ម៉ាថាយ 8:19-22
ម៉ាថាយ 8:19-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ មានអាចារ្យម្នាក់ចូលមកជិតព្រះអង្គទូលថា៖ «លោកគ្រូ! ខ្ញុំនឹងទៅតាមលោកដែរ ទោះលោកទៅទីណាក៏ដោយ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «កញ្ជ្រោងមានរូងរបស់វា ហើយសត្វហើរលើអាកាស ក៏មានសម្បុករបស់វាដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។ មានសិស្សរបស់ព្រះអង្គម្នាក់ទៀតទូលថា៖ «ព្រះអម្ចាស់ សូមអនុញ្ញាតឲ្យទូលបង្គំទៅកប់ខ្មោចឪពុករបស់ទូលបង្គំសិន»។ ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលទៅអ្នកនោះថា៖ «ចូរមកតាមខ្ញុំ ហើយទុកឲ្យមនុស្សស្លាប់កប់ខ្មោចគ្នាគេចុះ»។
ម៉ាថាយ 8:19-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ មានអាចារ្យ*ម្នាក់ចូលមកជិតព្រះអង្គ ទូលថា៖ «លោកគ្រូ! ខ្ញុំប្របាទសុខចិត្តទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ រីឯបុត្រមនុស្សវិញ គ្មានទីជម្រកសម្រាកសោះឡើយ»។ មានសិស្សមួយរូបទៀតទូលព្រះអង្គថា៖ «លោកម្ចាស់ សូមលោកអនុញ្ញាតឲ្យខ្ញុំប្របាទត្រឡប់ទៅបញ្ចុះសពឪពុកសិន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ ទុកឲ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ»។
ម៉ាថាយ 8:19-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខណនោះ មានអាចារ្យម្នាក់ចូលមកទូលទ្រង់ថា លោកគ្រូអើយ ខ្ញុំនឹងតាមលោកទៅដែរ ទោះបើលោកទៅឯណាក៏ដោយ ព្រះយេស៊ូវទ្រង់តបថា កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាស ក៏មានសំបុក តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ មានសិស្សទ្រង់ម្នាក់ទៀតទូលថា ព្រះអម្ចាស់អើយ សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំ បានទៅកប់ខ្មោចឪពុកទូលបង្គំសិន តែព្រះយេស៊ូវមានបន្ទូលទៅអ្នកនោះថា ចូរមកតាមខ្ញុំវិញ ទុកឲ្យពួកមនុស្សស្លាប់កប់ខ្មោចពួកគេចុះ។