ម៉ាថាយ 8:23-34
ម៉ាថាយ 8:23-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលព្រះអង្គយាងចុះទូក ពួកសិស្សក៏ទៅតាមព្រះអង្គ។ ពេលនោះ ស្រាប់តែមានខ្យល់ព្យុះបក់មកលើសមុទ្រយ៉ាងខ្លាំង បណ្តាលឲ្យរលកឡើងជះមកគ្របលើទូក ប៉ុន្តែ ព្រះអង្គផ្ទំលក់។ ពេលនោះ ពួកសិស្សចូលទៅដាស់ព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! សូមសង្គ្រោះពួកយើងផង! យើងវិនាសឥឡូវហើយ!» ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភ័យខ្លាចដូច្នេះ?» រួចព្រះអង្គក្រោកឈរឡើង ហើយបន្ទោសខ្យល់ និងសមុទ្រ នោះសមុទ្រក៏ស្ងប់ឈឹង។ អ្នកទាំងនោះមានសេចក្តីអស្ចារ្យ ហើយពោលថា៖ «តើលោកនេះជាមនុស្សបែបណាហ្ន៎! ដែលសូម្បីតែខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ?» ពេលព្រះអង្គបានមកដល់ត្រើយម្ខាង នៅស្រុកគេរ៉ាស៊ីន មានបុរសពីរនាក់ដែលអារក្សចូល ចេញពីផ្នូរខ្មោចមករកព្រះអង្គ។ អ្នកទាំងពីរនោះសាហាវណាស់ គ្មានអ្នកណាហ៊ានដើរកាត់តាមផ្លូវនោះទេ។ រំពេចនោះ បុរសទាំងពីរស្រែកឡើងថា៖ «ព្រះរាជបុត្រារបស់ព្រះអើយ! តើព្រះអង្គត្រូវធ្វើដូចម្តេចជាមួយយើង? តើព្រះអង្គយាងមកទីនេះ ដើម្បីធ្វើទុក្ខយើងមុនពេលកំណត់ឬ?» ពេលនោះ នៅឆ្ងាយពីពួកគេបន្តិច មានជ្រូកមួយហ្វូងធំកំពុងរកស៊ី។ ពួកអារក្សបានអង្វរព្រះអង្គថា៖ «បើទ្រង់បណ្តេញយើង សូមបញ្ជូនយើងចូលទៅក្នុងហ្វូងជ្រូកនោះទៅ»។ ព្រះអង្គមានព្រះបន្ទូលទៅវាថា៖ «ទៅចុះ!» អារក្សក៏ចេញទៅ ហើយចូលទៅក្នុងហ្វូងជ្រូក។ រំពេចនោះ ស្រាប់តែហ្វូងជ្រូកទាំងហ្វូងក៏បោលចុះតាមចំណោតច្រាំង ចូលទៅក្នុងសមុទ្រ ហើយលង់ទឹកងាប់អស់ទៅ។ ពួកអ្នកថែរក្សាហ្វូងជ្រូក ក៏នាំគ្នារត់ចូលទៅក្នុងក្រុង ហើយរៀបរាប់ប្រាប់ពីការទាំងប៉ុន្មាន រួមទាំងហេតុការណ៍ដែលបានកើតឡើងដល់បុរសអារក្សចូលនោះដែរ។ ពេលនោះ អ្នកក្រុងទាំងអស់ នាំគ្នាចេញមកជួបព្រះយេស៊ូវ ហើយពេលគេបានឃើញព្រះអង្គ គេក៏អង្វរសូមឲ្យព្រះអង្គយាងចេញពីភូមិស្រុករបស់គេ។
ម៉ាថាយ 8:23-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូយាងចុះទូក ហើយពួកសិស្ស*នាំគ្នាទៅជាមួយព្រះអង្គដែរ។ ពេលនោះ មានខ្យល់ព្យុះបក់បោកមកលើសមុទ្រយ៉ាងខ្លាំង បណ្ដាលឲ្យរលកជះមកគ្របពីលើទូក។ រីឯព្រះយេស៊ូវិញ ព្រះអង្គផ្ទំលក់។ ពួកសិស្ស*ចូលទៅជិត ដាស់ព្រះអង្គថា៖ «លោកម្ចាស់អើយ! សូមជួយផង យើងស្លាប់ឥឡូវហើយ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភិតភ័យដូច្នេះ?»។ ព្រះអង្គក្រោកឈរឡើង មានព្រះបន្ទូលគំរាមខ្យល់ព្យុះ និងសមុទ្រ ពេលនោះ សមុទ្រក៏ស្ងប់ឈឹង។ ពួកសិស្សនាំគ្នាស្ងើចសរសើរ ហើយពោលថា៖ «តើលោកនេះមានឋានៈអ្វីបានជាខ្យល់ព្យុះ និងសមុទ្រ ស្ដាប់បង្គាប់លោកដូច្នេះ?»។ កាលព្រះយេស៊ូ និងពួកសិស្សបានទៅដល់ត្រើយម្ខាង ក្នុងតំបន់គេរ៉ាស៊ីន មានបុរសអារក្សចូលពីរនាក់ចេញពីទីបញ្ចុះសព ដើរតម្រង់មករកព្រះអង្គ។ បុរសទាំងពីរនេះកាចណាស់ គ្មាននរណាហ៊ានដើរកាត់តាមនោះទេ។ អ្នកទាំងពីរស្រែកឡើងថា៖ «ព្រះបុត្រារបស់ព្រះជាម្ចាស់អើយ! តើព្រះអង្គចង់ធ្វើអ្វីយើងខ្ញុំ? ព្រះអង្គយាងមកទីនេះ ដើម្បីធ្វើទុក្ខទោសយើងខ្ញុំ មុនពេលកំណត់ឬ?»។ នៅឆ្ងាយពីនោះបន្តិច មានជ្រូកមួយហ្វូងធំកំពុងរកស៊ី។ ពួកអារក្សអង្វរព្រះយេស៊ូថា៖ «បើព្រះអង្គចង់ដេញយើងខ្ញុំ សូមបញ្ជូនយើងខ្ញុំឲ្យចូលទៅក្នុងជ្រូកមួយហ្វូងនេះទៅ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅអារក្សថា៖ «ទៅចុះ!»។ ពួកអារក្សក៏ចេញពីបុរសទាំងពីរ ចូលទៅក្នុងជ្រូក។ ពេលនោះ ហ្វូងជ្រូកបោលចុះតាមជម្រាលភ្នំ តម្រង់ទៅសមុទ្រ លង់ទឹកងាប់អស់ទៅ។ អ្នកថែរក្សាហ្វូងជ្រូកនាំគ្នាយករឿងអស់ទាំងនេះរត់ទៅប្រាប់អ្នកភូមិ ព្រមទាំងរៀបរាប់ហេតុការណ៍អំពីបុរសអារក្សចូលទាំងពីរនាក់នោះផង។ អ្នកភូមិទាំងអស់ក៏នាំគ្នាចេញមកជួបព្រះយេស៊ូ លុះបានឃើញហើយ គេអង្វរព្រះអង្គឲ្យចាកចេញពីស្រុកភូមិរបស់គេ។
ម៉ាថាយ 8:23-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលទ្រង់បានយាងចុះទូកហើយ នោះពួកសិស្សក៏តាមទ្រង់ទៅ ឯសមុទ្រក៏កំរើកឡើងជាខ្លាំង ដល់ម៉្លេះបានជារលកឡើងគ្របលើទូក តែទ្រង់ផ្ទំលក់ ពួកសិស្សក៏ចូលទៅតើនទ្រង់ទូលថា ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះផង យើងខ្ញុំវិនាសហើយ ទ្រង់មានបន្ទូលថា ឱពួកអ្នកមានជំនឿតិចអើយ ហេតុអ្វីបានជាភ័យដូច្នេះ រួចទ្រង់ក្រោកឡើង កំហែងដល់ខ្យល់នឹងសមុទ្រ នោះក៏ស្ងប់ឈឹងអស់ទៅ អ្នកទាំងនោះមានសេចក្ដីអស្ចារ្យ ហើយនិយាយគ្នាថា តើមនុស្សនេះបែបយ៉ាងណា បានជាទាំងខ្យល់ នឹងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ។ កាលទ្រង់បានដល់ស្រុកគេរ៉ាស៊ីន នៅត្រើយម្ខាងហើយ នោះមានមនុស្ស២នាក់ ដែលមានអារក្សចូល គេចេញពីផ្នូរខ្មោចមកចួបនឹងទ្រង់ វាសាហាវណាស់ ដល់ម៉្លេះបានជាគ្មានអ្នកណាហ៊ានដើរតាមផ្លូវនោះទេ នោះវាស្រែកឡើងថា ឱព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះអើយ តើយើងហើយនឹងទ្រង់មានការអ្វីនឹងគ្នា តើទ្រង់បានយាងមកទីនេះ ដើម្បីនឹងធ្វើទុក្ខដល់យើងមុនកំណត់ឬអី រីឯនៅទីដែលឆ្ងាយពីវា នោះមានហ្វូងជ្រូកយ៉ាងធំកំពុងតែរកស៊ី ហើយពួកអារក្សនោះក៏ទូលអង្វរទ្រង់ថា បើទ្រង់បណ្តេញយើង សូមអនុញ្ញាតឲ្យយើងចូលទៅនៅក្នុងហ្វូងជ្រូកនោះចុះ ទ្រង់មានបន្ទូលតបថា ទៅចុះ វាក៏ចេញទៅចូលក្នុងហ្វូងជ្រូក រួចជ្រូកនាំគ្នាបោលម្នីម្នាតាមភ្នំចោត ធ្លាក់ទៅក្នុងសមុទ្រ លង់ទឹកស្លាប់ទាំងអស់ទៅ ឯពួកអ្នកដែលឃ្វាលវា គេនាំគ្នារត់ចូលទៅក្នុងទីក្រុងរ៉ាយរ៉ាប់ប្រាប់ពីគ្រប់ការទាំងនោះ ហើយពីមនុស្ស២នាក់ដែលមានអារក្សចូលផង ចំណែកពួកអ្នកក្រុងនោះទាំងអស់គ្នា ក៏ចេញមកឯព្រះយេស៊ូវ កាលបានឃើញទ្រង់ គេក៏អង្វរឲ្យទ្រង់យាងចេញពីក្រវល់ស្រុកគេទៅ។