ម៉ាថាយ 8:18-27

ម៉ាថាយ 8:18-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌យេស៊ូវ​ឃើញ​មហា​ជន​ច្រើន​កុះករ​នៅ​ជុំ‌វិញ​ព្រះ‌អង្គ ទ្រង់​ក៏​បញ្ជា​ឲ្យ​ឆ្លង​ទូក​ទៅ​ត្រើយ​ម្ខាង។ ពេល​នោះ មាន​អាចារ្យ​ម្នាក់​ចូល​មក​ជិត​ព្រះ‌អង្គ​ទូល​ថា៖ «លោក​គ្រូ! ខ្ញុំ​នឹង​ទៅ​តាម​លោក​ដែរ ទោះ​លោក​ទៅ​ទី​ណា​ក៏​ដោយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កញ្ជ្រោង​មាន​រូង​របស់​វា ហើយ​សត្វ​ហើរ​លើ​អាកាស ក៏​មាន​សម្បុក​របស់​វា​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ»។ មាន​សិស្ស​របស់​ព្រះ‌អង្គ​ម្នាក់​ទៀត​ទូល​ថា៖ «ព្រះ‌អម្ចាស់ សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ទៅ​កប់​ខ្មោច​ឪពុក​របស់​ទូល‌បង្គំ​សិន»។ ប៉ុន្តែ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ចូរ​មក​តាម​ខ្ញុំ ហើយ​ទុក​ឲ្យ​មនុស្ស​ស្លាប់​កប់​ខ្មោច​គ្នា​គេ​ចុះ»។ កាល​ព្រះ‌អង្គ​យាង​ចុះ​ទូក ពួក​សិស្ស​ក៏​ទៅ​តាម​ព្រះ‌អង្គ។ ពេល​នោះ ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​មក​លើ​សមុទ្រ​យ៉ាង​ខ្លាំង បណ្តាល​ឲ្យ​រលក​ឡើង​ជះ​មក​គ្រប​លើ​ទូក ប៉ុន្តែ ព្រះ‌អង្គ​ផ្ទំ​លក់។ ពេល​នោះ ពួក​សិស្ស​ចូល​ទៅ​ដាស់​ព្រះ‌អង្គ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​សង្គ្រោះ​ពួក​យើង​ផង! យើង​វិនាស​ឥឡូវ​ហើយ!» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ដូច្នេះ?» រួច​ព្រះ‌អង្គ​ក្រោក​ឈរ​ឡើង ហើយ​បន្ទោស​ខ្យល់ និង​សមុទ្រ នោះ​សមុទ្រ​ក៏​ស្ងប់​ឈឹង។ អ្នក​ទាំង​នោះ​មាន​សេចក្តី​អស្ចារ្យ ហើយ​ពោល​ថា៖ «តើ​លោក​នេះ​ជា​មនុស្ស​បែប​ណា​ហ្ន៎! ដែល​សូម្បី​តែ​ខ្យល់ និង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ?»

ចែក​រំលែក
អាន ម៉ាថាយ 8

ម៉ាថាយ 8:18-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ​ឃើញ​បណ្ដា‌ជន​ចោម‌រោម​ព្រះអង្គ ព្រះអង្គ​ក៏​បញ្ជា​ឲ្យ​គេ​ចេញ​ទូក​ទៅ​ត្រើយ​ម្ខាង។ ពេល​នោះ មាន​អាចារ្យ*​ម្នាក់​ចូល​មក​ជិត​ព្រះអង្គ ទូល​ថា៖ «លោក​គ្រូ! ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក ទោះ​បី​លោក​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សា‌បក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ រីឯ​បុត្រ​មនុស្ស​វិញ គ្មាន​ទី​ជម្រក​សម្រាក​សោះ​ឡើយ»។ មាន​សិស្ស​មួយ​រូប​ទៀត​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់ សូម​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ត្រឡប់​ទៅ​បញ្ចុះ​សព​ឪពុក​សិន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​មក​តាម​ខ្ញុំ ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ»។ ព្រះ‌យេស៊ូ​យាង​ចុះ​ទូក ហើយ​ពួក​សិស្ស*​នាំ​គ្នា​ទៅ​ជា​មួយ​ព្រះអង្គ​ដែរ។ ពេល​នោះ មាន​ខ្យល់​ព្យុះ​បក់​បោក​មក​លើ​សមុទ្រ​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​រលក​ជះ​មក​គ្រប​ពី​លើ​ទូក។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​ផ្ទំ​លក់។ ពួក​សិស្ស*​ចូល​ទៅ​ជិត ដាស់​ព្រះអង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​ជួយ​ផង យើង​ស្លាប់​ឥឡូវ​ហើយ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភិត‌ភ័យ​ដូច្នេះ?»។ ព្រះអង្គ​ក្រោក​ឈរ​ឡើង មាន​ព្រះ‌បន្ទូល​គំរាម​ខ្យល់​ព្យុះ និង​សមុទ្រ ពេល​នោះ សមុទ្រ​ក៏​ស្ងប់‌ឈឹង។ ពួក​សិស្ស​នាំ​គ្នា​ស្ងើច​សរ‌សើរ ហើយ​ពោល​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី​បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ ស្ដាប់​បង្គាប់​លោក​ដូច្នេះ?»។

ចែក​រំលែក
អាន ម៉ាថាយ 8

ម៉ាថាយ 8:18-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ព្រះ‌យេស៊ូវ ទ្រង់​ឃើញ​ហ្វូង​មនុស្ស​កក‌កុញ​នៅ​ជុំ‌វិញ​ទ្រង់ នោះ​ទ្រង់​បង្គាប់​ឲ្យ​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង​ទៅ ខណ​នោះ មាន​អាចារ្យ​ម្នាក់​ចូល​មក​ទូល​ទ្រង់​ថា លោក​គ្រូ​អើយ ខ្ញុំ​នឹង​តាម​លោក​ទៅ​ដែរ ទោះ​បើ​លោក​ទៅ​ឯ​ណា​ក៏​ដោយ ព្រះ‌យេស៊ូវ​ទ្រង់​តប​ថា កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស ក៏​មាន​សំបុក តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ មាន​សិស្ស​ទ្រង់​ម្នាក់​ទៀត​ទូល​ថា ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ទូលបង្គំ បាន​ទៅ​កប់​ខ្មោច​ឪពុក​ទូលបង្គំ​សិន តែ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា ចូរ​មក​តាម​ខ្ញុំ​វិញ ទុក​ឲ្យ​ពួក​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ។ កាល​ទ្រង់​បាន​យាង​ចុះ​ទូក​ហើយ នោះ​ពួក​សិស្ស​ក៏​តាម​ទ្រង់​ទៅ ឯ​សមុទ្រ​ក៏​កំរើក​ឡើង​ជា​ខ្លាំង ដល់‌ម៉្លេះ​បាន​ជា​រលក​ឡើង​គ្រប​លើ​ទូក តែ​ទ្រង់​ផ្ទំ​លក់ ពួក​សិស្ស​ក៏​ចូល​ទៅ​តើន​ទ្រង់​ទូល​ថា ព្រះ‌អម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ផង យើង​ខ្ញុំ​វិនាស​ហើយ ទ្រង់​មាន​បន្ទូល​ថា ឱ​ពួក​អ្នក​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​ភ័យ​ដូច្នេះ រួច​ទ្រង់​ក្រោក​ឡើង កំហែង​ដល់​ខ្យល់​នឹង​សមុទ្រ នោះ​ក៏​ស្ងប់​ឈឹង​អស់​ទៅ អ្នក​ទាំង​នោះ​មាន​សេចក្ដី​អស្ចារ្យ ហើយ​និយាយ​គ្នា​ថា តើ​មនុស្ស​នេះ​បែប​យ៉ាង​ណា បាន​ជា​ទាំង​ខ្យល់ នឹង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ។

ចែក​រំលែក
អាន ម៉ាថាយ 8