ម៉ាថាយ 9:10-13
ម៉ាថាយ 9:10-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះអង្គសោយអាហារនៅក្នុងផ្ទះ មានពួកអ្នកទារពន្ធ និងមនុស្សបាបជាច្រើន បានមកអង្គុយរួមតុជាមួយព្រះអង្គ និងពួកសិស្សរបស់ព្រះអង្គ។ ពេលពួកផារិស៊ីឃើញដូច្នោះ គេនិយាយទៅកាន់ពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នា បរិភោគជាមួយពួកអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ?» ពេលព្រះយេស៊ូវឮដូច្នោះ ព្រះអង្គមានព្រះបន្ទូលថា៖ «អស់អ្នកដែលមានសុខភាពល្អ មិនត្រូវការគ្រូពេទ្យទេ មានតែអស់អ្នកដែលឈឺប៉ុណ្ណោះទើបត្រូវការ។ ចូរទៅរៀនពីន័យរបស់ពាក្យនេះថា "យើងចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ"។ ដ្បិតខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ តែមកហៅមនុស្សបាបវិញ»។
ម៉ាថាយ 9:10-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ព្រះអង្គសោយព្រះស្ងោយនៅផ្ទះលោកម៉ាថាយ មានអ្នកទារពន្ធ ព្រមទាំងមនុស្សបាបជាច្រើន មកអង្គុយរួមតុជាមួយព្រះយេស៊ូ និងពួកសិស្សដែរ។ ពួកខាងគណៈផារីស៊ី*ឃើញដូច្នេះ គេនិយាយទៅកាន់សិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយអ្នកទារពន្ធ និងមនុស្សបាប?»។ ព្រះយេស៊ូឮដូច្នេះ ក៏មានព្រះបន្ទូលថា៖ «មនុស្សសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ចូរអ្នករាល់គ្នាទៅរិះគិតមើល សេចក្ដីដែលមានចែងទុកមកថា “យើងមិនចង់បានយញ្ញបូជាទេ គឺចង់បានតែសេចក្ដីមេត្តាករុណាប៉ុណ្ណោះ” មានន័យដូចម្ដេច? ខ្ញុំមិនមែនមករកមនុស្សសុចរិតទេ គឺមករកមនុស្សបាប»។
ម៉ាថាយ 9:10-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលព្រះយេស៊ូវកំពុងគង់សោយអាហារនៅក្នុងផ្ទះ នោះមានពួកអ្នកយកពន្ធ នឹងមនុស្សមានបាបជាច្រើន បានមកអង្គុយជាមួយនឹងទ្រង់ នឹងពួកសិស្សទ្រង់ផង កាលពួកផារិស៊ីបានឃើញដូច្នោះ គេក៏សួរពួកសិស្សទ្រង់ថា ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយនឹងពួកយកពន្ធ ហើយនឹងមនុស្សមានបាបដូច្នេះ តែព្រះយេស៊ូវទ្រង់ក៏បានឮ ហើយទ្រង់មានបន្ទូលតបថា ពួកអ្នកដែលជាសុខសប្បាយ មិនត្រូវការនឹងគ្រូពេទ្យទេ គឺជាពួកដែលមានជំងឺវិញទេតើ ចូរឲ្យអ្នករាល់គ្នាទៅរៀនន័យបទ ដែលថា «អញចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ» ពីព្រោះខ្ញុំមិនបានមក ដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប ឲ្យប្រែចិត្តវិញ។