរហែកលើសដើម។ ក៏គ្មានអ្នកណាដាក់ស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ថង់ស្បែកនឹងធ្លុះ ហើយស្រាក៏ធ្លាយ ថង់ក៏ខូច។ ប៉ុន្តែ គេតែងដាក់ស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកថ្មីវិញ ធ្វើដូច្នេះទើបទាំងពីរនៅគង់បាន»។
ម៉ាថាយ 9:14-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ពួកសិស្សរបស់លោកយ៉ូហានចូលមកគាល់ព្រះអង្គ ហើយទូលថា៖ «យើងខ្ញុំ និងពួកខាងគណៈផារីស៊ី* តមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចកាន់ទុក្ខកើតឬ? ទេ!។ ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារវិញ។ ពុំដែលមាននរណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ ដ្បិតបំណះនឹងធ្វើឲ្យសម្លៀកបំពាក់នោះរហែកលើសដើមទៅទៀត។ ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ថង់ស្បែកមុខជាធ្លាយ ស្រានឹងហូរចេញ ហើយថង់ស្បែកត្រូវខូចខាតមិនខាន។ គេតែងតែច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី ទើបទាំងស្រា ទាំងថង់ស្បែកនៅគង់បាន»។
ម៉ាថាយ 9:14-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ ពួកសិស្សរបស់យ៉ូហាន ក៏មកឯទ្រង់ទូលថា ហេតុអ្វីបានជាយើងខ្ញុំ នឹងពួកផារិស៊ី តមតែញយៗ តែពួកសិស្សទ្រង់មិនដែលតមសោះដូច្នេះ ព្រះយេស៊ូវទ្រង់ឆ្លើយថា កំពុងដែលប្ដីថ្មោងថ្មីនៅជាមួយគ្នា នោះតើសំឡាញ់នៃគាត់នឹងធ្វើទឹកមុខព្រួយបានឬទេ ប៉ុន្តែនឹងមានគ្រាមកដល់ ដែលប្ដីនឹងត្រូវដកយកចេញពីគេទៅ នៅគ្រានោះ ទើបគេនឹងតមអាហារវិញ គ្មានអ្នកណាដែលយកកំណាត់សំពត់ថ្មី មកប៉ះអាវចាស់ទេ ដ្បិតកំណាត់ថ្មីនោះ នឹងហែកអាវចាស់ចេញ ហើយរំហែកនោះនឹងរឹងរឹតតែអាក្រក់ជាងទៅទៀត ក៏មិនដែលមានអ្នកណាដាក់ស្រាទំពាំងបាយជូរថ្មី ក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ថង់ស្បែកនឹងធ្លាយ ហូរស្រាទំពាំងបាយជូរចេញអស់ ហើយទាំងថង់នោះក៏ត្រូវខូចខាតដែរ គឺគេតែងដាក់ស្រាទំពាំងបាយជូរថ្មី ក្នុងថង់ស្បែកថ្មីវិញ នោះទើបទាំង២បានគង់នៅ។