ម៉ាថាយ 7:15-24
ម៉ាថាយ 7:15-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ចូរប្រយ័ត្ននឹងពួកហោរាក្លែងក្លាយ ដែលពាក់រោមចៀមមករកអ្នករាល់គ្នា តែខាងក្នុងរបស់គេជាឆ្កែចចកដ៏ស្រេកឃ្លាន។ អ្នករាល់គ្នានឹងស្គាល់គេបានដោយសារផលផ្លែរបស់គេ។ តើគេប្រមូលផលផ្លែទំពាំងបាយជូរពីគុម្ពបន្លា ឬផ្លែល្វាពីដើមដំបងយក្សឬ? ដូចេ្នះ អស់ទាំងដើមឈើល្អ តែងផ្តល់ផ្លែល្អ រីឯដើមឈើអាក្រក់ ក៏តែងផ្តល់ផ្លែអាក្រក់ដែរ។ ដើមឈើល្អមិនអាចផ្តល់ផ្លែអាក្រក់បានទេ ហើយដើមឈើអាក្រក់ ក៏មិនអាចផ្តល់ផ្លែល្អបានដែរ អស់ទាំងដើមឈើណាដែលមិនផ្តល់ផ្លែល្អ ត្រូវកាប់ចោល ហើយបោះទៅក្នុងភ្លើង។ ដូច្នេះ អ្នករាល់គ្នានឹងស្គាល់គេបានដោយសារផលផ្លែរបស់គេ»។ «មិនមែនគ្រប់គ្នាដែលគ្រាន់តែហៅខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់" ដែលនឹងចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌នោះទេ គឺមានតែអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។ នៅថ្ងៃនោះ មនុស្សជាច្រើននឹងនិយាយមកខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់អើយ! តើយើងខ្ញុំមិនបានថ្លែងទំនាយក្នុងព្រះនាមព្រះអង្គ ដេញអារក្សក្នុងព្រះនាមព្រះអង្គ ហើយធ្វើការអស្ចារ្យជាច្រើន ក្នុងព្រះនាមព្រះអង្គទេឬ?" ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់គេថា "យើងមិនដែលស្គាល់អ្នករាល់គ្នាទេ ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញឲ្យឆ្ងាយពីយើងទៅ" »។ «ដូច្នេះ អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម នោះប្រៀបបាននឹងមនុស្សមានប្រាជ្ញា ដែលសង់ផ្ទះរបស់ខ្លួននៅលើថ្ម
ម៉ាថាយ 7:15-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ចូរប្រយ័ត្ននឹងពួកព្យាការី*ក្លែងក្លាយ គេក្លែងខ្លួនមករកអ្នករាល់គ្នា ដោយពាក់ស្បែកចៀម តែគេមានចិត្តសាហាវដូចចចក។ អ្នករាល់គ្នាអាចស្គាល់គេបាន តាមអំពើដែលគេប្រព្រឹត្ត។ ពុំដែលមាននរណាបេះផ្លែទំពាំងបាយជូរ និងផ្លែឧទុម្ពរ*ពីគុម្ពបន្លាឡើយ។ ដើមឈើល្អតែងផ្ដល់ផ្លែល្អ រីឯដើមឈើអាក្រក់តែងផ្ដល់ផ្លែអាក្រក់។ ដើមឈើល្អមិនអាចផ្ដល់ផ្លែអាក្រក់ទេ រីឯដើមឈើអាក្រក់ក៏មិនអាចផ្ដល់ផ្លែល្អបានដែរ។ ដើមឈើណាមិនផ្ដល់ផ្លែល្អ គេនឹងកាប់យកទៅដុត។ រីឯពួកព្យាការីក្លែងក្លាយក៏ដូច្នោះដែរ អ្នករាល់គ្នាអាចស្គាល់គេបាន តាមអំពើដែលគេប្រព្រឹត្ត»។ «អ្នកដែលចូលទៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ* មិនមែនជាអ្នកដែលគ្រាន់តែហៅខ្ញុំថា “ព្រះអម្ចាស់! ព្រះអម្ចាស់!”ប៉ុណ្ណោះទេ គឺជាអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាខ្ញុំ ដែលគង់នៅស្ថានបរមសុខនោះវិញ។ នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើនពោលមកខ្ញុំថា “ព្រះអម្ចាស់ ព្រះអម្ចាស់អើយ! យើងខ្ញុំធ្លាប់ថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអង្គ យើងខ្ញុំធ្លាប់ដេញអារក្សក្នុងព្រះនាមព្រះអង្គ ហើយយើងខ្ញុំក៏ធ្លាប់ធ្វើការអស្ចារ្យជាច្រើន ក្នុងព្រះនាមព្រះអង្គដែរ”។ ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់អ្នករាល់គ្នាថា “ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ! ចូរថយចេញឲ្យឆ្ងាយពីខ្ញុំទៅ ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ!” »។ «អ្នកណាស្ដាប់ពាក្យខ្ញុំនេះ ហើយប្រព្រឹត្តតាម អ្នកនោះប្រៀបបានទៅនឹងមនុស្សឈ្លាសវៃម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើផ្ទាំងថ្ម។
ម៉ាថាយ 7:15-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរប្រយ័តនឹងពួកគ្រូក្លែងក្លាយ ដែលគេមកឯអ្នករាល់គ្នា ដោយពាក់រោមចៀមបំប្លែងខ្លួន តែខាងក្នុងរបស់គេ ជាឆ្កែចចកដែលឆ្មក់ស៊ីវិញ អ្នករាល់គ្នានឹងស្គាល់គេបាន ដោយសារផលគេបង្កើត តើដែលបេះផ្លែទំពាំងបាយជូរពីគុម្ពបន្លា ឬផ្លែល្វាពីដំបងយក្សឬទេ ដូច្នេះ អស់ទាំងដើមឈើល្អ តែងមានផ្លែល្អ ឯដើមអាក្រក់ ក៏តែងមានផ្លែអាក្រក់ដែរ ធម្មតាដើមឈើល្អ មិនដែលបញ្ចេញផលអាក្រក់បានទេ ហើយដើមដែលអាក្រក់ ក៏ពុំអាចនឹងបញ្ចេញផលល្អបានដែរ អស់ទាំងដើមឈើណា ដែលមិនកើតផលផ្លែល្អ នោះត្រូវតែកាប់បោះចោលទៅក្នុងភ្លើងចេញ ដូច្នេះ អ្នករាល់គ្នានឹងស្គាល់គេបាន គឺដោយសារផលគេបង្កើត មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនូវព្រះនាមទ្រង់ទេឬអី នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ។ ដូច្នេះ អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម ខ្ញុំនឹងធៀបអ្នកនោះដូចជាមនុស្សប៉ិនប្រយ័ត ដែលសង់ផ្ទះខ្លួននៅលើថ្ម