ម៉ាថាយ 8:9-13

ម៉ាថាយ 8:9-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​នៅ​ក្រោម​បញ្ជា​គេ ហើយ​មាន​ទាហាន​នៅ​ក្រោម​បញ្ជា​ទូល‌បង្គំ បើ​ទូល‌បង្គំ​បញ្ជា​ទៅ​ម្នាក់​ថា "ទៅ" គេ​ក៏​ទៅ ហើយ​បញ្ជា​ទៅ​ម្នាក់​ទៀត​ថា "មក" គេ​ក៏​មក។ ពេល​ទូល‌បង្គំ​បញ្ជា​ទៅ​អ្នក​បម្រើ​របស់​ទូល‌បង្គំ​ថា "ធ្វើ​ការ​នេះ" នោះ​គេ​ក៏​ធ្វើ​តាម»។ កាល​ព្រះ‌យេស៊ូវ​ឮ​ដូច្នោះ ទ្រង់​មាន​សេចក្តី​អស្ចារ្យ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​ដើរ​តាម​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ដែល​ឃើញ​អ្នក​ណា​មាន​ជំនឿ​ដូច្នេះ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច មក​អង្គុយ​បរិ‌ភោគ​ជា​មួយ​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប នៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ ប៉ុន្តែ អស់​អ្នក​ដែល​ត្រូវ​ទទួល​ព្រះរាជ្យ បែរ​ជា​ត្រូវ​បោះ​ទៅ​ក្នុង​សេចក្តី​ងងឹត​ខាង​ក្រៅ ដែល​នៅ​ទី​នោះ​នឹង​យំ​សោក ហើយ​សង្កៀត​ធ្មេញ»។ បន្ទាប់​មក ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​មេ​ទ័ព​នោះ​ថា៖ «ទៅ​ចុះ ចូរ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​អ្នក​ចុះ»។ អ្នក​បម្រើ​នោះ​ក៏​បាន​ជា​នៅ​វេលា​នោះ​ឯង។

ចែក​រំលែក
អាន ម៉ាថាយ 8

ម៉ាថាយ 8:9-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ប្របាទ​ជា​អ្នក​នៅ​ក្រោម​បញ្ជា​គេ ហើយ​មាន​កូន​ទាហាន​នៅ​ក្រោម​បញ្ជា​ខ្ញុំ​ប្របាទ​ដែរ បើ​ខ្ញុំ​ប្របាទ​បញ្ជា​អ្នក​ណា​ម្នាក់​ឲ្យ​ទៅ គេ​នឹង​ទៅ បើ​ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក គេ​នឹង​មក។ ពេល​ខ្ញុំ​ប្របាទ​ប្រាប់​អ្នក​បម្រើ​ឲ្យ​ធ្វើ​ការ​អ្វី​មួយ គេ​នឹង​ធ្វើ​តាម»។ កាល​ព្រះ‌យេស៊ូ​ទ្រង់​ព្រះ‌សណ្ដាប់​ដូច្នេះ​ហើយ ព្រះអង្គ​ស្ងើច​សរ‌សើរ​ណាស់ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​ដើរ​តាម​ព្រះអង្គ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​មិន​ដែល​ឃើញ​នរណា​មាន​ជំនឿ​បែប​នេះ នៅ​ស្រុក​អ៊ីស្រា‌អែល​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច មក​ចូល​រួម​ពិធី​ជប់‌លៀង ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។ រីឯ​អស់​អ្នក​ដែល​ត្រូវ​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌ជាម្ចាស់ បែរ​ជា​ដេញ​ឲ្យ​ទៅ​នៅ​ខាង​ក្រៅ​ក្នុង​ទី‌ងងឹត ជា​កន្លែង​ដែល​គេ​យំ​សោក ខឹង​សង្កៀត​ធ្មេញ»។ បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាយ​ទាហាន​រ៉ូម៉ាំង​ថា៖ «អញ្ជើញ​ត្រឡប់​ទៅ​វិញ​ទៅ សុំ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​លោក​ចុះ!»។ អ្នក​បម្រើ​ក៏​ជា​សះ‌ស្បើយ​នៅ​ពេល​នោះ។

ចែក​រំលែក
អាន ម៉ាថាយ 8

ម៉ាថាយ 8:9-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ទូលបង្គំ​ជា​មនុស្ស​នៅ​ក្រោម​បង្គាប់​គេ​ដែរ ហើយ​មាន​ទាហាន​នៅ​ក្រោម​ឱវាទ​ទូលបង្គំ បើ​ទូលបង្គំ​ប្រាប់​ទៅ​ម្នាក់​ថា ទៅ នោះ​វា​ក៏​ទៅ ប្រាប់​ទៅ​ម្នាក់​ទៀត​ថា មក វា​ក៏​មក ហើយ​ប្រាប់​ទៅ​បាវ​ថា ធ្វើ​ការ​នេះ នោះ​វា​ក៏​ធ្វើ​តាម កាល​ព្រះ‌យេស៊ូវ​បាន​ឮ​ពាក្យ​នោះ​ហើយ ទ្រង់​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ព្រះ‌ហឫទ័យ រួច​មាន​បន្ទូល​ទៅ​ពួក​អ្នក​ដែល​តាម​ទ្រង់​ថា ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ដែល​ឃើញ​សេចក្ដី​ជំនឿ​ជា​ខ្លាំង​ដល់​ម៉្លេះ​ទេ ទោះ​ទាំង​នៅ​ក្នុង​សាសន៍​អ៊ីស្រាអែល​ផង ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន ពី​ទិស​ខាង​កើត នឹង​ទិស​ខាង​លិច មក​អង្គុយ​ជា​មួយ​នឹង​លោក​អ័ប្រាហាំ លោក​អ៊ីសាក នឹង​លោក​យ៉ាកុប នៅ​ក្នុង​នគរ​ស្ថាន‌សួគ៌ តែ​អស់​ទាំង​មនុស្ស​របស់​នគរ​នោះ នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​សេចក្ដី​ងងឹត​ខាង​ក្រៅ​វិញ នៅ​ទី​នោះ​នឹង​មាន​យំ ហើយ​សង្កៀត​ធ្មេញ រួច​ទ្រង់​មាន​បន្ទូល​ទៅ​មេ​ទ័ព​នោះ​ថា ចូរ​ទៅ​ចុះ ឲ្យ​បាន​ដូច​សេចក្ដី​ជំនឿ​របស់​អ្នក​ចុះ បាវ​គាត់​ក៏​បាន​ជា​នៅ​វេលា​នោះ​ឯង។

ចែក​រំលែក
អាន ម៉ាថាយ 8

ម៉ាថាយ 8:9-13

ម៉ាថាយ 8:9-13 គខប