ម៉ាថាយ 7:12-20
ម៉ាថាយ 7:12-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ដូច្នេះ អ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ចូរប្រព្រឹត្តចំពោះគេយ៉ាងនោះចុះ ដ្បិតគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាចែងទុកមកដូច្នេះ។ ចូរចូលតាមទ្វារចង្អៀត ដ្បិតទ្វារធំ ហើយផ្លូវទូលាយ នោះនាំទៅរកសេចក្តីវិនាស ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ។ រីឯទ្វារដែលតូច ហើយផ្លូវចង្អៀត នោះនាំទៅរកជីវិត ហើយមានមនុស្សតិចទេដែលរកផ្លូវនោះឃើញ»។ «ចូរប្រយ័ត្ននឹងពួកហោរាក្លែងក្លាយ ដែលពាក់រោមចៀមមករកអ្នករាល់គ្នា តែខាងក្នុងរបស់គេជាឆ្កែចចកដ៏ស្រេកឃ្លាន។ អ្នករាល់គ្នានឹងស្គាល់គេបានដោយសារផលផ្លែរបស់គេ។ តើគេប្រមូលផលផ្លែទំពាំងបាយជូរពីគុម្ពបន្លា ឬផ្លែល្វាពីដើមដំបងយក្សឬ? ដូចេ្នះ អស់ទាំងដើមឈើល្អ តែងផ្តល់ផ្លែល្អ រីឯដើមឈើអាក្រក់ ក៏តែងផ្តល់ផ្លែអាក្រក់ដែរ។ ដើមឈើល្អមិនអាចផ្តល់ផ្លែអាក្រក់បានទេ ហើយដើមឈើអាក្រក់ ក៏មិនអាចផ្តល់ផ្លែល្អបានដែរ អស់ទាំងដើមឈើណាដែលមិនផ្តល់ផ្លែល្អ ត្រូវកាប់ចោល ហើយបោះទៅក្នុងភ្លើង។ ដូច្នេះ អ្នករាល់គ្នានឹងស្គាល់គេបានដោយសារផលផ្លែរបស់គេ»។
ម៉ាថាយ 7:12-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ដូច្នេះ បើអ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្តចំពោះគេបែបនោះដែរ។ គម្ពីរវិន័យ និងគម្ពីរព្យាការីមានចែងទុកមកដូច្នេះឯង។ ចូរនាំគ្នាចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅរកសេចក្ដីវិនាសអន្តរាយធំណាស់ ហើយផ្លូវទៅរកសេចក្ដីវិនាសក៏ទូលាយដែរ មានមនុស្សជាច្រើនចូលតាមទ្វារនោះ។ រីឯទ្វារដែលនាំទៅរកជីវិត ចង្អៀត ហើយពិបាកដើរផង មានមនុស្សតិចទេរកផ្លូវនោះឃើញ»។ «ចូរប្រយ័ត្ននឹងពួកព្យាការី*ក្លែងក្លាយ គេក្លែងខ្លួនមករកអ្នករាល់គ្នា ដោយពាក់ស្បែកចៀម តែគេមានចិត្តសាហាវដូចចចក។ អ្នករាល់គ្នាអាចស្គាល់គេបាន តាមអំពើដែលគេប្រព្រឹត្ត។ ពុំដែលមាននរណាបេះផ្លែទំពាំងបាយជូរ និងផ្លែឧទុម្ពរ*ពីគុម្ពបន្លាឡើយ។ ដើមឈើល្អតែងផ្ដល់ផ្លែល្អ រីឯដើមឈើអាក្រក់តែងផ្ដល់ផ្លែអាក្រក់។ ដើមឈើល្អមិនអាចផ្ដល់ផ្លែអាក្រក់ទេ រីឯដើមឈើអាក្រក់ក៏មិនអាចផ្ដល់ផ្លែល្អបានដែរ។ ដើមឈើណាមិនផ្ដល់ផ្លែល្អ គេនឹងកាប់យកទៅដុត។ រីឯពួកព្យាការីក្លែងក្លាយក៏ដូច្នោះដែរ អ្នករាល់គ្នាអាចស្គាល់គេបាន តាមអំពើដែលគេប្រព្រឹត្ត»។
ម៉ាថាយ 7:12-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោកប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ ដ្បិតនេះឯងជាក្រិត្យវិន័យ ហើយជាសេចក្ដីទំនាយរបស់ពួកហោរា។ ចូរឲ្យចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅឯសេចក្ដីហិនវិនាស នោះធំ ហើយទូលាយផង ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ។ ចូរប្រយ័តនឹងពួកគ្រូក្លែងក្លាយ ដែលគេមកឯអ្នករាល់គ្នា ដោយពាក់រោមចៀមបំប្លែងខ្លួន តែខាងក្នុងរបស់គេ ជាឆ្កែចចកដែលឆ្មក់ស៊ីវិញ អ្នករាល់គ្នានឹងស្គាល់គេបាន ដោយសារផលគេបង្កើត តើដែលបេះផ្លែទំពាំងបាយជូរពីគុម្ពបន្លា ឬផ្លែល្វាពីដំបងយក្សឬទេ ដូច្នេះ អស់ទាំងដើមឈើល្អ តែងមានផ្លែល្អ ឯដើមអាក្រក់ ក៏តែងមានផ្លែអាក្រក់ដែរ ធម្មតាដើមឈើល្អ មិនដែលបញ្ចេញផលអាក្រក់បានទេ ហើយដើមដែលអាក្រក់ ក៏ពុំអាចនឹងបញ្ចេញផលល្អបានដែរ អស់ទាំងដើមឈើណា ដែលមិនកើតផលផ្លែល្អ នោះត្រូវតែកាប់បោះចោលទៅក្នុងភ្លើងចេញ ដូច្នេះ អ្នករាល់គ្នានឹងស្គាល់គេបាន គឺដោយសារផលគេបង្កើត