ម៉ាថាយ 7:9-12
ម៉ាថាយ 7:9-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្នុងចំណោមអ្នករាល់គ្នា បើកូនសូមនំបុ័ង តើមានអ្នកណានឹងឲ្យថ្មទៅកូន? ឬបើកូនសូមត្រី តើនឹងឲ្យពស់ទៅកូនឬ? ដូច្នេះ បើអ្នករាល់គ្នាជាមនុស្សអាក្រក់ ចេះឲ្យរបស់ល្អដល់កូនរបស់ខ្លួនទៅហើយ ចុះចំណង់បើព្រះវរបិតារបស់អ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អដល់អស់អ្នកដែលសូម លើសជាងអម្បាលម៉ានទៅទៀត!» «ដូច្នេះ អ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ចូរប្រព្រឹត្តចំពោះគេយ៉ាងនោះចុះ ដ្បិតគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាចែងទុកមកដូច្នេះ។
ម៉ាថាយ 7:9-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំនំប៉័ង មិនដែលមាននរណាយកដុំថ្មឲ្យវាឡើយ ហើយបើកូនសុំត្រី ក៏មិនដែលមាននរណាយកពស់អសិរពិសឲ្យវាដែរ។ សូម្បីតែអ្នករាល់គ្នា ដែលជាមនុស្សអាក្រក់ ក៏ចេះឲ្យរបស់ល្អៗទៅកូន ចុះចំណង់បើព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ* តើព្រះអង្គនឹងប្រទានអ្វីៗដ៏ល្អៗឲ្យអស់អ្នកដែលទូលសូមពីព្រះអង្គ យ៉ាងណាទៅទៀត!»។ «ដូច្នេះ បើអ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្តចំពោះគេបែបនោះដែរ។ គម្ពីរវិន័យ និងគម្ពីរព្យាការីមានចែងទុកមកដូច្នេះឯង។
ម៉ាថាយ 7:9-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្នុងពួកអ្នករាល់គ្នា បើកូនសូមនំបុ័ង តើមានអ្នកណានឹងឲ្យថ្មដល់វា ឬបើវាសូមត្រី តើនឹងឲ្យពស់វិញឬអី ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណងបើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត ដូច្នេះ អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ ដ្បិតនេះឯងជាក្រិត្យវិន័យ ហើយជាសេចក្ដីទំនាយរបស់ពួកហោរា។